២ ធីម៉ូថេ 1:6-18
២ ធីម៉ូថេ 1:6-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនេះហើយបានជាខ្ញុំរំឭកអ្នក ឲ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។ ដូច្នេះ មិនត្រូវខ្មាសនឹងធ្វើបន្ទាល់អំពីព្រះអម្ចាស់នៃយើង ឬខ្មាសនឹងខ្ញុំដែលជាប់គុកព្រោះតែព្រះអង្គនោះឡើយ តែត្រូវរងទុក្ខលំបាកជាមួយខ្ញុំសម្រាប់ដំណឹងល្អ ដោយព្រះចេស្តានៃព្រះ ដែលទ្រង់បានសង្គ្រោះយើង ហើយបានត្រាស់ហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងប្រព្រឹត្តនោះទេ គឺដោយសារបំណង និងព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងក្នុងព្រះគ្រីស្ទយេស៊ូវ មុនសម័យកាលទាំងអស់មកម៉្លេះ តែឥឡូវនេះ បានសម្តែងឲ្យឃើញ តាមរយៈការលេចមករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង ដែលទ្រង់បានបំបាត់សេចក្ដីស្លាប់ ហើយបាននាំយកជីវិត និងភាពមិនចេះសាបសូន្យ មកដាក់ក្នុងពន្លឺ តាមរយៈដំណឹងល្អ។ សម្រាប់ដំណឹងល្អនេះ ព្រះបានតែងតាំងខ្ញុំឲ្យធ្វើជាអ្នកប្រកាស ជាសាវក និងជាគ្រូ ហេតុនេះហើយបានជាខ្ញុំរងទុក្ខដូច្នេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចនឹងថែរក្សាអ្វីៗដែលខ្ញុំបានផ្ញើទុកនឹងព្រះអង្គ រហូតដល់ថ្ងៃនោះឯង។ ចូរកាន់តាមពាក្យដ៏ត្រឹមត្រូវដែលអ្នកបានឮពីខ្ញុំ ដោយជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ ចូររក្សាអ្វីៗដែលព្រះបានផ្ញើទុកនឹងអ្នកឲ្យបានល្អ ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលសណ្ឋិតនៅក្នុងយើង។ អ្នកដឹងស្រាប់ហើយថា អស់អ្នកដែលនៅស្រុកអាស៊ីទាំងប៉ុន្មាន បានបោះបង់ខ្ញុំចោលហើយ ក្នុងចំណោមអ្នកទាំងនោះមានភីកេឡុស និងហ៊ើម៉ូគេន។ សូមព្រះអម្ចាស់ប្រទានសេចក្ដីមេត្តាករុណា ដល់គ្រួសាររបស់លោកអូនេសិភ័រ ដ្បិតគាត់បានធ្វើឲ្យចិត្តខ្ញុំធូរស្បើយជាញឹកញាប់ ក៏មិនខ្មាសដោយសារចំណងរបស់ខ្ញុំដែរ កាលគាត់នៅក្រុងរ៉ូម គាត់បានស្វះស្វែងរកខ្ញុំទាល់តែបានឃើញ។ សូមព្រះអម្ចាស់ប្រោសប្រទានឲ្យគាត់រកបានសេចក្ដីមេត្តាករុណាពីព្រះអម្ចាស់នៅថ្ងៃនោះ ហើយដែលគាត់បានជួយខ្ញុំនៅក្រុងអេភេសូរយ៉ាងណា អ្នកក៏បានដឹងច្បាស់ជាងគេហើយ។
២ ធីម៉ូថេ 1:6-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាខ្ញុំសុំរំឭកដាស់តឿនអ្នកថា ចូរធ្វើឲ្យព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដែលអ្នកបានទទួល ដោយខ្ញុំដាក់ដៃ*លើនោះ មានសកម្មភាពឡើងវិញ ដ្បិតព្រះជាម្ចាស់ពុំបានប្រទានឲ្យយើងមានវិញ្ញាណដែលនាំឲ្យខ្លាចទេ គឺព្រះអង្គប្រទានឲ្យយើងទទួលវិញ្ញាណដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្តធ្ងន់។ ដូច្នេះ មិនត្រូវខ្មាសនឹងផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់របស់យើង ឬខ្មាសនឹងខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំ សម្រាប់ដំណឹងល្អ* ដោយពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ព្រះអង្គហ្នឹងហើយ ដែលបានសង្គ្រោះយើង និងបានត្រាស់ហៅយើងឲ្យមកធ្វើជាប្រជារាស្ត្រដ៏វិសុទ្ធ*របស់ព្រះអង្គ ។ ព្រះអង្គត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្តនោះទេ គឺស្របតាមគម្រោងការ និងស្របតាមព្រះគុណ ដែលព្រះអង្គបានប្រទានមកយើង ក្នុងអង្គព្រះគ្រិស្តយេស៊ូ តាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។ ឥឡូវនេះ ព្រះអង្គបានសម្តែងឲ្យយើងស្គាល់ព្រះគុណរបស់ព្រះអង្គ ដោយព្រះគ្រិស្តយេស៊ូជាព្រះសង្គ្រោះរបស់យើងយាងមកក្នុងលោកនេះ ។ ព្រះគ្រិស្តបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងឲ្យស្គាល់ជីវិតអមតៈដោយសារដំណឹងល្អ*។ ព្រះជាម្ចាស់បានតែងតាំងខ្ញុំឲ្យប្រកាសដំណឹងល្អនេះ ក្នុងឋានៈជាសាវ័ក និងជាគ្រូអប់រំ។ ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្តែ ខ្ញុំមិនខ្មាសឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើព្រះអង្គណា ហើយខ្ញុំក៏ជឿជាក់ថា ព្រះអង្គនោះមានឫទ្ធានុភាពនឹងរក្សាអ្វីៗ ដែលព្រះអង្គផ្ញើទុកនឹងខ្ញុំ ឲ្យបានគង់វង្ស រហូតដល់ថ្ងៃព្រះអង្គយាងមក។ ចូរចងចាំព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់ដែលអ្នកបានទទួលពីខ្ញុំ ទុកធ្វើជាគោលនៃជំនឿ និងសេចក្ដីស្រឡាញ់ដែលយើងមាន ដោយរួមក្នុងអង្គព្រះគ្រិស្តយេស៊ូ។ អ្វីៗដ៏ល្អដែលព្រះអង្គផ្ញើទុកនឹងអ្នក ត្រូវរក្សាឲ្យបានគង់វង្ស ដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលសណ្ឋិតនៅក្នុងយើង។ បងប្អូននៅស្រុកអាស៊ីបានបោះបង់ខ្ញុំចោលទាំងអស់គ្នា មានភីកែឡូស និងហ៊ើម៉ូគេនជាដើម ដូចអ្នកដឹងស្រាប់ហើយ។ សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាដល់ក្រុមគ្រួសាររបស់លោកអូនេស៊ីភ័រ ដ្បិតគាត់តែងតែលើកទឹកចិត្តខ្ញុំជាញឹកញាប់ ហើយគាត់ក៏មិនដែលខ្មាស ព្រោះតែខ្ញុំជាប់ឃុំឃាំងនោះឡើយ។ មិនតែប៉ុណ្ណោះសោត ពេលគាត់មកដល់ក្រុងរ៉ូម គាត់បានស្វះស្វែងដើររកខ្ញុំទាល់តែជួប។ សូមព្រះអម្ចាស់ប្រោសប្រទានឲ្យគាត់បានទទួលព្រះហឫទ័យមេត្តាករុណាពីព្រះអម្ចាស់ នៅថ្ងៃព្រះអង្គយាងមក។ អ្នកដឹងច្បាស់ជាងគេស្រាប់ហើយថា កាលខ្ញុំនៅក្រុងអេភេសូ គាត់បានជួយជ្រោមជ្រែងខ្ញុំយ៉ាងណាខ្លះ។
២ ធីម៉ូថេ 1:6-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដោយហេតុនោះបានជាខ្ញុំរំឭកដល់អ្នក ឲ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ ដ្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្ដីស្រឡាញ់ នឹងប្រាជ្ញានឹងធឹងវិញ ដូច្នេះ មិនត្រូវឲ្យអ្នកមានសេចក្ដីខ្មាស ចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់នៃយើង ឬដោយព្រោះខ្ញុំ ជាសិស្សរបស់ទ្រង់ដែលជាប់គុកនោះឡើយ ចូរទ្រាំទុក្ខលំបាកជាមួយនឹងខ្ញុំ ក្នុងដំណឹងល្អ តាមព្រះចេស្តានៃព្រះចុះ ដែលទ្រង់បានជួយសង្គ្រោះយើង ហើយបានហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងធ្វើទេ គឺដោយដំរិះ នឹងព្រះគុណនៃទ្រង់វិញ ដែលបានផ្តល់មកយើងក្នុងព្រះគ្រីស្ទយេស៊ូវ មុនអស់ទាំងកល្ប តែឥឡូវនេះ ទើបនឹងសំដែងមក ដោយដំណើរព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ទ្រង់លេចមក ដែលទ្រង់បានបំផ្លាញសេចក្ដីស្លាប់ ហើយបានយកជីវិត នឹងសេចក្ដីមិនចេះស្លាប់ មកដាក់នៅពន្លឺ ដោយសារដំណឹងល្អវិញ ហើយទ្រង់បានតាំងខ្ញុំ ឲ្យធ្វើជាអ្នកប្រកាសប្រាប់ដំណឹងល្អនោះ នឹងជាសាវក ហើយជាគ្រូបង្រៀនដល់សាសន៍ដទៃ គឺដោយហេតុនោះបានជាខ្ញុំរងទុក្ខទាំងនេះ តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង ចូរនឹកចាំពីអស់ទាំងពាក្យត្រឹមត្រូវ ដែលអ្នកបានឮពីខ្ញុំ ទុកជាគំរូពីសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ចូររក្សាបញ្ញើល្អដែលផ្ញើទុកនឹងអ្នក ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលសណ្ឋិតនៅក្នុងយើង។ អ្នកដឹងដំណឹងថា ពួកអ្នកដែលនៅស្រុកអាស៊ីទាំងប៉ុន្មាន បានបោះបង់ចោលខ្ញុំហើយ ក្នុងពួកគេ មានឈ្មោះភីកេល៉ុស នឹងហ៊ើម៉ូគេន សូមឲ្យព្រះអម្ចាស់ផ្តល់សេចក្ដីមេត្តាករុណា ដល់ពួកផ្ទះអូនេសិភ័រ ដ្បិតគាត់បានលំហើយចិត្តខ្ញុំជាញឹកញយ ក៏មិនបានខ្មាសគេដោយព្រោះចំណងរបស់ខ្ញុំដែរ កាលគាត់នៅក្រុងរ៉ូម នោះគាត់ខ្នះខ្នែងរកខ្ញុំ ទាល់តែឃើញផង សូមឲ្យព្រះអម្ចាស់ផ្តល់ ឲ្យគាត់បានសេចក្ដីមេត្តាករុណា ពីព្រះអម្ចាស់ នៅថ្ងៃនោះ ហើយដែលគាត់បានជួយខ្ញុំ នៅក្រុងអេភេសូរយ៉ាងណា នោះអ្នកក៏ដឹងលើសជាងគេហើយ។