ហេតុនេះហើយបានជាខ្ញុំរំឭកអ្នក ឲ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។ ដូច្នេះ មិនត្រូវខ្មាសនឹងធ្វើបន្ទាល់អំពីព្រះអម្ចាស់នៃយើង ឬខ្មាសនឹងខ្ញុំដែលជាប់គុកព្រោះតែព្រះអង្គនោះឡើយ តែត្រូវរងទុក្ខលំបាកជាមួយខ្ញុំសម្រាប់ដំណឹងល្អ ដោយព្រះចេស្តានៃព្រះ ដែលទ្រង់បានសង្គ្រោះយើង ហើយបានត្រាស់ហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងប្រព្រឹត្តនោះទេ គឺដោយសារបំណង និងព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងក្នុងព្រះគ្រីស្ទយេស៊ូវ មុនសម័យកាលទាំងអស់មកម៉្លេះ តែឥឡូវនេះ បានសម្តែងឲ្យឃើញ តាមរយៈការលេចមករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង ដែលទ្រង់បានបំបាត់សេចក្ដីស្លាប់ ហើយបាននាំយកជីវិត និងភាពមិនចេះសាបសូន្យ មកដាក់ក្នុងពន្លឺ តាមរយៈដំណឹងល្អ។ សម្រាប់ដំណឹងល្អនេះ ព្រះបានតែងតាំងខ្ញុំឲ្យធ្វើជាអ្នកប្រកាស ជាសាវក និងជាគ្រូ ហេតុនេះហើយបានជាខ្ញុំរងទុក្ខដូច្នេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចនឹងថែរក្សាអ្វីៗដែលខ្ញុំបានផ្ញើទុកនឹងព្រះអង្គ រហូតដល់ថ្ងៃនោះឯង។ ចូរកាន់តាមពាក្យដ៏ត្រឹមត្រូវដែលអ្នកបានឮពីខ្ញុំ ដោយជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ ចូររក្សាអ្វីៗដែលព្រះបានផ្ញើទុកនឹងអ្នកឲ្យបានល្អ ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលសណ្ឋិតនៅក្នុងយើង។ អ្នកដឹងស្រាប់ហើយថា អស់អ្នកដែលនៅស្រុកអាស៊ីទាំងប៉ុន្មាន បានបោះបង់ខ្ញុំចោលហើយ ក្នុងចំណោមអ្នកទាំងនោះមានភីកេឡុស និងហ៊ើម៉ូគេន។ សូមព្រះអម្ចាស់ប្រទានសេចក្ដីមេត្តាករុណា ដល់គ្រួសាររបស់លោកអូនេសិភ័រ ដ្បិតគាត់បានធ្វើឲ្យចិត្តខ្ញុំធូរស្បើយជាញឹកញាប់ ក៏មិនខ្មាសដោយសារចំណងរបស់ខ្ញុំដែរ កាលគាត់នៅក្រុងរ៉ូម គាត់បានស្វះស្វែងរកខ្ញុំទាល់តែបានឃើញ។ សូមព្រះអម្ចាស់ប្រោសប្រទានឲ្យគាត់រកបានសេចក្ដីមេត្តាករុណាពីព្រះអម្ចាស់នៅថ្ងៃនោះ ហើយដែលគាត់បានជួយខ្ញុំនៅក្រុងអេភេសូរយ៉ាងណា អ្នកក៏បានដឹងច្បាស់ជាងគេហើយ។
អាន ២ ធីម៉ូថេ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ធីម៉ូថេ 1:6-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ