កិច្ចការ 9

9
លោក​សុល​ប្រែ​ចិត្ដ​ជឿ​ព្រះ‌យេស៊ូវ
1នៅ​ពេល​នោះ លោក​សុល​នៅ​តែ​គំរាម​កំហែង និង​សម្លាប់​ពួក​សិស្ស​របស់​ព្រះ‌អម្ចាស់។ គាត់​បាន​ចូលជួបសម្ដេច​សង្ឃ 2សុំលិខិត​អនុញ្ញាត​ចូល​ទៅ​កាន់​សាលា​ប្រជុំ​នានា នៅ​ក្រុង​ដាម៉ាស ហើយ​បើ​គាត់​រក​ឃើញ​អ្នក​ណា​ដែល​ប្រតិបត្តិ​តាម​ផ្លូវ​នោះ ទោះ​ប្រុស​ឬ​ស្រី​ក្តី គាត់​នឹង​ចាប់​ចង នាំ​យក​មក​ក្រុង​យេរូ‌សាឡិម។ 3ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ចាំង​មក​ជុំ​វិញ​គាត់។ 4គាត់​ក៏​ដួល​ទៅ​ដី ហើយ​ឮ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សុល​អើយ​សុល! ហេតុ​អ្វី​បាន​ជា​អ្នក​បៀត​បៀន​ខ្ញុំ?» 5គាត់​តប​វិញ​ថា៖ «ព្រះ​អ​ម្ចាស់​អើយ! តើព្រះ‌អង្គ​ជា​នរណា?» ព្រះ‌អង្គ​មានព្រះ​បន្ទូល​ថា៖ «ខ្ញុំ​នេះ​ជា​យេស៊ូវ ដែល​អ្នក​បៀត​បៀន 6ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នៅ​ទីនោះនឹងមាន​គេ​ប្រាប់​អ្នក​ពី​កិច្ច‌ការ​ដែល​អ្នក​ត្រូវ​ធ្វើ»។ 7ពួក​អ្នក​ដែល​ដើរ​ជា‌មួយ​គាត់ គេ​ឈរ​ស្ងៀម​ឥត​និយាយ​អ្វី​ឡើយ ព្រោះ​គេ​ឮ​សំឡេង តែ​មិន​ឃើញ​មាន​អ្នក​ណា​សោះ។ 8លោក​សុល​ក៏​ក្រោក​ពី​ដី​ឡើង ហើយទោះ​ជា​គាត់​បើក​ភ្នែក ក៏មើល​មិន​ឃើញ​អ្វី​សោះ។ ដូច្នេះ គេ​ក៏​ដឹក​ដៃ​គាត់ នាំ​ទៅ​ក្រុង​ដាម៉ាស។ 9រយៈ​ពេល​បី​ថ្ងៃ គាត់​មើល​មិន​ឃើញ​អ្វី​សោះ ក៏​មិន​បាន​បរិ‌ភោគ ឬ​ផឹក​អ្វីឡើយ។
10នៅ​ក្រុង​ដាម៉ាស​នោះ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណា‌នាស។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់នៅ​ក្នុង​និមិត្ត​ថា៖ «អាណា‌នាស​អើយ!» គាត់​ទូលតប​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់!»។ 11ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​តាម​ផ្លូវ​ដែល​ហៅ​ថា "ផ្លូវ​ត្រង់" ហើយ​រក​មើល​មនុស្ស​ម្នាក់​ឈ្មោះ​សុល ជា​អ្នក​ស្រុក​តើ‌សុស នៅ​ក្នុង​ផ្ទះ​យូដាស ដ្បិត មើល៍ គាត់​កំពុង​តែ​អធិស្ឋាន 12ហើយ​នៅ​ក្នុង​និមិត្ត គាត់​បាន​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អាណា‌នាស ចូល​មក​ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ភ្លឺ​ភ្នែក​ឡើង​វិញ»។ 13អាណា‌នាស​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល​បង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ដល់​ពួកបរិសុទ្ធ​របស់​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម 14ហើយ​នៅ​ទី​នេះ គាត់​បាន​ទទួល​អំណាច​ពី​ពួក​សង្គ្រាជ ដើម្បី​ចាប់​ចង​អស់​អ្នក​ដែល​អំពាវ​នាវ​រក​ព្រះ‌នាម​ព្រះ‌អង្គ»។ 15ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «ចូរ​ទៅ​ចុះ ព្រោះ​គាត់​ជា​ឧបករណ៍​ដែល​ខ្ញុំជ្រើស​រើស ដើម្បីនាំ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រាប់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច ព្រម​ទាំង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ផង។ 16ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​គាត់​ដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ»។ 17ដូច្នេះ អាណា‌នាស​ក៏​ទៅ ហើយ​ចូល​ក្នុង​ផ្ទះ​នោះ ដាក់​ដៃ​លើ​គាត់ រួច​មាន​ប្រសាសន៍​ថា៖ «បង​សុល​អើយ! ព្រះ‌អម្ចាស់​យេស៊ូវ ដែល​លេច​មក​ឲ្យ​បង​ឃើញ​នៅ​តាម​ផ្លូវ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​បង​បាន​ភ្លឺ​ភ្នែក ហើយ​ឲ្យ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ»។ 18រំពេច​នោះ មាន​អ្វីមួយ​ដូច​ជា​ស្រកា​ជ្រុះ​ចុះ​ពី​ភ្នែក​របស់​គាត់ ហើយ​គាត់​ក៏​បាន​ភ្លឺ​ឡើង​វិញ។ បន្ទាប់​មក គាត់​ក៏​ក្រោក​ឡើង ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក។ 19ក្រោយ​ពី​បាន​បរិ‌ភោគ​អាហារ គាត់​ក៏​មាន​កម្លាំង​ឡើង​វិញ។
លោក​សុល​ប្រកាស​ព្រះ‌បន្ទូល​នៅ​ក្រុង​ដាម៉ាស
លោក​ស្នាក់​នៅ​ក្រុង​ដាម៉ាសជា‌មួយ​ពួក​សិស្ស​ជា​យូរ​ថ្ងៃ 20ហើយ​ក៏​ចាប់​ផ្តើម​ប្រកាស​ពី​ព្រះ‌យេស៊ូវ នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​ភ្លាម​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ»។ 21អស់​អ្នក​ដែល​ឮ​មាន​ការ​ងឿង​ឆ្ងល់ ហើយ​ពោល​ថា៖ «តើ​មិន​មែន​អ្នក​នេះ​ទេ​ឬ ដែល​បំផ្លាញ​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ព្រះ‌នាមនេះ នៅ​ក្រុង​យេរូ‌សាឡិម? តើ​គាត់​មិន​បាន​មក​ទី​នេះ ដើម្បី​ចាប់​ចង​គេ បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ​ទេឬ?»។ 22ប៉ុន្ដែ លោក​សុល​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង ហើយ​បានផ្ចាញ់​ពួក​សាសន៍​យូដាដែល​នៅ​ក្រុង​ដា‌ម៉ាស ដោយ​បញ្ជាក់​ថា ព្រះ​យេស៊ូវ ជា​ព្រះ‌គ្រីស្ទ​ពិតមែន។
លោក​សុល​រត់​គេច​ពី​ពួក​សាសន៍យូដា
23យូរ​ថ្ងៃ​ក្រោយ​មក ពួក​សាសន៍​យូដា​បាន​ពិគ្រោះ​គ្នា​សម្លាប់​លោក 24តែ​លោក​សុល​បាន​ជ្រាប​ពី​គម្រោង‌ការ​របស់​គេ។ ពួក​គេ​ឃ្លាំ​ចាំ​មើល​នៅតាម​ទ្វារ​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​នឹង​សម្លាប់​លោក។ 25ប៉ុន្ដែ នៅ​ពេល​យប់ ពួក​សិស្ស​របស់​លោក​ក៏​យក​លោក​ដាក់​ក្នុង​កញ្ជើ​មួយ សម្រូត​ចុះ​តាម​កំផែង​ក្រុង។
លោក​សុល​នៅ​ក្រុង​យេរូ‌សាឡិម
26ពេល​លោក​សុល​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម លោក​ព្យាយាម​ចូល​រួម​ជាមួយ​ពួក​សិស្ស តែ​គេ​ទាំង​អស់​គ្នា​ខ្លាច​លោក ដ្បិត​គេ​មិន​ជឿ​ថា លោក​ជា​សិស្ស​ឡើយ។ 27ប៉ុន្ដែ លោក​បាណា‌បាស​បាន​ទទួល​លោក ហើយ​នាំ​លោក​ទៅ​ជួប​ពួក​សាវក រួច​រៀប​រាប់​ប្រាប់​គេពី​ដំណើរ​ដែល​លោក​សុល​បាន​ឃើញ​ព្រះ‌អម្ចាស់​នៅ​តាម​ផ្លូវ ហើយ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់លោក និង​ពី​ដំណើរ​ដែល​លោក​បាន​ប្រកាស​យ៉ាង​ក្លាហាន​នៅ​ក្រុង​ដាម៉ាស ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ។ 28ដូច្នេះ លោក​ក៏​នៅ​ជា‌មួយ​ពួកសាវក ហើយ​ចេញ​ចូល​ក្រុង​យេរូ‌សាឡិម ទាំង​ប្រកាស​ដោយ​ក្លាហាន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់។ 29លោក​ជជែក​វែក​ញែក​ជា‌មួយ​ពួក​ហេលេន តែ​គេ​បែរ​ជា​ប៉ុន​ប៉ង​សម្លាប់​លោក​ទៅ​វិញ។ 30កាល​ពួក​បង‌ប្អូន​បាន​ដឹង​ដំណឹង​នេះ គេ​ក៏​នាំលោកចុះ​ទៅក្រុង​សេ‌សារា ហើយ​ឲ្យ​លោក​ចេញ​ទៅ​ក្រុង​តើសុស។
31ដូច្នេះ ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា ស្រុក​កាលី‌ឡេ និង​ស្រុក​សា‌ម៉ារី ក៏​មាន​សេចក្តី​សុខ‌សាន្ត ហើយ​បាន​ស្អាង​ឡើង។ គេ​រស់​នៅ​ដោយ​កោត​ខ្លាច​ព្រះ‌អម្ចាស់ មានការ​កម្សាន្ត​ចិត្ត​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ក្រុម​ជំនុំក៏​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់។
លោក​ពេត្រុស​ប្រោស​លោក​អេ‌នាស​ឲ្យ​ជា
32នៅគ្រានោះ លោក​ពេត្រុស​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ លោក​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ពួក​បរិសុទ្ធ​នៅក្រុង​លីដា។ 33នៅ​ទី​នោះ លោក​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេនាស មាន​ជំងឺ​ស្លាប់​ដៃ​ជើង ដេកជាប់​នៅ​លើ​គ្រែអស់​ប្រាំបី​ឆ្នាំ​មក​ហើយ។ 34លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេនាស​អើយ! ព្រះ‌យេស៊ូវ‌គ្រីស្ទ​ប្រោស​អ្នក​ឲ្យ​ជា ចូរ​ក្រោក​ឡើង ហើយ​រៀប​ចំ​គ្រែ​អ្នក​ទៅ!» គាត់​ក៏​ក្រោក​ឡើង​ភ្លាម។ 35មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្រុង​លីដា និង​ស្រុក​សារ៉ូន ឃើញ​ដូច្នោះ គេ​ក៏​ងាក​បែរ​មក​រក​ព្រះ‌អម្ចាស់។
លោក​ពេត្រុស​នៅ​ក្រុង​លីដា និង​ក្រុង​យ៉ុប‌ប៉េ
36នៅ​ក្រុង​យ៉ុប‌ប៉េ មាន​សិស្ស​ម្នាក់ ឈ្មោះ​តេ‌ប៊ី‌ថា ភាសាក្រិក​ហៅ​ថា ឌ័រកាស។ នាង​បាន​ធ្វើ​អំពើ​ល្អ និង​ដាក់​ទាន​ជា​ច្រើន។ 37នៅ​គ្រា​នោះ នាង​មាន​ជំងឺ​ឈឺ ហើយ​ស្លាប់​ទៅ គេ​បាន​លាង​សព​នាង ហើយយក​ទៅ​តម្កល់ទុក​នៅ​បន្ទប់​ខាង​លើ។ 38ដោយ​ព្រោះ​ក្រុង​លីដា នៅ​ជិត​ក្រុង​យ៉ុប‌ប៉េ ហើយ​ពួក​សិស្ស​បាន​ឮ​ថា លោក​ពេត្រុស​នៅ​ទី​នោះ គេ​ក៏​ចាត់​បុរស​ពីរ​នាក់​ឲ្យ​ទៅ ដោយ​បង្ខំ​លោក​ថា៖ «សូម​មក​ឯ​យើង​ខ្ញុំ​កុំ​បង្អង់ឡើយ»។ 39ដូច្នេះ លោក​ពេត្រុស​ក៏​ក្រោក​ឡើង ហើយ​ទៅ​ជា‌មួយពួក​គេ។ ពេល​លោក​មក​ដល់ គេ​នាំ​លោក​ទៅ​បន្ទប់​ខាង​លើ។ ស្ត្រី​មេម៉ាយ​ទាំង​ប៉ុន្មាន​ឈរ​ជិត​លោក​ទាំង​យំ ហើយ​បង្ហាញ​អាវ និង​សម្លៀក​បំពាក់​ទាំង​ប៉ុន្មានដែល​នាង​ឌ័រ​កាស​បាន​ធ្វើ​ឲ្យ កាល​នាង​នៅ​រស់​នៅ​ឡើយ។ 40ប៉ុន្ដែ លោក​ពេត្រុស​សុំ​ឲ្យ​គេ​ចេញ​ទៅ​ក្រៅ​ទាំង​អស់ រួច​លោក​លុត​ជង្គង់​អធិស្ឋាន ហើយ​ងាក​បែរ​ទៅរក​សព មាន​ប្រសាសន៍​ថា៖ «តេប៊ីថា​អើយ! ក្រោក​ឡើង!» ពេល​នោះ នាង​ក៏​បើក​ភ្នែក ហើយ​កាល​នាង​បាន​ឃើញ​លោក​ពេត្រុស នាង​ក្រោក​អង្គុយ។ 41លោក​ហុច​ដៃ​ទៅ​ឲ្យ​នាង​តោង​ឡើង រួច​លោក​ហៅ​ពួក​បរិសុទ្ធ និង​ពួក​ស្ត្រី​មេម៉ាយ​មក រួច​ប្រគល់​នាងទៅ​គេ​ទាំង​មាន​ជីវិត​រស់។ 42ដំណឹង​នេះ បាន​ដឹង​សុសសាយ​ពាស‌ពេញ​ក្រុង​យ៉ុប‌ប៉េ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ‌អម្ចាស់។ 43លោក​ពេត្រុស​ស្នាក់​នៅ​ក្រុង​យ៉ុប‌ប៉េ ក្នុង​ផ្ទះ​ជាង​សម្លាប់​ស្បែក ឈ្មោះ​ស៊ីម៉ូន ជា​យូរ​ថ្ងៃ។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 9: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ