២ សាំយូអែល 9
9
ព្រះបាទដាវីឌទទួលមេភីបូសែតចូលវាំង
1គ្រានោះ ព្រះបាទដាវីឌមានរាជឱង្ការសួរថា៖ «តើមានពូជពង្សរបស់ស្ដេចសូលសល់នៅឬទេ? ដើម្បីឲ្យយើងបានសម្ដែងសេចក្ដីករុណាដល់អ្នកនោះ ដោយយល់ដល់យ៉ូណាថាន» ។ 2រីឯនៅក្នុងពួកដំណាក់ស្ដេចសូល មានអ្នកបម្រើម្នាក់ឈ្មោះស៊ីបា គេក៏ហៅអ្នកនោះមកគាល់ព្រះបាទដាវីឌ រួចទ្រង់មានរាជឱង្ការសួរថា៖ «តើឯងឈ្មោះស៊ីបាឬ?» អ្នកនោះឆ្លើយថា៖ «ព្រះករុណាវិសេស គឺទូលបង្គំនេះហើយ»។ 3ស្តេចមានរាជឱង្ការសួរថា៖ «តើមានពូជពង្សរបស់ស្ដេចសូលណាមួយនៅរស់ឬទេ? យើងចង់សម្ដែងសេចក្ដីករុណានៃព្រះដល់អ្នកនោះ» ស៊ីបាទូលឆ្លើយថា៖ «នៅមានម្នាក់ខ្វិនជើង ជាបុត្ររបស់យ៉ូណាថាន» ។ 4ស្តេចមានរាជឱង្ការសួរថា៖ «តើគេនៅឯណា?» រួចស៊ីបាទូលថា៖ «លោកនៅផ្ទះម៉ាគារ ជាកូនអាំមាលនៅក្រុងឡូរ-ដេបារ»។ 5ពេលនោះ ព្រះបាទដាវីឌក៏បានចាត់ឲ្យគេទៅនាំលោកពីផ្ទះម៉ាគារ ជាកូនអាំមាល ជាអ្នកដែលនៅក្រុងឡូរ-ដេបារនោះមក។ 6ដូច្នេះ មេភីបូសែត បុត្រារបស់យ៉ូណាថាន ដែលជាបុត្រារបស់ស្ដេចសូល ក៏មកជួបព្រះបាទដាវីឌ ក្រាបចុះផ្កាប់មុខថ្វាយបង្គំ រួចដាវីឌមានរាជឱង្ការថា៖ «មេភីបូសែតអើយ» លោកទូលឆ្លើយថា៖ «បពិត្រព្រះករុណាវិសេស»។ 7ព្រះបាទដាវីឌមានរាជឱង្ការថា៖ «កុំខ្លាចឡើយ ដ្បិតយើងនឹងសម្ដែងសេចក្ដីសប្បុរសដល់អ្នក ដោយយល់ដល់យ៉ូណាថានបិតាអ្នក ហើយយើងនឹងប្រគល់ស្រែចម្ការរបស់ស្ដេចសូលជាជីតារបស់អ្នកទាំងអស់ដល់អ្នក តែខ្លួនអ្នក និងបរិភោគនៅតុជាមួយយើងជានិច្ច»។ 8នោះលោកក៏ក្រាបថ្វាយបង្គំទូលថា៖ «តើអ្នកបម្រើរបស់ទ្រង់នេះជាអ្វី បានជាទ្រង់ព្រមក្រឡេកមើលមកទូលបង្គំ ដែលទុកដូចជាឆ្កែស្លាប់ដូច្នេះ?»។
9ស្តេចក៏មានរាជឱង្ការហៅស៊ីបាជាអ្នកបម្រើរបស់ស្ដេចសូល មកត្រាស់បង្គាប់ថា៖ «របស់ទ្រព្យទាំងប៉ុន្មានដែលជារបស់ស្ដេចសូល និងពូជពង្សទ្រង់ នោះយើងប្រគល់ឲ្យដល់បុត្រារបស់ចៅហ្វាយឯងនេះហើយ។ 10ឯងត្រូវភ្ជួររាស់ស្រែចម្ការនោះឲ្យលោក ព្រមទាំងកូនចៅឯង ហើយពួកអ្នកបម្រើរបស់ឯងទាំងអស់គ្នាផង ត្រូវប្រមូលផលផ្លែយកមកជូនបុត្រារបស់ចៅហ្វាយឯងឲ្យបានអាហារបរិភោគ ប៉ុន្តែ ឯមេភីបូសែតជាបុត្រាចៅហ្វាយឯង នឹងបរិភោគនៅតុជាមួយយើងជានិច្ច»។ ស៊ីបាមានកូនប្រុសដប់ប្រាំនាក់ និងអ្នកបម្រើម្ភៃនាក់។ 11បន្ទាប់មក ស៊ីបាទូលទៅស្តេចថា៖ «ទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណា នឹងធ្វើតាមព្រះរាជឱង្ការរបស់ព្រះករុណា ជាអម្ចាស់នៃទូលបង្គំ»។ ចំណែកមេភីបូសែត ត្រូវបរិភោគនៅតុជាមួយព្រះបាទដាវីឌ ដូចជាបុត្រណាមួយរបស់ស្តេច។ 12មេភីបូសែតមានកូនប្រុសម្នាក់ ឈ្មោះមីកា ហើយពួកអ្នកដែលនៅក្នុងផ្ទះស៊ីបា សុទ្ធតែជាអ្នកបម្រើរបស់មេភីបូសែតទាំងអស់។ 13ដូច្នេះ មេភីបូសែតក៏នៅក្រុងយេរូសាឡិម ព្រោះលោកត្រូវបរិភោគនៅតុជាមួយស្តេច ហើយលោកខ្វិនជើងទាំងពីរ។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 9: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies