២ ធីម៉ូថេ 1:6-18
ហេតុនេះហើយបានជាខ្ញុំសុំរំឭកដាស់តឿនអ្នកថា ចូរធ្វើឲ្យព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដែលអ្នកបានទទួល ដោយខ្ញុំដាក់ដៃ*លើនោះ មានសកម្មភាពឡើងវិញ ដ្បិតព្រះជាម្ចាស់ពុំបានប្រទានឲ្យយើងមានវិញ្ញាណដែលនាំឲ្យខ្លាចទេ គឺព្រះអង្គប្រទានឲ្យយើងទទួលវិញ្ញាណដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្តធ្ងន់។ ដូច្នេះ មិនត្រូវខ្មាសនឹងផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់របស់យើង ឬខ្មាសនឹងខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំ សម្រាប់ដំណឹងល្អ* ដោយពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ព្រះអង្គហ្នឹងហើយ ដែលបានសង្គ្រោះយើង និងបានត្រាស់ហៅយើងឲ្យមកធ្វើជាប្រជារាស្ត្រដ៏វិសុទ្ធ*របស់ព្រះអង្គ ។ ព្រះអង្គត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្តនោះទេ គឺស្របតាមគម្រោងការ និងស្របតាមព្រះគុណ ដែលព្រះអង្គបានប្រទានមកយើង ក្នុងអង្គព្រះគ្រិស្តយេស៊ូ តាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។ ឥឡូវនេះ ព្រះអង្គបានសម្តែងឲ្យយើងស្គាល់ព្រះគុណរបស់ព្រះអង្គ ដោយព្រះគ្រិស្តយេស៊ូជាព្រះសង្គ្រោះរបស់យើងយាងមកក្នុងលោកនេះ ។ ព្រះគ្រិស្តបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងឲ្យស្គាល់ជីវិតអមតៈដោយសារដំណឹងល្អ*។ ព្រះជាម្ចាស់បានតែងតាំងខ្ញុំឲ្យប្រកាសដំណឹងល្អនេះ ក្នុងឋានៈជាសាវ័ក និងជាគ្រូអប់រំ។ ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្តែ ខ្ញុំមិនខ្មាសឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើព្រះអង្គណា ហើយខ្ញុំក៏ជឿជាក់ថា ព្រះអង្គនោះមានឫទ្ធានុភាពនឹងរក្សាអ្វីៗ ដែលព្រះអង្គផ្ញើទុកនឹងខ្ញុំ ឲ្យបានគង់វង្ស រហូតដល់ថ្ងៃព្រះអង្គយាងមក។ ចូរចងចាំព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់ដែលអ្នកបានទទួលពីខ្ញុំ ទុកធ្វើជាគោលនៃជំនឿ និងសេចក្ដីស្រឡាញ់ដែលយើងមាន ដោយរួមក្នុងអង្គព្រះគ្រិស្តយេស៊ូ។ អ្វីៗដ៏ល្អដែលព្រះអង្គផ្ញើទុកនឹងអ្នក ត្រូវរក្សាឲ្យបានគង់វង្ស ដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលសណ្ឋិតនៅក្នុងយើង។ បងប្អូននៅស្រុកអាស៊ីបានបោះបង់ខ្ញុំចោលទាំងអស់គ្នា មានភីកែឡូស និងហ៊ើម៉ូគេនជាដើម ដូចអ្នកដឹងស្រាប់ហើយ។ សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាដល់ក្រុមគ្រួសាររបស់លោកអូនេស៊ីភ័រ ដ្បិតគាត់តែងតែលើកទឹកចិត្តខ្ញុំជាញឹកញាប់ ហើយគាត់ក៏មិនដែលខ្មាស ព្រោះតែខ្ញុំជាប់ឃុំឃាំងនោះឡើយ។ មិនតែប៉ុណ្ណោះសោត ពេលគាត់មកដល់ក្រុងរ៉ូម គាត់បានស្វះស្វែងដើររកខ្ញុំទាល់តែជួប។ សូមព្រះអម្ចាស់ប្រោសប្រទានឲ្យគាត់បានទទួលព្រះហឫទ័យមេត្តាករុណាពីព្រះអម្ចាស់ នៅថ្ងៃព្រះអង្គយាងមក។ អ្នកដឹងច្បាស់ជាងគេស្រាប់ហើយថា កាលខ្ញុំនៅក្រុងអេភេសូ គាត់បានជួយជ្រោមជ្រែងខ្ញុំយ៉ាងណាខ្លះ។
២ ធីម៉ូថេ 1:6-18