កិច្ចការ 10:34-43

កិច្ចការ 10:34-43 គកស១៦

ពេល​នោះ លោក​ពេត្រុស​ក៏​ចាប់​ផ្តើម​មាន​ប្រសាសន៍​ថា៖ «ប្រាកដ​មែន ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​គ្រប់​ទាំង​សាសន៍ អ្នក​ណា​ដែលគោរព​កោត​ខ្លាចព្រះ‌អង្គ ហើយ​ប្រព្រឹត្ត​សេចក្តី​សុចរិត ព្រះ‌អង្គ​ទទួល​អ្នក​នោះ។ ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បានប្រទាន​មក​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល ដោយ​ប្រកាស​ដំណឹង​ល្អអំពី​សេចក្តី​សុខ​សាន្ត តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ (ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​លើ​ទាំង​អស់) អ្នក​រាល់​គ្នា​ជ្រាប​ពីអ្វី​ដែល​កើត​ឡើង​នៅ​ស្រុក​យូដា​ទាំង​មូល​ស្រាប់​ហើយ ដោយ​ចាប់​ផ្ដើម​ពី​ស្រុក​កាលី‌ឡេ ក្រោយ​ពីពិធី​ជ្រមុជ​ទឹក​ដែល​លោក​យ៉ូហាន​បាន​ប្រកាស ពី​របៀប​ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ព្រះ‌ចេស្តា ហើយ​ព្រះ‌អង្គ​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​អស់​អ្នកដែល​ត្រូវ​អារក្ស​សង្កត់​សង្កិន​ឲ្យ​បាន​ជា ដ្បិត​ព្រះ​គង់​ជា‌មួយ​ព្រះ‌អង្គ។ យើង​ជា​បន្ទាល់​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ទាំង​នៅ​ស្រុក​របស់​ពួក​សាសន៍​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម។ ពួក​គេ​បាន​ធ្វើ​គុត​ព្រះ‌អង្គ ដោយ​ព្យួរ​ព្រះ‌អង្គ​នៅ​លើ​ឈើ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គមាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ហើយ​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌អង្គ​បង្ហាញ​ខ្លួន មិន​មែន​ដល់​មនុស្ស​ទាំង​អស់​ទេ តែ​ឲ្យ​យើង​រាល់​គ្នាដែល​ព្រះ​បាន​ជ្រើស​រើស​ធ្វើ​ជា​បន្ទាល់បាន​ឃើញ គឺ​ជា​អ្នក​ដែល​បាន​បរិភាគ និង​បាន​ផឹក​ជា‌មួយ​ព្រះ‌អង្គ ក្រោយ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ ព្រះ‌អង្គ​បានបង្គាប់​យើង​ឲ្យ​ប្រកាស​ប្រាប់​ប្រជាជន ហើយ​ឲ្យ​ធ្វើ​បន្ទាល់​ថា ព្រះ‌អង្គ​នេះ​ហើយ ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​ឲ្យធ្វើ​ជា​ចៅ​ក្រម​លើ​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។ ពួក​ហោរា​សុទ្ធ​តែ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ‌អង្គ​ថា អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌អង្គ នឹង​បាន​ទទួលការ​អត់​ទោស​ឲ្យ​រួច​ពី​បាប តាម​រយៈ​ព្រះ‌នាម​របស់​ព្រះ‌អង្គ»។

អាន កិច្ចការ 10