២ សាំយូអែល 17:1-4

២ សាំយូអែល 17:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មួយ​ទៀត អ័ហ៊ី‌ថូផែល លោក​ទូល​ទៅ​អាប់សា‌ឡុម​ថា៖ «សូម​ឲ្យ​ទូល‌បង្គំ​ទៅ​រើស​ទាហាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​នាំ​ចេញ​ទៅ ដេញ​តាម​ដាវីឌ​នៅ​យប់​នេះ​ឯង។ ទូល‌បង្គំ​នឹង​បាន​ទាន់ ក្នុង​កាល​ដែល​កំពុង​តែ​អស់​កម្លាំង ហើយ​មាន​ដៃ​ខ្សោយ រួច​នឹង​ធ្វើ​ឲ្យ​ភ័យ យ៉ាង​នោះ​បណ្ដា​ទ័ព​ទាំង​អស់​ដែល​នៅ​ជា‌មួយ​នឹង​រត់​ចេញ​ទៅ ទូល‌បង្គំ​នឹង​វាយ​តែ​ស្តេច​ប៉ុណ្ណោះ ហើយ​ទូល​បង្គំ​នឹង​នាំ​ប្រជាជន​ទាំង​អស់​មក​ថ្វាយ​ព្រះ​ករុណា​វិញ ទុក​ដូច​ជា​ប្រពន្ធ​វិល​មក​រក​ប្ដីរបស់​ខ្លួន​នៅ​ឯ​ផ្ទះ។ ព្រះ​ករុណាស្វែង​រកតែ​ជីវិត​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ឯ​មនុស្ស​ទាំង​អស់​នឹង​បាន​សេចក្ដី​សុខ»។ ពាក្យ​នោះ​ក៏​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​អាប់សា‌ឡុម និង​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា។

២ សាំយូអែល 17:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក លោក​អហ៊ី‌ថូផែល​ទូល​ស្ដេច​អាប់‌សា‌ឡុម​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ជ្រើស​រើស​ទ័ព​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ដេញ​តាម​ព្រះ‌បាទ​ដាវីឌ យប់​នេះ​តែ​ម្ដង​ទៅ។ ទូលបង្គំ​នឹង​វាយ​សម្រុក នៅ​ពេល​ព្រះ‌បាទ​ដាវីឌ​កំពុង​តែ​នឿយ‌ហត់ និង​បាក់​ទឹក​ចិត្ត រួច​ទូលបង្គំ​នឹង​ធ្វើ​ឲ្យ​ស្ដេច​ភ័យ​តក់‌ស្លុត ហើយ​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ដែល​ទៅ​ជា​មួយ​ស្ដេច នឹង​រត់​ចោល​ស្ដេច។ ទូលបង្គំ​នឹង​ធ្វើ​គុត​តែ​ស្ដេច​មួយ​អង្គ​ប៉ុណ្ណោះ។ បន្ទាប់​មក ទូលបង្គំ​នាំ​ប្រជា‌ជន​ទាំង​អស់​មក​ថ្វាយ​ព្រះ‌ករុណា​វិញ។ ដូច្នេះ អ្នក​ដែល​ព្រះ‌ករុណា​ចង់​កម្ចាត់​នោះ​នឹង​ត្រូវ​សុគត ហើយ​ប្រជា‌ជន​ទាំង​មូល​នឹង​វិល​មក​រស់​នៅ​ជា​មួយ​ព្រះ‌ករុណា ដោយ​សុខ‌សាន្ត»។ ស្ដេច​អាប់‌សា‌ឡុម និង​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ទាំង​អស់​យល់​ឃើញ​ថា យោបល់​នេះ​ហាក់​ដូច​ជា​សម‌រម្យ។

២ សាំយូអែល 17:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មួយ​ទៀតអ័ហ៊ី‌ថូ‌ផែល លោកមាន​បន្ទូល​ទៅ​អាប់‌សា‌ឡំម​ថា សូម​ឲ្យ​ទូលបង្គំ​ទៅ​រើស​ទាហាន​១​ម៉ឺន​២​ពាន់​នាក់​នាំ​ចេញ​ទៅ ដេញ​តាម​ដាវីឌ​នៅ​យប់​នេះ​ឯង ទូលបង្គំនឹង​បាន​ទាន់ ក្នុង​កាល​ដែល​កំពុង​តែ​អស់​កំឡាំង ហើយ​មាន​ដៃ​ខ្សោយ រួច​នឹង​ធ្វើ​ឲ្យ​ភ័យ យ៉ាង​នោះ​បណ្តា​ទ័ព​ទាំង​អស់​ដែល​នៅ​ជា​មួយ នឹង​រត់​ចេញ​ទៅ ទូលបង្គំ​នឹង​វាយ​តែ​ស្តេច​ប៉ុណ្ណោះ ហើយ​នឹង​នាំ​បណ្តាជន​ទាំង​អស់​មក​វិញ​ថ្វាយ​ដល់​ទ្រង់ ដ្បិត​បើ​ចាប់​បាន​ម្នាក់​ដែល​ទ្រង់​ត្រូវ​រក នោះ​ទុក​ដូច​ជា​បាន​មនុស្ស​ទាំង​អស់​មក​វិញ​ដែរ យ៉ាង​នោះ បណ្តាជន​ទាំង​អស់​គ្នា​នឹង​បាន​សេចក្ដី​សុខ​ហើយ ពាក្យ​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​អាប់‌សា‌ឡំម នឹង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា។