កិច្ចការ 2:14-28

កិច្ចការ 2:14-28 គកស១៦

ពេល​នោះ លោក​ពេត្រុស​ក៏​ឈរ​ឡើង​ជា‌មួយ​ពួក​អ្នក​ទាំង​ដប់‌មួយ ហើយ​បន្លឺ​សំឡេង​ទៅ​គេ​ថា៖ «ឱ​ពួក​សាសន៍​យូដា និង​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ សូម​អ្នក​រាល់​គ្នា​ដឹង​សេចក្តី​នេះ ហើយ​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​ចុះ។ ដ្បិត​អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង ដូច​ជា​អ្នក​រាល់​គ្នា​គិត​ស្មាន​នោះ​ទេ ព្រោះ​ទើប​នឹង​ម៉ោង​ប្រាំ‌បួន​ព្រឹក​ប៉ុណ្ណោះ។ នេះ​ជា​សេចក្តី​ទំនាយ​របស់​ហោរា​យ៉ូអែល ដែល​ថ្លែង​ទុក​មក​ថា "ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ យើង​នឹង​ចាក់​ព្រះ‌វិញ្ញាណ​យើង ទៅ​លើ​គ្រប់​មនុស្ស នោះ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​នឹង​ថ្លែង​ទំនាយ ពួក​យុវជន​របស់​អ្នក​រាល់​គ្នា​នឹង​ឃើញ​និមិត្ត ហើយ​ពួក​ចាស់ៗ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សប្តិ។ នៅ​គ្រា​នោះ យើង​នឹង​ចាក់​ព្រះ‌វិញ្ញាណ​យើង ទៅ​លើ​បាវ​បម្រើ​របស់​យើង​ទាំង​ប្រុស​ទាំង​ស្រី ហើយ​គេ​នឹង​ថ្លែង​ទំនាយ។ យើង​នឹង​សម្តែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ ទី​សម្គាល់​នៅ​ផែនដី គឺ​ជា​ឈាម ភ្លើង និង​កំសួល​ផ្សែង។ ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ព្រះ‌ច័ន្ទ​នឹង​ទៅ​ជា​ឈាម មុន​ថ្ងៃ​ដ៏​ធំ​ឧត្តម​របស់​ព្រះ‌អម្ចាស់​មក​ដល់។ ពេល​នោះ អស់​អ្នក​ណា​ដែល​អំពាវ​នាវ​រក ព្រះ‌នាម​ព្រះ‌អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ" ។ ឱ​ពួក​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​សម្តែង​បង្ហាញ​មក​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ‌បារមី ការ​អស្ចារ្យ និង​ទី​សម្គាល់ ដែល​ព្រះ​បាន​ធ្វើ​នៅ​កណ្តាល​អ្នក​រាល់​គ្នា តាម​រយៈ​ព្រះ‌អង្គ ដូច​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ។ តាម​រយៈ​គម្រោង‌ការ​ដែល​បាន​កំណត់​ទុក និង​បុព្វ‌ញាណ​របស់​ព្រះ ព្រះ‌អង្គ​នោះ​ត្រូវ​បញ្ជូន​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ឆ្កាង និង​ធ្វើ​គុត​ព្រះ‌អង្គ ដោយ​សារ​ដៃ​មនុស្ស​ទទឹង​ច្បាប់។ ប៉ុន្តែ ព្រះ​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ​ដោះ​លែង​ព្រះ‌អង្គ​ចេញ​ពី​សេចក្តី​ស្លាប់ ព្រោះ​សេចក្តី​ស្លាប់​គ្មាន​អំណាច​នឹង​ឃុំ​ព្រះ‌អង្គ​ទុក​បាន​ឡើយ។ ដ្បិត​ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​អំពី​ព្រះ‌អង្គ​ថា៖ "ទូល​បង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូល​បង្គំ​ជានិច្ច ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ទូល​បង្គំ ដើម្បី​មិន​ឲ្យ​ទូល​បង្គំ​ត្រូវ​រង្គើ​ឡើយ។ ហេតុ​នោះ​បាន​ជា​ចិត្ត​ទូល​បង្គំ​រីករាយ ហើយ​អណ្តាត​ទូល​បង្គំ​ក៏​ថ្លែង​ដោយ​អំណរ មួយ​ទៀត រូប​កាយ​ទូល​បង្គំ ក៏​នឹង​រស់​នៅ​ដោយ​សង្ឃឹម​ដែរ។ ដ្បិត​ព្រះ‌អង្គ​នឹង​មិន​ទុក​ឲ្យ​ព្រលឹង​ទូល​បង្គំ ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ ក៏​មិន​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ឃើញ​ភាព​ពុក​រលួយ​ដែរ។ ព្រះ‌អង្គ​បាន​ឲ្យ​ទូល​បង្គំ​ស្គាល់​ផ្លូវ​នៃ​ជីវិត ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ទូល​បង្គំ​មាន​អំណរ​យ៉ាង​ពោ​ពេញ ដោយ​ព្រះវត្ត​មាន​ព្រះ‌អង្គ" ។

អាន កិច្ចការ 2