កិច្ចការ 10

10
1រីឯ​នៅ​ក្រុង​សេសារា មាន​មនុស្ស​ម្នាក់​ឈ្មោះ​កូនេ‌លាស ជា​មេ​លើ​កង‌ទ័ព ដែល​ហៅ​ថា កង‌ទ័ព​អ៊ីតាលី 2ជា​អ្នក​គោរព ហើយ​កោត‌ខ្លាច​ដល់​ព្រះ ព្រម​ទាំង​ពួក​គ្រួ​លោក​ទាំង​អស់​ផង លោក​ក៏​ដាក់​ទាន​ជា​ច្រើន​ដល់​ពួក​ជន ហើយ​អំពាវ‌នាវ​ដល់​ព្រះ​ជានិច្ច 3លោក​បាន​ឃើញ​ការ​ជាក់​ស្តែង​យ៉ាង​ច្បាស់ ប្រហែល​ជា​ម៉ោង​៣​រសៀល គឺ​បាន​ឃើញ​ទេវតា​នៃ​ព្រះ​មក​ឯ​លោក ពោល​ថា កូនេ‌លាស​អើយ 4លោក​ក៏​សំឡឹង​មើល​ទៅ​ទេវតា​ទាំង​ភ័យ ហើយ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ តើ​មាន​ការ​អ្វី ទេវតា​ប្រាប់​ថា សេចក្ដី​អធិស្ឋាន នឹង​ការ​ដាក់​ទាន​របស់​អ្នក បាន​ឡើង​ទៅ​ទុក​ជា​សេចក្ដី​រំឭក នៅ​ចំពោះ​ព្រះ​ហើយ 5ដូច្នេះ ចូរ​អ្នក​ប្រើ​គេ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ ហៅ​ស៊ីម៉ូន ដែល​មាន​ឈ្មោះ​ថា ពេត្រុស ឲ្យ​មក​ឥឡូវ 6គាត់​ស្នាក់​នៅ​ផ្ទះ​របស់​ជាង​សំឡាប់​ស្បែក​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ដែល​នៅ​ក្បែរ​មាត់​សមុទ្រ អ្នក​នោះ​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ​ជា​យ៉ាង​ណា 7កាល​ទេវតា ដែល​និយាយ​មក​លោក បាន​ចេញ​ទៅ​បាត់​ហើយ នោះ​លោក​ហៅ​អ្នក​បំរើ​២​នាក់ នឹង​ទាហាន​ម្នាក់ ដែល​កោត‌ខ្លាច​ដល់​ព្រះ ពី​ពួក​មនុស្ស​ដែល​តែង‌តែ​បំរើ​លោក​ឲ្យ​មក 8រួច​ប្រាប់​រឿង‌រ៉ាវ​សព្វ​គ្រប់ ហើយ​ប្រើ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ។
9ដល់​ស្អែក​ឡើង​កំពុង​ដែល​ពួក​អ្នក​ទាំង​នោះ​ដើរ​ទៅ​ជិត​ដល់​ទី​ក្រុង​ហើយ នោះ​ពេត្រុស​ក៏​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​នឹង​អធិស្ឋាន ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ 10គាត់​ក៏​នឹក​ឃ្លាន​ជា​ខ្លាំង ចង់​បរិភោគ តែ​កំពុង​ដែល​គេ​ចាត់‌ចែង​ឲ្យ នោះ​គាត់​លង់​ស្មារតី​ទៅ 11គាត់​ឃើញ​មេឃ​ចំហ ហើយ​មាន​ប្រដាប់ ដូច​ជា​សំពត់​កំរាល​យ៉ាង​ធំ បាន​ចុះ​មក ចង​ទាំង​៤​ជ្រុង សំរូត​មក​ដល់​ដី 12នៅ​ក្នុង​សំពត់​នោះ មាន​សត្វ​ជើង​៤ សត្វ​ព្រៃ សត្វ​លូន​វារ​គ្រប់​មុខ ដែល​នៅ​លើ​ដី នឹង​សត្វ​ហើរ​លើ​អាកាស​ដែរ 13ក៏​ឮ​សំឡេង​មាន​បន្ទូល​មក​ថា ពេត្រុស​អើយ ចូរ​ក្រោក​ឡើង​សំឡាប់ ហើយ​បរិភោគ​ទៅ 14តែ​ពេត្រុស​ប្រកែក​ថា ទេ ព្រះ‌អម្ចាស់ ដ្បិត​ទូលបង្គំ​មិន​ដែល​ទទួល​ទាន​អ្វី ដែល​មិន​ស្អាត​មិន​បរិសុទ្ធ​នោះ​សោះ 15រួច​ឮ​សំឡេង​នោះ​មក​ម្តង​ទៀត​ថា របស់​អ្វី​ដែល​ព្រះ​បាន​សំអាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​រាប់​ថា​ជា​មិន​ស្អាត​ឡើយ 16ការ​នោះ​មាន​មក​គ្រប់​៣​ដង រួច​បាន​លើក​ប្រដាប់​នោះ ឡើង​ទៅ​លើ​មេឃ​វិញ។
17កំពុង​ដែល​ពេត្រុស​នៅ​ងោង​ក្នុង​ខ្លួន ពី​ន័យ​ការ​ជាក់​ស្តែង ដែល​បាន​ឃើញ​នោះ​នៅ​ឡើយ នោះ​មនុស្ស​៣​នាក់ ដែល​កូនេ‌លាស​ចាត់​ឲ្យ​មក បាន​សួរ​រក​ផ្ទះ​ស៊ីម៉ូន ក៏​ឈរ​នៅ​មាត់​ទ្វារ​ហើយ 18គេ​កំពុង​តែ​ហៅ​សួរ បើ​មាន​ឈ្មោះ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស នៅ​ផ្ទះ​នោះ​ឬ​ទេ 19ដូច្នេះ កំពុង​ដែល​ពេត្រុស​គិត​រំពឹង​ពី​ការ​ជាក់​ស្តែង នោះ​ព្រះ‌វិញ្ញាណ​មាន​បន្ទូល​មក​គាត់​ថា មើល មាន​មនុស្ស​៣​នាក់​មក​រក​អ្នក 20ចូរ​ក្រោក​ឡើង​ចុះ​ទៅ ហើយ​ទៅ​ជា​មួយ​នឹង​គេ​ចុះ កុំ​ប្រកាន់​ឡើយ ពី​ព្រោះ​គឺ​ខ្ញុំ​ហើយ ដែល​ចាត់​ឲ្យ​គេ​មក 21ដូច្នេះ ពេត្រុស​ក៏​ចុះ​ទៅ​ទទួល​គេ ដោយ​ពាក្យ​ថា គឺ​ខ្ញុំ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​រក តើ​មាន​ការ​អ្វី 22គេ​ឆ្លើយ​ឡើង​ថា លោក​មេ​ទ័ព​កូនេ‌លាស ដែល​ជា​មនុស្ស​សុចរិត ហើយ​កោត‌ខ្លាច​ដល់​ព្រះ មាន​សាសន៍​យូដា​ទាំង​អស់​ធ្វើ​បន្ទាល់​ល្អ​ឲ្យ លោក​បាន​ទទួល​បង្គាប់​នៃ​ព្រះ ដោយ‌សារ​ទេវតា​បរិសុទ្ធ ឲ្យ​ចាត់​មក​អញ្ជើញ​លោក​គ្រូ​ទៅ​ឯ​ផ្ទះ​លោក ដើម្បី​នឹង​បាន​ស្តាប់​លោក​គ្រូ​អធិប្បាយ​ខ្លះ 23ដូច្នេះ ពេត្រុស​ក៏​អញ្ជើញ​គេ​ចូល​មក​ស្នាក់​នៅ​សិន លុះ​ដល់​ស្អែក គាត់​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​គេ ហើយ​មាន​ពួក​បង​ប្អូន​ខ្លះ ដែល​នៅ​យ៉ុបប៉េ ក៏​ទៅ​ជា​មួយ​ដែរ 24ដល់​ស្អែក​ឡើង គេ​ចូល​ទៅ​ក្នុង​សេសារា ឯ​កូនេ‌លាស​ក៏​ទន្ទឹង​មើល​ផ្លូវ​គេ បាន​ទាំង​ប្រមូល​ញាតិ​សន្តាន នឹង​សំឡាញ់​ស្និទ្ធ‌ស្នាល​របស់​លោក​មក​ផង។
25កាល​ពេត្រុស​កំពុង​តែ​ចូល​ទៅ កូនេ‌លាស​ក៏​មក​រាក់‌ទាក់​ទទួល ដោយ​ក្រាប​ថ្វាយ‌បង្គំ​នៅ​ទៀប​ជើង​គាត់ 26តែ​ពេត្រុស​លើក​លោក​ឡើង​ដោយ​ពាក្យ​ថា សូម​ក្រោក​ឡើង ខ្លួន​ខ្ញុំ​ជា​មនុស្ស​ដូច​គ្នា​ដែរ 27នោះ​ក៏​ចូល​ទៅ​ទាំង​ចរចា​គ្នា ហើយ​ឃើញ​មាន​មនុស្ស​ជា​ច្រើន​ប្រជុំ​ចាំ 28រួច​គាត់​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ដឹង​ថា មនុស្ស​សាសន៍​យូដា​គ្មាន​ច្បាប់​នឹង​សេព​គប់​នឹង​សាសន៍​ដទៃ ឬ​នឹង​ចូល​ទៅ​ជិត​គេ​ឡើយ តែ​ព្រះ‌ទ្រង់​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា មិន​ត្រូវ​រាប់​អ្នក​ណា​ថា​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​ឡើយ 29ហេតុ​នោះ​បាន​ជា​កាល​លោក​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ខ្ញុំ នោះ​ខ្ញុំ​បាន​មក​ដោយ​ឥត​ប្រកែក​សោះ ដូច្នេះ ខ្ញុំ​សូម​សួរ​លោក តើ​លោក​ឲ្យ​ខ្ញុំ​មក​មាន​ការ​អ្វី 30កូនេ‌លាស​ឆ្លើយ​ថា កន្លង​មក​៤​ថ្ងៃ​ហើយ ពេល​ថ្មើរ​ណេះ កាល​ខ្ញុំ​កំពុង​តែ​តម ហើយ​អធិស្ឋាន​នៅ​ផ្ទះ​ខ្ញុំ ក្នុង​ពេល​ម៉ោង​៣​រសៀល នោះ​ឃើញ​មាន​ម្នាក់​ពាក់​អាវ​ដ៏​ភ្លឺ ឈរ​នៅ​មុខ​ខ្ញុំ 31ប្រាប់​ថា កូនេ‌លាស​អើយ ព្រះ​បាន​ទទួល​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ហើយ ក៏​នឹក​ចាំ​ពី​ទាន​របស់​អ្នក​ដែរ 32ដូច្នេះ ចូរ​ប្រើ​គេ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ អញ្ជើញ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស​មក លោក​នោះ​នៅ​ក្នុង​ផ្ទះ​របស់​ជាង​សំឡាប់​ស្បែក ឈ្មោះ​ស៊ីម៉ូន នៅ​ក្បែរ​មាត់​សមុទ្រ កាល​ណា​លោក​បាន​មក​ដល់ នោះ​នឹង​អធិប្បាយ​ឲ្យ​អ្នក​ស្តាប់ 33ដូច្នេះ ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ឯ​លោក​ភ្លាម ដែល​លោក​អញ្ជើញ​មក​នេះ​ក៏​ល្អ​ហើយ ឥឡូវ​នេះ យើង​ទាំង​អស់​នៅ​ចំពោះ​ព្រះ ដើម្បី​នឹង​ស្តាប់​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ​បាន​បង្គាប់​មក​លោក។
34ពេត្រុស​ក៏​បើក​មាត់​និយាយ​ថា ប្រាកដ​មែន ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ 35គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​ដែរ 36ឯ​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​ផ្សាយ​មក​ដល់​ពួក​ជន‌ជាតិ​អ៊ីស្រាអែល ដោយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ ជា​សេចក្ដី​មេត្រី ដែល​មក​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដ៏​ជា​ព្រះ‌អម្ចាស់​លើ​ទាំង​អស់ 37នោះ​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ គឺ​ជា​រឿង​ដែល​បាន​ថ្លែង​ប្រាប់ ចាប់​តាំង​ពី​ស្រុក​កាលី‌ឡេ ក្នុង​គ្រា​ក្រោយ​ដែល​លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជ‌ទឹក ក៏​ផ្សាយ​មក​គ្រប់​ក្នុង​ស្រុក​យូដា​ផង 38គឺ​ពី​ព្រះ‌យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​ចាក់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នឹង​ព្រះ‌ចេស្តា​ឲ្យ​មក​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​ឲ្យ​អស់​អ្នក ដែល​ត្រូវ​អារក្ស​សង្កត់‌សង្កិន​បាន​ជា​ផង ដ្បិត​ព្រះ​បាន​គង់​ជា​មួយ​នឹង​ទ្រង់ 39ឯ​យើង​រាល់​គ្នា ជា​ទី​បន្ទាល់​ពី​អស់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ នៅ​ក្នុង​ស្រុក​របស់​ពួក​សាសន៍​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម 40គេ​បាន​ធ្វើ​គុត​ទ្រង់ ដោយ​ព្យួរ​នៅ​លើ​ឈើ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៣ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ទ្រង់​សំដែង​មក​ឲ្យ​ឃើញ​ផង 41មិន​មែន​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ឃើញ​ទេ គឺ​ឲ្យ​ពួក​ស្មរ​បន្ទាល់​ដែល​ព្រះ​បាន​រើស​អំពី​មុន​មក​វិញ គឺ​ជា​ពួក​យើង​រាល់​គ្នា ដែល​បាន​ទទួល​ទាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​ពេល​ក្រោយ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ 42ទ្រង់​ក៏​ផ្តាំ​មក​យើង​រាល់​គ្នា ឲ្យ​ប្រកាស​ប្រាប់​ដល់​បណ្តាជន​ទាំង‌ឡាយ ហើយ​ឲ្យ​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ថា គឺ​ព្រះ‌អង្គ​នេះ​ហើយ ដែល​ព្រះ​បាន​តាំង​ឡើង ឲ្យ​ជំនុំ‌ជំរះ​ដល់​ទាំង​មនុស្ស​រស់ នឹង​មនុស្ស​ស្លាប់​ផង 43ពួក​ហោរា​សុទ្ធ​តែ​ធ្វើ​បន្ទាល់​ពី​ទ្រង់​ថា អស់​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​បាន​រួច​ពី​បាប ដោយ‌សារ​ព្រះ‌នាម​ទ្រង់។
44កាល​ពេត្រុស​កំពុង​តែ​អធិប្បាយ​នៅ​ឡើយ នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក សណ្ឋិត​លើ​អស់​អ្នក​ដែល​កំពុង​តែ​ស្តាប់​ព្រះ‌បន្ទូល 45ឯ​ពួក​អ្នក​ជឿ ក្នុង​ពួក​កាត់​ស្បែក​ទាំង​ប៉ុន្មាន ដែល​មក​ជា​មួយ​នឹង​ពេត្រុស គេ​ក៏​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង ពី​ដំណើរ​ដែល​អំណោយ​ទាន ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ បាន​ចាក់​មក​លើ​ពួក​សាសន៍​ដទៃ​ដូច្នេះ​ដែរ 46ដ្បិត​គេ​ឮ​អ្នក​ទាំង​នោះ​និយាយ​ភាសា​ដទៃ ហើយ​សរសើរ​ដំកើង​ដល់​ព្រះ 47នោះ​ពេត្រុស​សួរ​ថា តើ​មាន​អ្នក​ណា​អាច​នឹង​ឃាត់ មិន​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ដល់​អ្នក​ទាំង​នេះ​បាន​ឬ​ទេ ដែល​ពួក​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដូច​ជា​យើង​ដែរ 48គាត់​ក៏​បង្គាប់​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​គេ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ រួច​គេ​សូម​អង្វរ​គាត់ ឲ្យ​នៅ​ជា​មួយ​ពីរ​បី​ថ្ងៃ​ទៀត។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 10: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល