២ ពង្សាវតារក្សត្រ 6
6
ផ្លែពូថៅអណ្តែត
1គ្រានោះ ពួកហោរា គេជម្រាបដល់អេលីសេថា៖ «សូមមើល ទីកន្លែងដែលយើងខ្ញុំនៅជាមួយលោកនេះ ចង្អៀតដល់យើងខ្ញុំពេកណាស់ 2សូមបើកឲ្យយើងខ្ញុំទៅឯទន្លេយ័រដាន់ កាប់យកឈើមួយដើមម្នាក់ ធ្វើជាទីអាស្រ័យនៅទីនោះ» លោកឆ្លើយថា៖ «ចូរទៅចុះ»។ 3មានម្នាក់និយាយថា៖ «សូមលោកអញ្ជើញទៅជាមួយយើងខ្ញុំប្របាទផង» លោកតបថា៖ «យើងនឹងទៅដែរ»។ 4ដូច្នេះ លោកក៏ទៅជាមួយ លុះគេបានទៅដល់ទន្លេយ័រដាន់ហើយ នោះក៏កាប់ឈើ 5តែកាលម្នាក់កំពុងតែកាប់ នោះផ្លែពូថៅបានរបូតធ្លាក់ទៅក្នុងទឹក រួចអ្នកនោះស្រែកឡើងថា៖ «វរហើយ លោកម្ចាស់ខ្ញុំអើយ ពូថៅនេះខ្ញុំបានខ្ចីពីគេទេ» 6អ្នកសំណព្វរបស់ព្រះសួរថា៖ «តើធ្លាក់ត្រង់ណា?» អ្នកនោះក៏បង្ហាញកន្លែង រួចលោកកាប់មែកឈើមួយកំណាត់ បោះទៅក្នុងទឹក ហើយផ្លែពូថៅក៏អណ្តែតឡើងមក។ 7នោះលោកបង្គាប់ថា៖ «ចូរស្រង់យកមក» អ្នកនោះក៏លូកដៃទៅចាប់យកមក។
ហោរាអេលីសេចាប់ទាហានស៊ីរីមកជាឈ្លើយ
8ក្នុងពេលដែលស្តេចស្រុកស៊ីរីកំពុងតែច្បាំងនឹងសាសន៍អ៊ីស្រាអែល ក៏ហៅពួកអ្នកជំនិតទ្រង់មកពិគ្រោះគ្នា រួចបង្គាប់ថា៖ «យើងនឹងបោះទ័ពនៅកន្លែងមួយនោះ»។ 9ដូច្នេះ អ្នកសំណព្វរបស់ព្រះចាត់គេឲ្យទៅទូលដល់ស្តេចអ៊ីស្រាអែលថា៖ «សូមទ្រង់ប្រយ័ត្ន កុំយាងទៅតាមទីមួយនោះឡើយ ដ្បិតពួកស៊ីរីគេចុះមកតាមផ្លូវនោះហើយ»។ 10ស្តេចអ៊ីស្រាអែលក៏ចាត់គេ ឲ្យទៅកន្លែងដែលអ្នកសំណព្វរបស់ព្រះបានប្រាប់ឲ្យប្រយ័ត្ននោះ ទ្រង់ក៏បានរួចពីសេចក្ដីអន្តរាយនៅទីនោះ មិនមែនតែម្តង ឬពីរដងប៉ុណ្ណោះទេ។ 11ឯស្តេចស្រុកស៊ីរីមានព្រះហឫទ័យវល់អំពីដំណើរនោះ ក៏ហៅពួកអ្នកជំនិតមកសួរថា៖ «តើអ្នករាល់គ្នាមិនព្រមប្រាប់ឲ្យយើងដឹងជាអ្នកណាក្នុងពួកយើង ដែលកាន់ខាងស្តេចអ៊ីស្រាអែលទេឬ?» 12អ្នកជំនិតទ្រង់ម្នាក់ទូលតបថា៖ «បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ឥតមានអ្នកណាឡើយ គឺអេលីសេ ជាហោរាដែលនៅស្រុកអ៊ីស្រាអែល គាត់នាំយកអស់ទាំងព្រះបន្ទូល ដែលទ្រង់មានព្រះបន្ទូល នៅក្នុងក្រឡាព្រះបន្ទំរបស់ព្រះអង្គ ទៅប្រាប់ដល់ស្តេចអ៊ីស្រាអែល»។ 13រួចទ្រង់បង្គាប់ថា៖ «ចូរទៅសង្កេតមើលកន្លែងណាដែលគាត់នៅ ដើម្បីឲ្យយើងបានចាត់គេឲ្យទៅចាប់មក»។ មានគេទូលទ្រង់ថា៖ «គាត់នៅឯក្រុងដូថាន់»។ 14ដូច្នេះ ទ្រង់ក៏ចាត់ពលសេះ រទេះចម្បាំង និងពួកទ័ពសន្ធឹកឲ្យចេញទៅ គេក៏ទៅឡោមព័ទ្ធទីក្រុងនោះទាំងយប់។
15ពេលអ្នកបម្រើនៃអ្នកសំណព្វរបស់ព្រះបានក្រោកពីព្រលឹម ចេញទៅក្រៅ ឃើញមានពលទ័ពដែលមានទាំងសេះ និងរទេះចម្បាំងនៅព័ទ្ធជុំវិញទីក្រុង រួចអ្នកបម្រើជម្រាបលោកថា៖ «វរហើយ ចៅហ្វាយខ្ញុំអើយ តើយើងនឹងធ្វើដូចម្តេច?» 16លោកឆ្លើយតបថា៖ «កុំខ្លាចអី ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត»។ 17ពេលនោះ អេលីសេក៏អធិស្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកគេបានមើលឃើញ» ព្រះយេហូវ៉ាក៏ប្រោសភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ និងរទេះចម្បាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ។ 18កាលពួកស៊ីរី បានចុះមកដល់អេលីសេហើយ នោះលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា៖ «សូមព្រះអង្គវាយពួកស៊ីរីនេះ ឲ្យភ្នែកគេស្រវាំងទៅ» ដូច្នេះ ទ្រង់ក៏ធ្វើឲ្យភ្នែកគេស្រវាំងតាមពាក្យអេលីសេ 19ហើយអេលីសេប្រាប់គេថា៖ «មិនមែនផ្លូវនេះ ហើយមិនមែនទីក្រុងនេះដែរ សូមមកតាមខ្ញុំចុះ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅឯមនុស្សដែលត្រូវរកនោះ» តែលោកនាំគេទៅឯក្រុងសាម៉ារីវិញ។
20ពេលគេបានចូលទៅក្នុងក្រុងសាម៉ារីហើយ នោះអេលីសេអធិស្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់ធ្វើឲ្យភ្នែកមនុស្សទាំងនេះបានភ្លឺឡើង ដើម្បីឲ្យមើលឃើញវិញ» ព្រះយេហូវ៉ាក៏ប្រោសប្រទានឲ្យភ្នែកគេបានភ្លឺឡើងវិញ ឲ្យគេបានមើលឃើញ នោះក៏ឃើញថា គេនៅកណ្ដាលក្រុងសាម៉ារីហើយ។ 21កាលស្តេចអ៊ីស្រាអែលបានឃើញគេ ទ្រង់មានបន្ទូលសួរអេលីសេថា៖ «លោកឪពុកអើយ តើយើងត្រូវប្រហារជីវិតគេ តើត្រូវសម្លាប់គេឬ?» 22លោកទូលឆ្លើយថា៖ «មិនត្រូវប្រហារគេទេ តើនឹងវាយសម្លាប់ពួកឈ្លើយ ដែលចាប់ក្នុងការសង្គ្រាមឬ? សូមដាក់នំបុ័ង និងទឹកមក នៅមុខគេឲ្យបរិភោគផង រួចឲ្យត្រឡប់ទៅឯចៅហ្វាយគេវិញទៅ»។ 23ដូច្នេះ ស្តេចក៏ចាត់ចែងភោជនាហារយ៉ាងច្រើនឲ្យគេ កាលគេបានបរិភោគរួចហើយ ទ្រង់លែងឲ្យទៅវិញ ហើយគេវិលត្រឡប់ទៅឯចៅហ្វាយខ្លួន ឯសាសន៍ស៊ីរីក៏លែងទន្ទ្រានចូលក្នុងស្រុកអ៊ីស្រាអែលដោយពួកៗទៀត។
បេន-ហាដាន់ឡោមព័ទ្ធក្រុងសាម៉ារី
24ក្រោយនោះមក បេន-ហាដាដ ជាស្តេចស្រុកស៊ីរីប្រមូលកងទ័ពទាំងអស់ ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី។ 25ដូច្នេះ នៅក្រុងសាម៉ារីមានអំណត់ជាខ្លាំង ពួកស៊ីរីឡោមព័ទ្ធច្បាំងនឹងទីក្រុងនោះ ទាល់តែក្បាលលាមួយលក់ថ្លៃប៉ែតសិបសេកែល ហើយអាចម៍ព្រាបមួយកំប៉ុងលក់ថ្លៃប្រាំសេកែល 26គ្រានោះ កាលស្តេចអ៊ីស្រាអែលទ្រង់កំពុងតែយាងនៅលើកំផែងក្រុង នោះមានស្ត្រីម្នាក់ស្រែកទូលទ្រង់ថា៖ «បពិត្រព្រះករុណាជាអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង»។ 27ប៉ុន្តែ ទ្រង់មានរាជឱង្ការថា៖ «បើព្រះយេហូវ៉ាមិនជួយអ្នកទេ តើធ្វើដូចម្តេចឲ្យយើងជួយបាន? តើនឹងជួយដោយស្រូវពីទីលាន ឬដោយស្រាទំពាំងបាយជូរពីធុងឃ្នាបឬ?» 28ស្តេចក៏សួរស្ត្រីនោះថា៖ «តើអ្នកមានរឿងអ្វី?» ស្ត្រីនោះទូលឆ្លើយថា៖ «នាងនេះបាននិយាយមកខ្ញុំម្ចាស់ថា "ចូរឲ្យកូនឯងមកយើងបរិភោគនៅថ្ងៃនេះ ហើយថ្ងៃស្អែក យើងនឹងបរិភោគកូនយើងវិញ" 29ដូច្នេះ ខ្ញុំម្ចាស់បានស្ងោរកូនខ្ញុំម្ចាស់ រួចយើងខ្ញុំបានបរិភោគទៅ លុះដល់ថ្ងៃក្រោយ ខ្ញុំម្ចាស់បាននិយាយទៅនាងថា "ចូរយកកូនឯងមកយើងបរិភោគទៀត" តែគេបានយកកូនទៅលាក់ទុកវិញ»។ 30កាលស្តេចបានឮពាក្យរបស់ស្ត្រីនោះហើយ ទ្រង់ហែកព្រះពស្ត្រ ហើយកំពុងដែលទ្រង់យាងនៅលើកំផែងហួសទៅ នោះពួកប្រជារាស្ត្រក្រឡេកមើលទៅឃើញថា ទ្រង់ស្លៀកសំពត់ធ្មៃខាងក្នុងជាប់នឹងអង្គទ្រង់ 31ទ្រង់មានរាជឱង្ការថា៖ «បើក្បាលអេលីសេ កូនសាផាត នៅជាប់លើខ្លួនវានៅថ្ងៃនេះ នោះសូមឲ្យព្រះទ្រង់ប្រព្រឹត្តនឹងយើងយ៉ាងនោះវិញ ហើយលើសទៅទៀតផង»។ 32ដូច្នេះ ស្ដេចចាត់មនុស្សម្នាក់ពីចំពោះទ្រង់ទៅរកលោក។
ឯលោកអេលីសេកំពុងអង្គុយនៅក្នុងផ្ទះ មានពួកចាស់ទុំនៅជាមួយ តែមុនដែលអ្នកនោះមកដល់ លោកអេលីសេមានប្រសាសន៍ទៅពួកចាស់ទុំថា៖ «តើអ្នកឃើញទេ មានឃាតកចាត់មនុស្សឲ្យមកយកក្បាលខ្ញុំហើយ សូមចាំមើល ពេលអ្នកនោះមកដល់ ត្រូវបិទទ្វារឲ្យជាប់ កុំឲ្យគេចូលឡើយ។ តើមិនឮសូរសម្រិបជើងចៅហ្វាយរបស់គេមកតាមក្រោយទេឬ?» 33កំពុងដែលលោកមានប្រសាសន៍នឹងអ្នកទាំងនោះ ស្ដេច ក៏ចុះមកដល់ និយាយថា៖ «មើល៍ សេចក្ដីវេទនានេះ មកពីព្រះយេហូវ៉ា តើយើងត្រូវនៅចាំព្រះយេហូវ៉ាធ្វើអីទៀត?»។
ទើបបានជ្រើសរើសហើយ៖
២ ពង្សាវតារក្សត្រ 6: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies