កិច្ចការ 2

2
ព្រះ‌វិញ្ញាណ​យាង​មក​សណ្ឋិត​លើ​ពួក​សិស្ស
1កាល​បុណ្យ​ថ្ងៃ​ទី​ហាសិប បាន​មក​ដល់ ពួក​គេ​ទាំង​អស់​មាន​ចិត្ត​ព្រម​ព្រៀង​ប្រជុំ​គ្នានៅ​កន្លែង​តែ​មួយ។ 2រំពេច​នោះ ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​ស្ថាន‌សួគ៌ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​កំពុង​តែ​អង្គុយ។ 3មាន​ដូច​ជា​អណ្តាត​ភ្លើង​បែក​ចេញ​ពី​គ្នា លេច​មក​ឲ្យ​គេ​ឃើញ ហើយ​មក​សណ្ឋិត​លើ​គេ​គ្រប់​គ្នា។ 4គេ​ទាំង​អស់​គ្នា​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ចាប់​ផ្តើម​និយាយ​ភាសា​ដទៃ​ផ្សេងៗ តាម​ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​ឲ្យ។
5នៅ​ពេល​នោះ មាន​សាសន៍​យូដា​ដែល​គោរព​កោត​ខ្លាច​ព្រះ មក​ពី​គ្រប់​ប្រទេស​នៅ​ក្រោម​មេឃ ស្នាក់​នៅ​ក្រុង​យេរូ‌សាឡិម។ 6កាល​សូរ​សព្ទ​ពី​ការ​នោះ​បាន​ឮ​សុស​សាយ​ទៅ មហាជន​នាំ​គ្នា​ចូល​មក ហើយ​ភ្ញាក់‌ផ្អើល​ជា​ខ្លាំង ព្រោះ​ម្នាក់ៗ​ឮ​គេ​និយាយ​ភាសា​កំណើត​របស់​ខ្លួន។ 7គេ​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​គ្នា ដោយ​ឆ្ងល់​ថា៖ «តើ​អ្នក​ទាំង​អស់​គ្នា​ដែល​និយាយ​នេះ មិន​មែន​សុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ទេ​ឬ? 8ចុះ​ម្តេច​បាន​ជា​យើង​ឮ​គេ​និយាយ​ភាសា​កំណើត​របស់​យើង​រៀង​ខ្លួន​ដូច្នេះ? 9គឺ​សាសន៍​ផារថុស មេឌី អេឡាំ និង​ពួក​អ្នក​ស្រុក​មេសូ‌ប៉ូតា‌មា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុន‌តុស ស្រុក​អាស៊ី 10ស្រុក​ព្រីគា និង​ស្រុក​ប៉ាម‌ភីលា ស្រុក​អេស៊ីព្ទ និង​ដែន​ស្រុក​លីប៊ី ដែល​នៅ​ជុំ​វិញ​ស្រុក​គីរេន ពួក​អ្នក​ស្រុក​រ៉ូម​ដែល​ស្នាក់​នៅ​ទី​នេះ ទាំង​សាសន៍​យូដា និង​អ្នក​ចូល​សាសន៍ 11សាសន៍​ក្រេត និង​សាសន៍​អារ៉ាប់​ដែរ យើង​ឮ​គេ​និយាយ​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ តាម​ភាសា​របស់​យើង​ផ្ទាល់»។ 12អ្នក​ទាំង​នោះ​មាន​សេចក្តី​អស្ចារ្យ ហើយ​វិល‌វល់​ក្នុង​ចិត្ត ទាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ហេតុ‌ការណ៍​នេះ​មាន​ន័យ​ដូច​ម្តេច?» 13ប៉ុន្តែ មាន​អ្នក​ខ្លះ​ចំអក​ថា៖ «ពួក​នេះ​ស្រវឹង​ស្រា​ថ្មី​ទេ»។
លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដាជន
14ពេល​នោះ លោក​ពេត្រុស​ក៏​ឈរ​ឡើង​ជា‌មួយ​ពួក​អ្នក​ទាំង​ដប់‌មួយ ហើយ​បន្លឺ​សំឡេង​ទៅ​គេ​ថា៖ «ឱ​ពួក​សាសន៍​យូដា និង​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ សូម​អ្នក​រាល់​គ្នា​ដឹង​សេចក្តី​នេះ ហើយ​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​ចុះ។ 15ដ្បិត​អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង ដូច​ជា​អ្នក​រាល់​គ្នា​គិត​ស្មាន​នោះ​ទេ ព្រោះ​ទើប​នឹង​ម៉ោង​ប្រាំ‌បួន​ព្រឹក​ប៉ុណ្ណោះ។ 16នេះ​ជា​សេចក្តី​ទំនាយ​របស់​ហោរា​យ៉ូអែល ដែល​ថ្លែង​ទុក​មក​ថា
17"ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់
យើង​នឹង​ចាក់​ព្រះ‌វិញ្ញាណ​យើង ទៅ​លើ​គ្រប់​មនុស្ស
នោះ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​នឹង​ថ្លែង​ទំនាយ
ពួក​យុវជន​របស់​អ្នក​រាល់​គ្នា​នឹង​ឃើញ​និមិត្ត
ហើយ​ពួក​ចាស់ៗ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សប្តិ។
18នៅ​គ្រា​នោះ យើង​នឹង​ចាក់​ព្រះ‌វិញ្ញាណ​យើង
ទៅ​លើ​បាវ​បម្រើ​របស់​យើង​ទាំង​ប្រុស​ទាំង​ស្រី
ហើយ​គេ​នឹង​ថ្លែង​ទំនាយ។
19យើង​នឹង​សម្តែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ
ទី​សម្គាល់​នៅ​ផែនដី គឺ​ជា​ឈាម
ភ្លើង និង​កំសួល​ផ្សែង។
20ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត
ហើយ​ព្រះ‌ច័ន្ទ​នឹង​ទៅ​ជា​ឈាម
មុន​ថ្ងៃ​ដ៏​ធំ​ឧត្តម​របស់​ព្រះ‌អម្ចាស់​មក​ដល់។
21ពេល​នោះ អស់​អ្នក​ណា​ដែល​អំពាវ​នាវ​រក
ព្រះ‌នាម​ព្រះ‌អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ" ។
22ឱ​ពួក​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​សម្តែង​បង្ហាញ​មក​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ‌បារមី ការ​អស្ចារ្យ និង​ទី​សម្គាល់ ដែល​ព្រះ​បាន​ធ្វើ​នៅ​កណ្តាល​អ្នក​រាល់​គ្នា តាម​រយៈ​ព្រះ‌អង្គ ដូច​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ។ 23តាម​រយៈ​គម្រោង‌ការ​ដែល​បាន​កំណត់​ទុក និង​បុព្វ‌ញាណ​របស់​ព្រះ ព្រះ‌អង្គ​នោះ​ត្រូវ​បញ្ជូន​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ឆ្កាង និង​ធ្វើ​គុត​ព្រះ‌អង្គ ដោយ​សារ​ដៃ​មនុស្ស​ទទឹង​ច្បាប់។ 24ប៉ុន្តែ ព្រះ​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ​ដោះ​លែង​ព្រះ‌អង្គ​ចេញ​ពី​សេចក្តី​ស្លាប់ ព្រោះ​សេចក្តី​ស្លាប់​គ្មាន​អំណាច​នឹង​ឃុំ​ព្រះ‌អង្គ​ទុក​បាន​ឡើយ។ 25ដ្បិត​ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​អំពី​ព្រះ‌អង្គ​ថា៖
"ទូល​បង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់
នៅ​មុខ​ទូល​បង្គំ​ជានិច្ច
ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ទូល​បង្គំ
ដើម្បី​មិន​ឲ្យ​ទូល​បង្គំ​ត្រូវ​រង្គើ​ឡើយ។
26ហេតុ​នោះ​បាន​ជា​ចិត្ត​ទូល​បង្គំ​រីករាយ
ហើយ​អណ្តាត​ទូល​បង្គំ​ក៏​ថ្លែង​ដោយ​អំណរ
មួយ​ទៀត រូប​កាយ​ទូល​បង្គំ
ក៏​នឹង​រស់​នៅ​ដោយ​សង្ឃឹម​ដែរ។
27ដ្បិត​ព្រះ‌អង្គ​នឹង​មិន​ទុក​ឲ្យ​ព្រលឹង​ទូល​បង្គំ
ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ
ក៏​មិន​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ
ឃើញ​ភាព​ពុក​រលួយ​ដែរ។
28ព្រះ‌អង្គ​បាន​ឲ្យ​ទូល​បង្គំ​ស្គាល់​ផ្លូវ​នៃ​ជីវិត
ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ទូល​បង្គំ​មាន​អំណរ​យ៉ាង​ពោ​ពេញ
ដោយ​ព្រះវត្ត​មាន​ព្រះ‌អង្គ" ។
29ឱ​បង‌ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​សូម​ជម្រាប​អ្នក​រាល់​គ្នា​ទាំង​មាន​ទំនុក​ចិត្ត​អំពី​ព្រះ‌បាទ​ដាវីឌ ជា​បុព្វ‌បុរស​របស់​យើង​ថា លោក​បាន​សុគត ហើយ​គេ​បាន​បញ្ចុះ​សព​លោក ឯ​ផ្នូរ​របស់​លោក​ក៏​នៅ​ជា‌មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។ 30ដូច្នេះ ដោយ​ព្រោះ​ព្រះ‌បាទ​ដាវីឌ​ជា​ហោរា ហើយ​ជ្រាប​ថា ព្រះ​បាន​ស្បថ​សន្យា​ជាមួយ​លោក​ថា ព្រះ‌អង្គ​នឹង​ប្រទាន​ម្នាក់​ពី​ពូជ​របស់​លោក ឲ្យ​បាន​គង់​លើ​បល្ល័ង្ក​របស់​លោក។ 31ដោយ​ព្រោះ​ព្រះ‌បាទ​ដាវីឌ​បាន​ឃើញ​ជា​មុន បាន​ជា​លោក​សម្តែង​ពី​ព្រះ‌គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រះ​មិន​ទុក​ព្រះ‌អង្គ​ចោល​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ ហើយ​សព​ព្រះ‌អង្គ​ក៏​មិន​ត្រូវ​ពុក​រលួយ​ដែរ។ 32ព្រះ‌យេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​យើង​ទាំង‌អស់​គ្នា​ជា​បន្ទាល់​ស្រាប់។ 33ដូច្នេះ ដែល​ព្រះ​បាន​តម្កើង​ព្រះ‌យេស៊ូវ​ឡើង ឲ្យ​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​នៃ​ព្រះ ហើយ​បាន​ទទួល​សេចក្តី​សន្យា ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ពី​ព្រះ‌វរបិតា នោះ​ព្រះ‌អង្គ​បាន​ចាក់​សេចក្តី​នេះ​មក ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ និង​ឮ​ស្រាប់។ 34ដ្បិត​ព្រះ‌បាទ​ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថាន‌សួគ៌​ទេ តែ​លោក​បាន​ថ្លែង​ថា
"ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់
ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា
ចូរ​អង្គុយ​ខាង​ស្តាំ​យើង
35រហូត​ដល់​យើង​ដាក់​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក
ធ្វើ​ជា​កំណល់​កល់​ជើង​អ្នក" ។
36ដូច្នេះ ចូរ​ឲ្យ​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ដឹង​ប្រាកដ​ថា ព្រះ​បាន​តាំង​ព្រះ‌យេស៊ូវ​នេះ ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ធ្វើ​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រីស្ទ»។
គ្រីស្ទ‌បរិស័ទ​ដំបូង​បង្អស់
37កាល​គេ​បាន​ឮ នោះ​គេ​មាន​ការ​ចាក់​ចុច​ក្នុង​ចិត្ត ហើយ​សួរ​លោក​ពេត្រុស និង​ពួក​សាវក​ឯ​ទៀត​ថា៖ «បង‌ប្អូន​អើយ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច?» 38លោក​ពេត្រុស​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​ប្រែ​ចិត្ត ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក​ទាំង​អស់​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ទៅ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​អត់​ទោស​បាប ហើយ​អ្នក​នឹង​ទទួល​បាន​អំណោយ‌ទាន​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ 39ដ្បិត​សេចក្តី​សន្យា​នោះ គឺ​សម្រាប់​អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ដែរ គឺ​ដល់​អស់​អ្នក​ណា​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​ត្រាស់​ហៅ»។ 40លោក​បាន​ធ្វើ​បន្ទាល់​ដោយ​ពាក្យ​ជា​ច្រើន ហើយ​បាន​បន្ដ​ដាស់​តឿន​ពួកគេ​ទៀត​ថា៖ «សូម​អ្នក​រាល់​គ្នា​សង្គ្រោះ​ខ្លួន​ចេញ​ពី​តំណ​មនុស្ស​វៀច​នេះ​ទៅ»។ 41ដូច្នេះ អស់​អ្នក​ដែល​ទទួល​ពាក្យ​របស់​លោក ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​នៅ​ថ្ងៃ​នោះ មាន​ប្រមាណ​ជា​បីពាន់​នាក់​កើន​ឡើង​ថែម​ទៀត។ 42ពួក​គេ​ព្យាយាម​នៅ​ជាប់​ក្នុង​សេចក្តី​បង្រៀន​របស់​ពួក​សាវក ក្នុង​ការ​ប្រកប​គ្នា ធ្វើ​ពិធី​កាច់​នំបុ័ង និង​ការ​អធិស្ឋាន។
ជីវិត​រស់​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ជឿ
43គ្រប់​គ្នា​មាន​ចិត្ត​កោត​ខ្លាច ហើយ​មាន​ការ​អស្ចារ្យ និង​ទី​សម្គាល់​ជា​ច្រើន​កើត​ឡើង​ដោយ‌សារ​ពួក​សាវក។ 44អស់​អ្នក​ដែល​បាន​ជឿ គេ​នៅ​មូល​ជា‌មួយ​គ្នា ហើយ​គេ​យក​របស់​ទាំង​ប៉ុន្មាន​មក​ដាក់​រួម​គ្នា។ 45គេ​លក់​ទ្រព្យ‌សម្បត្តិ និង​អ្វីៗ​ដែល​ជា​របស់​ខ្លួន មក​ចែក​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​គេ​ម្នាក់ៗ។ 46ជា​រៀង​រាល់​ថ្ងៃ គេ​ព្យាយាម​នៅ​ក្នុង​ព្រះ‌វិហារ ដោយ​មាន​ចិត្ត​ព្រម​ព្រៀង ហើយ​ធ្វើ​ពិធី​កាច់​នំបុ័ង​នៅ​តាម​ផ្ទះ ព្រម​ទាំង​បរិ‌ភោគ​អាហារ​ដោយ​អំណរ និង​ចិត្ត​ស្មោះ​ត្រង់ 47ទាំង​សរសើរ​តម្កើង​ព្រះ ហើយ​ប្រ‌ជាជន​ទាំង​អស់​ក៏​គោរព​រាប់​អាន​គេ។ ព្រះ‌អម្ចាស់​បាន​បន្ថែម​ចំនួន​អ្នក​ដែល​កំពុង​តែ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​ជំនុំ​ជា​រៀង​រាល់​ថ្ងៃ។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ