២ សាំយូអែល 9
9
1គ្រានោះ ដាវីឌមានបន្ទូលសួរថា តើមានពូជពង្សរបស់សូលសល់នៅឬទេ ដើម្បីឲ្យយើងបានសំដែងសេចក្ដីករុណាដល់អ្នកនោះ ដោយយល់ដល់យ៉ូណាថាន 2រីឯនៅក្នុងពួកដំណាក់សូល មានអ្នកបំរើម្នាក់ឈ្មោះស៊ីបា គេក៏ហៅអ្នកនោះមកឯដាវីឌ រួចទ្រង់មានបន្ទូលសួរថា តើឯងឈ្មោះស៊ីបាឬអី អ្នកនោះឆ្លើយថា ព្រះករុណាវិសេស គឺទូលបង្គំនេះហើយ 3នោះស្តេចទ្រង់មានបន្ទូលសួរថា តើមានពូជពង្សរបស់សូលណាមួយសល់នៅឬទេ ដើម្បីឲ្យយើងបានសំដែងសេចក្ដីករុណានៃព្រះដល់អ្នកនោះ ស៊ីបាទូលឆ្លើយថា នៅមានម្នាក់ខ្វិនជើង ជាបុត្រនៃយ៉ូណាថាន 4ស្តេចទ្រង់មានបន្ទូលសួរថា តើនៅឯណា រួចស៊ីបាទូលតបថា លោកនៅឯផ្ទះម៉ាគារ ជាកូនអាំមាល ដែលនៅក្រុងឡូរ-ដេបារ 5នោះស្តេចដាវីឌទ្រង់ក៏ចាត់គេ ឲ្យទៅនាំលោកពីផ្ទះម៉ាគារ ជាកូនអាំមាល ជាអ្នកដែលនៅក្រុងឡូរ-ដេបារនោះមក 6ដូច្នេះ មភីបូសែត ជាបុត្រានៃ យ៉ូណាថាន ដែលជាបុត្រាសូល ក៏មកឯដាវីឌទំលាក់ខ្លួនក្រាបចុះផ្កាប់មុខថ្វាយបង្គំ រួចដាវីឌទ្រង់មានបន្ទូលថា មភីបូសែតអើយ លោកក៏ទូលឆ្លើយថា បពិត្រព្រះករុណាវិសេស 7នោះដាវីឌមានបន្ទូលថា កុំខ្លាចអ្វីឡើយ ដ្បិតយើងនឹងសំដែងសេចក្ដីករុណាដល់អ្នក ដោយយល់ដល់យ៉ូណាថានបិតាអ្នក ហើយយើងនឹងប្រគល់អស់ទាំងស្រែចំការរបស់សូលជាជីតាដល់អ្នក តែឯខ្លួនអ្នក នឹងបរិភោគនៅតុជាមួយនឹងយើងជានិច្ច 8នោះលោកក៏ក្រាបថ្វាយបង្គំទូលថា តើបាវបំរើនៃទ្រង់នេះជាអ្វី បានជាទ្រង់ព្រមក្រឡេកមើលមកទូលបង្គំ ដែលទុកដូចជាឆ្កែស្លាប់នេះ។
9ស្តេចទ្រង់ក៏មានបន្ទូលហៅស៊ីបា ជាបាវបំរើរបស់សូលមកត្រាស់បង្គាប់ថា បណ្តារបស់ទ្រព្យទាំងប៉ុន្មានដែលជារបស់សូល នឹងពូជពង្សទ្រង់ នោះអញប្រគល់ឲ្យដល់បុត្រារបស់ចៅហ្វាយឯងនេះហើយ 10ត្រូវឲ្យឯងភ្ជួររាស់ស្រែចំការនោះឲ្យលោក ព្រមទាំងកូនចៅឯង ហើយពួកបាវបំរើរបស់ឯងទាំងអស់គ្នាផង ត្រូវប្រមូលផលផ្លែយកមក ជូនបុត្រារបស់ចៅហ្វាយឯងបានអាហារបរិភោគ ប៉ុន្តែឯមភីបូសែត ជាបុត្រាចៅហ្វាយឯង លោកនឹងបរិភោគនៅតុជាមួយនឹងអញជានិច្ច រីឯស៊ីបា មានកូនប្រុស១៥នាក់ នឹងបាវ២០នាក់ 11នោះស៊ីបាទូលទៅស្តេចថា ទូលបង្គំ ជាបាវបំរើទ្រង់ នឹងធ្វើតាមគ្រប់ទាំងសេចក្ដីដែលទ្រង់ព្រះករុណា ជាអម្ចាស់នៃទូលបង្គំ បានមានបន្ទូលប្រាប់មក តែចំណែកមភីបូសែតនោះ ទ្រង់មានបន្ទូលថា លោកត្រូវបរិភោគនៅតុយើង ទុកដូចជាបុត្រណាមួយរបស់ស្តេច 12ឯមភីបូសែត លោកមានកូនប្រុស១ឈ្មោះមីកា ហើយអស់ពួកអ្នកដែលនៅក្នុងផ្ទះស៊ីបា នោះសុទ្ធតែជាបាវបំរើរបស់មភីបូសែតទាំងអស់ 13ដូច្នេះមភីបូសែតលោកក៏នៅក្រុងយេរូសាឡិមទៅ ដោយព្រោះលោកត្រូវបរិភោគនៅតុនៃស្តេច ហើយលោកខ្វិនជើងទាំង២។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 9: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.