កិច្ចការ 11

11
1ឯ​ពួក​សាវក នឹង​ពួក​បង​ប្អូន ដែល​នៅ​ស្រុក​យូដា គេ​ក៏​ឮ​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះ‌បន្ទូល​ដែរ 2រួច​កាល​ពេត្រុស​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​អស់​អ្នក​ខាង​ពួក​កាត់​ស្បែក​គេ​មាន​សេចក្ដី​ប្រកាន់​ចំពោះ​គាត់​ថា 3លោក​បាន​ចូល​ទៅ​ឯ​ពួក​មនុស្ស​ដែល​មិន​កាត់​ស្បែក ក៏​បាន​ពិសា​ជា​មួយ​នឹង​គេ​ផង 4តែ​ពេត្រុស​ចាប់​ផ្តើម​រ៉ាយ​រឿង​ប្រាប់​គេ ដោយ​លំដាប់​ថា 5កំពុង​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ក្រុង​យ៉ុបប៉េ នោះ​ខ្ញុំ​លង់​ស្មារតី​ទៅ ឃើញ​ការ​ជាក់​ស្តែង ជា​ប្រដាប់​ដូច​ជា​សំពត់​កំរាល​យ៉ាង​ធំ ចង​ទាំង​៤​ជ្រុង សំរូត​ចុះ​ពី​លើ​មេឃ​មក​ត្រឹម​ខ្ញុំ 6កាល​ខ្ញុំ​សំឡឹង​គិត​ពិចារណា​មើល នោះ​ក៏​ឃើញ​មាន​សត្វ​ជើង​៤ សត្វ​ព្រៃ នឹង​សត្វ​លូន​វារ​ដែល​នៅ​លើ​ដី ព្រម​ទាំង​សត្វ​ស្លាប​នៅ​លើ​អាកាស​ផង 7រួច​ខ្ញុំ​ឮ​សំឡេង​មាន​បន្ទូល​មក​ខ្ញុំ​ថា ពេត្រុស​អើយ ចូរ​ក្រោក​ឡើង​សំឡាប់ ហើយ​បរិភោគ​ទៅ 8តែ​ខ្ញុំ​ប្រកែក​ថា ទេ ព្រះ‌អម្ចាស់ ព្រោះ​មិន​ដែល​មាន​អ្វី​ដែល​មិន​ស្អាត មិន​បរិសុទ្ធ ចូល​មក​ក្នុង​មាត់​ទូលបង្គំ​ឡើយ 9ក៏​មាន​ឮ​សំឡេង​ពី​លើ​មេឃ​នោះ​ម្តង​ទៀត​ថា របស់​អ្វី​ដែល​ព្រះ​បាន​សំអាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​ថា​ជា​មិន​ស្អាត​ឡើយ 10ការ​នោះ​មាន​មក​គ្រប់​៣​ដង រួច​បាន​លើក​ទាំង​អស់​ទៅ​លើ​មេឃ​វិញ 11ទី​បំផុត​នោះ ស្រាប់​តែ​មាន​មនុស្ស​៣​នាក់​ដែល​លោក​នោះ​ចាត់​ពី​សេសារា​មក​រក​ខ្ញុំ គេ​ឈរ​នៅ​មុខ​ផ្ទះ​តែ​ម្តង 12ហើយ​ព្រះ‌វិញ្ញាណ ទ្រង់​មាន​បន្ទូល​ប្រាប់​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​នឹង​គេ ឥត​ប្រកាន់​ឡើយ ក៏​មាន​បង​ប្អូន​ទាំង​៦​នាក់​នេះ បាន​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ យើង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក 13ហើយ​លោក​រ៉ាយ​រឿង​ប្រាប់​យើង ពី​ដំណើរ​ដែល​ឃើញ​ទេវតា​ឈរ​ក្នុង​ផ្ទះ ប្រាប់​លោក​ថា ចូរ​ចាត់​គេ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ ហៅ​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស ឲ្យ​មក 14គាត់​នឹង​អធិប្បាយ ឲ្យ​លោក​ស្តាប់​សេចក្ដី ដែល​នឹង​ជួយ​សង្គ្រោះ​ដល់​លោក ព្រម​ទាំង​ពួក​គ្រួ​លោក​ទាំង​អស់​ផង 15កាល​ខ្ញុំ​ចាប់​តាំង​និយាយ​ទៅ នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​គេ ដូច​ជា​បាន​សណ្ឋិត​លើ​យើង​រាល់​គ្នា​កាល​ពី​ដើម​ដែរ 16នោះ​ខ្ញុំ​បាន​នឹក​ឃើញ​ពី​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា «លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក តែ​អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ» 17ដូច្នេះ បើ​សិន​ជា​ព្រះ​បាន​ប្រទាន​អំណោយ​ទាន​ទៅ​គេ ដូច​ជា​បាន​ប្រទាន​មក​យើង​ដែរ ដោយ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ចុះ​តើ​ខ្ញុំ​ជា​អ្វី​ដែល​អាច​នឹង​ឃាត់​ព្រះ​បាន 18កាល​បាន​ឮ​សេចក្ដី​នោះ​ហើយ នោះ​គេ​បាត់​មាត់ ក៏​ត្រឡប់​ជា​សរសើរ​ដល់​ព្រះ​វិញ​ថា ដូច្នេះ ព្រះ‌ទ្រង់​ក៏​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត​ដល់​ពួក​សាសន៍​ដទៃ ឲ្យ​គេ​មាន​ជីវិត​ដែរ​ហ្ន៎។
19រីឯ​ពួក​អ្នក​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ ដោយ​ព្រោះ​សេចក្ដី​បៀត‌បៀន ដែល​កើត​មក​ពី​ដំណើរ​ស្ទេផាន នោះ​ក៏​ដើរ​រៀង​រហូត​ទៅ​ដល់​ស្រុក​ភេនីស ស្រុក​គីប្រុស នឹង​ក្រុង​អាន់‌ទី‌យ៉ូក តែ​បាន​ផ្សាយ​ព្រះ‌បន្ទូល ដល់​ចំពោះ​តែ​ពួក​សាសន៍​យូដា​ប៉ុណ្ណោះ​ទេ 20ប៉ុន្តែ ក្នុង​ពួក​អ្នក​នោះ មាន​អ្នក​ខ្លះ​ពី​កោះ​គីប្រុស នឹង​ស្រុក​គីរេន គេ​បាន​ទៅ​ដល់​ក្រុង​អាន់‌ទី‌យ៉ូក ក៏​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌អម្ចាស់​យេស៊ូវ ដល់​ពួក​សាសន៍​ក្រេក​ដែរ 21ព្រះ‌ហស្ត​ព្រះ‌អម្ចាស់​ក៏​នៅ​ជា​មួយ​នឹង​គេ ហើយ​មាន​មនុស្ស​ជា​ច្រើន​បែរ​មក​ឯ​ព្រះ‌អម្ចាស់​វិញ ដោយ​មាន​សេចក្ដី​ជំនឿ 22រឿង​នោះ​បាន​ឮ​ដល់​ត្រចៀក​ពួក​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម រួច​គេ​ចាត់​បា‌ណា‌បាស ឲ្យ​ទៅ​ត្រឹម​អាន់‌ទី‌យ៉ូក 23កាល​គាត់​ទៅ​ដល់ ហើយ​បាន​ឃើញ​ព្រះ‌គុណ​នៃ​ព្រះ នោះ​គាត់​មាន​សេចក្ដី​អំណរ ក៏​ទូន្មាន​គេ​គ្រប់​គ្នា ឲ្យ​សំរេច​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ព្រះ‌អម្ចាស់ 24ដ្បិត​គាត់​ជា​មនុស្ស​ល្អ ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នឹង​សេចក្ដី​ជំនឿ ហើយ​មាន​មនុស្ស​សន្ធឹក​ណាស់ បាន​ចំរើន​ដល់​ព្រះ‌អម្ចាស់ 25នោះ​បា‌ណា‌បាស​ក៏​ទៅ​ឯ​ក្រុង​តើ‌សុស ដើម្បី​នឹង​រក​សុល 26កាល​បាន​ឃើញ​ហើយ នោះ​ក៏​នាំ​គាត់​មក​ឯ​អាន់‌ទី‌យ៉ូក​វិញ រួច​អ្នក​ទាំង​២​នោះ បាន​ប្រជុំ​គ្នា​នឹង​ពួក​ជំនុំ ព្រម​ទាំង​បង្រៀន​ដល់​មនុស្ស​សន្ធឹក​ណាស់ ក្នុង​រវាង​១​ឆ្នាំ គឺ​នៅ​អាន់‌ទី‌យ៉ូក​នេះ​ឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា «ពួក​គ្រីស្ទាន» ជា​មុន​ដំបូង។
27នៅ​គ្រា​នោះ មាន​ហោរា​ខ្លះ​ចុះ​ពី​ក្រុង​យេរូ‌សាឡិម មក​ដល់​អាន់‌ទី‌យ៉ូក 28ក្នុង​ពួក​ហោរា​នោះ មាន​ម្នាក់​ឈ្មោះ​អ័ក្កា‌បុស គាត់​ក្រោក​ឡើង​ទាយ ដោយ​ព្រះ‌វិញ្ញាណ​ថា នឹង​មាន​អំណត់​អត់​ជា​ខ្លាំង នៅ​គ្រប់​លើ​ផែនដី នោះ​ក៏​កើត​មក​ក្នុង​ប្រវត្តិ​នៃ​មហា​រាជ​ក្លូឌាស​មែន 29ដូច្នេះ ពួក​សិស្ស​ក៏​គិត​សំរេច នឹង​ផ្ញើ​ទៅ​ជួយ​ដល់​ពួក​បង​ប្អូន​ដែល​នៅ​ស្រុក​យូដា តាម​កំឡាំង​រៀង​ខ្លួន 30ហើយ​ក៏​បាន​ធ្វើ​ការ​នោះ​មែន ព្រម​ទាំង​ផ្ញើ​ទៅ​ដល់​ពួក​ចាស់‌ទុំ ដោយ‌សារ​បា‌ណា‌បាស នឹង​សុល។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 11: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល