២ សាំយូអែល 9:1-13

២ សាំយូអែល 9:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «តើ​មាន​កូន​ចៅ​ណា​ម្នាក់​របស់​ព្រះ‌បាទ​សូល​នៅ​រស់​ឬ​ទេ? យើង​ចង់​សម្តែង​ចិត្ត​សប្បុរស​ចំពោះ​គេ ដោយ​យល់​ដល់​សម្ដេច​យ៉ូណា​ថាន»។ ក្នុង​ចំណោម​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សូល មាន​ម្នាក់​ឈ្មោះ​ស៊ីបា។ គេ​នាំ​គាត់​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌រាជា​សួរ​គាត់​ថា៖ «តើ​អ្នក​ឈ្មោះ​ស៊ីបា​ឬ?»។ គាត់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា គឺ​ទូលបង្គំ​នេះ​ហើយ»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «តើ​ក្នុង​រាជ‌វង្ស​របស់​ព្រះ‌បាទ​សូល មាន​សល់​អ្នក​ណា​ម្នាក់​នៅ​រស់​ដែរ​ឬ​ទេ? យើង​ចង់​សម្តែង​សេចក្ដី​សប្បុរស​ដល់​គេ តាម​ពាក្យ​ដែល​យើង​បាន​សន្យា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់»។ ស៊ីបា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា មាន​កូន​ប្រុស​ម្នាក់​របស់​សម្ដេច​យ៉ូណា‌ថាន​នៅ​រស់ លោក​ខ្វិន​ជើង​ទាំង​ពីរ»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «តើ​គេ​នៅ​ឯ​ណា?»។ ស៊ីបា​ទូល​ថា៖ «លោក​ស្នាក់​នៅ​ផ្ទះ​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​អាំមាល នៅ​ក្រុង​ឡូរ‌ដេបា»។ ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​តាម​រក​លោក​មេភី‌បូសែត នៅ​ផ្ទះ​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​អាំ‌មាល នៅ​ក្រុង​ឡូរ‌ដេបា។ កាល​លោក​មេភី‌បូសែត ជា​កូន​របស់​សម្ដេច​យ៉ូណា‌ថាន និង​ជា​ចៅ​របស់​ព្រះ‌បាទ​សូល បាន​មក​ជួប​ព្រះ‌បាទ​ដាវីឌ លោក​ឱន​ចុះ ក្រាប​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ស្ដេច។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​សួរ​លោក​ថា៖ «អ្នក​ឈ្មោះ​មេភី‌បូសែត​មែន​ឬ?»។ លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា គឺ​ទូលបង្គំ​នេះ​ហើយ»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សប្បុរស ព្រោះ​យើង​គិត​ដល់​សម្ដេច​យ៉ូណា‌ថាន ជា​ឪពុក​របស់​អ្នក។ យើង​នឹង​ប្រគល់​ដី‌ធ្លី​ទាំង​ប៉ុន្មាន ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ‌បាទ​សូល ជា​ជីតា​របស់​អ្នក​ឲ្យ​អ្នក​វិញ ហើយ​អ្នក​នឹង​បរិភោគ​រួម​តុ​ជា​មួយ​យើង​រៀង​រាល់​ថ្ងៃ»។ លោក​មេភី‌បូសែត​ក្រាប​ថ្វាយ‌បង្គំ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! តើ​ទូលបង្គំ​មាន​ឋានៈ​អ្វី​បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​ទូលបង្គំ​ម៉្លេះ ទូលបង្គំ​ប្រៀប​បាន​នឹង​ឆ្កែ​ងាប់​ប៉ុណ្ណោះ?»។ ពេល​នោះ ស្ដេច​ត្រាស់​ហៅ​ស៊ីបា​ជា​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សូល​មក ហើយ​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «យើង​ប្រគល់​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ‌បាទ​សូល និង​ព្រះ‌ញាតិ‌វង្ស ឲ្យ​មេភី‌បូសែត ជា​បុត្រ​របស់​ម្ចាស់​អ្នក។ ចូរ​អ្នក ព្រម​ទាំង​កូន​ចៅ និង​អ្នក​បម្រើ​ទាំង​អស់​របស់​អ្នក នាំ​គ្នា​ធ្វើ​ស្រែ​ចម្ការ​នោះ​ឲ្យ​មេភី‌បូសែត ហើយ​ប្រមូល​ភោគ‌ផល​ជា​ស្បៀង​អាហារ ទុក​សម្រាប់​បុត្រ​របស់​ម្ចាស់​អ្នក​ផង។ រីឯ​មេភី‌បូសែត ជា​បុត្រ​របស់​ម្ចាស់​អ្នក ត្រូវ​បរិភោគ​រួម​តុ​ជា​មួយ​យើង​រៀង​រាល់​ថ្ងៃ»។ ស៊ីបា​មាន​កូន​ប្រុស​ទាំង​អស់​ដប់​ប្រាំ​នាក់ និង​អ្នក​បម្រើ​ម្ភៃ​នាក់។ គាត់​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌រាជា ទូលបង្គំ​នឹង​ប្រព្រឹត្ត​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា​ជា​អម្ចាស់ តែ​លោក​មេភី‌បូសែត​មាន​ទម្លាប់​ពិសា​បាយ​រួម​តុ​ជា​មួយ​ទូលបង្គំ ដ្បិត​លោក​ជា​ពូជ‌ពង្ស​របស់​ស្ដេច»។ លោក​មេភី‌បូសែត​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​មីកា ហើយ​មនុស្ស​ទាំង​ប៉ុន្មាន​ក្នុង​គ្រួសារ​របស់​ស៊ីបា សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​លោក។ ដោយ​លោក​មេភី‌បូសែត​បរិភោគ​រួម​តុ​ជា​មួយ​ព្រះ‌បាទ​ដាវីឌ​រៀង​រាល់​ថ្ងៃ លោក​ត្រូវ​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម។ លោក​មេភី‌បូសែត​ខ្វិន​ជើង​ទាំង​ពីរ។

ចែក​រំលែក
អាន ២ សាំយូអែល 9

២ សាំយូអែល 9:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ពូជ‌ពង្ស​របស់​ស្ដេចសូល​សល់​នៅ​ឬ​ទេ? ដើម្បី​ឲ្យ​យើង​បាន​សម្ដែង​សេចក្ដី​ករុណា​ដល់​អ្នក​នោះ ដោយ​យល់​ដល់​យ៉ូណា‌ថាន» ។ រី​ឯ​នៅ​ក្នុង​ពួក​ដំណាក់​ស្ដេចសូល មាន​អ្នក​បម្រើ​ម្នាក់​ឈ្មោះ​ស៊ីបា គេ​ក៏​ហៅ​អ្នក​នោះ​មក​គាល់​ព្រះបាទ​ដាវីឌ រួច​ទ្រង់​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​ឯង​ឈ្មោះ​ស៊ីបា​ឬ?» អ្នក​នោះ​ឆ្លើយ​ថា៖ «ព្រះ‌ករុណា​វិសេស គឺ​ទូល‌បង្គំ​នេះ​ហើយ»។ ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ពូជ‌ពង្ស​របស់​ស្ដេចសូល​ណា​មួយ​នៅ​រស់​ឬ​ទេ? យើង​ចង់​សម្ដែង​សេចក្ដី​ករុណា​នៃ​ព្រះ​ដល់​អ្នក​នោះ» ស៊ីបា​ទូល​ឆ្លើយ​ថា៖ «នៅ​មាន​ម្នាក់​ខ្វិន​ជើង ជា​បុត្រ​របស់​យ៉ូណា‌ថាន» ។ ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​គេ​នៅ​ឯ​ណា?» រួច​ស៊ីបា​ទូល​ថា៖ «លោក​នៅ​ផ្ទះ​ម៉ាគារ ជា​កូន​អាំមាល​នៅ​ក្រុង​ឡូរ-ដេបារ»។ ពេល​នោះ ព្រះបាទ​ដាវីឌ​ក៏​បាន​ចាត់​ឲ្យ​គេ​ទៅ​នាំ​លោក​ពី​ផ្ទះ​ម៉ាគារ ជា​កូន​អាំមាល ជា​អ្នក​ដែល​នៅ​ក្រុង​ឡូរ-ដេបារ​នោះ​មក។ ដូច្នេះ មេភី‌បូសែត បុត្រា​របស់​យ៉ូណា‌ថាន ដែល​ជា​បុត្រា​របស់​ស្ដេចសូល ក៏​មក​ជួប​ព្រះបាទ​ដាវីឌ ក្រាប​ចុះ​ផ្កាប់​មុខ​ថ្វាយ‌បង្គំ រួច​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «មេភី‌បូសែត​អើយ» លោក​ទូល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌ករុណា​វិសេស»។ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នឹង​សម្ដែង​សេចក្ដី​សប្បុរស​ដល់​អ្នក ដោយ​យល់​ដល់​យ៉ូណា‌ថាន​បិតា​អ្នក ហើយ​យើង​នឹង​ប្រគល់​ស្រែ​ចម្ការ​របស់​ស្ដេចសូល​ជា​ជីតា​របស់​អ្នក​ទាំង​អស់​ដល់​អ្នក តែ​ខ្លួន​អ្នក និង​បរិ‌ភោគ​នៅ​តុ​ជា‌មួយ​យើង​ជា‌និច្ច»។ នោះ​លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ​ទូល​ថា៖ «តើ​អ្នក​បម្រើ​របស់​ទ្រង់​នេះ​ជា​អ្វី បាន​ជា​ទ្រង់​ព្រម​ក្រឡេក​មើល​មក​ទូល‌បង្គំ ដែល​ទុក​ដូច​ជា​ឆ្កែ​ស្លាប់​ដូច្នេះ?»។ ស្តេច​ក៏​មាន​រាជ‌ឱង្ការ​ហៅ​ស៊ីបា​ជា​អ្នក​បម្រើ​របស់​ស្ដេចសូល មក​ត្រាស់​បង្គាប់​ថា៖ «របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​ជា​របស់​ស្ដេចសូល និង​ពូជ‌ពង្ស​ទ្រង់ នោះ​យើង​ប្រគល់​ឲ្យ​ដល់​បុត្រា​របស់​ចៅ‌ហ្វាយ​ឯង​នេះ​ហើយ។ ឯង​ត្រូវ​ភ្ជួរ​រាស់​ស្រែ​ចម្ការ​នោះ​ឲ្យ​លោក ព្រម​ទាំង​កូន​ចៅ​ឯង ហើយ​ពួក​អ្នក​បម្រើ​របស់​ឯង​ទាំង​អស់​គ្នា​ផង ត្រូវ​ប្រមូល​ផល​ផ្លែ​យក​មក​ជូន​បុត្រា​របស់​ចៅ‌ហ្វាយ​ឯង​ឲ្យ​បាន​អាហារ​បរិ‌ភោគ ប៉ុន្តែ ឯ​មេភី‌បូសែត​ជា​បុត្រា​ចៅ‌ហ្វាយ​ឯង នឹង​បរិ‌ភោគ​នៅ​តុ​ជា‌មួយ​យើង​ជា‌និច្ច»។ ស៊ីបា​មាន​កូន​ប្រុស​ដប់ប្រាំ​នាក់ និង​អ្នក​បម្រើ​ម្ភៃ​នាក់។ បន្ទាប់​មក ស៊ីបា​ទូល​ទៅ​ស្តេច​ថា៖ «ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា នឹង​ធ្វើ​តាម​ព្រះរាជ‌ឱង្ការ​របស់​ព្រះ‌ករុណា ជា​អម្ចាស់​នៃ​ទូល‌បង្គំ»។ ចំណែក​មេភី‌បូសែត ត្រូវ​បរិ‌ភោគ​នៅ​តុ​ជា​មួយ​ព្រះបាទ​ដាវីឌ ដូច​ជា​បុត្រ​ណា​មួយ​របស់​ស្តេច។ មេភី‌បូសែត​មាន​កូន​ប្រុស​ម្នាក់ ឈ្មោះ​មីកា ហើយ​ពួក​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ស៊ីបា សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​មេភី‌បូសែត​ទាំង​អស់។ ដូច្នេះ មេភី‌បូសែត​ក៏​នៅ​ក្រុង​យេរូ‌សាឡិម ព្រោះ​លោក​ត្រូវ​បរិ‌ភោគ​នៅ​តុ​ជា‌មួយ​ស្តេច ហើយ​លោក​ខ្វិន​ជើង​ទាំង​ពីរ។

ចែក​រំលែក
អាន ២ សាំយូអែល 9

២ សាំយូអែល 9:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ដាវីឌ​មាន​បន្ទូល​សួរ​ថា តើ​មាន​ពូជ‌ពង្ស​របស់​សូល​សល់​នៅ​ឬ​ទេ ដើម្បី​ឲ្យ​យើង​បាន​សំដែង​សេចក្ដី​ករុណា​ដល់​អ្នក​នោះ ដោយ​យល់​ដល់​យ៉ូណា‌ថាន រីឯ​នៅ​ក្នុង​ពួក​ដំណាក់​សូល មាន​អ្នក​បំរើ​ម្នាក់​ឈ្មោះ​ស៊ីបា គេ​ក៏​ហៅ​អ្នក​នោះ​មក​ឯ​ដាវីឌ រួច​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​ឯង​ឈ្មោះ​ស៊ីបា​ឬ​អី អ្នក​នោះ​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស គឺ​ទូលបង្គំ​នេះ​ហើយ នោះ​ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​មាន​ពូជ‌ពង្ស​របស់​សូល​ណា​មួយ​សល់​នៅ​ឬ​ទេ ដើម្បី​ឲ្យ​យើង​បាន​សំដែង​សេចក្ដី​ករុណា​នៃ​ព្រះ​ដល់​អ្នក​នោះ ស៊ីបា​ទូល​ឆ្លើយ​ថា នៅ​មាន​ម្នាក់​ខ្វិន​ជើង ជា​បុត្រ​នៃ​យ៉ូណា‌ថាន ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​នៅ​ឯ​ណា រួច​ស៊ីបា​ទូល​តប​ថា លោក​នៅ​ឯ​ផ្ទះ​ម៉ាគារ ជា​កូន​អាំមាល ដែល​នៅ​ក្រុង​ឡូរ-ដេបារ នោះ​ស្តេច​ដាវីឌ​ទ្រង់​ក៏​ចាត់​គេ ឲ្យ​ទៅ​នាំ​លោក​ពី​ផ្ទះ​ម៉ាគារ ជា​កូន​អាំមាល ជា​អ្នក​ដែល​នៅ​ក្រុង​ឡូរ-ដេបារ​នោះ​មក ដូច្នេះ មភីបូសែត ជា​បុត្រា​នៃ យ៉ូណា‌ថាន ដែលជាបុត្រា​សូល ក៏​មក​ឯ​ដាវីឌទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ថ្វាយ‌បង្គំ រួច​ដាវីឌ​ទ្រង់​មាន​បន្ទូល​ថា មភីបូសែត​អើយ លោក​ក៏​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា​វិសេស នោះ​ដាវីឌ​មាន​បន្ទូល​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​នឹង​សំដែង​សេចក្ដី​ករុណា​ដល់​អ្នក ដោយ​យល់​ដល់​យ៉ូណា‌ថាន​បិតា​អ្នក ហើយ​យើង​នឹង​ប្រគល់​អស់​ទាំង​ស្រែ​ចំការ​របស់​សូល​ជា​ជីតា​ដល់​អ្នក តែ​ឯ​ខ្លួន​អ្នក នឹង​បរិភោគ​នៅ​តុ​ជា​មួយ​នឹង​យើង​ជានិច្ច នោះ​លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ​ទូល​ថា តើ​បាវ​បំរើ​នៃ​ទ្រង់​នេះ​ជា​អ្វី បាន​ជា​ទ្រង់​ព្រម​ក្រឡេក​មើល​មក​ទូលបង្គំ ដែល​ទុក​ដូច​ជា​ឆ្កែ​ស្លាប់​នេះ។ ស្តេច​ទ្រង់​ក៏​មាន​បន្ទូល​ហៅ​ស៊ីបា ជា​បាវ​បំរើ​របស់​សូល​មក​ត្រាស់​បង្គាប់​ថា បណ្តា​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​ជា​របស់​សូល នឹង​ពូជ‌ពង្ស​ទ្រង់ នោះ​អញ​ប្រគល់​ឲ្យ​ដល់​បុត្រា​របស់​ចៅហ្វាយ​ឯង​នេះ​ហើយ ត្រូវ​ឲ្យ​ឯង​ភ្ជួរ‌រាស់​ស្រែ​ចំការ​នោះ​ឲ្យ​លោក ព្រម​ទាំង​កូន​ចៅ​ឯង ហើយ​ពួក​បាវ​បំរើ​របស់​ឯង​ទាំង​អស់​គ្នា​ផង ត្រូវ​ប្រមូល​ផល​ផ្លែ​យក​មក ជូន​បុត្រា​របស់​ចៅហ្វាយ​ឯង​បាន​អាហារ​បរិភោគ ប៉ុន្តែ​ឯ​មភីបូសែត ជា​បុត្រា​ចៅហ្វាយ​ឯង លោក​នឹង​បរិភោគ​នៅ​តុ​ជា​មួយ​នឹង​អញ​ជានិច្ច រីឯ​ស៊ីបា មាន​កូន​ប្រុស​១៥​នាក់ នឹង​បាវ​២០​នាក់ នោះ​ស៊ីបា​ទូល​ទៅ​ស្តេច​ថា ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ទ្រង់​ព្រះ‌ករុណា ជា​អម្ចាស់​នៃ​ទូលបង្គំ បាន​មាន​បន្ទូល​ប្រាប់​មក តែ​ចំណែក​មភីបូសែត​នោះ ទ្រង់​មាន​បន្ទូល​ថា លោក​ត្រូវ​បរិភោគ​នៅ​តុ​យើង ទុក​ដូច​ជា​បុត្រ​ណា​មួយ​របស់​ស្តេច ឯ​មភីបូសែត លោក​មាន​កូន​ប្រុស​១​ឈ្មោះ​មីកា ហើយ​អស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ស៊ីបា នោះ​សុទ្ធ​តែ​ជា​បាវ​បំរើ​របស់​មភីបូសែត​ទាំង​អស់ ដូច្នេះមភីបូសែត​លោក​ក៏​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ដោយ​ព្រោះ​លោក​ត្រូវ​បរិភោគ​នៅ​តុ​នៃ​ស្តេច ហើយ​លោក​ខ្វិន​ជើង​ទាំង​២។

ចែក​រំលែក
អាន ២ សាំយូអែល 9