កិច្ចការ 2:29-47

កិច្ចការ 2:29-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​បង‌ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​សូម​ជម្រាប​អ្នក​រាល់​គ្នា​ទាំង​មាន​ទំនុក​ចិត្ត​អំពី​ព្រះ‌បាទ​ដាវីឌ ជា​បុព្វ‌បុរស​របស់​យើង​ថា លោក​បាន​សុគត ហើយ​គេ​បាន​បញ្ចុះ​សព​លោក ឯ​ផ្នូរ​របស់​លោក​ក៏​នៅ​ជា‌មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។ ដូច្នេះ ដោយ​ព្រោះ​ព្រះ‌បាទ​ដាវីឌ​ជា​ហោរា ហើយ​ជ្រាប​ថា ព្រះ​បាន​ស្បថ​សន្យា​ជាមួយ​លោក​ថា ព្រះ‌អង្គ​នឹង​ប្រទាន​ម្នាក់​ពី​ពូជ​របស់​លោក ឲ្យ​បាន​គង់​លើ​បល្ល័ង្ក​របស់​លោក។ ដោយ​ព្រោះ​ព្រះ‌បាទ​ដាវីឌ​បាន​ឃើញ​ជា​មុន បាន​ជា​លោក​សម្តែង​ពី​ព្រះ‌គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រះ​មិន​ទុក​ព្រះ‌អង្គ​ចោល​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ ហើយ​សព​ព្រះ‌អង្គ​ក៏​មិន​ត្រូវ​ពុក​រលួយ​ដែរ។ ព្រះ‌យេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​យើង​ទាំង‌អស់​គ្នា​ជា​បន្ទាល់​ស្រាប់។ ដូច្នេះ ដែល​ព្រះ​បាន​តម្កើង​ព្រះ‌យេស៊ូវ​ឡើង ឲ្យ​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​នៃ​ព្រះ ហើយ​បាន​ទទួល​សេចក្តី​សន្យា ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ពី​ព្រះ‌វរបិតា នោះ​ព្រះ‌អង្គ​បាន​ចាក់​សេចក្តី​នេះ​មក ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ និង​ឮ​ស្រាប់។ ដ្បិត​ព្រះ‌បាទ​ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថាន‌សួគ៌​ទេ តែ​លោក​បាន​ថ្លែង​ថា "ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក ធ្វើ​ជា​កំណល់​កល់​ជើង​អ្នក" ។ ដូច្នេះ ចូរ​ឲ្យ​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ដឹង​ប្រាកដ​ថា ព្រះ​បាន​តាំង​ព្រះ‌យេស៊ូវ​នេះ ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ធ្វើ​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រីស្ទ»។ កាល​គេ​បាន​ឮ នោះ​គេ​មាន​ការ​ចាក់​ចុច​ក្នុង​ចិត្ត ហើយ​សួរ​លោក​ពេត្រុស និង​ពួក​សាវក​ឯ​ទៀត​ថា៖ «បង‌ប្អូន​អើយ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច?» លោក​ពេត្រុស​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​ប្រែ​ចិត្ត ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក​ទាំង​អស់​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ទៅ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​អត់​ទោស​បាប ហើយ​អ្នក​នឹង​ទទួល​បាន​អំណោយ‌ទាន​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ ដ្បិត​សេចក្តី​សន្យា​នោះ គឺ​សម្រាប់​អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ដែរ គឺ​ដល់​អស់​អ្នក​ណា​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​ត្រាស់​ហៅ»។ លោក​បាន​ធ្វើ​បន្ទាល់​ដោយ​ពាក្យ​ជា​ច្រើន ហើយ​បាន​បន្ដ​ដាស់​តឿន​ពួកគេ​ទៀត​ថា៖ «សូម​អ្នក​រាល់​គ្នា​សង្គ្រោះ​ខ្លួន​ចេញ​ពី​តំណ​មនុស្ស​វៀច​នេះ​ទៅ»។ ដូច្នេះ អស់​អ្នក​ដែល​ទទួល​ពាក្យ​របស់​លោក ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​នៅ​ថ្ងៃ​នោះ មាន​ប្រមាណ​ជា​បីពាន់​នាក់​កើន​ឡើង​ថែម​ទៀត។ ពួក​គេ​ព្យាយាម​នៅ​ជាប់​ក្នុង​សេចក្តី​បង្រៀន​របស់​ពួក​សាវក ក្នុង​ការ​ប្រកប​គ្នា ធ្វើ​ពិធី​កាច់​នំបុ័ង និង​ការ​អធិស្ឋាន។ គ្រប់​គ្នា​មាន​ចិត្ត​កោត​ខ្លាច ហើយ​មាន​ការ​អស្ចារ្យ និង​ទី​សម្គាល់​ជា​ច្រើន​កើត​ឡើង​ដោយ‌សារ​ពួក​សាវក។ អស់​អ្នក​ដែល​បាន​ជឿ គេ​នៅ​មូល​ជា‌មួយ​គ្នា ហើយ​គេ​យក​របស់​ទាំង​ប៉ុន្មាន​មក​ដាក់​រួម​គ្នា។ គេ​លក់​ទ្រព្យ‌សម្បត្តិ និង​អ្វីៗ​ដែល​ជា​របស់​ខ្លួន មក​ចែក​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​គេ​ម្នាក់ៗ។ ជា​រៀង​រាល់​ថ្ងៃ គេ​ព្យាយាម​នៅ​ក្នុង​ព្រះ‌វិហារ ដោយ​មាន​ចិត្ត​ព្រម​ព្រៀង ហើយ​ធ្វើ​ពិធី​កាច់​នំបុ័ង​នៅ​តាម​ផ្ទះ ព្រម​ទាំង​បរិ‌ភោគ​អាហារ​ដោយ​អំណរ និង​ចិត្ត​ស្មោះ​ត្រង់ ទាំង​សរសើរ​តម្កើង​ព្រះ ហើយ​ប្រ‌ជាជន​ទាំង​អស់​ក៏​គោរព​រាប់​អាន​គេ។ ព្រះ‌អម្ចាស់​បាន​បន្ថែម​ចំនួន​អ្នក​ដែល​កំពុង​តែ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​ជំនុំ​ជា​រៀង​រាល់​ថ្ងៃ។

ចែក​រំលែក
អាន កិច្ចការ 2

កិច្ចការ 2:29-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«បងប្អូន​អើយ! ខ្ញុំ​សូម​ជម្រាប​បងប្អូន​ឲ្យ​បាន​ច្បាស់​អំពី​ព្រះ‌បាទ​ដាវីឌ ជា​បុព្វបុរស*​របស់​យើង​នោះ​ថា ព្រះអង្គ​បាន​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​បាន​បញ្ចុះ​ព្រះ‌សព​របស់​ព្រះអង្គ រីឯ​ផ្នូរ​របស់​ព្រះអង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ដែរ។ ដោយ​ព្រះ‌បាទ​ដាវីឌ​ជា​ព្យាការី​មួយ​រូប ទ្រង់​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​ស្ដេច​ថា នឹង​ប្រទាន​ឲ្យ​ព្រះ‌រាជ‌វង្ស​របស់​ស្ដេច​មួយ​អង្គ​ឡើង​ស្នង​រាជ្យ។ ព្រះ‌បាទ​ដាវីឌ​បាន​ឈ្វេង​យល់​ជា​មុន​ថា ព្រះ‌គ្រិស្ត*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា ព្រះ‌ជាម្ចាស់​ពុំ​ទុក​ព្រះ‌គ្រិស្ត​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ទេ ហើយ​ក៏​មិន​ទុក​ឲ្យ​សព​ព្រះអង្គ​ត្រូវ​រលួយ​ដែរ។ ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​យេស៊ូ​នេះ​ឲ្យ​រស់​ឡើង​វិញ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាក្សី។ ព្រះ‌ជាម្ចាស់​បាន​លើក​លោក​យេស៊ូ​ឡើង ដោយ​ឫទ្ធិ‌បារមី របស់​ព្រះអង្គ។ លោក​យេស៊ូ​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ពី​ព្រះ‌បិតា​តាម​ព្រះ‌បន្ទូល​សន្យា ហើយ​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​នេះ​មក​លើ​យើង​ខ្ញុំ ដូច​បងប្អូន​បាន​ឃើញ បាន​ឮ​ស្រាប់។ ព្រះ‌បាទ​ដាវីឌ​មិន​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ*​ទេ តែ​ព្រះអង្គ​មាន​រាជ‌ឱង្ការ​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ” ។ ហេតុ​នេះ សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា លោក​យេស៊ូ​នេះ ដែល​បងប្អូន​បាន​ឆ្កាង ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​លោក​ឡើង​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រិស្ត*​ហើយ»។ កាល​បណ្ដា‌ជន​បាន​ឮ​សេចក្ដី​ទាំង​នេះ ពួក​គេ​រំជួល​ចិត្ត​ជា​ខ្លាំង ហើយ​សួរ​លោក​ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ថា៖ «បងប្អូន​អើយ! តើ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្ដេច?»។ លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​បងប្អូន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ម្នាក់ៗ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក* ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត*​ទៅ ដើម្បី​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​បងប្អូន​ឲ្យ​រួច​ពី​បាប* ហើយ​បងប្អូន​នឹង​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ ដែល​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សន្យា​នេះ​ចំពោះ​បងប្អូន​ទាំង​អស់​គ្នា ចំពោះ​កូន​ចៅ​របស់​បងប្អូន និង​ចំពោះ​អស់​អ្នក​ដែល​នៅ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន​ដែរ តាម​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​ត្រាស់​ហៅ»។ លោក​ពេត្រុស​បាន​ពន្យល់​បញ្ជាក់ និង​ដាស់‌តឿន​ពួក​គេ ដោយ​ពាក្យ‌ពេចន៍​ជា​ច្រើន​ទៀត គឺ​លោក​មាន​ប្រសាសន៍​ថា៖ «សូម​បងប្អូន​ទទួល​ការ​សង្គ្រោះ ឲ្យ​រួច​ផុត​ពី​មនុស្ស​អាក្រក់​សម័យ​នេះ»។ អស់​អ្នក​ដែល​យល់​ព្រម​ទទួល​ពាក្យ​របស់​លោក ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ប្រមាណ​បី​ពាន់​នាក់​ចូល​មក​រួម​ក្នុង​ក្រុម​សិស្ស*។ សិស្ស​ទាំង​នោះ​ព្យាយាម​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ក្រុម​សាវ័ក* រួម​រស់​ជា​មួយ​គ្នា​ជា​បងប្អូន ធ្វើ​ពិធី​កាច់​នំប៉័ង* និង​ព្យាយាម​អធិស្ឋាន។ មនុស្ស‌ម្នា​កោត​ស្ញប់‌ស្ញែង​គ្រប់ៗ​គ្នា ដ្បិត​ក្រុម​សាវ័ក​បាន​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ធ្វើ​ទី​សម្គាល់​ផ្សេងៗ​ជា​ច្រើន។ អស់​អ្នក​ដែល​បាន​ជឿ​លើ​ព្រះ‌អម្ចាស់ មាន​ចិត្ត​គំនិត​តែ​មួយ ហើយ​យក​របស់​របរ​ដែល​ខ្លួន​មាន មក​ដាក់​រួម​គ្នា​ទាំង​អស់។ គេ​លក់​ទ្រព្យ‌សម្បត្តិ និង​អ្វីៗ​ជា​របស់​ខ្លួន យក​ប្រាក់​មក​ចែក​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ម្នាក់ៗ។ ជា​រៀង​រាល់​ថ្ងៃ គេ​រួម​ចិត្ត​គំនិត​គ្នា​ព្យាយាម​ចូល​ព្រះ‌វិហារ* ធ្វើ​ពិធី​កាច់​នំប៉័ង​នៅ​តាម​ផ្ទះ ព្រម​ទាំង​បរិភោគ​អាហារ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីក‌រាយ និង​ដោយ​ចិត្ត​ស្មោះ​សរ​ផង។ គេ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​ប្រជា‌ជន​ទាំង​មូល​គោរព​រាប់​អាន​ពួក​គេ​ទាំង​អស់​គ្នា។ ព្រះ‌អម្ចាស់​បន្ថែម​ចំនួន​អ្នក​ដែល​ព្រះអង្គ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​របស់​គេ​ជា​រៀង​រាល់​ថ្ងៃ។

ចែក​រំលែក
អាន កិច្ចការ 2

កិច្ចការ 2:29-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​បង​ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​មាន​ច្បាប់​នឹង​ថ្លែង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ ពី​ហ្លួង​ដាវីឌ ជា​ឰយុកោ​ថា លោក​បាន​ទាំង​សុគត ហើយ​គេ​បាន​បញ្ចុះ​សព​លោក​ដែរ ផ្នូរ​លោក​ក៏​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច្នេះ ដោយ​ព្រោះ​លោក​ជា​ហោរា ហើយ​ក៏​ជ្រាប​ថា ព្រះ​បាន​ស្បថ​សន្យា​នឹង​លោក​ថា ទ្រង់​នឹង​បង្កើត​ព្រះ‌គ្រីស្ទ ពី​ពូជ​របស់​លោក​ខាង​សាច់​ឈាម ឲ្យ​បាន​គង់​លើ​បល្ល័ង្ក​របស់​លោក គឺ​ដោយ​ព្រោះ​លោក​បាន​ឃើញ​ការ​នោះ​ជា​មុន បាន​ជា​លោក​សំដែង​ពី​ព្រះ‌គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រលឹង​ទ្រង់​មិន​ត្រូវ​ទុក​ចោល នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ហើយ​រូប​សាច់​ទ្រង់​មិន​ត្រូវ​ឃើញ​សេចក្ដី​ពុក‌រលួយ​ឡើយ ឯ​ព្រះ‌យេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ពួក​យើង​នេះ​ជា​ទី​បន្ទាល់​ពី​ទ្រង់​ទាំង​អស់​គ្នា ដូច្នេះ ដែល​ទ្រង់​បាន​ដំកើង​ឡើង ដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ ហើយ​បាន​ទទួល​សេចក្ដី​សន្យា គឺ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ពី​ព្រះវរ‌បិតា នោះ​ទ្រង់​បាន​ចាក់​សេចក្ដី​នេះ​មក ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មើល​ហើយ​ស្តាប់ ដ្បិត​ហ្លួង​ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថាន‌សួគ៌​ទេ ប៉ុន្តែ​លោក​បាន​និយាយ​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​នឹង​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ដរាប​ដល់​អញ​យក​ពួក​ខ្មាំង​សត្រូវ​ឯង ដាក់​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង» ដូច្នេះ ចូរ​ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ជា​ប្រាកដ​ថា ព្រះ‌ទ្រង់​បាន​លើក​ព្រះ‌យេស៊ូវ​នេះ ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ទ្រង់​ធ្វើ​ជា​ព្រះ‌អម្ចាស់ ហើយ​ជា​ព្រះ‌គ្រីស្ទ​ផង។ កាល​គេ​បាន​ឮ នោះ​គេ​មាន​សេចក្ដី​ចាក់​ចុច​ក្នុង​ចិត្ត ក៏​សួរ​ពេត្រុស នឹង​ពួក​សាវក​ឯ​ទៀត​ថា បង​ប្អូន​អើយ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ពេត្រុស​ឆ្លើយ​តប​ថា ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដ្បិត​សេចក្ដី​សន្យា​នោះ គឺ​សន្យា​ដល់​អ្នក​រាល់​គ្នា នឹង​កូន​ចៅ​អ្នក​រាល់​គ្នា ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ដែរ គឺ​ដល់​អស់​អ្នក​ណា​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ហៅ គាត់​ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ហើយ​ទូន្មាន​ដោយ​ពាក្យ​ជា​ច្រើន​ទៀត​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ រួច​ពី​ពូជ​ដំណ​វៀច​នេះ នោះ​ពួក​អ្នក​ដែល​ទទួល​ពាក្យ​របស់​គាត់​ដោយ​អំណរ ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ហើយ​នៅ​ថ្ងៃ​ដដែល​នោះ មាន​ប្រហែល​ជា​៣​ពាន់​នាក់​ថែម​កើន​ឡើង​ទៀត។ អ្នក​ទាំង​នោះ​ក៏​នៅ​តែ​ព្យាយាម​ក្នុង​សេចក្ដី​បង្រៀន​របស់​ពួក​សាវក ហើយ​ក្នុង​សេចក្ដី​ប្រកប​គ្នា ព្រម​ទាំង​ការ​កាច់​នំបុ័ង នឹង​សេចក្ដី​អធិស្ឋាន​ផង គ្រប់​គ្នា​កើត​មាន​ចិត្ត​កោត‌ខ្លាច ហើយ​មាន​ការ​អស្ចារ្យ នឹង​ទី​សំគាល់​ជា​ច្រើន​កើត​មក ដោយ‌សារ​ពួក​សាវក​ដែរ ពួក​អ្នក​ដែល​ជឿ​ទាំង​ប៉ុន្មាន ក៏​នៅ​ជា​មួយ​គ្នា ហើយ​មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា គេ​ក៏​លក់​ទ្រព្យ​សម្បត្តិ នឹង​របស់​គេ​ទាំង​ប៉ុន្មាន ចែក​ដល់​គ្នា​តាម​ដែល​គ្រប់​គ្នា​ត្រូវ​ការ រាល់​តែ​ថ្ងៃ គេ​នៅ​តែ​ព្យាយាម​ក្នុង​ព្រះ‌វិហារ ដោយ​មាន​ចិត្ត​ព្រម​ព្រៀង​គ្នា ឯ​កាល​នៅ​ផ្ទះ ក៏​កាច់​នំបុ័ង ហើយ​បរិភោគ​អាហារ ដោយ​អំណរ នឹង​ចិត្ត​ស្មោះ‌ត្រង់ ព្រម​ទាំង​សរសើរ​ដល់​ព្រះ ហើយ​បណ្តាជន​ទាំង​អស់​គ្នា​ក៏​រាប់​អាន​គេ ចំណែក​ព្រះ‌អម្ចាស់ ទ្រង់​ក៏​បន្ថែម​នូវ​អស់​អ្នក ដែល​កំពុង​តែ​បាន​សង្គ្រោះ​រាល់​តែ​ថ្ងៃ​ទៅ ក្នុង​ពួក​ជំនុំ​ថែម​ទៀត។

ចែក​រំលែក
អាន កិច្ចការ 2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ