២ សាំ‌យូ‌អែល 8

8
ជ័យ‌ជម្នះ​របស់​ព្រះបាទ​ដាវីឌ​លើ​ស្រុក​ជិត​ខាង
1ក្រោយ​មក ព្រះបាទ​ដាវីឌ​បាន​វាយ​បង្ក្រាប​ពួក​ភីលី‌ស្ទីន ទ្រង់​ចាប់​យក​អំណាច​ទី​ក្រុង​ហ្លួង ពី​កណ្ដាប់​ដៃ​ពួក​ភីលី‌ស្ទីន។
2ទ្រង់​ក៏​ប្រហារ​សាសន៍​ម៉ូអាប់​ដែរ ទ្រង់​ឲ្យ​គេ​ដេក​ដង្ហែ​គ្នា​នៅ​ដី​ដោយ​ជួរៗ រួច​តម្រូវ​ឲ្យ​ត្រូវ​សម្លាប់​ពីរ​ជួរ ហើយ​ទុក​ពេញ​មួយ​ជួរ​ឲ្យ​រស់​នៅ ដូច្នេះ សាសន៍​ម៉ូអាប់​ក្លាយ​ជា​អ្នក​បម្រើ​របស់​ដាវីឌ ហើយ​ក៏​នាំ​យក​សួយ​អាករ​មក​ថ្វាយ។
3មួយ​ទៀត ដាវីឌ​ក៏​ប្រហារ​ស្ដេច​ហាដា‌រេស៊ើរ បុត្រា​រេហុប ស្តេច​ស្រុក​សូបា ខណៈ​ដែល​ស្តេច​នោះ​ទៅ​តាំង​អំណាច​ខ្លួន​នៅ​ក្បែរ​មាត់​ទន្លេ​អ៊ើប្រាត​ឡើង​វិញ។ 4ព្រះបាទ​ដាវីឌ​ចាប់​យក​បាន​ពល​សេះ​មួយ​ពាន់​ប្រាំពីរ​រយ​នាក់ និង​ពល​ថ្មើរ​ជើង​ពីរ​ម៉ឺន​នាក់​ពី​ស្តេច​នោះ ហើយ​ក៏​កាប់​សរសៃ​ក​ជើង​សេះ ដែល​ទឹម​រទេះ​ទាំង​អស់ ទុក​ឲ្យ​នៅ​ល្មម​ទឹម​រទេះ​មួយរយ​ប៉ុណ្ណោះ។ 5ពេល​ពួក​សាសន៍​ស៊ីរី អ្នក​ក្រុង​ដាម៉ាស​បាន​មក ដើម្បី​ជួយ​ហាដា‌រេស៊ើរ ជា​ស្តេច​សូបា ព្រះបាទ​ដាវីឌ​ក៏​ប្រហារ​សម្លាប់​ពួក​ស៊ីរី អស់​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។ 6បន្ទាប់​មក ព្រះបាទ​ដាវីឌដាក់​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌មើល​ក្នុង​ស្រុក​ស៊ីរី​ប៉ែក​ខាង​ក្រុង​ដាម៉ាស ហើយ​ពួក​សាសន៍​ស៊ីរី​ក៏​ចុះ​ចូល​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះបាទ​ដាវីឌ ព្រម​ទាំង​យក​សួយ​អាករ​មក​ថ្វាយ​ដែរ ព្រះ‌យេហូវ៉ា​តែង​ជួយ​ការពារ​ព្រះបាទ​ដាវីឌ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ។ 7ព្រះបាទ​ដាវីឌ​បាន​យក​ខែល​មាស​ទាំង​អស់ ដែល​ពួក​បម្រើ​របស់​ហាដា‌រេស៊ើរ​កាន់ មក​ទុក​នៅ​ក្រុង​យេរូ‌សាឡិម 8ពី​ក្រុង​បេថាស និង​ពី​ក្រុង​បេរ៉ូ‌ថាយ ជា​ទី​ក្រុង​របស់​ហាដា‌រេស៊ើរ នោះ​ស្តេច​យក​បាន​លង្ហិន​យ៉ាង​សន្ធឹក​ដែរ។
9ពេល​ថូអ៊ី​ស្តេច​ក្រុង​ហាម៉ាត​បាន​ឮ​ថា ព្រះបាទ​ដាវីឌ​វាយ​ពួក​ពល‌ទ័ព​របស់​ហាដា‌រេស៊ើរ​ទាំង​អស់​ដូច្នោះ 10នោះ​ក៏​ចាត់​យ៉ូរ៉ាម​ជា​បុត្រា ឲ្យ​ទៅ​ជួប​ព្រះបាទ​ដាវីឌ ដើម្បី​ទូល​សួរ​ពី​សុខ​ទុក្ខ និង​ឲ្យ​ពរ ដោយ​ព្រោះ​ទ្រង់​បាន​ច្បាំង​ឈ្នះ​ហាដា‌រេស៊ើរ ដ្បិត​ហាដា‌រេស៊ើរ​ចេះ​តែ​ច្បាំង​នឹង​ថូអ៊ី​ជា‌និច្ច យ៉ូរ៉ាម​ក៏​នាំ​យក​ប្រដាប់​មាស ប្រាក់ និង​លង្ហិន​មក​ថ្វាយ​ដែរ 11ប្រដាប់​ទាំង​នោះ ព្រះបាទ​ដាវីឌ​ក៏​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​មាស និង​ប្រាក់​ទាំង​ប៉ុន្មាន ដែល​បាន​ចាប់​យក​ពី​សាសន៍​នានា​ដែល​ទ្រង់​បាន​បង្ក្រាប​នោះ 12គឺ​ពី​សាសន៍​ស៊ីរី សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលី‌ស្ទីន សាសន៍​អាម៉ា‌ឡេក និងជ័យ‌ភណ្ឌ​ដែល​យក​ពី​ហាដា‌រេស៊ើរ ជា​កូន​រេហុប ស្តេច​ក្រុង​សូបា​ផង។
13ពេល​ព្រះបាទ​ដាវីឌ​ត្រឡប់​មក​ពី​ប្រហារ​សាសន៍​ស៊ីរី​វិញ ទ្រង់​បាន​ល្បី​នាម​ឡើង​ទៀត ដោយ​បាន​វាយ​មនុស្ស​អស់​មួយ​ម៉ឺន​ប្រាំបី​ពាន់​នាក់ នៅ​ក្នុង​វាល​ច្រក​ភ្នំ​អំបិល។ 14ទ្រង់​ក៏​តាំង​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌ត្រា​មើល​នៅ​ស្រុក​អេដុម គឺ​ទ្រង់​តាំង​ឲ្យ​គេ​ត្រួត‌ត្រា​មើល​ពេញ​ក្នុង​ស្រុក​អេដុម​នោះ ហើយ​ពួក​ស្រុក​អេដុម​ទាំង​អស់​ក៏​ចុះចូល​នឹង​ដាវីឌ ព្រះ‌យេហូវ៉ា​បាន​ជួយ​ការពារ​ដាវីឌ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ។
បញ្ជី​រាយ​នាម​មន្ត្រី​របស់​ព្រះបាទ​ដាវីឌ
15ព្រះបាទ​ដាវីឌ​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ក៏​ប្រព្រឹត្ត​ទៅ​ចំពោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដោយ​សុចរិត​យុត្តិ‌ធម៌។ 16មាន​យ៉ូអាប់ កូន​សេរូយ៉ា ធ្វើ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពល​ទ័ព យេហូ‌សាផាត កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ត្រា​ពង្សា‌វតារ 17សាដុក ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ាលេក ជា​កូន​អ័បៀ‌ថើរ ធ្វើ​ជា​សង្គ្រាជ សេរ៉ា‌យ៉ា​ជា​ស្មៀន​ហ្លួង 18បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ ធ្វើ​សេនា‌បតី។

ទើបបានជ្រើសរើសហើយ៖

២ សាំ‌យូ‌អែល 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល