២ ពង្សាវតារក្សត្រ 6:1-6

២ ពង្សាវតារក្សត្រ 6:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ ពួក​ហោរា គេ​ជម្រាប​ដល់​អេលី‌សេ​ថា៖ «សូម​មើល ទី​កន្លែង​ដែល​យើង​ខ្ញុំ​នៅ​ជា‌មួយ​លោក​នេះ ចង្អៀត​ដល់​យើង​ខ្ញុំ​ពេក​ណាស់ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ទៅ​ឯ​ទន្លេ​យ័រដាន់ កាប់​យក​ឈើ​មួយ​ដើម​ម្នាក់ ធ្វើ​ជា​ទី​អាស្រ័យ​នៅ​ទី​នោះ» លោក​ឆ្លើយ​ថា៖ «ចូរ​ទៅ​ចុះ»។ មាន​ម្នាក់​និយាយ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ជា‌មួយ​យើង​ខ្ញុំ​ប្របាទ​ផង» លោក​តប​ថា៖ «យើង​នឹង​ទៅ​ដែរ»។ ដូច្នេះ លោក​ក៏​ទៅ​ជា‌មួយ លុះ​គេ​បាន​ទៅ​ដល់​ទន្លេ​យ័រដាន់​ហើយ នោះ​ក៏​កាប់​ឈើ តែ​កាល​ម្នាក់​កំពុង​តែ​កាប់ នោះ​ផ្លែ​ពូថៅ​បាន​របូត​ធ្លាក់​ទៅ​ក្នុង​ទឹក រួច​អ្នក​នោះ​ស្រែក​ឡើង​ថា៖ «វរ​ហើយ លោក​ម្ចាស់​ខ្ញុំ​អើយ ពូថៅ​នេះ​ខ្ញុំ​បាន​ខ្ចី​ពី​គេ​ទេ» អ្នក​សំណព្វ​របស់​ព្រះ​សួរ​ថា៖ «តើ​ធ្លាក់​ត្រង់​ណា?» អ្នក​នោះ​ក៏​បង្ហាញ​កន្លែង រួច​លោក​កាប់​មែក​ឈើ​មួយ​កំណាត់ បោះ​ទៅ​ក្នុង​ទឹក ហើយ​ផ្លែ​ពូថៅ​ក៏​អណ្តែត​ឡើង​មក។

២ ពង្សាវតារក្សត្រ 6:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ ក្រុម​ព្យាការី​ជម្រាប​លោក​អេលីសេ​ថា៖ «កន្លែង​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​លោក​នេះ​ចង្អៀត​ណាស់ សម្រាប់​យើង​ទាំង​អស់​គ្នា។ សូម​អនុញ្ញាត​ឲ្យ​យើង​នាំ​គ្នា​ទៅ​ទន្លេ​យ័រដាន់ កាប់​កូន​ឈើ​ម្នាក់​មួយ​ដើមៗ យក​មក​ធ្វើ​កន្លែង​ស្នាក់​នៅ»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ទៅ​ចុះ!»។ មាន​ម្នាក់​ក្នុង​ចំណោម​ព្យាការី​ពោល​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ជា​មួយ​យើង​ខ្ញុំ​ផង!»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​យល់​ព្រម​ទៅ​ជា​មួយ»។ លោក​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ។ លុះ​ទៅ​ដល់​ទន្លេ​យ័រដាន់ ពួក​គេ​នាំ​គ្នា​កាប់​ដើម​ឈើ។ ពេល​នោះ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​កាប់​ដើម​ឈើ ហើយ​ផ្លែ​ពូថៅ​របស់​គាត់​របូត​ធ្លាក់​ទៅ​ក្នុង​ទឹក។ គាត់​ស្រែក​ឡើង​ថា៖ «វីវរ​ហើយ​លោក​ម្ចាស់! ពូថៅ​នេះ​ខ្ញុំ​ខ្ចី​គេ​ផង!»។ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​សួរ​ថា៖ «តើ​ផ្លែ​ពូថៅ​នោះ​ធ្លាក់​នៅ​កន្លែង​ណា?»។ គាត់​ចង្អុល​បង្ហាញ​កន្លែង​ដែល​ផ្លែ​ពូថៅ​ធ្លាក់។ លោក​អេលីសេ​កាត់​ឈើ​មួយ​កង់​បោះ​ទៅ​ក្នុង​ទឹក ផ្លែ​ពូថៅ​ក៏​ផុស​ពី​ទឹក​អណ្ដែត​ឡើង។

២ ពង្សាវតារក្សត្រ 6:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ពួក​សិស្ស​របស់​ពួក​ហោរា គេ​ជំរាប​ដល់​អេលី‌សេ​ថា សូម​មើល ទី​កន្លែង​ដែល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​លោក​នេះ ចង្អៀត​ដល់​យើង​ខ្ញុំ​ពេក​ណាស់ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ទៅ​ឯ​ទន្លេ​យ័រដាន់ កាប់​យក​ឈើ​មួយ​ដើម​ម្នាក់ ធ្វើ​ជា​ទី​អាស្រ័យ​នៅ​ទី​នោះ លោក​ឆ្លើយ​ថា ចូរ​ទៅ​ចុះ មាន​ម្នាក់​និយាយ​ថា សូម​លោក​អញ្ជើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ប្របាទ​ផង លោក​តប​ថា អញ​នឹង​ទៅ​ដែរ ដូច្នេះ លោក​ក៏​ទៅ​ជា​មួយ លុះ​គេ​បាន​ទៅ​ដល់​ទន្លេ​យ័រដាន់​ហើយ នោះ​ក៏​កាប់​ឈើ តែ​កាល​ម្នាក់​កំពុង​តែ​កាប់ នោះ​ផ្លែ​ពូថៅ​បាន​របូត​ធ្លាក់​ទៅ​ក្នុង​ទឹក រួច​អ្នក​នោះ​ស្រែក​ឡើង​ថា វរ‌ហើយ លោក​ម្ចាស់​ខ្ញុំ​អើយ ដ្បិត​ពូថៅ​នេះ​ខ្ញុំ​បាន​ខ្ចី​មក​ពី​គេ អ្នក​សំណប់​របស់​ព្រះ​សួរ​ថា តើ​ធ្លាក់​ត្រង់​ណា អ្នក​នោះ​ក៏​បង្ហាញ​កន្លែង រួច​លោក​កាប់​មែក​ឈើ​១​កំណាត់ បោះ​ទៅ​ក្នុង​ទឹក ហើយ​ផ្លែ​ពូថៅ​ក៏​អណ្តែត​ឡើង​មក

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ