២ សាំយូអែល 12:19-25

២ សាំយូអែល 12:19-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ កាល​ដាវីឌ​ឃើញ​ថា ពួក​អ្នក​បម្រើ​កំពុង​តែ​ខ្សឹប​គ្នា​ដូច្នោះ ទ្រង់​យល់​ឃើញ​ថា ប្រាកដ​ជា​បុត្រ​បាន​សុគត​ហើយ ក៏​សួរ​ពួក​អ្នក​បម្រើ​ថា៖ «បុត្រ​របស់​យើង​សុគត​ហើយ​ឬ?» គេ​ទូល​ឆ្លើយ​ថា៖ «សុគត​ហើយ»។ ព្រះបាទ​ដាវីឌ​ក៏​តើន​ពី​ដី​ឡើង ទៅ​ស្រង់​ទឹក ព្រម​ទាំង​ប្រោះ​ទឹក​អប់ ហើយ​ផ្លាស់​សម្លៀក‌បំពាក់ រួច​ចូល​ទៅ​ថ្វាយ‌បង្គំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា។ ក្រោយ​មក ពេល​ព្រះ‌អង្គ​បាន​ត្រឡប់​ចូល​មក​ក្នុង​ដំណាក់​វិញ ទ្រង់​បង្គាប់​ដល់​ពួក​អ្នក​បម្រើ ហើយ​គេ​ក៏​លើក​ព្រះ‌ស្ងោយ​មក​ថ្វាយ​ទ្រង់​សោយ។ ដូច្នេះ ពួក​មហា‌តលិក​ទូល​សួរ​ថា៖ «ម្តេច​ក៏​ទ្រង់​ធ្វើ​ដូច្នេះ? កាល​បុត្រ​នៅ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ទ្រង់​បាន​តម​ព្រះ‌ស្ងោយ ហើយ​សោយ‌សោក​នឹង​បុត្រ តែ​កាល​បុត្រ​សុគត​ហើយ ទ្រង់​បែរ​ជា​តើន​ឡើង សោយ​ព្រះ‌ស្ងោយ​វិញ»។ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​តប​ថា៖ «កាល​បុត្រ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ យើង​បាន​តម ហើយ​យំ ដោយ​គិត​ថា ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​មេត្តា​ដល់​យើង ឲ្យ​បុត្រ​មាន​ព្រះ‌ជន្ម​រស់ តែ​ឥឡូវ​នេះ បុត្រ​សុគត​ទៅ​ហើយ តើ​យើង​នៅ​តម​អត់​ធ្វើ​អ្វី​ទៀត តើ​យើង​អាច​នាំ​បុត្រ​ឲ្យ​ត្រឡប់​មក​វិញ​បាន​ដែរ​ឬ? យើង​នឹង​ទៅ​ឯ​វា តែ​វា​មិន​អាច​ត្រឡប់​មក​ឯ​យើង​វិញ​ឡើយ»។ ដាវីឌ​ក៏​ជួយ​កម្សាន្ត​ទុក្ខ​នាង​បាត‌សេ‌បា ជា​ភរិយា​ទ្រង់​ដែរ រួច​ចូល​ទៅ​រួម​បន្ទំ​ជា‌មួយ​នាង ហើយ​នាង​ប្រសូត​បាន​បុត្រា​មួយ​អង្គ​ទៀត ទ្រង់​ប្រទាន​ព្រះ‌នាម​ថា សា‌ឡូ‌ម៉ូន។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់​បុត្រ​នោះ ក៏​ចាត់​ហោរា​ណា‌ថាន់​ឲ្យ​ទៅ​តាំង​នាម​ថា យេឌី‌ឌីយ៉ា ដោយ​ព្រោះ​ជា​ទី​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា។

២ សាំយូអែល 12:19-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌បាទ​ដាវីឌ​ទត​ឃើញ​រាជ​បម្រើ​ខ្សឹប‌ខ្សៀវ​គ្នា ទ្រង់​ក៏​យល់​ថា កូន​នោះ​ស្លាប់​ហើយ។ ព្រះ‌រាជា​សួរ​ពួក​គេ​ថា៖ «កូន​របស់​យើង​ស្លាប់​ហើយ​ឬ?»។ ពួក​គេ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! ព្រះ‌ឱរស​នោះ​សុគត​ហើយ»។ ព្រះ‌បាទ​ដាវីឌ​ក្រោក​ពី​ដី ស្រង់​ទឹក ប្រោះ​ទឹក​អប់ ព្រម​ទាំង​ផ្លាស់​ព្រះ‌ភូសា រួច​យាង​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​ថ្វាយ‌បង្គំ​ព្រះអង្គ។ ពេល​ត្រឡប់​មក​វិញ ស្ដេច​បញ្ជា​ឲ្យ​គេ​រៀបចំ​ព្រះ‌ស្ងោយ ហើយ​ទ្រង់​ក៏​សោយ។ ពួក​រាជ​បម្រើ​ទូល​សួរ​ថា៖ «បពិត្រ​ព្រះ‌ករុណា ស្ដេច​ប្រព្រឹត្ត​បែប​នេះ​មាន​ន័យ​ដូច​ម្ដេច​ដែរ? កាល​ព្រះ‌ឱរស​មាន​ជីវិត​នៅ​ឡើយ ព្រះ‌ករុណា​តម​អាហារ ហើយ​សោក​សង្រេង​ទៀត​ផង។ ឥឡូវ​នេះ ព្រះ‌ឱរស​សុគត​ផុត​ហើយ ព្រះ‌ករុណា​បែរ​ជា​ក្រោក​ឡើង សោយ​ព្រះ‌ស្ងោយ​ទៅ​វិញ!»។ ព្រះ‌បាទ​ដាវីឌ​តប​វិញ​ថា៖ «កាល​កូន​របស់​យើង​រស់​នៅ​ឡើយ យើង​តម​អាហារ និង​សោក​សង្រេង ដោយ​នឹក​ថា ព្រះ‌អម្ចាស់​ប្រហែល​ជា​ប្រណី​សន្ដោស​ដល់​យើង ហើយ​ទុក​ឲ្យ​កូន​នោះ​មាន​ជីវិត​ត​ទៅ​ទៀត។ ឥឡូវ​នេះ កូន​យើង​ស្លាប់​ផុត​ទៅ​ហើយ តើ​យើង​តម​អាហារ​ធ្វើ​អ្វី​ទៀត? យើង​មិន​អាច​ធ្វើ​ឲ្យ​វា​រស់​ឡើង​វិញ​បាន​ឡើយ! យើង​ទេ​តើ​ដែល​នឹង​ទៅ​ជួប​វា គឺ​មិន​មែន​វា​ទេ​ដែល​នឹង​មក​ជួប​យើង»។ ព្រះ‌បាទ​ដាវីឌ​សម្រាល​ទុក្ខ​នាង​បាត‌សេបា ជា​មហេសី ហើយ​ក៏​រួម​រស់​ជា​មួយ​នាង។ នាង​ប្រសូត​បាន​បុត្រ​មួយ​អង្គ រួច​ប្រទាន​នាម​ថា សាឡូម៉ូន។ ព្រះ‌អម្ចាស់​ស្រឡាញ់​បុត្រ​នោះ​ណាស់ ព្រះអង្គ​ចាត់​ព្យាការី​ណាថាន​ឲ្យ​ទៅ​ប្រាប់​ព្រះ‌បាទ​ដាវីឌ​ជ្រាប ហើយ​ថ្វាយ​នាម​បុត្រ​នោះ​ថា «យេឌី‌ឌីយ៉ា»មាន​ន័យ​ថា «អ្នក​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អម្ចាស់»។

២ សាំយូអែល 12:19-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែកាល​ដាវីឌ​ឃើញ​ថា ពួក​អ្នក​បំរើ​កំពុង​តែ​ខ្សឹប​គ្នា​ដូច្នោះ នោះ​ទ្រង់​យល់​ឃើញ​ថា ប្រាកដ​ជា​បុត្រ​បាន​សុគត​ហើយ ក៏​សួរ​ពួក​អ្នក​បំរើ​ថា បុត្រ​បាន​សុគត​ហើយ​ឬ​អី គេ​ទូល​ឆ្លើយ​ថា សុគត​ហើយ នោះ​ដាវីឌ​ក៏​តើន​ពី​ដី​ឡើង ទៅ​ស្រង់​ទឹក ព្រម​ទាំង​ប្រោះ​ទឹក​អប់ ហើយ​ផ្លាស់​សំលៀក‌បំពាក់ រួច​ចូល​ទៅ​ថ្វាយ‌បង្គំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ក្រោយ​មក កាល​ទ្រង់​បាន​ត្រឡប់​ចូល​មក ក្នុង​ដំណាក់​វិញ នោះ​ទ្រង់​បង្គាប់​ដល់​ពួក​អ្នក​បំរើ ហើយ​គេ​ក៏​លើក​ព្រះ‌ស្ងោយ​មក​ថ្វាយ​ទ្រង់​សោយ ដូច្នេះ ពួក​មហា‌តលិក​ទូល​សួរ​ថា យ៉ាង​ដូច​ម្តេច​ហ្ន៍ ដែល​ទ្រង់​ប្រព្រឹត្ត​ដូច្នេះ​នេះ ដ្បិត​កាល​បុត្រ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ នោះ​ទ្រង់​បាន​តម​ព្រះ‌ស្ងោយ ហើយ​សោយ‌សោក​នឹង​បុត្រ តែ​កាល​បុត្រ​សុគត​ហើយ នោះ​បែរ​ជា​ទ្រង់​តើន​ឡើង​សោយ​ព្រះ‌ស្ងោយ​វិញ ដាវីឌ​មាន​បន្ទូល​តប​ថា កាល​បុត្រ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ យើង​បាន​តមហើយ​យំ ដោយ​គិត​ថា ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រោស​មេត្តា​ដល់​យើង ឲ្យ​បុត្រ​មាន​ព្រះ‌ជន្ម​ត​ទៅ​ទេ​ដឹង តែ​ឥឡូវ​នេះបុត្រ​សុគត​ទៅ​ហើយ​ដូច្នេះ តើ​យើង​នៅ​តម​អត់​ធ្វើ​អ្វី​ទៀត តើ​យើង​អាច​នឹង​នាំ​បុត្រ​ឲ្យ​ត្រឡប់​មក​វិញ​បាន​ដែរ​ឬ យើង​នឹង​ទៅ​ឯ​វា តែ​វា​មិន​ដែល​ត្រឡប់​មក​ឯ​យើង​វិញ​ឡើយ។ ដាវីឌ​ក៏​ជួយ​កំសាន្ត​ទុក្ខ​នាង​បាត‌សេបា ជា​ភរិយា​ទ្រង់​ដែរ រួច​ចូល​ទៅ​រួម​បន្ទំ​ជា​មួយ​នឹង​នាង ហើយ​នាង​ប្រសូត​បាន​បុត្រា​១ ទ្រង់​ប្រទាន​ព្រះ‌នាម​ថា សាឡូម៉ូន ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​បុត្រ​នោះ ក៏​ចាត់​ហោរា​ណាថាន់​ឲ្យ​ទៅ​តាំង​នាម​ថា យេឌី‌ឌីយ៉ា ដោយ​ព្រោះ​ជា​ទី​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា។