២ សាំយូ‌អែល 22:1-51

២ សាំយូ‌អែល 22:1-51 ពគប

រីឯ​នៅ​ថ្ងៃ ដែល​ព្រះ‌យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​ដាវីឌ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ពី​កណ្តាប់​ដៃ​នៃ​សូល នោះ​ទ្រង់​ក៏​ពោល​ទំនុក​នេះ​ទូល​ព្រះ‌យេហូវ៉ា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូលបង្គំ ទ្រង់​ជា​អ្នក​ជួយ​ទូលបង្គំ​ឲ្យ​រួច ព្រះ‌ទ្រង់​ជា​ថ្មដា​នៃ​ទូលបង្គំៗ​នឹង​យក​ទ្រង់​ជា​ទី​ពឹង ទ្រង់​ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូលបង្គំ ជា​ប៉ម​យ៉ាង​ខ្ពស់ ហើយ​ជា​ទី​ជ្រក‌កោន​នៃ​ទូលបង្គំ ទ្រង់​ជា​អ្នក​ជួយ​សង្គ្រោះ ដែល​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អំណាច​អាក្រក់ ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គាប់​គួរ​សរសើរ យ៉ាង​នោះ​ទូលបង្គំ​នឹង​បាន​សង្គ្រោះ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ​ហើយ ដ្បិត​រលក​នៃ​សេចក្ដី​ស្លាប់​បាន​ព័ទ្ធ​ជុំវិញ​ទូលបង្គំ សេចក្ដី​ទុច្ចរិត​បាន​ហូរ​ជន់​ឡើង បំភ័យ​ទូលបង្គំ។ ខ្សែ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ បាន​រុំ​រួប​ជុំវិញ​ទូលបង្គំ ខ្សែ‌រូត​នៃ​សេចក្ដី​ស្លាប់​បាន​ស្ទះ​ផ្លូវ​ទូលបង្គំ​ហើយ នៅ​គ្រា​មាន​សេចក្ដី​វេទនា នោះ​ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា គឺ​បាន​ស្រែក​រក​ព្រះ​នៃ​ទូលបង្គំ ទ្រង់​ក៏​ឮ​សំឡេង​នៃ​ទូលបង្គំ​ពី​ក្នុង​ព្រះ‌វិហារ​ទ្រង់ សំរែក​របស់​ទូលបង្គំ​បាន​ឮ​នៅ​ព្រះ‌កាណ៌​ទ្រង់ នោះ​ផែនដី​បាន​ញ័រ​កក្រើក ឫស​ផ្ទៃ​មេឃ​ក៏​រំពើក ហើយ​ត្រូវ​រញ្ជួយ ដោយ​ព្រោះ​ទ្រង់​មាន​សេចក្ដី​ក្រោធ មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​ទ្រង់ ភ្លើង​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក ក៏​ឆេះ​បន្សុស ហើយ​ផុស​ចេញ​ជា​ព្រាក‌ផ្លេកៗ ទ្រង់​បាន​បន្ទាប​ផ្ទៃ​មេឃ​យាង​ចុះ​មក មាន​ងងឹត​យ៉ាង​ក្រាស់ នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់ ទ្រង់​គង់​លើ​ចេរូប៊ីន​ហោះ​មក​ឃើញ​ទ្រង់​គង់​លើ​ស្លាប​នៃ​ខ្យល់ ទ្រង់​បាន​យក​សេចក្ដី​ងងឹត​ធ្វើ​ជា​ព្រះ‌ពន្លា​បាំង​ជុំវិញ​ទ្រង់ គឺ​ជា​ទឹក​រួប‌រួម​គ្នា ហើយ​នឹង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​មេឃ មាន​ព្រាក‌ផ្លេកៗ​បាន​កាត់​ឡើង ដោយ‌សារ​រស្មី​នៅ​ចំពោះ​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​បញ្ចេញ​ជា​ផ្គរ​ពី​លើ​មេឃ ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​បន្លឺ​ព្រះ‌សូរ‌សៀង ក៏​បាញ់​ព្រួញ​នៃ​ទ្រង់​ទៅ​កំចាត់‌កំចាយ​គេ នឹង​រន្ទះ​ទៅ​បំបាក់​គេ​ដែរ នោះ​បាត​សមុទ្រ​ក៏​លេច​ឡើង ហើយ​ឫស​នៃ​លោកីយ​បាន​បើក​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​បន្ទោស គឺ​កាល​ឮ​សូរ​ខ្យល់​គំហុក​ចេញ​ពី​ព្រះ‌នាសា​ទ្រង់។ ទ្រង់​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ ឲ្យ​មក​ចាប់​ទូលបង្គំ​ស្រង់​ចេញ​ពី​ទឹក​ធំ ទ្រង់​បាន​ដោះ​ឲ្យ​ទូលបង្គំ​រួច​ពី​ខ្មាំង​សត្រូវ​យ៉ាង​ខ្លាំង​របស់​ទូលបង្គំ គឺ​ពី​ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ ដ្បិត​គេ​មាន​កំឡាំង​ច្រើន​ជាង​ទូលបង្គំ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​កើត​មាន​សេចក្ដី​អន្តរាយ នោះ​គេ​បាន​មក​ស្ទាក់​ផ្លូវ​ទូលបង្គំ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ជន្ទល់​នៃ​ទូលបង្គំ ទ្រង់​ក៏​បាន​នាំ​ទូលបង្គំ​ចេញ​ទៅ​នៅ​ទី​ធំ​ទូលាយ ទ្រង់​បាន​ដោះ​ទូលបង្គំ​ឲ្យ​រួច ដោយ​ព្រោះ​ទ្រង់​ស្រឡាញ់​ដល់​ទូលបង្គំ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​រង្វាន់ តាម​សេចក្ដី​សុចរិត​របស់​ទូលបង្គំ ទ្រង់​បាន​សង​ទូលបង្គំ​តាម​សេចក្ដី​បរិសុទ្ធ​នៃ​ដៃ​ទូលបង្គំ ដ្បិត​ទូលបង្គំ​បាន​កាន់​តាម​អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​ដែល​ថយ​ក្រោយ​ចេញ​ពី​ព្រះ​នៃ​ទូលបង្គំ​ដោយ​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​ឡើយ ពី​ព្រោះ​គ្រប់​ទាំង​បញ្ញត្ត​របស់​ទ្រង់ បាន​នៅ​ចំពោះ​មុខ​ទូលបង្គំ ហើយ​ទូលបង្គំ​មិន​បាន​ងាក​ចេញ ពី​ក្រិត្យ​របស់​ទ្រង់​ណា​មួយ​សោះ ទូលបង្គំ​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ទ្រង់ ហើយ​បាន​រក្សា​ខ្លួន​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​របស់​ទូលបង្គំ ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​រង្វាន់​មក តាម​សេចក្ដី​ទៀង​ត្រង់​របស់​ទូលបង្គំ គឺ​តាម​សេចក្ដី​បរិសុទ្ធ​របស់​ទូលបង្គំ នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់។ ទ្រង់​សំដែង​សេចក្ដី​មេត្តា ចំពោះ​អ្នក​ណា ដែល​មាន​ចិត្ត​មេត្តា ក៏​សំដែង​សេចក្ដី​គ្រប់​លក្ខណ៍ ចំពោះ​អ្នក​ណា​ដែល​គ្រប់​លក្ខណ៍ ទ្រង់​សំដែង​សេចក្ដី​បរិសុទ្ធ​ចំពោះ​អ្នក​ណា​ដែល​បរិសុទ្ធ តែ​ទ្រង់​ត‌យុទ្ធ​នឹង​មនុស្ស​ក្រវិច‌ក្រវៀន​វិញ ទ្រង់​តែង​សង្គ្រោះ​ដល់​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន តែ​ព្រះ‌នេត្រ​ទ្រង់​ទត​ឃើញ​ពួក​ឆ្មើង‌ឆ្មៃ ដើម្បី​បន្ទាប​គេ​ចុះ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ចង្កៀង​នៃ​ទូលបង្គំ ព្រះ‌យេហូវ៉ា​ទ្រង់​បំភ្លឺ ក្នុង​ទី​ងងឹត​នៃ​ទូលបង្គំ ពី​ព្រោះ​ដោយ​ពឹង​ដល់​ទ្រង់ នោះ​ទូលបង្គំ​រត់​ចូល​ទៅ​ត​នឹង​កង‌ទ័ព ដោយ‌សារ​ព្រះ​នៃ​ទូលបង្គំ នោះ​ទូលបង្គំ​លោត​រំលង​កំផែង​បាន ឯ​ផ្លូវ​របស់​ព្រះ នោះ​គ្រប់​លក្ខណ៍ ហើយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​សាក​មើល​ដែរ ទ្រង់​ជា​ខែល​ដល់​អស់​អ្នក​ណា​ដែល​ជ្រក​ក្នុង​ទ្រង់។ តើ​អ្នក​ណា​ជា​ព្រះ លើក​តែ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ ហើយ​តើ​អ្នក​ណា​ជា​ថ្មដា លើក​តែ​ព្រះ​នៃ​យើង​ខ្ញុំ​តែ​មួយ ព្រះ‌ទ្រង់​ជា​បន្ទាយ​មាំ‌មួន​នៃ​ទូលបង្គំ ទ្រង់​នាំ​ទូលបង្គំ​តាម​ផ្លូវ​គ្រប់​លក្ខណ៍ ទ្រង់​ធ្វើ​ឲ្យ​ជើង​ទូលបង្គំ បាន​ដូច​ជា​ជើង​ក្តាន់ ហើយ​ក៏​ដាក់​ឲ្យ​ទូលបង្គំ​ឈរ​លើ​ទី​ខ្ពស់​របស់​ទូលបង្គំ ទ្រង់​បង្ហាត់​ដៃ​ទូលបង្គំ​ឲ្យ​ជំនាញ​ក្នុង​ការ​ចំបាំង រហូត​ដល់​ដើម​ដៃ​ទូលបង្គំ មាន​កំឡាំង​នឹង​ដំឡើង​ធ្នូ​លង្ហិន​បាន ទ្រង់​បាន​ប្រទាន​ខែល នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ មក​ទូលបង្គំ ហើយ​ព្រះ‌ហឫទ័យ​ស្រទន់​របស់​ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង​ជា​ធំ ទ្រង់​បាន​ធ្វើ​ឲ្យ​ជំហាន​ទូលបង្គំ​ទូលាយ​ចេញ​ទៅ ហើយ​ជើង​ទូលបង្គំ​មិន​បាន​រអិល​ភ្លាត់​ឡើយ ទូលបង្គំ​បាន​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ ហើយ​បំផ្លាញ​គេ​បង់ ទូលបង្គំ​ក៏​មិន​បាន​វិល​មក​វិញ ទាល់​តែ​គេ​ត្រូវ​វិនាស​អស់​រលីង ទូលបង្គំ​បាន​ធ្វើ​ឲ្យ​គេ​វិនាស​អស់​រលីង បាន​ទាំង​ចាក់​ទំលុះ​គេ ឲ្យ​គេ​ក្រោក​ឡើង​វិញ​មិន​រួច គេ​បាន​ដួល​នៅ​ក្រោម​ជើង​ទូលបង្គំ ដ្បិត​ទ្រង់​បាន​ក្រវាត់​ទូលបង្គំ ដោយ​កំឡាំង​សំរាប់​ធ្វើ​ចំបាំង ឯ​ពួក​អ្នក​ដែល​លើក​គ្នា​ឡើង​ទាស់​នឹង​ទូលបង្គំ នោះ​ទ្រង់​បាន​បន្ទន់​គេ នៅ​ក្រោម​ទូលបង្គំ​វិញ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បែរ​ខ្នង​នៅ​មុខ​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​កាត់​ពួក​អ្នក ដែល​ស្អប់​ទូលបង្គំ​ចេញ គេ​បាន​មើល​ជុំវិញ តែ​គ្មាន​អ្នក​ណា​មួយ សំរាប់​នឹង​ជួយ​សង្គ្រោះ​គេ​ឡើយ ក៏​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​មិន​បាន​ឆ្លើយ​មក​សោះ នោះ​ទូលបង្គំ​បាន​វាយ​គេ​ឲ្យ​ខ្ទេច‌ខ្ទី ដូច​ធូលី​ដី​ក៏​បាន​ជាន់​ឈ្លី​គេ ដូច​ជា​ភក់នៅ​ក្នុង​ផ្លូវ ហើយ​កំចាត់‌កំចាយ​អស់​ទៅ។ ទ្រង់​បាន​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​ការ​ទាស់‌ទែង​គ្នា​ក្នុង​ពួក​រាស្ត្រ​ទូលបង្គំ ទ្រង់​បាន​រក្សា​ទូលបង្គំ​ទុក ឲ្យ​ធ្វើ​ជា​មេ​លើ​អស់​ទាំង​នគរ សាសន៍១​ដែល​ទូលបង្គំ​មិន​បាន​ស្គាល់ គេ​នឹង​មក​ចំណុះ​ទូលបង្គំ ពួក​សាសន៍​ដទៃ​នឹង​ចុះ​ចូល​ស្តាប់​បង្គាប់​ទូលបង្គំ កាល​គេ​ឮ​ពាក្យ​បង្គាប់​ជា​មុន​ដំបូង នោះ​គេ​នឹង​ស្តាប់​តាម​ទូលបង្គំ​ភ្លាម ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​ស្រពោន​បាត់​ទៅ ហើយ​នឹង​ចេញ​ពី​ទី​ពួន​របស់​គេ​មក​ដោយ​ញាប់‌ញ័រ។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ថ្មដា​នៃ​ទូលបង្គំ ហើយ​សូម​ឲ្យ​ព្រះ​ដ៏​ជា​ថ្មដា​នៃ​សេចក្ដី​សង្គ្រោះ​ទូលបង្គំ បាន​លើក​ជា​ខ្ពស់​ឡើង គឺ​ជា​ព្រះ​ដែល​សំរេច​សេចក្ដី​សង‌សឹក​ជំនួស​ទូលបង្គំ ហើយ​បង្ក្រាប​សាសន៍​ផ្សេងៗ​នៅ​ក្រោម​អំណាច​ទូលបង្គំ ព្រម​ទាំង​នាំ​ទូលបង្គំ​ចេញ​ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ ហើយ​លើក​ទូលបង្គំ​ឡើង​ជា​ខ្ពស់ ជាង​អស់​អ្នក​ដែល​លើក​ខ្លួន​ទាស់​នឹង​ទូលបង្គំ ក៏​ដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង ហេតុ​ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​នឹង​ច្រៀង​ទំនុក​សរសើរ​ថ្វាយ​ដល់​ព្រះ‌នាម​ទ្រង់។ ទ្រង់​បាន​ប្រោស​សេចក្ដី​សង្គ្រោះ​យ៉ាង​ធំ​ដល់​ស្តេច​នៃ​ទ្រង់ ហើយ​ក៏​សំដែង​សេចក្ដី​សប្បុរស​ដល់​អ្នក ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ គឺ​ដល់​ដាវីឌ​នឹង​ព្រះ‌រាជ‌វង្ស ជា​រៀង‌រាប​ដរាប​ទៅ។