កិច្ចការ 9:26-43

កិច្ចការ 9:26-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​លោក​សុល​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម លោក​ព្យាយាម​ចូល​រួម​ជាមួយ​ពួក​សិស្ស តែ​គេ​ទាំង​អស់​គ្នា​ខ្លាច​លោក ដ្បិត​គេ​មិន​ជឿ​ថា លោក​ជា​សិស្ស​ឡើយ។ ប៉ុន្ដែ លោក​បាណា‌បាស​បាន​ទទួល​លោក ហើយ​នាំ​លោក​ទៅ​ជួប​ពួក​សាវក រួច​រៀប​រាប់​ប្រាប់​គេពី​ដំណើរ​ដែល​លោក​សុល​បាន​ឃើញ​ព្រះ‌អម្ចាស់​នៅ​តាម​ផ្លូវ ហើយ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់លោក និង​ពី​ដំណើរ​ដែល​លោក​បាន​ប្រកាស​យ៉ាង​ក្លាហាន​នៅ​ក្រុង​ដាម៉ាស ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ។ ដូច្នេះ លោក​ក៏​នៅ​ជា‌មួយ​ពួកសាវក ហើយ​ចេញ​ចូល​ក្រុង​យេរូ‌សាឡិម ទាំង​ប្រកាស​ដោយ​ក្លាហាន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់។ លោក​ជជែក​វែក​ញែក​ជា‌មួយ​ពួក​ហេលេន តែ​គេ​បែរ​ជា​ប៉ុន​ប៉ង​សម្លាប់​លោក​ទៅ​វិញ។ កាល​ពួក​បង‌ប្អូន​បាន​ដឹង​ដំណឹង​នេះ គេ​ក៏​នាំលោកចុះ​ទៅក្រុង​សេ‌សារា ហើយ​ឲ្យ​លោក​ចេញ​ទៅ​ក្រុង​តើសុស។ ដូច្នេះ ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា ស្រុក​កាលី‌ឡេ និង​ស្រុក​សា‌ម៉ារី ក៏​មាន​សេចក្តី​សុខ‌សាន្ត ហើយ​បាន​ស្អាង​ឡើង។ គេ​រស់​នៅ​ដោយ​កោត​ខ្លាច​ព្រះ‌អម្ចាស់ មានការ​កម្សាន្ត​ចិត្ត​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ក្រុម​ជំនុំក៏​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់។ នៅគ្រានោះ លោក​ពេត្រុស​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ លោក​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ពួក​បរិសុទ្ធ​នៅក្រុង​លីដា។ នៅ​ទី​នោះ លោក​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេនាស មាន​ជំងឺ​ស្លាប់​ដៃ​ជើង ដេកជាប់​នៅ​លើ​គ្រែអស់​ប្រាំបី​ឆ្នាំ​មក​ហើយ។ លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេនាស​អើយ! ព្រះ‌យេស៊ូវ‌គ្រីស្ទ​ប្រោស​អ្នក​ឲ្យ​ជា ចូរ​ក្រោក​ឡើង ហើយ​រៀប​ចំ​គ្រែ​អ្នក​ទៅ!» គាត់​ក៏​ក្រោក​ឡើង​ភ្លាម។ មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្រុង​លីដា និង​ស្រុក​សារ៉ូន ឃើញ​ដូច្នោះ គេ​ក៏​ងាក​បែរ​មក​រក​ព្រះ‌អម្ចាស់។ នៅ​ក្រុង​យ៉ុប‌ប៉េ មាន​សិស្ស​ម្នាក់ ឈ្មោះ​តេ‌ប៊ី‌ថា ភាសាក្រិក​ហៅ​ថា ឌ័រកាស។ នាង​បាន​ធ្វើ​អំពើ​ល្អ និង​ដាក់​ទាន​ជា​ច្រើន។ នៅ​គ្រា​នោះ នាង​មាន​ជំងឺ​ឈឺ ហើយ​ស្លាប់​ទៅ គេ​បាន​លាង​សព​នាង ហើយយក​ទៅ​តម្កល់ទុក​នៅ​បន្ទប់​ខាង​លើ។ ដោយ​ព្រោះ​ក្រុង​លីដា នៅ​ជិត​ក្រុង​យ៉ុប‌ប៉េ ហើយ​ពួក​សិស្ស​បាន​ឮ​ថា លោក​ពេត្រុស​នៅ​ទី​នោះ គេ​ក៏​ចាត់​បុរស​ពីរ​នាក់​ឲ្យ​ទៅ ដោយ​បង្ខំ​លោក​ថា៖ «សូម​មក​ឯ​យើង​ខ្ញុំ​កុំ​បង្អង់ឡើយ»។ ដូច្នេះ លោក​ពេត្រុស​ក៏​ក្រោក​ឡើង ហើយ​ទៅ​ជា‌មួយពួក​គេ។ ពេល​លោក​មក​ដល់ គេ​នាំ​លោក​ទៅ​បន្ទប់​ខាង​លើ។ ស្ត្រី​មេម៉ាយ​ទាំង​ប៉ុន្មាន​ឈរ​ជិត​លោក​ទាំង​យំ ហើយ​បង្ហាញ​អាវ និង​សម្លៀក​បំពាក់​ទាំង​ប៉ុន្មានដែល​នាង​ឌ័រ​កាស​បាន​ធ្វើ​ឲ្យ កាល​នាង​នៅ​រស់​នៅ​ឡើយ។ ប៉ុន្ដែ លោក​ពេត្រុស​សុំ​ឲ្យ​គេ​ចេញ​ទៅ​ក្រៅ​ទាំង​អស់ រួច​លោក​លុត​ជង្គង់​អធិស្ឋាន ហើយ​ងាក​បែរ​ទៅរក​សព មាន​ប្រសាសន៍​ថា៖ «តេប៊ីថា​អើយ! ក្រោក​ឡើង!» ពេល​នោះ នាង​ក៏​បើក​ភ្នែក ហើយ​កាល​នាង​បាន​ឃើញ​លោក​ពេត្រុស នាង​ក្រោក​អង្គុយ។ លោក​ហុច​ដៃ​ទៅ​ឲ្យ​នាង​តោង​ឡើង រួច​លោក​ហៅ​ពួក​បរិសុទ្ធ និង​ពួក​ស្ត្រី​មេម៉ាយ​មក រួច​ប្រគល់​នាងទៅ​គេ​ទាំង​មាន​ជីវិត​រស់។ ដំណឹង​នេះ បាន​ដឹង​សុសសាយ​ពាស‌ពេញ​ក្រុង​យ៉ុប‌ប៉េ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ‌អម្ចាស់។ លោក​ពេត្រុស​ស្នាក់​នៅ​ក្រុង​យ៉ុប‌ប៉េ ក្នុង​ផ្ទះ​ជាង​សម្លាប់​ស្បែក ឈ្មោះ​ស៊ីម៉ូន ជា​យូរ​ថ្ងៃ។

ចែក​រំលែក
អាន កិច្ចការ 9

កិច្ចការ 9:26-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​លោក​សូល​មក​ដល់​ក្រុង​យេរូ‌សាឡឹម លោក​ចង់​ទៅ​ចូល​រួម​ក្នុង​ចំណោម​ពួក​សិស្ស តែ​ពួក​គេ​ខ្លាច​លោក​ទាំង​អស់​គ្នា ព្រោះ​គេ​ពុំ​ជឿ​ថា​លោក​ជា​សិស្ស​ដែរ​នោះ​ឡើយ។ ពេល​នោះ លោក​បារណា‌បាស​បាន​ទទួល​លោក ហើយ​នាំ​ទៅ​ជួប​ក្រុម​សាវ័ក* ទាំង​រៀប​រាប់​អំពី​លោក​សូល​បាន​ឃើញ​ព្រះ‌អម្ចាស់​នៅ​តាម​ផ្លូវ អំពី​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក ហើយ​នឹង​រៀប​រាប់​អំពី​លោក​សូល​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ នៅ​ក្រុង​ដាម៉ាស​ផង​ដែរ។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​សូល​តែងតែ​ចុះ​ឡើង​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ក្រុម​សាវ័ក​ជានិច្ច ព្រម​ទាំង​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថែម​ទៀត​ផង។ លោក​បាន​សន្ទនា និង​ជជែក​វែក‌ញែក​ជា​មួយ​សាសន៍​យូដា ដែល​និយាយ​ភាសា​ក្រិក តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ប៉ុន‌ប៉ង​សម្លាប់​លោក​ទៅ​វិញ។ កាល​ពួក​បងប្អូន​បាន​ជ្រាប​ដំណឹង​នេះ គេ​នាំ​លោក​ទៅ​ក្រុង​សេសារា ហើយ​បន្ទាប់​មក ឲ្យ​លោក​ទៅ​ក្រុង​តើសុស។ ក្រុម‌ជំនុំ*​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​យូដា ស្រុក​កាលី‌ឡេ និង​ស្រុក​សាម៉ារី។ ក្រុម‌ជំនុំ​មាន​ជំហរ​កាន់​តែ​មាំ‌មួន​ឡើងៗ ហើយ​គេ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រម​ទាំង​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់ ដោយ​មាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ជួយ​លើក​ទឹក​ចិត្ត​គេ​ផង។ លោក​ពេត្រុស​បាន​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទី​កន្លែង។ លោក​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា‌ជន​ដ៏វិសុទ្ធ*​នៅ​ក្រុង​លីដា។ នៅ​ក្រុង​នោះ លោក​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេណាស ឈឺ​ក្រោក​មិន​រួច គាត់​ដេក​ជាប់​នឹង​គ្រែ​ប្រាំ​បី​ឆ្នាំ​មក​ហើយ។ លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេណាស​អើយ! ព្រះ‌យេស៊ូ​គ្រិស្ត*​ប្រោស​អ្នក​ឲ្យ​ជា​ហើយ ចូរ​ក្រោក​ឡើង រៀបចំ​គ្រែ​អ្នក​ទៅ!»។ លោក​អេណាស​ក៏​ក្រោក​ឡើង​ភ្លាម។ អ្នក​ក្រុង​លីដា​ទាំង​អស់ និង​អ្នក​ស្រុក​នៅ​តំបន់​សារ៉ូន​បាន​ឃើញ​គាត់​ជា​ដូច្នេះ ក៏​បែរ​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អម្ចាស់។ នៅ​ក្រុង​យ៉ុប‌ប៉េ មាន​ស្ត្រី​ម្នាក់​ឈ្មោះ តេប៊ី‌ថា ភាសា​ក្រិក​ថា “ឌ័រកាស” នាង​ជា​សិស្ស*​ដែរ នាង​តែង​ប្រព្រឹត្ត​អំពើ​ល្អ និង​ធ្វើ​ទាន​ជា​ច្រើន។ នៅ​គ្រា​នោះ នាង​មាន​ជំងឺ ហើយ​ស្លាប់​ទៅ។ គេ​បាន​លាង​សព​របស់​នាង​តម្កល់​ទុក​នៅ​បន្ទប់​ខាង​លើ។ ក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុប‌ប៉េ។ កាល​ពួក​សិស្ស​ឮ​ដំណឹង​ថា លោក​ពេត្រុស​ស្ថិត​នៅ​ឯ​ក្រុង​លីដា​នោះ គេ​ចាត់​បុរស​ពីរ​នាក់​ឲ្យ​ទៅ​អញ្ជើញ​លោក​ថា៖ «សូម​លោក​មេត្តា​ប្រញាប់​ធ្វើ​ដំណើរ​បង្ហួស​ទៅ​កន្លែង​យើង​ខ្ញុំ​ផង»។ លោក​ពេត្រុស​ក៏​ចេញ​ដំណើរ​មក​ជា​មួយ​អ្នក​ទាំង​ពីរ​នោះ​ភ្លាម។ ពេល​លោក​មក​ដល់ គេ​បាន​អញ្ជើញ​លោក​ឡើង​ទៅ​បន្ទប់​ខាង​លើ ស្ត្រី​មេម៉ាយ​ទាំង​ប៉ុន្មាន​បាន​នាំ​គ្នា​ចូល​មក​ជិត​លោក ទាំង​យំ​សោក និង​បង្ហាញ​អាវ​វែង អាវ​ក្រៅ​ដែល​នាង​ឌ័រកាស​បាន​ដេរ កាល​នាង​រស់​នៅ​ជា​មួយ​គេ​នៅ​ឡើយ។ លោក​ពេត្រុស​សុំ​ឲ្យ​គេ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា រួច​លោក​លុត​ជង្គង់​អធិស្ឋាន។ បន្ទាប់​មក លោក​បែរ​ទៅ​រក​សព មាន​ប្រសាសន៍​ថា៖ «តេប៊ី‌ថា​អើយ ក្រោក​ឡើង!»។ ពេល​នោះ នាង​ក៏​បើក​ភ្នែក ហើយ​កាល​នាង​បាន​ឃើញ​លោក​ពេត្រុស នាង​ក្រោក​អង្គុយ។ លោក​ចាប់​ដៃ​នាង​ឲ្យ​ក្រោក​ឈរ ហើយ​ហៅ​ពួក​អ្នក​ជឿ និង​ស្ត្រី​មេម៉ាយ​ឲ្យ​ចូល​មក បង្ហាញ​នាង​ឌ័រកាស ដែល​មាន​ជីវិត​រស់​ឲ្យ​គេ​ឃើញ។ អ្នក​ក្រុង​យ៉ុប‌ប៉េ​ទាំង​ប៉ុន្មាន​បាន​ដឹង​រឿង​នេះ ហើយ​ច្រើន​នាក់​ជឿ​លើ​ព្រះ‌អម្ចាស់។ លោក​ពេត្រុស​ស្នាក់​នៅ​ក្រុង​យ៉ុប‌ប៉េ ជា​យូរ​ថ្ងៃ​ត​ទៅ​ទៀត ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ ស៊ីម៉ូន ជា​អ្នក​សម្លាប់​ស្បែក ។

ចែក​រំលែក
អាន កិច្ចការ 9

កិច្ចការ 9:26-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​សុល​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម នោះ​គាត់​ខំ​ចូល​ទៅ​ឯ​ពួក​សិស្ស តែ​គេ​ខ្លាច​គាត់​ទាំង​អស់​គ្នា គេ​មិន​ជឿ​ថា គាត់​ជា​សិស្ស​ទេ តែ​បាណា‌បាស​នាំ​គាត់​ទៅ​ឯ​ពួក​សាវក រ៉ាយ​រឿង​ប្រាប់​គេ ពី​ដំណើរ​ដែល​គាត់​បាន​ឃើញ​ព្រះ‌អម្ចាស់​តាម​ផ្លូវ ហើយ​ទ្រង់​បាន​មាន​បន្ទូល​នឹង​គាត់ ក៏​និយាយ​ពី​បែប​យ៉ាង​ណា ដែល​គាត់​មាន​ចិត្ត​ក្លាហាន​នឹង​អធិប្បាយ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ នៅ​ក្រុង​ដាម៉ាស​ផង គាត់​ក៏​នៅ​ជា​មួយ​នឹង​គេ​ក្នុង​ក្រុង​យេរូ‌សាឡិម ទាំង​ចេញ​ចូល ហើយ​បាន​អធិប្បាយ ដោយ​នូវ​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដោយ​ក្លាហាន គាត់​សំដែង ហើយ​ជជែក​ជា​មួយ​នឹង​ពួក​ហេលេន តែ​ពួក​នោះ​រក​រឿង​សំឡាប់​គាត់​វិញ បាន​ជា​កាល​ពួក​បង​ប្អូន​បាន​ដឹង នោះ​គេ​ជូន​គាត់​ទៅ​ត្រឹម​សេសារា រួច​ឲ្យ​ទៅ​ឯ​តើ‌សុស នៅ​គ្រា​នោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​គ្រប់​ក្នុង​ស្រុក​យូដា ស្រុក​កាលី‌ឡេ នឹង​ស្រុក​សាម៉ារី ក៏​មាន​សេចក្ដី​សុខ‌សាន្ត ហើយ​មាន​ចិត្ត​ស្អាង​ឡើង ក៏​បាន​ចំរើន​ជា​ច្រើន​ឡើង​ដែរ ដោយ​ជឿន​ទៅ​មុខ ក្នុង​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌អម្ចាស់ នឹង​ក្នុង​សេចក្ដី​កំសាន្ត​ចិត្ត​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ រីឯ​ពេត្រុស កំពុង​ដែល​គាត់​ដើរ​ចុះ​ឡើង​គ្រប់​កន្លែង នោះ​ក៏​ចុះ​ទៅ​ឯ​ពួក​បរិសុទ្ធ​នៅ​ភូមិ​លីដា​ដែរ នៅ​ទី​នោះ​គាត់​ឃើញ​មនុស្ស​ម្នាក់​ឈ្មោះ អេនាស មាន​ជំងឺ​ឈឺ​ស្លាប់​ដៃ​ជើង ដេក​នៅ​តែ​លើ​គ្រែ អស់​៨​ឆ្នាំ​មក​ហើយ ក៏​និយាយ​ទៅ​គាត់​ថា អ្នក​អេនាស​អើយ ព្រះ‌យេស៊ូវ​ដ៏​ជា​ព្រះ‌គ្រីស្ទ ទ្រង់​ប្រោស​ឲ្យ​អ្នក​បាន​ជា​ហើយ ចូរ​ក្រោក​ឡើង​រៀប​គ្រែ​អ្នក​ទៅ ស្រាប់​តែ​គាត់​ក៏​ក្រោក​ឡើង​ភ្លាម ឯ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ភូមិ​លីដា នឹង​ស្រុក​សារ៉ូន ក៏​ឃើញ​គាត់ ហើយ​គេ​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ‌អម្ចាស់។ នៅ​ក្រុង​យ៉ុបប៉េ​ក៏​ដែរ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ តេប៊ីថា (ស្រាយ​ថា នាង​ក្តាន់) នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន នៅ​គ្រា​នោះ នាង​មាន​ជំងឺ​ឈឺ ហើយ​ស្លាប់​ទៅ កាល​គេ​បាន​ផ្ងូត​ទឹក​រូប​នាង​ហើយ នោះ​ក៏​យក​ទៅ​ដាក់​នៅ​ឯ​បន្ទប់​ខាង​លើ រួច​ដោយ​ព្រោះ​ភូមិ​លីដា​នៅ​ជិត​យ៉ុបប៉េ ហើយ​ពួក​សិស្ស​បាន​ឮ​ថា ពេត្រុស​នៅ​ទី​នោះ បាន​ជា​គេ​ប្រើ​២​នាក់​ឲ្យ​ទៅ​រក​គាត់ ដើម្បី​នឹង​សូម​អង្វរ​ឲ្យ​មក​ឯ​គេ​ដោយ​ឥត​បង្អង់ ពេត្រុស​ក៏​ក្រោក​ឡើង​ទៅ​ជា​មួយ កាល​បាន​ដល់​ហើយ នោះ​គេ​នាំ​គាត់​ទៅ​ឯ​បន្ទប់​ខាង​លើ​នោះ ហើយ​ពួក​ស្រី​មេម៉ាយ​ក៏​ឈរ​ជិត​គាត់​ទាំង​យំ ព្រម​ទាំង​បង្ហាញ​អាវ នឹង​សំលៀក‌បំពាក់​ទាំង​ប៉ុន្មាន ដែល​តេប៊ីថា​បាន​ធ្វើ​ឲ្យ ពី​កាល​នាង​នៅ​ជា​មួយ​នៅ​ឡើយ តែ​ពេត្រុស​បណ្តេញ​គេ​ទៅ​ក្រៅ​ទាំង​អស់ ក៏​លុត​ជង្គង់​អធិស្ឋាន រួច​គាត់​បែរ​ខ្លួន​ទៅ​ឯ​រូប​បុគ្គល​នោះ និយាយ​ថា តេប៊ីថា​អើយ ចូរ​នាង​ក្រោក​ឡើង នាង​ក៏​បើក​ភ្នែក​ឃើញ​ពេត្រុស រួច​ឡើង​អង្គុយ គាត់​ក៏​ហុច​ដៃ​ទៅ​ឲ្យ​នាង​តោង​ឡើង រួច​គាត់​ហៅ​ពួក​បរិសុទ្ធ នឹង​ពួក​ស្រី​មេម៉ាយ​មក ប្រគល់​នាង​ទៅ​គេ​ទាំង​រស់ មនុស្ស​ទាំង‌ឡាយ​បាន​ដឹង​ដំណឹង​ពី​ការ​នោះ នៅ​ពេញ‌ពាស​ក្នុង​ក្រុង​យ៉ុបប៉េ ហើយ​មាន​មនុស្ស​ជា​ច្រើន បាន​ជឿ​ដល់​ព្រះ‌អម្ចាស់ រួច​គាត់​ក៏​អាស្រ័យ​នៅ​យ៉ុបប៉េ ក្នុង​ផ្ទះ​ជាង​សំឡាប់​ស្បែក ឈ្មោះ​ស៊ីម៉ូន ជា​យូរ​ថ្ងៃ។

ចែក​រំលែក
អាន កិច្ចការ 9

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ