២ សាំ‌យូ‌អែល 11

11
ព្រះបាទ​ដាវីឌ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង​បាត‌សេ‌បា
1នៅ​រដូវ​ក្ដៅ​នៃ​ឆ្នាំ ជា​ពេល​ដែល​ស្តេច​ទាំង​ប៉ុន្មាន​ត្រូវ​ចេញ​ទៅ​ច្បាំង ព្រះបាទ​ដាវីឌ​បាន​ចាត់​យ៉ូអាប់ ជា​មួយ​ពល​ទ័ព​របស់​លោក និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ឲ្យ​ទៅ គេ​បាន​បំផ្លាញ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ឡោម‌ព័ទ្ធ​ច្បាំង​ក្រុង​រ៉ាបាត ឯ​ព្រះបាទ​ដាវីឌ​គង់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម។
2មាន​ថ្ងៃ​មួយ នៅ​ពេល​ល្ងាច​ជិត​ងងឹតទៅ​ហើយ ព្រះបាទ​ដាវីឌ​ក្រោក​ពី​ព្រះ‌ទែន​យាង​ទៅ​មក នៅ​លើ​ដំបូល​ដំណាក់ ក៏​ទត​ព្រះ‌នេត្រ​ទៅ​ឃើញ​ស្ត្រី​ម្នាក់​កំពុង​ងូត​ទឹក នាង​នោះ​មាន​រូប‌ឆោម​ស្រស់​ល្អ​ណាស់។ 3ព្រះបាទ​ដាវីឌ​ក៏​ចាត់​ឲ្យ​គេ​ទៅ​ស៊ើប​សួរ​ពី​នាង ហើយ​ម្នាក់​នោះ​ទូល​ថា៖ «នាង​ឈ្មោះ​បាត‌សេ‌បា ជា​កូន​អេលាម ប្រពន្ធ​អ៊ូរី សាសន៍​ហេត»។ 4ពេល​នោះ ព្រះបាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​មក រួច​នាង​ក៏​ចូល​មក​ឯ​ទ្រង់ ហើយ​ស្ដេច​ផ្ទំ​ជា‌មួយ​នាង (ដ្បិត​នាង​ទើប​បាន​ស្អាត​ពី​រដូវ)។ រួច​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ។ 5នាង​ក៏​មាន​គភ៌ ហើយ​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដាវីឌ​ថា៖ «ខ្ញុំ​ម្ចាស់​មាន​គភ៌​ហើយ»។ 6ពេល​នោះ ព្រះបាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ឯ​យ៉ូអាប់​ប្រាប់​ថា៖ «ចូរ​ចាត់​អ៊ូរី​ជា​សាសន៍​ហេត ឲ្យ​មក​ជួប​យើង» ហើយ​យ៉ូអាប់​ក៏​ឲ្យ​អ៊ូរី​ទៅ​គាត់​ព្រះបាទ​ដាវីឌ។ 7ពេល​គាត់​បាន​ទៅ​ដល់ ព្រះបាទ​ដាវីឌ​សាក​សួរ​ដំណឹង​ពី​យ៉ូអាប់ ហើយ​ពី​បណ្ដា​ទ័ព និង​ពី​ការ​សង្គ្រាម​ជា​យ៉ាង​ណា។ 8ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​លោក​អ៊ូរី​ថា៖ «ចូរ​ចុះ​ទៅ​ផ្ទះ ហើយ​លាង​ជើង​ឯង​ទៅ» លុះ​គាត់​ចេញ​ពី​ដំណាក់​ស្តេច​ហើយ នោះ​ក៏​មាន​គេ​នាំ​យក​ម្ហូប‌ម្ហា​ពី​ស្តេច​ទៅ​ជូន​គាត់។ 9ប៉ុន្តែ អ៊ូរី​គាត់​ទៅ​ដេក​ជា‌មួយ​ពួក​មហា‌តលិក​របស់​ម្ចាស់​ខ្លួន នៅ​ត្រង់​មុខ​មាត់​ទ្វារ​ដំណាក់ មិន​បាន​ទៅ​ផ្ទះ​ខ្លួន​ទេ។ 10មាន​គេ​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «អ៊ូរី​មិន​បាន​ចូល​ផ្ទះ​ទេ» ព្រះ​បាទ​ដាវីឌ​សួរ​អ៊ូរី​ថា៖ «តើ​ឯង​មិន​បាន​មក​ពី​ឆ្ងាយ​ទេ​ឬ? ដូច្នេះ ម្តេច​ក៏​មិន​ចុះ​ទៅ​ផ្ទះ?» 11អ៊ូរី​ទូល​ឆ្លើយ​ថា៖ «ហិប​របស់​ព្រះ និង​ពួក​អ៊ីស្រា‌អែល ពួក​យូដា សុទ្ធ​តែ​នៅ​ក្នុង​បង្ហា ព្រម​ទាំង​យ៉ូអាប់​ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ និង​ពួក​ពល​របស់​ទ្រង់ ជា​ម្ចាស់​នៃ​ទូល‌បង្គំ ក៏​សុទ្ធ​តែ​ដេក​នៅ​វាល​ដែរ ដូច្នេះ តើ​ឲ្យ​ទូល‌បង្គំ​ចូល​ទៅ​ផ្ទះ និង​ទទួល​ទាន ហើយ​ដេក​ជា‌មួយ​ប្រពន្ធ​ទូល‌បង្គំ​ម្តេច​កើត? ទូល​បង្គំ​ស្បថ បើ​ព្រះ‌ជន្ម និង​ព្រលឹង​ព្រះករុណា​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ​ថា ទូល‌បង្គំ​មិន​ធ្វើ​ដូច្នោះ​ឡើយ»។ 12ពេល​នោះ ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «បើ​ដូច្នេះ ថ្ងៃ​នេះ ឯងស្នាក់​នៅ​ទី​នេះ​ទៀត​ចុះ ហើយ​ដល់​ថ្ងៃ​ស្អែក ឯង​ត្រូវ​ត្រឡប់​ទៅ​វិញ»។ ដូច្នេះ អ៊ូរី​ក៏​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡិម​ក្នុង​ថ្ងៃ​នោះ ហើយ​ថ្ងៃ​ស្អែក​ទៀត។ 13ព្រះបាទ​ដាវីឌ​បាន​ហៅ​គាត់​មក ហើយ​គាត់​ក៏​បរិ‌ភោគ​ជា​មួយ​ស្ដេច ទ្រង់​បំផឹក​ឲ្យ​គាត់​ស្រវឹង ដល់​ល្ងាច​គាត់​ចេញ​ទៅ​ដេក​នៅ​គ្រែ​ជា‌មួយ​ពួក​មហា‌តលិក​របស់​ម្ចាស់​ខ្លួន​ទៀត មិន​បាន​ទៅ​ផ្ទះ​ឡើយ។
ព្រះបាទ​ដាវីឌធ្វើឲ្យអ៊ូរី​ត្រូវ​ស្លាប់
14ដល់​ព្រឹក​ឡើង ព្រះបាទ​ដាវីឌ​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​យ៉ូអាប់​តាម​រយៈ​អ៊ូរី 15ក្នុង​សំបុត្រ​នោះ​មាន​សេចក្ដី​បង្គាប់​ថា៖ «ចូរ​ឲ្យ​អ៊ូរី​មាន​កន្លែង​ក្នុង​ពួក​ទ័ព​ខាង​មុខ ត្រង់​កន្លែង​ដែល​កំពុង​ច្បាំង​គ្នា​ជា​ខ្លាំង រួច​ថយ​ចោល​គាត់​ទៅឲ្យ​គេ​បាន​វាយ​សម្លាប់»។
16ដូច្នេះ យ៉ូអាប់​ក៏​សង្កេត​មើល​ទី​ក្រុង រួច​ចាត់​អ៊ូរី​ឲ្យ​ទៅ​កន្លែង​មួយ ដែល​លោក​ដឹង​ថា មាន​មនុស្ស​ក្លាហាន​នៅ។ 17ពួក​ទ័ព​ក្នុង​ក្រុង​នោះ​ក៏​ចេញ​មក​ច្បាំង​នឹង​យ៉ូអាប់ ហើយ​មាន​ពួក​ពល‌ទ័ព​របស់​ព្រះបាទ​ដាវីឌ​ខ្លះ​បាន​ដួល​ស្លាប់ ឯ​អ៊ូរី​ជា​សាសន៍​ហេត​គាត់​ក៏​ស្លាប់​ដែរ។ 18យ៉ូអាប់​ចាត់​ម្នាក់​ឲ្យ​នាំ​ដំណឹង​ទៅ​ទូល​ព្រះបាទ​ដាវីឌ​ពី​រឿង​ចម្បាំង។ 19លោក​បង្គាប់​អ្នក​នោះ​ថា៖ «ពេល​ឯង​ទូល​ពី​រឿង​ចម្បាំង​ដល់​ស្តេច​រួច​ហើយ 20ពេល​នោះ ប្រសិន‌បើ​ស្ដេច​ក្រោធ ហើយ​បន្ទោស​ថា "ហេតុ​អ្វី​បាន​ជា​ចូល​ទៅ​ច្បាំង ជិត​ទី​ក្រុង​ម៉្លេះ? តើ​ឯង​មិន​ដឹង​ជា​គេ​នឹង​បាញ់​ពី​លើ​កំផែង​មក​ទេ​ឬ? 21តើ​អ្នក​ណា​បាន​សម្លាប់​អ័ប៊ី‌ម៉ាឡិច ជា​កូន​យេរូ​បេសេថ? តើ​មិន​មែន​ជា​ស្រី​ដែល​ទម្លាក់​ត្បាល់‌កិន​ពី​លើ​កំផែង​មក​លើ​វា ឲ្យ​ស្លាប់​នៅ​ត្រង់​ថេ‌បេស​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​ចូល​ទៅ​ជិត​កំផែង​យ៉ាង​ដូច្នេះ?" នោះ​ឯង​ត្រូវ​ទូល​ឆ្លើយ​យ៉ាង​នេះ​ថា "អ៊ូរី សាសន៍​ហេត ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា ក៏​បាន​ស្លាប់​ដែរ"»។
22អ្នក​នាំ​ដំណឹង​ទៅ​ទូល​ដល់​ព្រះបាទ​ដាវីឌ តាម​សេចក្ដី​ដែល​យ៉ូអាប់​បាន​បង្គាប់​គ្រប់​ប្រការ។ 23គាត់​ទូល​ថា៖ «ពួក​ពល​មាន​កម្លាំង​ជាង​ពួក​ទូល‌បង្គំ គេ​ចេញ​មក​ដល់​ទូល‌បង្គំ​ទាំង‌ឡាយ​នៅ​ឯ​វាល ហើយ​ពួក​ទូល‌បង្គំ​ក៏​ដេញ​គេ​ទៅ​វិញ រហូត​ដល់​ទ្វារ​ក្រុង។ 24ពេល​នោះ ពួក​ពល​ធ្នូ​បាញ់​ពី​លើ​កំផែង​មក​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​មាន​ពួក​អ្នក​បម្រើ​ខ្លះ​របស់​ព្រះ‌ករុណា​បាន​ស្លាប់ ឯ​អ៊ូរី សាសន៍​ហេត ជា​អ្នក​បម្រើ​របស់​ទ្រង់ ក៏​ស្លាប់​ដែរ»។ 25ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​ដែល​នាំ​ដំណឹង​មក​ថា៖ «អ្នក​ត្រូវ​ទៅ​ប្រាប់​យ៉ូអាប់​វិញ ដូច្នេះ​ថា "កុំ​តូច​ចិត្ត​ពី​ការ​នោះ​ឡើយ ព្រោះ​ដាវ​តែង​ប្រហារ​ទាំង​សង​ខាង ចូរ​ខំ​ប្រឹង​ច្បាំង​នឹង​ក្រុង​នោះ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង ហើយ​ចាប់​យក​ឲ្យ​បាន" ចូរ​ឯង​និយាយ​លើកទឹក​ចិត្ត​លោក​ផង»។
26កាល​ប្រពន្ធ​អ៊ូរី​បាន​ឮ​ថា​ប្តី​ស្លាប់​ហើយ នាង​ក៏​យំ​សោក​នឹង​ប្តី 27លុះ​វេលា​កាន់​ទុក្ខ​បាន​គ្រប់​កំណត់​ហើយ ព្រះបាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ទទួល​នាង​មក​នៅ​ក្នុង​ដំណាក់ នាង​ក៏​ធ្វើ​ជា​ភរិយារបស់​ស្ដេច ហើយ​បង្កើត​បាន​បុត្រា​មួយ​អង្គ​ថ្វាយ​ទ្រង់ តែ​អំពើ​ដែល​ដាវីឌ​បាន​ប្រព្រឹត្ត​នោះ ទាស់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌យេហូវ៉ា​ណាស់។

ទើបបានជ្រើសរើសហើយ៖

២ សាំ‌យូ‌អែល 11: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល