កិច្ចការ 9:26-43

កិច្ចការ 9:26-43 គកស១៦

ពេល​លោក​សុល​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម លោក​ព្យាយាម​ចូល​រួម​ជាមួយ​ពួក​សិស្ស តែ​គេ​ទាំង​អស់​គ្នា​ខ្លាច​លោក ដ្បិត​គេ​មិន​ជឿ​ថា លោក​ជា​សិស្ស​ឡើយ។ ប៉ុន្ដែ លោក​បាណា‌បាស​បាន​ទទួល​លោក ហើយ​នាំ​លោក​ទៅ​ជួប​ពួក​សាវក រួច​រៀប​រាប់​ប្រាប់​គេពី​ដំណើរ​ដែល​លោក​សុល​បាន​ឃើញ​ព្រះ‌អម្ចាស់​នៅ​តាម​ផ្លូវ ហើយ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់លោក និង​ពី​ដំណើរ​ដែល​លោក​បាន​ប្រកាស​យ៉ាង​ក្លាហាន​នៅ​ក្រុង​ដាម៉ាស ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ។ ដូច្នេះ លោក​ក៏​នៅ​ជា‌មួយ​ពួកសាវក ហើយ​ចេញ​ចូល​ក្រុង​យេរូ‌សាឡិម ទាំង​ប្រកាស​ដោយ​ក្លាហាន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់។ លោក​ជជែក​វែក​ញែក​ជា‌មួយ​ពួក​ហេលេន តែ​គេ​បែរ​ជា​ប៉ុន​ប៉ង​សម្លាប់​លោក​ទៅ​វិញ។ កាល​ពួក​បង‌ប្អូន​បាន​ដឹង​ដំណឹង​នេះ គេ​ក៏​នាំលោកចុះ​ទៅក្រុង​សេ‌សារា ហើយ​ឲ្យ​លោក​ចេញ​ទៅ​ក្រុង​តើសុស។ ដូច្នេះ ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា ស្រុក​កាលី‌ឡេ និង​ស្រុក​សា‌ម៉ារី ក៏​មាន​សេចក្តី​សុខ‌សាន្ត ហើយ​បាន​ស្អាង​ឡើង។ គេ​រស់​នៅ​ដោយ​កោត​ខ្លាច​ព្រះ‌អម្ចាស់ មានការ​កម្សាន្ត​ចិត្ត​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ក្រុម​ជំនុំក៏​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់។ នៅគ្រានោះ លោក​ពេត្រុស​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ លោក​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ពួក​បរិសុទ្ធ​នៅក្រុង​លីដា។ នៅ​ទី​នោះ លោក​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេនាស មាន​ជំងឺ​ស្លាប់​ដៃ​ជើង ដេកជាប់​នៅ​លើ​គ្រែអស់​ប្រាំបី​ឆ្នាំ​មក​ហើយ។ លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេនាស​អើយ! ព្រះ‌យេស៊ូវ‌គ្រីស្ទ​ប្រោស​អ្នក​ឲ្យ​ជា ចូរ​ក្រោក​ឡើង ហើយ​រៀប​ចំ​គ្រែ​អ្នក​ទៅ!» គាត់​ក៏​ក្រោក​ឡើង​ភ្លាម។ មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្រុង​លីដា និង​ស្រុក​សារ៉ូន ឃើញ​ដូច្នោះ គេ​ក៏​ងាក​បែរ​មក​រក​ព្រះ‌អម្ចាស់។ នៅ​ក្រុង​យ៉ុប‌ប៉េ មាន​សិស្ស​ម្នាក់ ឈ្មោះ​តេ‌ប៊ី‌ថា ភាសាក្រិក​ហៅ​ថា ឌ័រកាស។ នាង​បាន​ធ្វើ​អំពើ​ល្អ និង​ដាក់​ទាន​ជា​ច្រើន។ នៅ​គ្រា​នោះ នាង​មាន​ជំងឺ​ឈឺ ហើយ​ស្លាប់​ទៅ គេ​បាន​លាង​សព​នាង ហើយយក​ទៅ​តម្កល់ទុក​នៅ​បន្ទប់​ខាង​លើ។ ដោយ​ព្រោះ​ក្រុង​លីដា នៅ​ជិត​ក្រុង​យ៉ុប‌ប៉េ ហើយ​ពួក​សិស្ស​បាន​ឮ​ថា លោក​ពេត្រុស​នៅ​ទី​នោះ គេ​ក៏​ចាត់​បុរស​ពីរ​នាក់​ឲ្យ​ទៅ ដោយ​បង្ខំ​លោក​ថា៖ «សូម​មក​ឯ​យើង​ខ្ញុំ​កុំ​បង្អង់ឡើយ»។ ដូច្នេះ លោក​ពេត្រុស​ក៏​ក្រោក​ឡើង ហើយ​ទៅ​ជា‌មួយពួក​គេ។ ពេល​លោក​មក​ដល់ គេ​នាំ​លោក​ទៅ​បន្ទប់​ខាង​លើ។ ស្ត្រី​មេម៉ាយ​ទាំង​ប៉ុន្មាន​ឈរ​ជិត​លោក​ទាំង​យំ ហើយ​បង្ហាញ​អាវ និង​សម្លៀក​បំពាក់​ទាំង​ប៉ុន្មានដែល​នាង​ឌ័រ​កាស​បាន​ធ្វើ​ឲ្យ កាល​នាង​នៅ​រស់​នៅ​ឡើយ។ ប៉ុន្ដែ លោក​ពេត្រុស​សុំ​ឲ្យ​គេ​ចេញ​ទៅ​ក្រៅ​ទាំង​អស់ រួច​លោក​លុត​ជង្គង់​អធិស្ឋាន ហើយ​ងាក​បែរ​ទៅរក​សព មាន​ប្រសាសន៍​ថា៖ «តេប៊ីថា​អើយ! ក្រោក​ឡើង!» ពេល​នោះ នាង​ក៏​បើក​ភ្នែក ហើយ​កាល​នាង​បាន​ឃើញ​លោក​ពេត្រុស នាង​ក្រោក​អង្គុយ។ លោក​ហុច​ដៃ​ទៅ​ឲ្យ​នាង​តោង​ឡើង រួច​លោក​ហៅ​ពួក​បរិសុទ្ធ និង​ពួក​ស្ត្រី​មេម៉ាយ​មក រួច​ប្រគល់​នាងទៅ​គេ​ទាំង​មាន​ជីវិត​រស់។ ដំណឹង​នេះ បាន​ដឹង​សុសសាយ​ពាស‌ពេញ​ក្រុង​យ៉ុប‌ប៉េ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ‌អម្ចាស់។ លោក​ពេត្រុស​ស្នាក់​នៅ​ក្រុង​យ៉ុប‌ប៉េ ក្នុង​ផ្ទះ​ជាង​សម្លាប់​ស្បែក ឈ្មោះ​ស៊ីម៉ូន ជា​យូរ​ថ្ងៃ។

អាន កិច្ចការ 9

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កិច្ចការ 9:26-43