២ សាំយូអែល 10
10
សាសន៍អាំម៉ូនធ្វើសង្គ្រាមជាមួយសាសន៍ស៊ីរី
1ក្រោយមក ស្តេចរបស់ប្រជាជនអាំម៉ូនសុគតទៅ ហើយហានូនជាបុត្រា បានឡើងសោយរាជ្យជំនួស។ 2ព្រះបាទដាវីឌព្រះតម្រិះថា៖ «យើងនឹងសម្ដែងសេចក្ដីសប្បុរសចំពោះហានូន កូនណាហាស ដូចបិតាលោកបានសម្ដែងដល់យើងដែរ»។ ដូច្នេះ ព្រះបាទដាវីឌបានចាត់ពួករាជទូត ឲ្យទៅជួយកម្សាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ដាវីឌក៏ចូលទៅក្នុងស្រុកនៃពួកកូនចៅអាំម៉ូន។ 3ប៉ុន្តែ ពួកមេលើពួកកូនចៅអាំម៉ូនទូលដល់ហានូនជាម្ចាស់គេថា៖ «តើព្រះករុណាជឿថា ស្ដេចដាវីឌចាត់ពួកនេះឲ្យមកជួយកម្សាន្តទុក្ខព្រះករុណា ដោយយល់ដល់បិតាទ្រង់ឬ? តើព្រះបាទដាវីឌមិនចាត់ពួកទូតនេះឲ្យមក ដើម្បីសង្កេតមើលទីក្រុង ក្នុងបំណងវាយដណ្ដើមយកទេឬ?» 4ដូច្នេះ ហានូនក៏ចាប់ពួកទូតរបស់ដាវីឌ កោរពុកចង្កាគេមួយចំហៀង ហើយកាត់អាវផ្តាច់ផ្នែកខាងក្រោមនៅត្រឹមគូថ រួចលែងឲ្យទៅវិញ។ 5កាលដំណឹងនោះបានជ្រាបដល់ដាវីឌ ទ្រង់ក៏ចាត់មនុស្សឲ្យទៅទទួល ដ្បិតគេត្រូវខ្មាសណាស់ ស្តេចបានបង្គាប់ថា៖ «ចូរស្នាក់នៅក្រុងយេរីខូរសិនចុះ ចាំទម្រាំពុកចង្កាដុះជាថ្មី សឹមត្រឡប់មកវិញ»។
6ពេលពួកកូនចៅអាំម៉ូនឃើញថា ព្រះបាទដាវីឌបានខ្ពើមគេ នោះគេក៏ចាត់ឲ្យទៅជួលពួកសាសន៍ស៊ីរី ពីក្រុងបេត-រេហុប និងពីក្រុងសូបា មានពលថ្មើជើងពីរម៉ឺននាក់ និងស្តេចស្រុកម្អាកា ព្រមទាំងពលមួយពាន់នាក់ ហើយពួកស្រុកថូបមួយម៉ឺនពីរពាន់នាក់ទៀត។ 7ពេលព្រះបាទដាវីឌបានជ្រាបហើយ ទ្រង់បានចាត់យ៉ូអាប់ និងពួកពលខ្លាំងពូកែទាំងអស់ឲ្យទៅ។ 8ឯពួកកូនចៅអាំម៉ូនក៏ចេញមកត្រៀមពលនៅត្រង់មាត់ទ្វារក្រុងដើម្បីច្បាំង ឯពួកសាសន៍ស៊ីរីពីក្រុងសូបា និងក្រុងរេហុប ហើយពួកថូប និងពួកស្តេចម្អាកា គេនៅឯវាលដោយឡែក។
9ពេលយ៉ូអាប់បានឃើញថា គេព័ទច្បាំងលោកពីខាងមុខខាងក្រោយដូច្នោះ លោកក៏រើសយកពួកជ្រើសរើសក្នុងពួកអ៊ីស្រាអែល ចាត់ឲ្យទៅតម្រៀបគ្នា តនឹងពួកស៊ីរី។ 10ឯបណ្ដាទ័ពដែលនៅសល់ ក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយជាប្អូន ហើយប្អូនក៏តម្រៀបពល ដើម្បីតទល់នឹងពួកកូនចៅអាំម៉ូន។ 11លោកប្រាប់ថា៖ «ប្រសិនបើពួកស៊ីរីខ្លាំងជាងខ្ញុំ ចូរឯងមកជួយខ្ញុំផង តែបើពួកកូនចៅអាំម៉ូនខ្លាំងជាងឯង នោះខ្ញុំនឹងទៅជួយឯងវិញ។ 12ចូរយើងរាល់គ្នាមានចិត្តក្លាហាន ហើយមានកម្លាំងចុះ ព្រោះសាសន៍របស់យើង និងទីក្រុងរបស់ព្រះនៃយើង សូមឲ្យព្រះយេហូវ៉ាសម្រេចសេចក្ដីតាមព្រះហឫទ័យទ្រង់ចុះ»។ 13ដូច្នេះ យ៉ូអាប់ និងពួកពលដែលនៅជាមួយ ក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ 14កាលពួកកូនចៅអាំម៉ូនបានឃើញថា ពួកស៊ីរីបាក់ទ័ពហើយ នោះគេក៏រត់ចេញពីមុខអ័ប៊ីសាយដែរ នាំគ្នាចូលទៅក្នុងទីក្រុងវិញ រួចយ៉ូអាប់ក៏ត្រឡប់ពីពួកកូនចៅអាំម៉ូន វិលទៅឯក្រុងយេរូសាឡិមវិញ។
15កាលពួកស៊ីរីឃើញថា គេត្រូវចាញ់ពួកអ៊ីស្រាអែលហើយ ក៏ប្រមូលគ្នា 16ហើយព្រះបាទហាដារេស៊ើរចាត់ទូតឲ្យទៅអង្វរបានពួកស៊ីរី ដែលនៅខាងនាយទន្លេ នាំចេញមកជួយ ក៏ទន្ទ្រានចូលស្រុកហេឡាម មានសូបាកជាមេទ័ពធំរបស់ហាដារេស៊ើរ ជាអ្នកនាំមុខ។ 17កាលព្រះបាទដាវីឌបានជ្រាប ក៏ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ ឆ្លងទន្លេយ័រដាន់ ទៅដល់ស្រុកហេឡាម ពួកស៊ីរីបានត្រៀមពលតនឹងដាវីឌ 18តែគេបាក់ទ័ពរត់ចេញពីមុខពួកអ៊ីស្រាអែលទៅ ហើយព្រះបាទដាវីឌបានសម្លាប់ពួកគេ ដែលបររទេះចម្បាំងអស់ប្រាំពីររយរទេះ និងពួកពលសេះបួនម៉ឺននាក់ ក៏ប្រហារសូបាកជាមេទ័ព ឲ្យស្លាប់នៅទីនោះដែរ។ 19កាលពួកស្តេចទាំងប៉ុន្មាន ដែលនៅក្រោមអំណាចហាដារេស៊ើរឃើញថា ខ្លួនចាញ់ពួកអ៊ីស្រាអែលហើយ ក៏ចងស្ពានមេត្រីនឹងពួកអ៊ីស្រាអែល ហើយចំណុះគេវិញ ដូច្នេះ ពួកស៊ីរីមិនហ៊ានជួយពួកកូនចៅអាំម៉ូនទៀតឡើយ។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 10: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies