២ សាំ‌យូ‌អែល 22:1-51

២ សាំ‌យូ‌អែល 22:1-51 គកស១៦

នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​ដាវីឌ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​សូល ព្រះ‌បាទ​ដាវីឌ​បាន​ពោល​ទំនុក​ទូល​ព្រះ‌យេហូវ៉ា​ថា៖ ព្រះ‌យេហូវ៉ា​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូល‌បង្គំ ព្រះ‌អង្គ​ជា​អ្នក​ជួយ​ទូល‌បង្គំ​ឲ្យ​រួច ព្រះ‌អង្គ​ជា​ថ្មដា​នៃ​ទូល‌បង្គំ ទូលបង្គំ​នឹង​យក​ព្រះ‌អង្គ​ជា​ទី​ពឹង ព្រះ‌អង្គ​ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូល‌បង្គំ ជា​ជម្រក​ដ៏​រឹង​មាំ និង​ជា​ទី​ជ្រក‌កោន​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ជា​អង្គ​សង្គ្រោះ ដែល​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​អំពើ​ឃោរឃៅ។ ទូល‌បង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​គាប់​គួរ​សរសើរ យ៉ាង​នោះ​ទូល‌បង្គំ​នឹង​បាន​សង្គ្រោះ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ​ហើយ។ ដ្បិត​រលក​នៃ​សេចក្ដី​ស្លាប់​បាន​ព័ទ្ធ​ជុំ​វិញ​ទូល‌បង្គំ អំពើ​ទុច្ចរិត​បាន​ហូរ​ជន់​ឡើង បំភ័យ​ទូល‌បង្គំ។ ខ្សែ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ បាន​រុំ​ជុំ​វិញ​ទូល‌បង្គំ ខ្សែ​រូត​នៃ​សេចក្ដី​ស្លាប់ បាន​ស្ទះ​ផ្លូវ​ទូល‌បង្គំ​ហើយ។ នៅ​គ្រា​មាន​សេចក្ដី​វេទនា នោះ​ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា គឺ​បាន​ស្រែក​រក​ព្រះ​នៃ​ទូល‌បង្គំ ទ្រង់​ក៏​ឮ​សំឡេង​ទូល‌បង្គំ​ពី​ក្នុង​ព្រះ‌វិហារ របស់​ព្រះ‌អង្គ សម្រែក​របស់​ទូល‌បង្គំ បាន​ឮ​នៅ​ព្រះ‌កាណ៌​របស់​ព្រះ‌អង្គ។ ពេល​នោះ ផែនដី​បាន​ញ័រ​កក្រើក ឫស​ផ្ទៃ​មេឃ​ក៏​រំពើក ហើយ​ត្រូវ​រញ្ជួយដោយ​ព្រោះ​ព្រះ‌អង្គ មាន​សេចក្ដី​ក្រោធ។ មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ផ្លុំ​ភ្លើង​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ ហើយ​ក៏​មាន​រងើក​ភ្លើង​ព្រួស​ចេញ​ពី​ព្រះ‌ឧស្ឋ របស់​ព្រះ‌អង្គ​មក​ដែរ។ ព្រះ‌អង្គ​បាន​បន្ទាប​ផ្ទៃ​មេឃ​យាង​ចុះ​មក មាន​ងងឹត​យ៉ាង​ក្រាស់​នៅ​ក្រោម​ព្រះ‌បាទ របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​គង់​លើ​ចេរូ‌ប៊ីម​ហោះ​មក ឃើញ​ព្រះ‌អង្គ​ដូច​ជា​គង់​លើ​ស្លាប​របស់​ខ្យល់។ ព្រះ‌អង្គ​បាន​យក​ភាព​ងងឹត​ធ្វើ​ជា​ព្រះ‌ពន្លា បាំង​ជុំ​វិញ​ព្រះ‌អង្គ គឺ​មាន​ពពក​យ៉ាង​ក្រាស់​ពេញ​ដោយ​ទឹក​ផ្ដុំ​គ្នា។ មាន​ផ្លេក‌បន្ទោរ​ភ្លឺ​ព្រាកៗ​នៅ​ពី​មុខ​ព្រះ‌អង្គ ហើយ​មាន​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។ ព្រះ‌យេហូវ៉ា​បាន​បញ្ចេញ​ផ្គរ​ពី​លើ​មេឃ ព្រះ​ដ៏​ខ្ពស់​បំផុត​បន្លឺ​ព្រះ‌សូរ‌សៀង។ ព្រះ‌អង្គ​បាញ់​ព្រួញ​ទៅ​កម្ចាត់​កម្ចាយ​គេ និង​រន្ទះ​ទៅ​បំបាក់​គេ​ដែរ។ ពេល​នោះ បាត​សមុទ្រ​ក៏​លេច​ឡើង ហើយ​ឫស​នៃ​លោកីយ៍​ក៏​បាន​លេច​ឲ្យ​ឃើញ​ដែរ ដោយ​សារ​ព្រះ‌យេហូវ៉ា​បាន​គំរាម គឺ​មាន​ខ្យល់​បក់​គំហុក​ចេញ​ពី​ព្រះ‌នាសា របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ ឲ្យ​មក​ចាប់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​ស្រង់​ទូល​បង្គំ​ចេញ​ពី​ទឹក​ធំ។ ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​យ៉ាង​ខ្លាំង​របស់​ទូល‌បង្គំ គឺ​ពី​ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ ដ្បិត​គេ​មាន​កម្លាំង​ខ្លាំង​ជាង​ទូល‌បង្គំ។ នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​មាន​សេចក្ដី​អន្ត‌រាយ នោះ​គេ​បាន​មក​ស្ទាក់​ផ្លូវ​ទូល‌បង្គំ តែ​ព្រះ‌យេហូវ៉ា​ជា​ជន្ទល់​នៃ​ទូល‌បង្គំ។ ព្រះ‌អង្គ​បាន​នាំ​ទូល‌បង្គំ​ចេញ​ទៅ​នៅ​ទី​ធំ​ទូ‌លាយ ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច ដោយ​ព្រោះ​ព្រះ‌អង្គ​ស្រឡាញ់​ទូល‌បង្គំ។ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់ តាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​សង​ទូល‌បង្គំ តាម​សេចក្ដី​បរិសុទ្ធ​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត។ ដ្បិត​ទូល‌បង្គំ​បាន​ប្រតិបត្តិ​តាម​ផ្លូវ របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​ដែល​ឃ្លាត​ចេញ​ពី​ព្រះ​នៃ​ទូល‌បង្គំ ដោយ​ប្រព្រឹត្ត​ការ​អាក្រក់​ឡើយ។ ព្រោះ​គ្រប់​បញ្ញត្តិ​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​មិន​បាន​ងាក​ចេញ​ពី​ក្រឹត្យ របស់​ព្រះ‌អង្គ​ណា​មួយ​សោះ។ ទូល‌បង្គំ​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​បាន​រក្សា​ខ្លួន​ឲ្យ​រួច​ពី​ការ​អាក្រក់​របស់​ទូល‌បង្គំ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​ប្រទាន​រង្វាន់​មក តាម​សេចក្ដី​ទៀង​ត្រង់​របស់​ទូល‌បង្គំ គឺ​តាម​សេចក្ដី​បរិសុទ្ធ​របស់​ទូល‌បង្គំ នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​សម្ដែង​សេចក្ដី​មេត្តា ចំពោះ​អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា ហើយ​សម្ដែង​សេចក្ដី​គ្រប់​លក្ខណ៍ ចំពោះ​អ្នក​ណា​ដែល​គ្រប់​លក្ខណ៍ ព្រះ‌អង្គ​សម្ដែង​សេចក្ដី​បរិសុទ្ធ ចំពោះ​អ្នក​ណា​ដែល​បរិសុទ្ធ តែ​ព្រះ‌អង្គ​ត​យុទ្ធ​នឹង​មនុស្ស​ក្រវិច‌ក្រវៀន​វិញ។ ព្រះ‌អង្គ​សង្គ្រោះ​មនុស្ស​ដែល​បន្ទាប​ខ្លួន តែ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទត​មើល​ពួក​ឆ្មើង‌ឆ្មៃ ដើម្បី​បន្ទាប​គេ​ចុះ។ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ចង្កៀង​នៃ​ទូល‌បង្គំ ព្រះ‌យេហូវ៉ា​បំភ្លឺ​ក្នុង​ទី​ងងឹត​របស់​ទូល‌បង្គំ។ ដោយ‌សារ​ពឹង​ដល់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​អាច​រត់​ចូល​ទៅ​តទល់​នឹង​កង‌ទ័ព ហើយ​ដោយ‌សារ​ព្រះ​នៃ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​អាច​លោត​រំលង​កំផែង​បាន។ ផ្លូវ​របស់​ព្រះ​សុទ្ធ​តែ​គ្រប់​លក្ខណ៍ ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា បាន​សាក​មើល​ដែរ ព្រះ‌អង្គ​ជា​ខែល​ដល់​អស់​អ្នក​ណា ដែល​ជ្រក​ក្នុង​ព្រះ‌អង្គ។ តើ​អ្នក​ណា​ជា​ព្រះ ក្រៅ​ពី​ព្រះ‌យេហូវ៉ា? ហើយ​តើ​អ្នក​ណា​ជា​ថ្មដា ក្រៅ​ពី​ព្រះ​នៃ​យើង​ខ្ញុំ​តែ​មួយ? ព្រះ​ជា​ជម្រក​ដ៏​មាំ‌មួន​របស់​ទូល‌បង្គំ ព្រះ‌អង្គ​នាំ​ទូល‌បង្គំ​តាម​ផ្លូវ​គ្រប់​លក្ខណ៍។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ជើង​ទូល‌បង្គំ បាន​ដូច​ជា​ជើង​ក្តាន់ ហើយ​ដាក់​ឲ្យ​ទូល‌បង្គំ​ឈរ​លើ​ទី​ខ្ពស់ របស់​ទូល‌បង្គំ។ ព្រះ‌អង្គ​បង្ហាត់​ទូល‌បង្គំ ឲ្យ​ស្ទាត់​ជំនាញ​ក្នុង​ចម្បាំង រហូត​ដល់​ដើម​ដៃ​របស់​ទូល‌បង្គំ​មាន​កម្លាំង ដើម្បី​ដំឡើង​ធ្នូ​លង្ហិន​បាន។ ព្រះ‌អង្គ​បាន​ប្រទាន​ខែល​នៃ​ការ​សង្គ្រោះ របស់​ព្រះ‌អង្គ​មក​ទូល‌បង្គំ ហើយ​ព្រះ‌ហឫ‌ទ័យ​ស្រទន់​របស់​ព្រះ‌អង្គ បាន​លើក​ទូល‌បង្គំ​ឡើង​ជា​ធំ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ជំហាន​របស់​ទូល‌បង្គំ ទូលាយ​ចេញ​ទៅ ហើយ​ជើង​ទូល‌បង្គំ​មិន​បាន​រអិល​ភ្លាត់​ឡើយ ទូល‌បង្គំ​បាន​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ ហើយ​បំផ្លាញ​ពួក​គេ ទូល‌បង្គំ​ក៏​មិន​បាន​វិល​មក​វិញ ទាល់​តែ​គេ​ត្រូវ​វិនាស​អស់​រលីង។ ទូល‌បង្គំ​បាន​បំផ្លាញ​ពួក​គេ ទាំង​ចាក់​ទម្លុះ​គេ មិន​ឲ្យ​ក្រោក​ឡើង​វិញ​ឡើយ ពួក​គេ​បាន​ដួល​នៅ​ក្រោម​ជើង​ទូល‌បង្គំ។ ដ្បិត​ព្រះ‌អង្គ​បាន​ក្រវាត់​ទូល‌បង្គំ ដោយ​កម្លាំង​សម្រាប់​ធ្វើ​ចម្បាំង ឯ​ពួក​អ្នក​ដែល​លើក​គ្នា​ឡើង​ទាស់​នឹង​ទូល‌បង្គំ នោះ​ព្រះ‌អង្គ​បាន​បន្ទន់​គេ នៅ​ក្រោម​ទូល‌បង្គំ​វិញ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បែរ​ខ្នង នៅ​មុខ​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​កាត់​ពួក​អ្នក ដែល​ស្អប់​ទូល‌បង្គំ​ចេញ។ គេ​បាន​មើល​ជុំ​វិញ តែ​គ្មាន​អ្នក​ណា​មួយ សម្រាប់​ជួយ​សង្គ្រោះ​គេ​ឡើយ ក៏​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​មិន​បាន​ឆ្លើយ​មក​សោះ។ ទូល‌បង្គំ​បាន​វាយ​គេ​ឲ្យ​ខ្ទេច‌ខ្ទី ដូច​ធូលី​ដី​បាន​ជាន់​ឈ្លី​គេ ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ ហើយ​កម្ចាត់​កម្ចាយ​អស់​ទៅ។ ព្រះ‌អង្គ​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​ការ​ទាស់​ទែង​គ្នា ក្នុង​ប្រជា‌រាស្ត្រ​ទូល‌បង្គំ ព្រះ‌អង្គ​បាន​រក្សា​ទូល‌បង្គំ​ទុក ឲ្យ​ធ្វើ​ជា​មេ​លើ​ប្រជា‌ជាតិ​នានា ប្រជាជន​ដែល​ទូល‌បង្គំ​មិន​បាន​ស្គាល់ គេ​នឹង​មក​ចំណុះ​ទូល‌បង្គំ។ ពួក​សាសន៍​ដទៃ​នឹង​ចុះ​ចូល ស្តាប់​បង្គាប់​ទូល‌បង្គំ កាល​គេ​ឮ​ពាក្យ​បង្គាប់​ជា​មុន​ដំបូង នោះ​គេ​នឹង​ស្តាប់​តាម​ទូល‌បង្គំ​ភ្លាម។ ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​ស្រពោន​បាត់​ទៅ ហើយ​ចេញ​ពី​ទី​ពួន​របស់​គេមក ដោយ​ញាប់‌ញ័រ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់​នៅ សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ថ្ម​ដា​នៃ​ទូល‌បង្គំ ហើយ​សូម​ឲ្យ​ព្រះ​ដ៏​ជា​ថ្មដា នៃ​សេចក្ដី​សង្គ្រោះ​ទូល‌បង្គំ បាន​លើក​ជា​ខ្ពស់​ឡើង គឺ​ជា​ព្រះ​ដែល​សម្រេច​សេចក្ដី​សង‌សឹក ជំនួស​ទូល‌បង្គំ ហើយ​បង្ក្រាប​សាសន៍​ផ្សេងៗ នៅ​ក្រោម​អំណាច​ទូល‌បង្គំ ព្រម​ទាំង​នាំ​ទូល‌បង្គំ​ចេញ​ឲ្យ​រួច ពី​ពួក​ខ្មាំង​សត្រូវ ហើយ​លើក​ទូល‌បង្គំ​ឡើង​យ៉ាង​ខ្ពស់ ជាង​អស់​អ្នក​ដែល​លើក​ខ្លួន​ទាស់​នឹង​ទូល‌បង្គំ ក៏​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង។ ហេតុ​ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​កណ្ដាល​អស់​ទាំង​សាសន៍ និង​ច្រៀង​ទំនុក​សរសើរ​ថ្វាយ​ព្រះ‌នាម របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ប្រោស​សេចក្ដី​សង្គ្រោះ​យ៉ាង​ធំ ដល់​ស្តេច​របស់​ព្រះ‌អង្គ ហើយ​ក៏​សម្ដែង​សេចក្ដី​សប្បុ‌រស​ដល់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង គឺ​ដល់​ដាវីឌ និង​ព្រះ‌រាជ‌វង្ស ជា​រៀង​ដរាប​ត​ទៅ។