កិច្ចការ 10:34-43

កិច្ចការ 10:34-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ លោក​ពេត្រុស​ក៏​ចាប់​ផ្តើម​មាន​ប្រសាសន៍​ថា៖ «ប្រាកដ​មែន ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​គ្រប់​ទាំង​សាសន៍ អ្នក​ណា​ដែលគោរព​កោត​ខ្លាចព្រះ‌អង្គ ហើយ​ប្រព្រឹត្ត​សេចក្តី​សុចរិត ព្រះ‌អង្គ​ទទួល​អ្នក​នោះ។ ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បានប្រទាន​មក​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល ដោយ​ប្រកាស​ដំណឹង​ល្អអំពី​សេចក្តី​សុខ​សាន្ត តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ (ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​លើ​ទាំង​អស់) អ្នក​រាល់​គ្នា​ជ្រាប​ពីអ្វី​ដែល​កើត​ឡើង​នៅ​ស្រុក​យូដា​ទាំង​មូល​ស្រាប់​ហើយ ដោយ​ចាប់​ផ្ដើម​ពី​ស្រុក​កាលី‌ឡេ ក្រោយ​ពីពិធី​ជ្រមុជ​ទឹក​ដែល​លោក​យ៉ូហាន​បាន​ប្រកាស ពី​របៀប​ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ព្រះ‌ចេស្តា ហើយ​ព្រះ‌អង្គ​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​អស់​អ្នកដែល​ត្រូវ​អារក្ស​សង្កត់​សង្កិន​ឲ្យ​បាន​ជា ដ្បិត​ព្រះ​គង់​ជា‌មួយ​ព្រះ‌អង្គ។ យើង​ជា​បន្ទាល់​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ទាំង​នៅ​ស្រុក​របស់​ពួក​សាសន៍​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម។ ពួក​គេ​បាន​ធ្វើ​គុត​ព្រះ‌អង្គ ដោយ​ព្យួរ​ព្រះ‌អង្គ​នៅ​លើ​ឈើ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គមាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ហើយ​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌អង្គ​បង្ហាញ​ខ្លួន មិន​មែន​ដល់​មនុស្ស​ទាំង​អស់​ទេ តែ​ឲ្យ​យើង​រាល់​គ្នាដែល​ព្រះ​បាន​ជ្រើស​រើស​ធ្វើ​ជា​បន្ទាល់បាន​ឃើញ គឺ​ជា​អ្នក​ដែល​បាន​បរិភាគ និង​បាន​ផឹក​ជា‌មួយ​ព្រះ‌អង្គ ក្រោយ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ ព្រះ‌អង្គ​បានបង្គាប់​យើង​ឲ្យ​ប្រកាស​ប្រាប់​ប្រជាជន ហើយ​ឲ្យ​ធ្វើ​បន្ទាល់​ថា ព្រះ‌អង្គ​នេះ​ហើយ ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​ឲ្យធ្វើ​ជា​ចៅ​ក្រម​លើ​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។ ពួក​ហោរា​សុទ្ធ​តែ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ‌អង្គ​ថា អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌អង្គ នឹង​បាន​ទទួលការ​អត់​ទោស​ឲ្យ​រួច​ពី​បាប តាម​រយៈ​ព្រះ‌នាម​របស់​ព្រះ‌អង្គ»។

ចែក​រំលែក
អាន កិច្ចការ 10

កិច្ចការ 10:34-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ លោក​ពេត្រុស​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ខ្ញុំ​បាន​យល់​យ៉ាង​ច្បាស់​ហើយ​ថា ព្រះ‌ជាម្ចាស់​រាប់​រក​មនុស្ស​ទួទៅ​ឥត​រើស​មុខ​ឡើយ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​គោរព​កោត​ខ្លាច​ព្រះអង្គ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត* ព្រះអង្គ​មុខ​ជា​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​នោះ​មិន​ខាន។ ព្រះអង្គ​បាន​ប្រទាន​ព្រះ‌បន្ទូល​មក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​នាំ​ដំណឹង‌ល្អ*​មក​ប្រាប់​គេ អំពី​សេចក្ដី​សុខ‌សាន្ត តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ត* គឺ​ព្រះ‌យេស៊ូ​នេះ​ហើយ ដែល​ជា​ព្រះ‌អម្ចាស់​លើ​មនុស្ស​ទាំង​អស់។ បងប្អូន​ជ្រាប​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នៅ​ស្រុក​យូដា​ទាំង​មូល​ស្រាប់​ហើយ ជា​ហេតុ‌ការណ៍​ដែល​បាន​ចាប់​ផ្ដើម​នៅ​ស្រុក​កាលី‌ឡេ គឺ​បន្ទាប់​ពី​ពេល​ដែល​លោក​យ៉ូហាន​បាន​ប្រកាស​ឲ្យ​បណ្ដា‌ជន​ទទួល​ពិធី​ជ្រមុជ​ទឹក។ បងប្អូន​បាន​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​ចាក់​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* និង​ឫទ្ធា‌នុភាព អភិសេក​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត។ បងប្អូន​ក៏​ជ្រាប​ដែរ​ថា​ព្រះ‌យេស៊ូ​បាន​យាង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រព្រឹត្ត​អំពើ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​មារ*​សង្កត់‌សង្កិន​ឲ្យ​ជា ដ្បិត​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ព្រះអង្គ។ យើង​ជា​បន្ទាល់​អំពី​កិច្ចការ​ទាំង​អស់​ដែល​ព្រះអង្គ​បាន​ធ្វើ នៅ​ក្នុង​ដែន​ដី​របស់​ជន‌ជាតិ​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​បាន​នាំ​គ្នា​ធ្វើ​គុត​ព្រះអង្គ ដោយ​ព្យួរ​នៅ​លើ​ឈើ។ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី និង​ប្រោស​ប្រទាន​ឲ្យ​ព្រះអង្គ​បង្ហាញ​ខ្លួន ដល់​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​ជា​មុន​ឲ្យ​ធ្វើ​ជា​បន្ទាល់ បាន​ឃើញ គឺ​យើង​ហ្នឹង​ហើយ​ជា​បន្ទាល់​ដែល​បាន​បរិភោគ​ជា​មួយ​ព្រះអង្គ ក្រោយ​ពេល​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌ជាម្ចាស់​ពុំ​បាន​ឲ្យ​ព្រះ‌យេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​ប្រជា‌រាស្ដ្រ​ទាំង​មូល​ឃើញ​ទេ។ ព្រះ‌យេស៊ូ​បាន​បញ្ជា​ឲ្យ​យើង​ធ្វើ​ជា​បន្ទាល់​ប្រកាស​ប្រាប់​ប្រជា‌ជន​ថា ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​ព្រះអង្គ​ឲ្យ​វិនិច្ឆ័យ​ទោស​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។ ព្យាការី*​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌យេស៊ូ​ថា អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ នឹង​ទទួល​ការ​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌នាម​ព្រះអង្គ»។

ចែក​រំលែក
អាន កិច្ចការ 10

កិច្ចការ 10:34-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពេត្រុស​ក៏​បើក​មាត់​និយាយ​ថា ប្រាកដ​មែន ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​ដែរ ឯ​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​ផ្សាយ​មក​ដល់​ពួក​ជន‌ជាតិ​អ៊ីស្រាអែល ដោយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ ជា​សេចក្ដី​មេត្រី ដែល​មក​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដ៏​ជា​ព្រះ‌អម្ចាស់​លើ​ទាំង​អស់ នោះ​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ គឺ​ជា​រឿង​ដែល​បាន​ថ្លែង​ប្រាប់ ចាប់​តាំង​ពី​ស្រុក​កាលី‌ឡេ ក្នុង​គ្រា​ក្រោយ​ដែល​លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជ‌ទឹក ក៏​ផ្សាយ​មក​គ្រប់​ក្នុង​ស្រុក​យូដា​ផង គឺ​ពី​ព្រះ‌យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​ចាក់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នឹង​ព្រះ‌ចេស្តា​ឲ្យ​មក​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​ឲ្យ​អស់​អ្នក ដែល​ត្រូវ​អារក្ស​សង្កត់‌សង្កិន​បាន​ជា​ផង ដ្បិត​ព្រះ​បាន​គង់​ជា​មួយ​នឹង​ទ្រង់ ឯ​យើង​រាល់​គ្នា ជា​ទី​បន្ទាល់​ពី​អស់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ នៅ​ក្នុង​ស្រុក​របស់​ពួក​សាសន៍​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម គេ​បាន​ធ្វើ​គុត​ទ្រង់ ដោយ​ព្យួរ​នៅ​លើ​ឈើ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៣ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ទ្រង់​សំដែង​មក​ឲ្យ​ឃើញ​ផង មិន​មែន​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ឃើញ​ទេ គឺ​ឲ្យ​ពួក​ស្មរ​បន្ទាល់​ដែល​ព្រះ​បាន​រើស​អំពី​មុន​មក​វិញ គឺ​ជា​ពួក​យើង​រាល់​គ្នា ដែល​បាន​ទទួល​ទាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​ពេល​ក្រោយ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​ក៏​ផ្តាំ​មក​យើង​រាល់​គ្នា ឲ្យ​ប្រកាស​ប្រាប់​ដល់​បណ្តាជន​ទាំង‌ឡាយ ហើយ​ឲ្យ​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ថា គឺ​ព្រះ‌អង្គ​នេះ​ហើយ ដែល​ព្រះ​បាន​តាំង​ឡើង ឲ្យ​ជំនុំ‌ជំរះ​ដល់​ទាំង​មនុស្ស​រស់ នឹង​មនុស្ស​ស្លាប់​ផង ពួក​ហោរា​សុទ្ធ​តែ​ធ្វើ​បន្ទាល់​ពី​ទ្រង់​ថា អស់​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​បាន​រួច​ពី​បាប ដោយ‌សារ​ព្រះ‌នាម​ទ្រង់។

ចែក​រំលែក
អាន កិច្ចការ 10

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ