២ សាំយូអែល 22:1-51

២ សាំយូអែល 22:1-51 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពេល​ព្រះ‌អម្ចាស់​រំដោះ​ព្រះ‌បាទ​ដាវីឌ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​សូល​ហើយ ព្រះ‌បាទ​ដាវីឌ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ការពារ​ខ្ញុំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ជា​ព្រះ​ដែល​រំដោះ​ខ្ញុំ។ ព្រះ‌ជាម្ចាស់​ជា​ថ្ម‌ដា​សម្រាប់​ឲ្យ​ខ្ញុំ​ពឹង​ជ្រក ព្រះអង្គ​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ខ្ញុំ និង​ជា​ជម្រក​ដ៏​រឹង‌មាំ​របស់​ខ្ញុំ។ ព្រះអង្គ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ជន​ឃោរ‌ឃៅ។ ពេល​ខ្ញុំ​ស្រែក​រក​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ខ្ញុំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ខ្ញុំ សូម​លើក​តម្កើង​ព្រះ‌អម្ចាស់! សេចក្ដី​ស្លាប់​រួប‌រឹត​ខ្ញុំ រីឯ​សេចក្ដី​វិនាស​អន្តរាយ​ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។ សេចក្ដី​ស្លាប់​នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ ប្រៀប​បី​ដូច​ជា សំណាញ់​ដែល​គេ​បោះ​មក​លើ​ខ្ញុំ។ នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ព្រះ‌អម្ចាស់ ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំ ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ ហើយ​ស្នូរ​សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ ព្រះ‌កាណ៌​របស់​ព្រះអង្គ។ នៅ​ពេល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ ផែនដី​កក្រើក​ញាប់‌ញ័រ ផ្ទៃ​មេឃ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា។ មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ព្រះ‌នាសា របស់​ព្រះអង្គ ព្រះអង្គ​ផ្លុំ​ភ្លើង​ដែល​ឆាប‌ឆេះ​ចេញ​មក ហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មក​ពី ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ​ដែរ។ ព្រះអង្គ​ផ្អៀង​ផ្ទៃ​មេឃ ទ្រង់​យាង​ចុះ​មក ដោយ​មាន​ពពក​យ៉ាង​ក្រាស់​នៅ​ពី​ក្រោម ព្រះ‌បាទា​ផង។ ព្រះអង្គ​យាង​គង់​លើ​ចេរូប៊ីន* ហើយ​ហោះ​មក ព្រះអង្គ​យាង​ចេញ​មក ដោយ​គង់​នៅ​លើ វាយោ​ដូច​គង់​នៅ​លើ​ស្លាប​បក្សី។ ព្រះអង្គ​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួន ហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ដោយ​ទឹក ធ្វើ​ជា​ព្រះ‌ពន្លា។ មាន​ផ្លេក​បន្ទោរ​ភ្លឺ​នៅ​ខាង​មុខ​ព្រះអង្គ ហើយ​មាន​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ផ្គរ‌លាន់​នៅ​លើ​មេឃ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បន្លឺ​ព្រះ‌សូរសៀង​មក​ពី​លើ។ ព្រះអង្គ​បាញ់​ព្រួញ​ទៅ​លើ​ខ្មាំង​សត្រូវ ដើម្បី​កម្ចាត់‌កម្ចាយ​ពួក​គេ។ ព្រះអង្គ​បាញ់​ផ្លេក​បន្ទោរ ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។ ដោយ‌សារ​ព្រះ‌បន្ទូល​គំរាម​របស់​ព្រះ‌អម្ចាស់ និង​ដោយ‌សារ​ខ្យល់​ព្យុះ​ដែល​បក់​ចេញ​មក​ពី ព្រះ‌នាសា​របស់​ព្រះអង្គ បាត​សមុទ្រ​លេច​ចេញ​មក ហើយ​គ្រឹះ​របស់​ផែនដី​ក៏​លេច​មក​ដែរ។ ព្រះអង្គ​បាន​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រក​ខ្ញុំ ព្រះអង្គ​ស្រង់​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​ទឹក​សមុទ្រ ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ ដ៏​ខ្លាំង​ពូកែ និង​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ហើយ​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ​ផង។ នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា អ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំ ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​បង្អែក​ដល់​ខ្ញុំ។ ព្រះអង្គ​បាន​នាំ​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់ ព្រះអង្គ​រំដោះ​ខ្ញុំ មក​ពី​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ។ ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះអង្គ​តប​ស្នង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ហើយ​ខ្ញុំ​មិន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។ ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ ខ្ញុំ​មិន​បំពាន​លើ​ច្បាប់​របស់​ព្រះអង្គ​ទេ។ ព្រះអង្គ​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មង ហើយ​ខ្ញុំ​បាន​ប្រុង​ប្រយ័ត្ន​ខ្លួន មិន​ឲ្យ​មាន​កំហុស​ឡើយ។ ហេតុ​នេះ ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ខ្ញុំ ស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ព្រោះ​ព្រះអង្គ​ឈ្វេង​យល់​ថា​ខ្ញុំ​ប្រព្រឹត្ត អំពើ​បរិសុទ្ធ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ ស្មោះ​ត្រង់​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ​សរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​សរ។ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ព្រះអង្គ​ក៏​សម្តែង​ថា ព្រះអង្គ​បរិសុទ្ធ​ដែរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច‌វេរ​វិញ ព្រះអង្គ​សម្តែង​ថា​ព្រះអង្គ​ឈ្លាស‌វៃ។ ព្រះអង្គ​សង្គ្រោះ​មនុស្ស​ទន់‌ទាប ព្រះអង្គ​ទត​មក​អស់​អ្នក​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ដើម្បី​បន្ទាប​ពួក​គេ។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ពន្លឺ​របស់​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​បំភ្លឺ​ភាព​ងងឹត​របស់ ទូលបង្គំ​ដែរ។ ព្រះអង្គ​ប្រទាន​កម្លាំង​ឲ្យ​ទូលបង្គំ​វាយ​លុក ខ្មាំង​សត្រូវ និង​ឲ្យ​ទូលបង្គំ​អាច​លោត​រំលង កំពែង​ក្រុង​របស់​ពួក​គេ។ មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់​ពិត​ទាំង​ស្រុង ព្រះអង្គ​ជា​ខែល​ការពារ​អស់​អ្នក​ដែល​មក ជ្រក​កោន​នឹង​ព្រះអង្គ។ មាន​តែ​ព្រះ‌អម្ចាស់​មួយ​ទេ​ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់ មាន​តែ​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ពិត​ជា​ថ្ម‌ដា​ឲ្យ​យើង​ជ្រក​កោន។ ព្រះ‌ជាម្ចាស់​ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ព្រះអង្គ​រៀបចំ​មាគ៌ា​របស់​ខ្ញុំ​ឲ្យ​បាន ល្អ​ឥត​ខ្ចោះ។ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​រត់​លឿន ដូច​សត្វ​ក្ដាន់ ហើយ​ឲ្យ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។ ព្រះអង្គ​បង្ហាត់​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ខាង​ធ្វើ​សឹក និង​ឲ្យ​ខ្ញុំ​មាន​កម្លាំង​យឹត​ធ្នូ​លង្ហិន​បាន។ ព្រះអង្គ​ការពារ និង​សង្គ្រោះ​ទូលបង្គំ ព្រះអង្គ​គាំទ្រ​ទូលបង្គំ ហើយ​ព្រះអង្គ​លើក​ទូលបង្គំ​ឡើង ដោយ​ព្រះ‌ហឫទ័យ​មេត្តា។ ព្រះអង្គ​ការពារ​ទូលបង្គំ​មិន​ឲ្យ​ខ្មាំង​សត្រូវ ដេញ​ទាន់ មិន​ឲ្យ​ទូលបង្គំ​ភ្លាត់​ជើង​ដួល​ឡើយ។ ទូលបង្គំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ និង​បំផ្លាញ​ពួក​គេ ហើយ​ទូលបង្គំ​មិន​ត្រឡប់​មក​វិញ​ទេ ដរាប​ទាល់​តែ​បាន​កម្ទេច​ពួក​គេ​អស់។ ទូលបង្គំ​កម្ទេច និង​កាប់​សម្លាប់​ពួក​គេ មិន​ឲ្យ​ពួក​គេ​ក្រោក​ឡើង​វិញ​ឡើយ ពួក​គេ​ដួល​ស្លាប់​នៅ​នឹង​ជើង​របស់​ទូលបង្គំ។ ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កម្លាំង ធ្វើ​សឹក និង​បង្ក្រាប​ខ្មាំង​សត្រូវ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព​រត់ នៅ​មុខ​ទូលបង្គំ ហើយ​ទូលបង្គំ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល ស្អប់​ទូលបង្គំ​វិនាស​សូន្យ​អស់​ទៅ។ ពួក​គេ​នាំ​គ្នា​សម្លឹង​រក​មើល​ជំនួយ តែ​គ្មាន​នរណា​ជួយ​ពួក​គេ​ឡើយ គេ​ស្រែក​ហៅ​ព្រះ‌អម្ចាស់ តែ​ព្រះអង្គ​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ទេ។ ទូលបង្គំ​កម្ទេច​ពួក​គេ​ឲ្យ​ម៉ដ្ត ដូច​ធូលី​ដី ទូលបង្គំ​ជាន់​ឈ្លី​ពួក​គេ​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។ ព្រះអង្គ​បាន​រំដោះ​ឲ្យ​ទូលបង្គំ រួច​ពីការ​បះ‌បោរ​របស់​ប្រជា‌ជន ហើយ​ទុក​ឲ្យ​ទូលបង្គំ​ធ្វើ​ជា​មេ​ដឹក​នាំ លើ​ប្រជា‌ជាតិ​នានា ប្រជា‌ជន​មួយ​ដែល​ទូលបង្គំ​មិន​ធ្លាប់​ស្គាល់ បាន​មក​ចុះ​ចូល​នឹង​ទូលបង្គំ។ ជន​បរទេស​នាំ​គ្នា​ស្ដាប់​បង្គាប់​ទូលបង្គំ ហើយ​ពេល​ទូលបង្គំ​និយាយ​តែ​មួយ​ម៉ាត់ គេ​ក៏​ធ្វើ​តាម​ភ្លាម។ ជន​បរទេស​បាក់​ទឹក​ចិត្ត ហើយ​ចេញ​ពី​ទី​ជម្រក​របស់​គេ​មក ទាំង​ភ័យ​ញាប់​ញ័រ។ ជយោ​ព្រះ‌អម្ចាស់! សូម​សរសើរ​តម្កើង​ព្រះអង្គ ដែល​ជា​ថ្ម‌ដា​របស់​ទូលបង្គំ! សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ថ្ម‌ដា ដែល​បាន​សង្គ្រោះ​ទូលបង្គំ! ដ្បិត​ព្រះអង្គ​បាន​ឲ្យ​ទូលបង្គំ​មាន​ជ័យ‌ជម្នះ លើ​ខ្មាំង​សត្រូវ ព្រះអង្គ​បាន​បន្ទាប​ប្រជា‌ជន​នានា ឲ្យ​មក​នៅ​ក្រោម​អំណាច​ទូលបង្គំ ហើយ​ព្រះអង្គ​បាន​ដក​ខ្ញុំ​ឲ្យ​រួច​ផុត​ពី កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ! ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ខ្ពស់​ជាង បច្ចា‌មិត្ត​របស់​ទូលបង្គំ និង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មនុស្ស ឃោរ‌ឃៅ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​សរសើរ​តម្កើង ព្រះអង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​នឹង​ច្រៀង លើក​តម្កើង​ព្រះ‌នាម​របស់​ព្រះអង្គ។ ព្រះអង្គ​ប្រទាន​ការ​សង្គ្រោះ​ដ៏​ធំ‌ធេង ដល់​ស្ដេច​ដែល​ព្រះអង្គ​បាន​តែង‌តាំង។ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ ស្ដេច​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិ‌សេក គឺ​ចំពោះ​ស្ដេច​ដាវីឌ និង​ពូជ‌ពង្ស រៀង​រហូត​ត​ទៅ»។

២ សាំយូអែល 22:1-51 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​ដាវីឌ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​សូល ព្រះ‌បាទ​ដាវីឌ​បាន​ពោល​ទំនុក​ទូល​ព្រះ‌យេហូវ៉ា​ថា៖ ព្រះ‌យេហូវ៉ា​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូល‌បង្គំ ព្រះ‌អង្គ​ជា​អ្នក​ជួយ​ទូល‌បង្គំ​ឲ្យ​រួច ព្រះ‌អង្គ​ជា​ថ្មដា​នៃ​ទូល‌បង្គំ ទូលបង្គំ​នឹង​យក​ព្រះ‌អង្គ​ជា​ទី​ពឹង ព្រះ‌អង្គ​ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូល‌បង្គំ ជា​ជម្រក​ដ៏​រឹង​មាំ និង​ជា​ទី​ជ្រក‌កោន​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ជា​អង្គ​សង្គ្រោះ ដែល​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​អំពើ​ឃោរឃៅ។ ទូល‌បង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​គាប់​គួរ​សរសើរ យ៉ាង​នោះ​ទូល‌បង្គំ​នឹង​បាន​សង្គ្រោះ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ​ហើយ។ ដ្បិត​រលក​នៃ​សេចក្ដី​ស្លាប់​បាន​ព័ទ្ធ​ជុំ​វិញ​ទូល‌បង្គំ អំពើ​ទុច្ចរិត​បាន​ហូរ​ជន់​ឡើង បំភ័យ​ទូល‌បង្គំ។ ខ្សែ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ បាន​រុំ​ជុំ​វិញ​ទូល‌បង្គំ ខ្សែ​រូត​នៃ​សេចក្ដី​ស្លាប់ បាន​ស្ទះ​ផ្លូវ​ទូល‌បង្គំ​ហើយ។ នៅ​គ្រា​មាន​សេចក្ដី​វេទនា នោះ​ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា គឺ​បាន​ស្រែក​រក​ព្រះ​នៃ​ទូល‌បង្គំ ទ្រង់​ក៏​ឮ​សំឡេង​ទូល‌បង្គំ​ពី​ក្នុង​ព្រះ‌វិហារ របស់​ព្រះ‌អង្គ សម្រែក​របស់​ទូល‌បង្គំ បាន​ឮ​នៅ​ព្រះ‌កាណ៌​របស់​ព្រះ‌អង្គ។ ពេល​នោះ ផែនដី​បាន​ញ័រ​កក្រើក ឫស​ផ្ទៃ​មេឃ​ក៏​រំពើក ហើយ​ត្រូវ​រញ្ជួយដោយ​ព្រោះ​ព្រះ‌អង្គ មាន​សេចក្ដី​ក្រោធ។ មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ផ្លុំ​ភ្លើង​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ ហើយ​ក៏​មាន​រងើក​ភ្លើង​ព្រួស​ចេញ​ពី​ព្រះ‌ឧស្ឋ របស់​ព្រះ‌អង្គ​មក​ដែរ។ ព្រះ‌អង្គ​បាន​បន្ទាប​ផ្ទៃ​មេឃ​យាង​ចុះ​មក មាន​ងងឹត​យ៉ាង​ក្រាស់​នៅ​ក្រោម​ព្រះ‌បាទ របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​គង់​លើ​ចេរូ‌ប៊ីម​ហោះ​មក ឃើញ​ព្រះ‌អង្គ​ដូច​ជា​គង់​លើ​ស្លាប​របស់​ខ្យល់។ ព្រះ‌អង្គ​បាន​យក​ភាព​ងងឹត​ធ្វើ​ជា​ព្រះ‌ពន្លា បាំង​ជុំ​វិញ​ព្រះ‌អង្គ គឺ​មាន​ពពក​យ៉ាង​ក្រាស់​ពេញ​ដោយ​ទឹក​ផ្ដុំ​គ្នា។ មាន​ផ្លេក‌បន្ទោរ​ភ្លឺ​ព្រាកៗ​នៅ​ពី​មុខ​ព្រះ‌អង្គ ហើយ​មាន​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។ ព្រះ‌យេហូវ៉ា​បាន​បញ្ចេញ​ផ្គរ​ពី​លើ​មេឃ ព្រះ​ដ៏​ខ្ពស់​បំផុត​បន្លឺ​ព្រះ‌សូរ‌សៀង។ ព្រះ‌អង្គ​បាញ់​ព្រួញ​ទៅ​កម្ចាត់​កម្ចាយ​គេ និង​រន្ទះ​ទៅ​បំបាក់​គេ​ដែរ។ ពេល​នោះ បាត​សមុទ្រ​ក៏​លេច​ឡើង ហើយ​ឫស​នៃ​លោកីយ៍​ក៏​បាន​លេច​ឲ្យ​ឃើញ​ដែរ ដោយ​សារ​ព្រះ‌យេហូវ៉ា​បាន​គំរាម គឺ​មាន​ខ្យល់​បក់​គំហុក​ចេញ​ពី​ព្រះ‌នាសា របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ ឲ្យ​មក​ចាប់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​ស្រង់​ទូល​បង្គំ​ចេញ​ពី​ទឹក​ធំ។ ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​យ៉ាង​ខ្លាំង​របស់​ទូល‌បង្គំ គឺ​ពី​ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ ដ្បិត​គេ​មាន​កម្លាំង​ខ្លាំង​ជាង​ទូល‌បង្គំ។ នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​មាន​សេចក្ដី​អន្ត‌រាយ នោះ​គេ​បាន​មក​ស្ទាក់​ផ្លូវ​ទូល‌បង្គំ តែ​ព្រះ‌យេហូវ៉ា​ជា​ជន្ទល់​នៃ​ទូល‌បង្គំ។ ព្រះ‌អង្គ​បាន​នាំ​ទូល‌បង្គំ​ចេញ​ទៅ​នៅ​ទី​ធំ​ទូ‌លាយ ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច ដោយ​ព្រោះ​ព្រះ‌អង្គ​ស្រឡាញ់​ទូល‌បង្គំ។ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់ តាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​សង​ទូល‌បង្គំ តាម​សេចក្ដី​បរិសុទ្ធ​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត។ ដ្បិត​ទូល‌បង្គំ​បាន​ប្រតិបត្តិ​តាម​ផ្លូវ របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​ដែល​ឃ្លាត​ចេញ​ពី​ព្រះ​នៃ​ទូល‌បង្គំ ដោយ​ប្រព្រឹត្ត​ការ​អាក្រក់​ឡើយ។ ព្រោះ​គ្រប់​បញ្ញត្តិ​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​មិន​បាន​ងាក​ចេញ​ពី​ក្រឹត្យ របស់​ព្រះ‌អង្គ​ណា​មួយ​សោះ។ ទូល‌បង្គំ​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​បាន​រក្សា​ខ្លួន​ឲ្យ​រួច​ពី​ការ​អាក្រក់​របស់​ទូល‌បង្គំ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​ប្រទាន​រង្វាន់​មក តាម​សេចក្ដី​ទៀង​ត្រង់​របស់​ទូល‌បង្គំ គឺ​តាម​សេចក្ដី​បរិសុទ្ធ​របស់​ទូល‌បង្គំ នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​សម្ដែង​សេចក្ដី​មេត្តា ចំពោះ​អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា ហើយ​សម្ដែង​សេចក្ដី​គ្រប់​លក្ខណ៍ ចំពោះ​អ្នក​ណា​ដែល​គ្រប់​លក្ខណ៍ ព្រះ‌អង្គ​សម្ដែង​សេចក្ដី​បរិសុទ្ធ ចំពោះ​អ្នក​ណា​ដែល​បរិសុទ្ធ តែ​ព្រះ‌អង្គ​ត​យុទ្ធ​នឹង​មនុស្ស​ក្រវិច‌ក្រវៀន​វិញ។ ព្រះ‌អង្គ​សង្គ្រោះ​មនុស្ស​ដែល​បន្ទាប​ខ្លួន តែ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទត​មើល​ពួក​ឆ្មើង‌ឆ្មៃ ដើម្បី​បន្ទាប​គេ​ចុះ។ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ចង្កៀង​នៃ​ទូល‌បង្គំ ព្រះ‌យេហូវ៉ា​បំភ្លឺ​ក្នុង​ទី​ងងឹត​របស់​ទូល‌បង្គំ។ ដោយ‌សារ​ពឹង​ដល់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​អាច​រត់​ចូល​ទៅ​តទល់​នឹង​កង‌ទ័ព ហើយ​ដោយ‌សារ​ព្រះ​នៃ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​អាច​លោត​រំលង​កំផែង​បាន។ ផ្លូវ​របស់​ព្រះ​សុទ្ធ​តែ​គ្រប់​លក្ខណ៍ ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា បាន​សាក​មើល​ដែរ ព្រះ‌អង្គ​ជា​ខែល​ដល់​អស់​អ្នក​ណា ដែល​ជ្រក​ក្នុង​ព្រះ‌អង្គ។ តើ​អ្នក​ណា​ជា​ព្រះ ក្រៅ​ពី​ព្រះ‌យេហូវ៉ា? ហើយ​តើ​អ្នក​ណា​ជា​ថ្មដា ក្រៅ​ពី​ព្រះ​នៃ​យើង​ខ្ញុំ​តែ​មួយ? ព្រះ​ជា​ជម្រក​ដ៏​មាំ‌មួន​របស់​ទូល‌បង្គំ ព្រះ‌អង្គ​នាំ​ទូល‌បង្គំ​តាម​ផ្លូវ​គ្រប់​លក្ខណ៍។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ជើង​ទូល‌បង្គំ បាន​ដូច​ជា​ជើង​ក្តាន់ ហើយ​ដាក់​ឲ្យ​ទូល‌បង្គំ​ឈរ​លើ​ទី​ខ្ពស់ របស់​ទូល‌បង្គំ។ ព្រះ‌អង្គ​បង្ហាត់​ទូល‌បង្គំ ឲ្យ​ស្ទាត់​ជំនាញ​ក្នុង​ចម្បាំង រហូត​ដល់​ដើម​ដៃ​របស់​ទូល‌បង្គំ​មាន​កម្លាំង ដើម្បី​ដំឡើង​ធ្នូ​លង្ហិន​បាន។ ព្រះ‌អង្គ​បាន​ប្រទាន​ខែល​នៃ​ការ​សង្គ្រោះ របស់​ព្រះ‌អង្គ​មក​ទូល‌បង្គំ ហើយ​ព្រះ‌ហឫ‌ទ័យ​ស្រទន់​របស់​ព្រះ‌អង្គ បាន​លើក​ទូល‌បង្គំ​ឡើង​ជា​ធំ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ជំហាន​របស់​ទូល‌បង្គំ ទូលាយ​ចេញ​ទៅ ហើយ​ជើង​ទូល‌បង្គំ​មិន​បាន​រអិល​ភ្លាត់​ឡើយ ទូល‌បង្គំ​បាន​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ ហើយ​បំផ្លាញ​ពួក​គេ ទូល‌បង្គំ​ក៏​មិន​បាន​វិល​មក​វិញ ទាល់​តែ​គេ​ត្រូវ​វិនាស​អស់​រលីង។ ទូល‌បង្គំ​បាន​បំផ្លាញ​ពួក​គេ ទាំង​ចាក់​ទម្លុះ​គេ មិន​ឲ្យ​ក្រោក​ឡើង​វិញ​ឡើយ ពួក​គេ​បាន​ដួល​នៅ​ក្រោម​ជើង​ទូល‌បង្គំ។ ដ្បិត​ព្រះ‌អង្គ​បាន​ក្រវាត់​ទូល‌បង្គំ ដោយ​កម្លាំង​សម្រាប់​ធ្វើ​ចម្បាំង ឯ​ពួក​អ្នក​ដែល​លើក​គ្នា​ឡើង​ទាស់​នឹង​ទូល‌បង្គំ នោះ​ព្រះ‌អង្គ​បាន​បន្ទន់​គេ នៅ​ក្រោម​ទូល‌បង្គំ​វិញ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បែរ​ខ្នង នៅ​មុខ​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​កាត់​ពួក​អ្នក ដែល​ស្អប់​ទូល‌បង្គំ​ចេញ។ គេ​បាន​មើល​ជុំ​វិញ តែ​គ្មាន​អ្នក​ណា​មួយ សម្រាប់​ជួយ​សង្គ្រោះ​គេ​ឡើយ ក៏​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​មិន​បាន​ឆ្លើយ​មក​សោះ។ ទូល‌បង្គំ​បាន​វាយ​គេ​ឲ្យ​ខ្ទេច‌ខ្ទី ដូច​ធូលី​ដី​បាន​ជាន់​ឈ្លី​គេ ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ ហើយ​កម្ចាត់​កម្ចាយ​អស់​ទៅ។ ព្រះ‌អង្គ​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​ការ​ទាស់​ទែង​គ្នា ក្នុង​ប្រជា‌រាស្ត្រ​ទូល‌បង្គំ ព្រះ‌អង្គ​បាន​រក្សា​ទូល‌បង្គំ​ទុក ឲ្យ​ធ្វើ​ជា​មេ​លើ​ប្រជា‌ជាតិ​នានា ប្រជាជន​ដែល​ទូល‌បង្គំ​មិន​បាន​ស្គាល់ គេ​នឹង​មក​ចំណុះ​ទូល‌បង្គំ។ ពួក​សាសន៍​ដទៃ​នឹង​ចុះ​ចូល ស្តាប់​បង្គាប់​ទូល‌បង្គំ កាល​គេ​ឮ​ពាក្យ​បង្គាប់​ជា​មុន​ដំបូង នោះ​គេ​នឹង​ស្តាប់​តាម​ទូល‌បង្គំ​ភ្លាម។ ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​ស្រពោន​បាត់​ទៅ ហើយ​ចេញ​ពី​ទី​ពួន​របស់​គេមក ដោយ​ញាប់‌ញ័រ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់​នៅ សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ថ្ម​ដា​នៃ​ទូល‌បង្គំ ហើយ​សូម​ឲ្យ​ព្រះ​ដ៏​ជា​ថ្មដា នៃ​សេចក្ដី​សង្គ្រោះ​ទូល‌បង្គំ បាន​លើក​ជា​ខ្ពស់​ឡើង គឺ​ជា​ព្រះ​ដែល​សម្រេច​សេចក្ដី​សង‌សឹក ជំនួស​ទូល‌បង្គំ ហើយ​បង្ក្រាប​សាសន៍​ផ្សេងៗ នៅ​ក្រោម​អំណាច​ទូល‌បង្គំ ព្រម​ទាំង​នាំ​ទូល‌បង្គំ​ចេញ​ឲ្យ​រួច ពី​ពួក​ខ្មាំង​សត្រូវ ហើយ​លើក​ទូល‌បង្គំ​ឡើង​យ៉ាង​ខ្ពស់ ជាង​អស់​អ្នក​ដែល​លើក​ខ្លួន​ទាស់​នឹង​ទូល‌បង្គំ ក៏​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង។ ហេតុ​ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​កណ្ដាល​អស់​ទាំង​សាសន៍ និង​ច្រៀង​ទំនុក​សរសើរ​ថ្វាយ​ព្រះ‌នាម របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ប្រោស​សេចក្ដី​សង្គ្រោះ​យ៉ាង​ធំ ដល់​ស្តេច​របស់​ព្រះ‌អង្គ ហើយ​ក៏​សម្ដែង​សេចក្ដី​សប្បុ‌រស​ដល់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង គឺ​ដល់​ដាវីឌ និង​ព្រះ‌រាជ‌វង្ស ជា​រៀង​ដរាប​ត​ទៅ។

២ សាំយូអែល 22:1-51 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​ថ្ងៃ ដែល​ព្រះ‌យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​ដាវីឌ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ពី​កណ្តាប់​ដៃ​នៃ​សូល នោះ​ទ្រង់​ក៏​ពោល​ទំនុក​នេះ​ទូល​ព្រះ‌យេហូវ៉ា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូលបង្គំ ទ្រង់​ជា​អ្នក​ជួយ​ទូលបង្គំ​ឲ្យ​រួច ព្រះ‌ទ្រង់​ជា​ថ្មដា​នៃ​ទូលបង្គំៗ​នឹង​យក​ទ្រង់​ជា​ទី​ពឹង ទ្រង់​ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូលបង្គំ ជា​ប៉ម​យ៉ាង​ខ្ពស់ ហើយ​ជា​ទី​ជ្រក‌កោន​នៃ​ទូលបង្គំ ទ្រង់​ជា​អ្នក​ជួយ​សង្គ្រោះ ដែល​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អំណាច​អាក្រក់ ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គាប់​គួរ​សរសើរ យ៉ាង​នោះ​ទូលបង្គំ​នឹង​បាន​សង្គ្រោះ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ​ហើយ ដ្បិត​រលក​នៃ​សេចក្ដី​ស្លាប់​បាន​ព័ទ្ធ​ជុំវិញ​ទូលបង្គំ សេចក្ដី​ទុច្ចរិត​បាន​ហូរ​ជន់​ឡើង បំភ័យ​ទូលបង្គំ។ ខ្សែ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ បាន​រុំ​រួប​ជុំវិញ​ទូលបង្គំ ខ្សែ‌រូត​នៃ​សេចក្ដី​ស្លាប់​បាន​ស្ទះ​ផ្លូវ​ទូលបង្គំ​ហើយ នៅ​គ្រា​មាន​សេចក្ដី​វេទនា នោះ​ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា គឺ​បាន​ស្រែក​រក​ព្រះ​នៃ​ទូលបង្គំ ទ្រង់​ក៏​ឮ​សំឡេង​នៃ​ទូលបង្គំ​ពី​ក្នុង​ព្រះ‌វិហារ​ទ្រង់ សំរែក​របស់​ទូលបង្គំ​បាន​ឮ​នៅ​ព្រះ‌កាណ៌​ទ្រង់ នោះ​ផែនដី​បាន​ញ័រ​កក្រើក ឫស​ផ្ទៃ​មេឃ​ក៏​រំពើក ហើយ​ត្រូវ​រញ្ជួយ ដោយ​ព្រោះ​ទ្រង់​មាន​សេចក្ដី​ក្រោធ មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​ទ្រង់ ភ្លើង​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក ក៏​ឆេះ​បន្សុស ហើយ​ផុស​ចេញ​ជា​ព្រាក‌ផ្លេកៗ ទ្រង់​បាន​បន្ទាប​ផ្ទៃ​មេឃ​យាង​ចុះ​មក មាន​ងងឹត​យ៉ាង​ក្រាស់ នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់ ទ្រង់​គង់​លើ​ចេរូប៊ីន​ហោះ​មក​ឃើញ​ទ្រង់​គង់​លើ​ស្លាប​នៃ​ខ្យល់ ទ្រង់​បាន​យក​សេចក្ដី​ងងឹត​ធ្វើ​ជា​ព្រះ‌ពន្លា​បាំង​ជុំវិញ​ទ្រង់ គឺ​ជា​ទឹក​រួប‌រួម​គ្នា ហើយ​នឹង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​មេឃ មាន​ព្រាក‌ផ្លេកៗ​បាន​កាត់​ឡើង ដោយ‌សារ​រស្មី​នៅ​ចំពោះ​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​បញ្ចេញ​ជា​ផ្គរ​ពី​លើ​មេឃ ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​បន្លឺ​ព្រះ‌សូរ‌សៀង ក៏​បាញ់​ព្រួញ​នៃ​ទ្រង់​ទៅ​កំចាត់‌កំចាយ​គេ នឹង​រន្ទះ​ទៅ​បំបាក់​គេ​ដែរ នោះ​បាត​សមុទ្រ​ក៏​លេច​ឡើង ហើយ​ឫស​នៃ​លោកីយ​បាន​បើក​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​បន្ទោស គឺ​កាល​ឮ​សូរ​ខ្យល់​គំហុក​ចេញ​ពី​ព្រះ‌នាសា​ទ្រង់។ ទ្រង់​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ ឲ្យ​មក​ចាប់​ទូលបង្គំ​ស្រង់​ចេញ​ពី​ទឹក​ធំ ទ្រង់​បាន​ដោះ​ឲ្យ​ទូលបង្គំ​រួច​ពី​ខ្មាំង​សត្រូវ​យ៉ាង​ខ្លាំង​របស់​ទូលបង្គំ គឺ​ពី​ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ ដ្បិត​គេ​មាន​កំឡាំង​ច្រើន​ជាង​ទូលបង្គំ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​កើត​មាន​សេចក្ដី​អន្តរាយ នោះ​គេ​បាន​មក​ស្ទាក់​ផ្លូវ​ទូលបង្គំ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ជន្ទល់​នៃ​ទូលបង្គំ ទ្រង់​ក៏​បាន​នាំ​ទូលបង្គំ​ចេញ​ទៅ​នៅ​ទី​ធំ​ទូលាយ ទ្រង់​បាន​ដោះ​ទូលបង្គំ​ឲ្យ​រួច ដោយ​ព្រោះ​ទ្រង់​ស្រឡាញ់​ដល់​ទូលបង្គំ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​រង្វាន់ តាម​សេចក្ដី​សុចរិត​របស់​ទូលបង្គំ ទ្រង់​បាន​សង​ទូលបង្គំ​តាម​សេចក្ដី​បរិសុទ្ធ​នៃ​ដៃ​ទូលបង្គំ ដ្បិត​ទូលបង្គំ​បាន​កាន់​តាម​អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​ដែល​ថយ​ក្រោយ​ចេញ​ពី​ព្រះ​នៃ​ទូលបង្គំ​ដោយ​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​ឡើយ ពី​ព្រោះ​គ្រប់​ទាំង​បញ្ញត្ត​របស់​ទ្រង់ បាន​នៅ​ចំពោះ​មុខ​ទូលបង្គំ ហើយ​ទូលបង្គំ​មិន​បាន​ងាក​ចេញ ពី​ក្រិត្យ​របស់​ទ្រង់​ណា​មួយ​សោះ ទូលបង្គំ​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ទ្រង់ ហើយ​បាន​រក្សា​ខ្លួន​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​របស់​ទូលបង្គំ ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​រង្វាន់​មក តាម​សេចក្ដី​ទៀង​ត្រង់​របស់​ទូលបង្គំ គឺ​តាម​សេចក្ដី​បរិសុទ្ធ​របស់​ទូលបង្គំ នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់។ ទ្រង់​សំដែង​សេចក្ដី​មេត្តា ចំពោះ​អ្នក​ណា ដែល​មាន​ចិត្ត​មេត្តា ក៏​សំដែង​សេចក្ដី​គ្រប់​លក្ខណ៍ ចំពោះ​អ្នក​ណា​ដែល​គ្រប់​លក្ខណ៍ ទ្រង់​សំដែង​សេចក្ដី​បរិសុទ្ធ​ចំពោះ​អ្នក​ណា​ដែល​បរិសុទ្ធ តែ​ទ្រង់​ត‌យុទ្ធ​នឹង​មនុស្ស​ក្រវិច‌ក្រវៀន​វិញ ទ្រង់​តែង​សង្គ្រោះ​ដល់​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន តែ​ព្រះ‌នេត្រ​ទ្រង់​ទត​ឃើញ​ពួក​ឆ្មើង‌ឆ្មៃ ដើម្បី​បន្ទាប​គេ​ចុះ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ចង្កៀង​នៃ​ទូលបង្គំ ព្រះ‌យេហូវ៉ា​ទ្រង់​បំភ្លឺ ក្នុង​ទី​ងងឹត​នៃ​ទូលបង្គំ ពី​ព្រោះ​ដោយ​ពឹង​ដល់​ទ្រង់ នោះ​ទូលបង្គំ​រត់​ចូល​ទៅ​ត​នឹង​កង‌ទ័ព ដោយ‌សារ​ព្រះ​នៃ​ទូលបង្គំ នោះ​ទូលបង្គំ​លោត​រំលង​កំផែង​បាន ឯ​ផ្លូវ​របស់​ព្រះ នោះ​គ្រប់​លក្ខណ៍ ហើយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​សាក​មើល​ដែរ ទ្រង់​ជា​ខែល​ដល់​អស់​អ្នក​ណា​ដែល​ជ្រក​ក្នុង​ទ្រង់។ តើ​អ្នក​ណា​ជា​ព្រះ លើក​តែ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ ហើយ​តើ​អ្នក​ណា​ជា​ថ្មដា លើក​តែ​ព្រះ​នៃ​យើង​ខ្ញុំ​តែ​មួយ ព្រះ‌ទ្រង់​ជា​បន្ទាយ​មាំ‌មួន​នៃ​ទូលបង្គំ ទ្រង់​នាំ​ទូលបង្គំ​តាម​ផ្លូវ​គ្រប់​លក្ខណ៍ ទ្រង់​ធ្វើ​ឲ្យ​ជើង​ទូលបង្គំ បាន​ដូច​ជា​ជើង​ក្តាន់ ហើយ​ក៏​ដាក់​ឲ្យ​ទូលបង្គំ​ឈរ​លើ​ទី​ខ្ពស់​របស់​ទូលបង្គំ ទ្រង់​បង្ហាត់​ដៃ​ទូលបង្គំ​ឲ្យ​ជំនាញ​ក្នុង​ការ​ចំបាំង រហូត​ដល់​ដើម​ដៃ​ទូលបង្គំ មាន​កំឡាំង​នឹង​ដំឡើង​ធ្នូ​លង្ហិន​បាន ទ្រង់​បាន​ប្រទាន​ខែល នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ មក​ទូលបង្គំ ហើយ​ព្រះ‌ហឫទ័យ​ស្រទន់​របស់​ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង​ជា​ធំ ទ្រង់​បាន​ធ្វើ​ឲ្យ​ជំហាន​ទូលបង្គំ​ទូលាយ​ចេញ​ទៅ ហើយ​ជើង​ទូលបង្គំ​មិន​បាន​រអិល​ភ្លាត់​ឡើយ ទូលបង្គំ​បាន​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ ហើយ​បំផ្លាញ​គេ​បង់ ទូលបង្គំ​ក៏​មិន​បាន​វិល​មក​វិញ ទាល់​តែ​គេ​ត្រូវ​វិនាស​អស់​រលីង ទូលបង្គំ​បាន​ធ្វើ​ឲ្យ​គេ​វិនាស​អស់​រលីង បាន​ទាំង​ចាក់​ទំលុះ​គេ ឲ្យ​គេ​ក្រោក​ឡើង​វិញ​មិន​រួច គេ​បាន​ដួល​នៅ​ក្រោម​ជើង​ទូលបង្គំ ដ្បិត​ទ្រង់​បាន​ក្រវាត់​ទូលបង្គំ ដោយ​កំឡាំង​សំរាប់​ធ្វើ​ចំបាំង ឯ​ពួក​អ្នក​ដែល​លើក​គ្នា​ឡើង​ទាស់​នឹង​ទូលបង្គំ នោះ​ទ្រង់​បាន​បន្ទន់​គេ នៅ​ក្រោម​ទូលបង្គំ​វិញ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បែរ​ខ្នង​នៅ​មុខ​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​កាត់​ពួក​អ្នក ដែល​ស្អប់​ទូលបង្គំ​ចេញ គេ​បាន​មើល​ជុំវិញ តែ​គ្មាន​អ្នក​ណា​មួយ សំរាប់​នឹង​ជួយ​សង្គ្រោះ​គេ​ឡើយ ក៏​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​មិន​បាន​ឆ្លើយ​មក​សោះ នោះ​ទូលបង្គំ​បាន​វាយ​គេ​ឲ្យ​ខ្ទេច‌ខ្ទី ដូច​ធូលី​ដី​ក៏​បាន​ជាន់​ឈ្លី​គេ ដូច​ជា​ភក់នៅ​ក្នុង​ផ្លូវ ហើយ​កំចាត់‌កំចាយ​អស់​ទៅ។ ទ្រង់​បាន​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​ការ​ទាស់‌ទែង​គ្នា​ក្នុង​ពួក​រាស្ត្រ​ទូលបង្គំ ទ្រង់​បាន​រក្សា​ទូលបង្គំ​ទុក ឲ្យ​ធ្វើ​ជា​មេ​លើ​អស់​ទាំង​នគរ សាសន៍១​ដែល​ទូលបង្គំ​មិន​បាន​ស្គាល់ គេ​នឹង​មក​ចំណុះ​ទូលបង្គំ ពួក​សាសន៍​ដទៃ​នឹង​ចុះ​ចូល​ស្តាប់​បង្គាប់​ទូលបង្គំ កាល​គេ​ឮ​ពាក្យ​បង្គាប់​ជា​មុន​ដំបូង នោះ​គេ​នឹង​ស្តាប់​តាម​ទូលបង្គំ​ភ្លាម ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​ស្រពោន​បាត់​ទៅ ហើយ​នឹង​ចេញ​ពី​ទី​ពួន​របស់​គេ​មក​ដោយ​ញាប់‌ញ័រ។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ថ្មដា​នៃ​ទូលបង្គំ ហើយ​សូម​ឲ្យ​ព្រះ​ដ៏​ជា​ថ្មដា​នៃ​សេចក្ដី​សង្គ្រោះ​ទូលបង្គំ បាន​លើក​ជា​ខ្ពស់​ឡើង គឺ​ជា​ព្រះ​ដែល​សំរេច​សេចក្ដី​សង‌សឹក​ជំនួស​ទូលបង្គំ ហើយ​បង្ក្រាប​សាសន៍​ផ្សេងៗ​នៅ​ក្រោម​អំណាច​ទូលបង្គំ ព្រម​ទាំង​នាំ​ទូលបង្គំ​ចេញ​ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ ហើយ​លើក​ទូលបង្គំ​ឡើង​ជា​ខ្ពស់ ជាង​អស់​អ្នក​ដែល​លើក​ខ្លួន​ទាស់​នឹង​ទូលបង្គំ ក៏​ដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង ហេតុ​ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​នឹង​ច្រៀង​ទំនុក​សរសើរ​ថ្វាយ​ដល់​ព្រះ‌នាម​ទ្រង់។ ទ្រង់​បាន​ប្រោស​សេចក្ដី​សង្គ្រោះ​យ៉ាង​ធំ​ដល់​ស្តេច​នៃ​ទ្រង់ ហើយ​ក៏​សំដែង​សេចក្ដី​សប្បុរស​ដល់​អ្នក ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ គឺ​ដល់​ដាវីឌ​នឹង​ព្រះ‌រាជ‌វង្ស ជា​រៀង‌រាប​ដរាប​ទៅ។