កិច្ចការ 2:14-28

កិច្ចការ 2:14-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ លោក​ពេត្រុស​ក៏​ឈរ​ឡើង​ជា‌មួយ​ពួក​អ្នក​ទាំង​ដប់‌មួយ ហើយ​បន្លឺ​សំឡេង​ទៅ​គេ​ថា៖ «ឱ​ពួក​សាសន៍​យូដា និង​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ សូម​អ្នក​រាល់​គ្នា​ដឹង​សេចក្តី​នេះ ហើយ​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​ចុះ។ ដ្បិត​អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង ដូច​ជា​អ្នក​រាល់​គ្នា​គិត​ស្មាន​នោះ​ទេ ព្រោះ​ទើប​នឹង​ម៉ោង​ប្រាំ‌បួន​ព្រឹក​ប៉ុណ្ណោះ។ នេះ​ជា​សេចក្តី​ទំនាយ​របស់​ហោរា​យ៉ូអែល ដែល​ថ្លែង​ទុក​មក​ថា "ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ យើង​នឹង​ចាក់​ព្រះ‌វិញ្ញាណ​យើង ទៅ​លើ​គ្រប់​មនុស្ស នោះ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​នឹង​ថ្លែង​ទំនាយ ពួក​យុវជន​របស់​អ្នក​រាល់​គ្នា​នឹង​ឃើញ​និមិត្ត ហើយ​ពួក​ចាស់ៗ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សប្តិ។ នៅ​គ្រា​នោះ យើង​នឹង​ចាក់​ព្រះ‌វិញ្ញាណ​យើង ទៅ​លើ​បាវ​បម្រើ​របស់​យើង​ទាំង​ប្រុស​ទាំង​ស្រី ហើយ​គេ​នឹង​ថ្លែង​ទំនាយ។ យើង​នឹង​សម្តែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ ទី​សម្គាល់​នៅ​ផែនដី គឺ​ជា​ឈាម ភ្លើង និង​កំសួល​ផ្សែង។ ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ព្រះ‌ច័ន្ទ​នឹង​ទៅ​ជា​ឈាម មុន​ថ្ងៃ​ដ៏​ធំ​ឧត្តម​របស់​ព្រះ‌អម្ចាស់​មក​ដល់។ ពេល​នោះ អស់​អ្នក​ណា​ដែល​អំពាវ​នាវ​រក ព្រះ‌នាម​ព្រះ‌អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ" ។ ឱ​ពួក​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​សម្តែង​បង្ហាញ​មក​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ‌បារមី ការ​អស្ចារ្យ និង​ទី​សម្គាល់ ដែល​ព្រះ​បាន​ធ្វើ​នៅ​កណ្តាល​អ្នក​រាល់​គ្នា តាម​រយៈ​ព្រះ‌អង្គ ដូច​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ។ តាម​រយៈ​គម្រោង‌ការ​ដែល​បាន​កំណត់​ទុក និង​បុព្វ‌ញាណ​របស់​ព្រះ ព្រះ‌អង្គ​នោះ​ត្រូវ​បញ្ជូន​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ឆ្កាង និង​ធ្វើ​គុត​ព្រះ‌អង្គ ដោយ​សារ​ដៃ​មនុស្ស​ទទឹង​ច្បាប់។ ប៉ុន្តែ ព្រះ​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ​ដោះ​លែង​ព្រះ‌អង្គ​ចេញ​ពី​សេចក្តី​ស្លាប់ ព្រោះ​សេចក្តី​ស្លាប់​គ្មាន​អំណាច​នឹង​ឃុំ​ព្រះ‌អង្គ​ទុក​បាន​ឡើយ។ ដ្បិត​ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​អំពី​ព្រះ‌អង្គ​ថា៖ "ទូល​បង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូល​បង្គំ​ជានិច្ច ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ទូល​បង្គំ ដើម្បី​មិន​ឲ្យ​ទូល​បង្គំ​ត្រូវ​រង្គើ​ឡើយ។ ហេតុ​នោះ​បាន​ជា​ចិត្ត​ទូល​បង្គំ​រីករាយ ហើយ​អណ្តាត​ទូល​បង្គំ​ក៏​ថ្លែង​ដោយ​អំណរ មួយ​ទៀត រូប​កាយ​ទូល​បង្គំ ក៏​នឹង​រស់​នៅ​ដោយ​សង្ឃឹម​ដែរ។ ដ្បិត​ព្រះ‌អង្គ​នឹង​មិន​ទុក​ឲ្យ​ព្រលឹង​ទូល​បង្គំ ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ ក៏​មិន​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ឃើញ​ភាព​ពុក​រលួយ​ដែរ។ ព្រះ‌អង្គ​បាន​ឲ្យ​ទូល​បង្គំ​ស្គាល់​ផ្លូវ​នៃ​ជីវិត ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ទូល​បង្គំ​មាន​អំណរ​យ៉ាង​ពោ​ពេញ ដោយ​ព្រះវត្ត​មាន​ព្រះ‌អង្គ" ។

ចែក​រំលែក
អាន កិច្ចការ 2

កិច្ចការ 2:14-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ពេត្រុស​ក៏​ក្រោក​ឈរ​ឡើង​ជា​មួយ​សាវ័ក​ដប់​មួយ​រូប​ទៀត ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា‌ជន​ថា៖ «បងប្អូន​យូដា និង​បងប្អូន​ទាំង​អស់​ដែល​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ! សូម​បងប្អូន​ជ្រាប ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​របស់​ខ្ញុំ។ អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង​ស្រា​ដូច​បងប្អូន​ស្មាន​នោះ​ទេ ព្រោះ​ទើប​តែ​ម៉ោង​ប្រាំ​បួន​ព្រឹក​ប៉ុណ្ណោះ!។ ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​សេចក្ដី ដែល​ព្យាការី*​យ៉ូ‌អែល​បាន​ថ្លែង​ទុក​មក​ថា៖ “ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ យើង​នឹង​យក​វិញ្ញាណ​យើង​មក​ចាក់​បង្ហូរ លើ​មនុស្ស​លោក​ផង​ទាំង​ពួង។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា នឹង​ថ្លែង​ព្រះ‌បន្ទូល ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ ហើយ​ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា នឹង​យល់​សុបិន​និមិត្ត។ នៅ​គ្រា​នោះ យើង​ពិត​ជា​យក​វិញ្ញាណ​យើង មក​ចាក់​បង្ហូរ​លើ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី របស់​យើង ហើយ​គេ​នឹង​ថ្លែង​ព្រះ‌បន្ទូល។ យើង​នឹង​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​នៅ​លើ​មេឃ សម្តែង​ទី​សម្គាល់​ផ្សេងៗ​នៅ​លើ​ផែនដី គឺ​មាន​ឈាម មាន​ភ្លើង និង​មាន​កម្សួល​ផ្សែង។ ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​បាត់​រស្មី ព្រះ‌ច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម នៅ​មុន​ថ្ងៃ​ព្រះ‌អម្ចាស់​យាង​មក គឺ​ជា​ថ្ងៃ​ដ៏​រុងរឿង​ឧត្ដុង្គ‌ឧត្ដម ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ” »។ បងប្អូន​អ៊ីស្រា‌អែល​អើយ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ! ព្រះ‌ជាម្ចាស់​បាន​រ៉ាប់​រង​ទទួល​លោក​យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត នៅ​មុខ​បងប្អូន​ទាំង​អស់​គ្នា ដោយ​ព្រះអង្គ​បាន​សម្តែង​ការ​អស្ចារ្យ ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ផ្សេងៗ នៅ​កណ្ដាល​ចំណោម​បងប្អូន តាម​រយៈ​លោក​ដូច​បងប្អូន​ជ្រាប​ស្រាប់​ហើយ។ បងប្អូន​បាន​ចាប់​បញ្ជូន​លោក​យេស៊ូ​នេះ​ទៅ​ឲ្យ​ពួក​ជន​ពាល ឥត​សាសនា ឆ្កាង​លោក ដូច​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក ដោយ​ព្រះអង្គ​ទ្រង់​ញាណ​ជា​មុន។ ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ព្រះអង្គ​ដោះ​លែង​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដី​ស្លាប់ ព្រោះ​សេចក្ដី​ស្លាប់​មិន​អាច​ឃុំ​លោក​ទុក​ឡើយ។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​អំពី​លោក​យេស៊ូ​នេះ​ថា៖ «ទូលបង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូលបង្គំ​ជានិច្ច ព្រោះ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ មិន​ឲ្យ​ទូលបង្គំ​ត្រូវ​ញាប់‌ញ័រ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​ទូលបង្គំ​រីក‌រាយ ទូលបង្គំ​ពោល​ពាក្យ​ដោយ​អំណរ​ដ៏​លើស‌លុប ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ ក៏​នឹង​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ ដ្បិត​ព្រះអង្គ​នឹង​មិន​បោះ​បង់​ព្រលឹង​ទូលបង្គំ ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​បណ្ដោយ​ឲ្យ សព​អ្នក​បម្រើ​របស់​ព្រះអង្គ​ត្រូវ​រលួយ​ដែរ។ ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​ទូលបង្គំ មាន​សុភមង្គល​ដ៏​ពេញ‌លេញ ដោយ​ព្រះអង្គ​គង់​ជា​មួយ​ទូលបង្គំ» ។

ចែក​រំលែក
អាន កិច្ចការ 2

កិច្ចការ 2:14-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ពេត្រុស​ក៏​ឈរ​ឡើង ជា​មួយ​នឹង​ពួក​១១​នាក់ ក៏​បន្លឺ​សំឡេង​និយាយ​ទៅ​គេ​ថា ឱ​ពួក​សាសន៍​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា​អើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ ហើយ​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​ចុះ ដ្បិត​អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង ដូច​ជា​អ្នក​រាល់​គ្នា​គិត​ស្មាន​នោះ​ទេ ព្រោះ​ទើប​នឹង​ម៉ោង​៩​ព្រឹក​នៅ​ឡើយ នេះ​គឺ​ជា​សេចក្ដី​ទំនាយ​របស់​ហោរា​យ៉ូអែល​វិញ ដែល​លោក​ទាយ​ទុក​មក​ថា «ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ដល់​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ អញ​នឹង​ចាក់​ព្រះ‌វិញ្ញាណ​អញ ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​កូន​ស្រី​ឯង​រាល់​គ្នា​នឹង​ទាយ​ទំនាយ ពួក​កំឡោះ​ឯង​រាល់​គ្នា នឹង​ឃើញ​ការ​ជាក់​ស្តែង ហើយ​ពួក​ចាស់ៗ​របស់​ឯង​រាល់​គ្នា​នឹង​យល់​សប្តិ នៅ​គ្រា​នោះ អញ​នឹង​ចាក់​ព្រះ‌វិញ្ញាណ​អញ ទៅ​លើ​ទាំង​ពួក​អ្នក​បំរើ​ប្រុស​ស្រី​ផង ហើយ​គេ​នឹង​ទាយ​ទំនាយ​ដែរ អញ​នឹង​សំដែង​ការ​អស្ចារ្យ នៅ​លើ​មេឃ នឹង​ទី​សំគាល់​នៅ​ផែនដី គឺ​ជា​ឈាម ភ្លើង ហើយ​នឹង​កំសួល​ផ្សែង ថ្ងៃ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​ឧត្តម​របស់​ព្រះ‌អម្ចាស់​មក​ដល់ នោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់ គេ​នឹង​បាន​សង្គ្រោះ» ឱ​ពួក​សាសន៍​អ៊ីស្រាអែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​សំដែង​បង្ហាញ​មក​អ្នក​រាល់​គ្នា ដោយ​ការ​ឫទ្ធិ‌បារមី ការ​អស្ចារ្យ នឹង​ទី​សំគាល់ ដែល​ព្រះ‌ទ្រង់​បាន​ធ្វើ នៅ​កណ្តាល​អ្នក​រាល់​គ្នា ដោយ‌សារ​ទ្រង់ ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ព្រះ‌អង្គ​នោះ​ទ្រង់​ត្រូវ​បញ្ជូន​ទៅ តាម​ការ​សំរេច នឹង​បព្វ‌ញាណ​នៃ​ព្រះ ហើយ​អ្នក​រាល់​គ្នា​បាន​ចាប់​ទ្រង់ ដោយ‌សារ​ដៃ​មនុស្ស​ទទឹង​ច្បាប់ ព្រម​ទាំង​ឆ្កាង​សំឡាប់​ទ្រង់​ផង ប៉ុន្តែ ព្រះ​បាន​ប្រោស​ទ្រង់ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ​បាន​ស្រាយ​ចំណង​នៃ​សេចក្ដី​ស្លាប់​ចេញ ពី​ព្រោះ​សេចក្ដី​ស្លាប់ គ្មាន​អំណាច​នឹង​ឃុំ‌ឃាំង​ទ្រង់​ទុក​បាន​ឡើយ ដ្បិត​ហ្លួង​ដាវីឌ​មាន​បន្ទូល​ពី​ទ្រង់​ថា «ទូលបង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូលបង្គំ​ជានិច្ច ពី​ព្រោះ​ទ្រង់​សណ្ឋិត​នៅ​ខាង​ដៃ​ស្តាំ​ទូលបង្គំ ដើម្បី​មិន​ឲ្យ​ទូលបង្គំ​ត្រូវ​រង្គើ​ឡើយ ហេតុ​នោះ​បាន​ជា​ចិត្ត​ទូលបង្គំ​មាន​សេចក្ដី​អំណរ ហើយ​អណ្តាត​ទូលបង្គំ​ក៏​ថ្លែង ដោយ​សេចក្ដី​ត្រេក‌អរ ១​ទៀត រូប​សាច់​ទូលបង្គំ​នឹង​ស្នាក់​នៅ ដោយ​សេចក្ដី​សង្ឃឹម​ដែរ ដ្បិត​ទ្រង់​នឹង​មិន​ទុក​ព្រលឹង​ទូលបង្គំ ឲ្យ​ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ ទ្រង់​បាន​ឲ្យ​ទូលបង្គំ​ស្គាល់​អស់​ទាំង​ផ្លូវ​នៃ​ជីវិត ក៏​នឹង​ឲ្យ​ទូលបង្គំ​បាន​ពេញ​ជា​សេចក្ដី​អំណរ ដោយ​ភាព​នៃ​ព្រះ‌ភក្ត្រ​ទ្រង់»

ចែក​រំលែក
អាន កិច្ចការ 2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ