កាលព្រះបាទដាវីឌទតឃើញរាជបម្រើខ្សឹបខ្សៀវគ្នា ទ្រង់ក៏យល់ថា កូននោះស្លាប់ហើយ។ ព្រះរាជាសួរពួកគេថា៖ «កូនរបស់យើងស្លាប់ហើយឬ?»។ ពួកគេទូលថា៖ «បពិត្រព្រះករុណា! ព្រះឱរសនោះសុគតហើយ»។ ព្រះបាទដាវីឌក្រោកពីដី ស្រង់ទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់ព្រះភូសា រួចយាងចូលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីថ្វាយបង្គំព្រះអង្គ។ ពេលត្រឡប់មកវិញ ស្ដេចបញ្ជាឲ្យគេរៀបចំព្រះស្ងោយ ហើយទ្រង់ក៏សោយ។ ពួករាជបម្រើទូលសួរថា៖ «បពិត្រព្រះករុណា ស្ដេចប្រព្រឹត្តបែបនេះមានន័យដូចម្ដេចដែរ? កាលព្រះឱរសមានជីវិតនៅឡើយ ព្រះករុណាតមអាហារ ហើយសោកសង្រេងទៀតផង។ ឥឡូវនេះ ព្រះឱរសសុគតផុតហើយ ព្រះករុណាបែរជាក្រោកឡើង សោយព្រះស្ងោយទៅវិញ!»។ ព្រះបាទដាវីឌតបវិញថា៖ «កាលកូនរបស់យើងរស់នៅឡើយ យើងតមអាហារ និងសោកសង្រេង ដោយនឹកថា ព្រះអម្ចាស់ប្រហែលជាប្រណីសន្ដោសដល់យើង ហើយទុកឲ្យកូននោះមានជីវិតតទៅទៀត។ ឥឡូវនេះ កូនយើងស្លាប់ផុតទៅហើយ តើយើងតមអាហារធ្វើអ្វីទៀត? យើងមិនអាចធ្វើឲ្យវារស់ឡើងវិញបានឡើយ! យើងទេតើដែលនឹងទៅជួបវា គឺមិនមែនវាទេដែលនឹងមកជួបយើង»។ ព្រះបាទដាវីឌសម្រាលទុក្ខនាងបាតសេបា ជាមហេសី ហើយក៏រួមរស់ជាមួយនាង។ នាងប្រសូតបានបុត្រមួយអង្គ រួចប្រទាននាមថា សាឡូម៉ូន។ ព្រះអម្ចាស់ស្រឡាញ់បុត្រនោះណាស់ ព្រះអង្គចាត់ព្យាការីណាថានឲ្យទៅប្រាប់ព្រះបាទដាវីឌជ្រាប ហើយថ្វាយនាមបុត្រនោះថា «យេឌីឌីយ៉ា»មានន័យថា «អ្នកជាទីស្រឡាញ់របស់ព្រះអម្ចាស់»។
អាន ២ សាំយូអែល 12
ស្ដាប់នូវ ២ សាំយូអែល 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 12:19-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ