កិច្ចការ 2:29-47

កិច្ចការ 2:29-47 គកស១៦

ឱ​បង‌ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​សូម​ជម្រាប​អ្នក​រាល់​គ្នា​ទាំង​មាន​ទំនុក​ចិត្ត​អំពី​ព្រះ‌បាទ​ដាវីឌ ជា​បុព្វ‌បុរស​របស់​យើង​ថា លោក​បាន​សុគត ហើយ​គេ​បាន​បញ្ចុះ​សព​លោក ឯ​ផ្នូរ​របស់​លោក​ក៏​នៅ​ជា‌មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។ ដូច្នេះ ដោយ​ព្រោះ​ព្រះ‌បាទ​ដាវីឌ​ជា​ហោរា ហើយ​ជ្រាប​ថា ព្រះ​បាន​ស្បថ​សន្យា​ជាមួយ​លោក​ថា ព្រះ‌អង្គ​នឹង​ប្រទាន​ម្នាក់​ពី​ពូជ​របស់​លោក ឲ្យ​បាន​គង់​លើ​បល្ល័ង្ក​របស់​លោក។ ដោយ​ព្រោះ​ព្រះ‌បាទ​ដាវីឌ​បាន​ឃើញ​ជា​មុន បាន​ជា​លោក​សម្តែង​ពី​ព្រះ‌គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រះ​មិន​ទុក​ព្រះ‌អង្គ​ចោល​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ ហើយ​សព​ព្រះ‌អង្គ​ក៏​មិន​ត្រូវ​ពុក​រលួយ​ដែរ។ ព្រះ‌យេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​យើង​ទាំង‌អស់​គ្នា​ជា​បន្ទាល់​ស្រាប់។ ដូច្នេះ ដែល​ព្រះ​បាន​តម្កើង​ព្រះ‌យេស៊ូវ​ឡើង ឲ្យ​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​នៃ​ព្រះ ហើយ​បាន​ទទួល​សេចក្តី​សន្យា ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ពី​ព្រះ‌វរបិតា នោះ​ព្រះ‌អង្គ​បាន​ចាក់​សេចក្តី​នេះ​មក ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ និង​ឮ​ស្រាប់។ ដ្បិត​ព្រះ‌បាទ​ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថាន‌សួគ៌​ទេ តែ​លោក​បាន​ថ្លែង​ថា "ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក ធ្វើ​ជា​កំណល់​កល់​ជើង​អ្នក" ។ ដូច្នេះ ចូរ​ឲ្យ​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ដឹង​ប្រាកដ​ថា ព្រះ​បាន​តាំង​ព្រះ‌យេស៊ូវ​នេះ ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ធ្វើ​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រីស្ទ»។ កាល​គេ​បាន​ឮ នោះ​គេ​មាន​ការ​ចាក់​ចុច​ក្នុង​ចិត្ត ហើយ​សួរ​លោក​ពេត្រុស និង​ពួក​សាវក​ឯ​ទៀត​ថា៖ «បង‌ប្អូន​អើយ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច?» លោក​ពេត្រុស​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​ប្រែ​ចិត្ត ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក​ទាំង​អស់​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ទៅ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​អត់​ទោស​បាប ហើយ​អ្នក​នឹង​ទទួល​បាន​អំណោយ‌ទាន​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ ដ្បិត​សេចក្តី​សន្យា​នោះ គឺ​សម្រាប់​អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ដែរ គឺ​ដល់​អស់​អ្នក​ណា​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​ត្រាស់​ហៅ»។ លោក​បាន​ធ្វើ​បន្ទាល់​ដោយ​ពាក្យ​ជា​ច្រើន ហើយ​បាន​បន្ដ​ដាស់​តឿន​ពួកគេ​ទៀត​ថា៖ «សូម​អ្នក​រាល់​គ្នា​សង្គ្រោះ​ខ្លួន​ចេញ​ពី​តំណ​មនុស្ស​វៀច​នេះ​ទៅ»។ ដូច្នេះ អស់​អ្នក​ដែល​ទទួល​ពាក្យ​របស់​លោក ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​នៅ​ថ្ងៃ​នោះ មាន​ប្រមាណ​ជា​បីពាន់​នាក់​កើន​ឡើង​ថែម​ទៀត។ ពួក​គេ​ព្យាយាម​នៅ​ជាប់​ក្នុង​សេចក្តី​បង្រៀន​របស់​ពួក​សាវក ក្នុង​ការ​ប្រកប​គ្នា ធ្វើ​ពិធី​កាច់​នំបុ័ង និង​ការ​អធិស្ឋាន។ គ្រប់​គ្នា​មាន​ចិត្ត​កោត​ខ្លាច ហើយ​មាន​ការ​អស្ចារ្យ និង​ទី​សម្គាល់​ជា​ច្រើន​កើត​ឡើង​ដោយ‌សារ​ពួក​សាវក។ អស់​អ្នក​ដែល​បាន​ជឿ គេ​នៅ​មូល​ជា‌មួយ​គ្នា ហើយ​គេ​យក​របស់​ទាំង​ប៉ុន្មាន​មក​ដាក់​រួម​គ្នា។ គេ​លក់​ទ្រព្យ‌សម្បត្តិ និង​អ្វីៗ​ដែល​ជា​របស់​ខ្លួន មក​ចែក​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​គេ​ម្នាក់ៗ។ ជា​រៀង​រាល់​ថ្ងៃ គេ​ព្យាយាម​នៅ​ក្នុង​ព្រះ‌វិហារ ដោយ​មាន​ចិត្ត​ព្រម​ព្រៀង ហើយ​ធ្វើ​ពិធី​កាច់​នំបុ័ង​នៅ​តាម​ផ្ទះ ព្រម​ទាំង​បរិ‌ភោគ​អាហារ​ដោយ​អំណរ និង​ចិត្ត​ស្មោះ​ត្រង់ ទាំង​សរសើរ​តម្កើង​ព្រះ ហើយ​ប្រ‌ជាជន​ទាំង​អស់​ក៏​គោរព​រាប់​អាន​គេ។ ព្រះ‌អម្ចាស់​បាន​បន្ថែម​ចំនួន​អ្នក​ដែល​កំពុង​តែ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​ជំនុំ​ជា​រៀង​រាល់​ថ្ងៃ។

អាន កិច្ចការ 2