២ សាំយូអែល 10
10
1ក្រោយនោះមក ស្តេចនៃពួកកូនចៅអាំម៉ូនទ្រង់អស់ព្រះជន្មទៅ ហើយហានូន ជាបុត្រាទ្រង់ ក៏ឡើងសោយរាជ្យជំនួស 2នោះដាវីឌទ្រង់ព្រះដំរិះថា អញនឹងសំដែងសេចក្ដីសប្បុរស ដល់ហានូន កូនណាហាស ដូចជាបិតាលោកបានសំដែងដល់អញដែរ ដូច្នេះ ដាវីឌក៏ចាត់ពួករាជទូត ឲ្យទៅជួយកំសាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ដាវីឌ ក៏ចូលទៅក្នុងស្រុកនៃពួកកូនចៅអាំម៉ូន 3ប៉ុន្តែពួកមេរបស់កូនចៅអាំម៉ូន ទូលដល់ហានូនជាម្ចាស់គេថា ទ្រង់ជឿថា ដាវីឌចង់លើកមុខបិតាទ្រង់ដោយចាត់ពួកនេះមកជួយកំសាន្តទុក្ខទ្រង់ឬអី ឯគំនិតដាវីឌ ដែលចាត់ពួកទូតនេះ ឲ្យមកដូច្នេះ គឺដើម្បីតែនឹងឈ្លបលប ហើយសង្កេតមើលទីក្រុង រួចរំលំចេញប៉ុណ្ណោះវិញទេតើ 4ដូច្នេះ ហានូនក៏ចាប់ពួកទូតរបស់ដាវីឌ កោរពុកចង្កាគេ១ចំហៀង ក៏កាត់អាវគេផ្តាច់ផ្នែកខាងក្រោមនៅត្រឹមគូថ រួចលែងឲ្យទៅវិញ 5កាលដំណឹងនោះបានជ្រាបដល់ដាវីឌ នោះទ្រង់ក៏ចាត់មនុស្សឲ្យទៅទទួល ដ្បិតគេមានសេចក្ដីខ្មាសណាស់ ស្តេចទ្រង់បង្គាប់ថា ចូរស្នាក់នៅក្រុងយេរីខូរសិនចុះ ចាំទំរាំពុកចង្កាដុះជាថ្មីឡើង រួចសឹមត្រឡប់មកវិញ។
6កាលពួកកូនចៅអាំម៉ូនឃើញថា ដាវីឌត្រឡប់ជាខ្ពើមគេហើយ នោះគេក៏ចាត់ឲ្យទៅជួលពួកសាសន៍ស៊ីរី ពីក្រុងបេត-រេហុប នឹងពីក្រុងសូបា បានពលថ្មើរជើង២ម៉ឺននាក់ នឹងស្តេចស្រុកម្អាកា ព្រមទាំងពល១ពាន់នាក់ ហើយពួកស្រុកថូប១ម៉ឺន២ពាន់នាក់ទៀត 7កាលដាវីឌបានជ្រាបហើយ នោះទ្រង់ចាត់យ៉ូអាប់ នឹងពួកពលខ្លាំងពូកែទាំងអស់ឲ្យទៅ 8ឯពួកកូនចៅអាំម៉ូន គេក៏ចេញមកត្រៀមពល នៅត្រង់មាត់ទ្វារក្រុងដើម្បីច្បាំង ឯពួកសាសន៍ស៊ីរីពីក្រុងសូបា នឹងក្រុងរេហុប ហើយពួកថូប នឹងពួកស្តេចម្អាកា គេនៅឯវាលដោយឡែក។
9រីឯយ៉ូអាប់ កាលឃើញថា គេចោមច្បាំងនឹងលោកពីខាងមុខខាងក្រោយដូច្នោះ នោះលោកក៏រើសយកពួកជ្រើសរើសក្នុងពួកអ៊ីស្រាអែល ចាត់ទៅឲ្យដំរៀបគ្នា តនឹងពួកស៊ីរី 10ឯបណ្តាទ័ពដែលសល់នៅ នោះក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយ ជាប្អូន ហើយប្អូនក៏ដំរៀបពលតនឹងពួកកូនចៅអាំម៉ូន 11លោកប្រាប់ថា បើសិនជាពួកស៊ីរីមានកំឡាំងហួសពេក អញឈ្នះគេមិនបាន នោះចូរឯងមកជួយអញផង បើពួកកូនចៅអាំម៉ូនមានកំឡាំងហួសពេក ឯងឈ្នះគេមិនបាន នោះអញនឹងទៅជួយឯងវិញ 12ចូរឲ្យយើងរាល់គ្នាមានចិត្តក្លាហានឡើង ហើយមានកំឡាំងចុះ ដោយព្រោះសាសន៍យើង នឹងទីក្រុងរបស់ព្រះនៃយើងផង សូមឲ្យព្រះយេហូវ៉ាសំរេចសេចក្ដី តាមព្រះហឫទ័យទ្រង់ចុះ 13ដូច្នេះ យ៉ូអាប់ នឹងពួកពល ដែលនៅជាមួយក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ 14កាលពួកកូនចៅអាំម៉ូនបានឃើញថា ពួកស៊ីរីបាក់ទ័ពហើយ នោះគេក៏រត់ចេញពីមុខអ័ប៊ីសាយដែរ នាំគ្នាចូលទៅក្នុងទីក្រុងវិញ រួចយ៉ូអាប់ក៏ត្រឡប់ពីពួកកូនចៅអាំម៉ូន វិលទៅឯក្រុងយេរូសាឡិមវិញ។
15កាលពួកស៊ីរីឃើញថា បានចាញ់ពួកអ៊ីស្រាអែលហើយ នោះគេក៏មូលគ្នា 16ហើយហាដារេស៊ើរចាត់ទូតឲ្យទៅអង្វរបានពួកស៊ីរី ដែលនៅខាងនាយទន្លេ នាំចេញមកជួយ ក៏ទន្ទ្រានចូលស្រុកហេឡាម មានសូបាក ជាមេទ័ពធំរបស់ហាដារេស៊ើរ ជាអ្នកនាំមុខ 17កាលដាវីឌទ្រង់ជ្រាប នោះក៏ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ ឆ្លងទន្លេយ័រដាន់ ទៅដល់ស្រុកហេឡាម ពួកស៊ីរីគេក៏ត្រៀមពលតនឹងដាវីឌ 18តែគេបាក់ទ័ពរត់ចេញពីមុខពួកអ៊ីស្រាអែលទៅ ហើយដាវីឌបានសំឡាប់ពួកគេ ដែលនៅរទេះចំបាំងអស់៧០០រទេះ នឹងពួកពលសេះ៤ម៉ឺននាក់ ក៏ប្រហារសូបាក ជាមេទ័ពគេ ឲ្យស្លាប់នៅទីនោះដែរ 19កាលពួកស្តេចទាំងប៉ុន្មាន ដែលនៅក្រោមអំណាចហាដារេស៊ើរឃើញថា ខ្លួនចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏ចងជាស្ពានមេត្រីនឹងពួកអ៊ីស្រាអែល ហើយចំណុះគេវិញ ដូច្នេះ ពួកស៊ីរីមិនហ៊ានជួយពួកកូនចៅអាំម៉ូនទៀតឡើយ។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 10: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.