២ ពង្សាវ‌តារ‌ក្សត្រ 5

5
លោក​មេ‌ទ័ព​ណាម៉ាន់​បាន​ជា​ពី​រោគ​ឃ្លង់
1ណាម៉ាន់​ជា​មេ‌ទ័ព​របស់​ស្តេច​ស៊ីរី លោក​ជា​អ្នក​ធំ​នៅ​ចំពោះ​ចៅ‌ហ្វាយ ក៏​មាន​យស​ខ្ពស់ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​ពួក​ស៊ីរី​មាន​ជ័យ‌ជម្នះ ដោយ‌សារ​លោក លោក​ក៏​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែរ តែ​កើត​រោគ​ឃ្លង់ ។ 2គ្រា​នោះ ពួក​ទ័ព​ស៊ីរី​បាន​ចេញ​ទៅ​ដោយ​កងៗ ហើយ​ចាប់​បាន​ក្មេង​ស្រី​ម្នាក់​មក​ពី​ស្រុក​អ៊ីស្រា‌អែល នាង​នោះ​ក៏​មក​បម្រើ​ប្រពន្ធ​ណាម៉ាន់។ 3នាង​និយាយ​ទៅ​ចៅ‌ហ្វាយ​ស្រី​របស់​ខ្លួន​ថា៖ «ប្រសិន‌បើ​លោក​ប្រុស ជា​ចៅ‌ហ្វាយ​នាង​ខ្ញុំ នៅ​ជា‌មួយ​ហោរា​ដែល​នៅ​ក្រុង​សាម៉ារី​នោះ លោក​នឹង​មើល​រោគ​ឃ្លង់​នេះ​ឲ្យ​ជា​ហើយ!»។ 4ណាម៉ាន់​បាន​ចូល​ទៅ​ក្នុង ហើយ​ជម្រាប​ចៅ‌ហ្វាយ​របស់​គាត់ ពី​អ្វី​ដែល​ក្មេង​ស្រី​មក​ពី​ស្រុក​អ៊ីស្រា‌អែល​បាន​និយាយ។ 5ស្តេច​ស៊ីរី​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ចុះ យើង​នឹង​ធ្វើ​សំបុត្រ​មួយ​ផ្ញើ​ទៅ​ស្តេច​អ៊ីស្រា‌អែល​ដែរ»។
លោក​បាន​ចេញ​ទៅ នាំ​យក​ទាំង​ប្រាក់​ដប់​ហាប និង​មាស​ប្រាំមួយ​ពាន់​សេកែល ហើយ​សម្លៀក​បំពាក់​ដប់​បន្លាស់​ផង។ 6លោក​យក​សំបុត្រ​នោះ​ទៅ​ថ្វាយ​ស្តេច​អ៊ីស្រា‌អែល មាន​សេចក្ដី​ថា៖ «កាល​ណា​ទ្រង់​ទទួល​សំបុត្រ​នេះ សូម​ជ្រាប​ថា ទូល‌បង្គំ​បាន​ចាត់​ណាម៉ាន់ ជា​អ្នក​ជំនិត​របស់​ទូល‌បង្គំ​មក​ហើយ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ឲ្យ​គាត់​ជា​ពី​រោគ​ឃ្លង់​ផង»។ 7ពេល​ស្តេច​អ៊ីស្រា‌អែល​បាន​អាន​សំបុត្រ​នោះ​រួច​ហើយ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​យើង​ជា​ព្រះ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្លាប់ ឬ​ឲ្យ​រស់​បាន​ឬ បាន​ជា​គេ​ចាត់​មនុស្ស​ឃ្លង់​នេះ​មក​ឲ្យ​យើង​មើល​រោគ​ឲ្យ​ជា​ដូច្នេះ? ចូរ​ពិចារ‌ណា​មើល​របៀប​ដែល​គេ​រក​រឿង​នឹង​យើង»។
8ប៉ុន្តែ ពេល​អេលី‌សេ​អ្នក​សំណព្វ​របស់​ព្រះ​បាន​ឮ​ថា ស្តេច​អ៊ីស្រា‌អែល​បាន​ហែក​ព្រះ‌ពស្ត្រ​ដូច្នោះ លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ស្តេច​ថា៖ «ហេតុ​អ្វី​បាន​ជា​ទ្រង់​ហែក​ព្រះ‌ពស្ត្រ​ដូច្នេះ? សូម​ឲ្យ​លោក​នោះ​មក​ជួប​ទូល‌បង្គំ​ចុះ នោះ​លោក​នឹង​បាន​ជ្រាប​ថា មាន​ហោរា​មួយ​នៅ​ស្រុក​អ៊ីស្រា‌អែល​មែន»។ 9ដូច្នេះ ណាម៉ាន់​បាន​មក​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​អេលី‌សេ មាន​សេះ និង​រទេះ​ផង។ 10អេលី‌សេ​បាន​ចាត់​អ្នក​បម្រើ​ម្នាក់ ឲ្យ​ទៅ​ជម្រាប​ថា៖ «សូម​លោក​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់​ប្រាំពីរ​ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ»។ 11តែ​ណាម៉ាន់​មាន​កំហឹង ហើយ​ក៏​ចេញ​ទៅ ដោយ​ពោល​ថា៖ «ខ្ញុំ​ស្មាន​ថា​ប្រាកដ​ជា​លោក​ចេញ​មក​ជួប​ខ្ញុំ ឈរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក ហើយ​រា​ដៃ​ពី​លើ​ដំបៅ​ឲ្យ​រោគ​ឃ្លង់​បាន​ជា។ 12ឯ​ទន្លេ​អាបា‌ណា និង​ទន្លេ​ផើផើរ ជា​ទន្លេ​ស្រុក​ដាម៉ាស តើ​មិន​ល្អ​ជាង​ទឹក នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ​ឬ? បើ​ខ្ញុំ​មុជ​ទឹក​ទន្លេ​នោះ តើ​មិន​បាន​ស្អាត​ទេ​ឬ?»។ ដូច្នេះ លោក​ក៏​ត្រឡប់​ចេញ​ពី​ទី​នោះ​ទៅ​ទាំង​កំហឹង។ 13ប៉ុន្តែ ពួក​អ្នក​បម្រើ​របស់​លោក​ក៏​អែប​ចូល​ជិត ជម្រាប​ថា៖ «លោក​ឪពុក​អើយ ប្រសិន‌បើ​ហោរា​នោះ​ប្រាប់​ឲ្យ​លោក​ធ្វើ​អ្វី​ដែល​ពិបាក តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ? បើ​លោក​គ្រាន់​តែ​ឲ្យ​ទៅ​មុជ​ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​គួរ​ធ្វើ​តាម​ជា​ជាង​អំបាល​ម៉ាន​ទៅ​ទៀត?» 14ដូច្នេះ លោក​ក៏​ចុះ​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់​ប្រាំពីរ​ដង តាម​ពាក្យ​អ្នក​សំណព្វ​របស់​ព្រះ នោះ​សាច់​របស់​លោក​ក៏​ដុះ​ឡើង​ជា​ថ្មី ដូច​ជា​សាច់​របស់​ក្មេង ហើយ​លោក​បាន​ជា​ស្អាត។
15បន្ទាប់​មក លោក​បាន​ត្រឡប់​ទៅ​រក​អ្នក​សំណព្វ​របស់​ព្រះ​វិញ ឈរ​នៅ​ចំពោះ​មុខ​ជម្រាប​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា នៅ​ផែនដី​ទាំង​មូល គ្មាន​ព្រះ​ឯ​ណា​សោះ ក្រៅ​ពី​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មួយ​ប៉ុណ្ណោះ ដូច្នេះ សូម​លោក​ទទួល​រង្វាន់​ពី​ខ្ញុំ​ប្របាទ​ចុះ»។ 16ប៉ុន្តែ លោក​ឆ្លើយ​តប​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ខ្ញុំ​ឈរ​នៅ​ចំពោះ​ទ្រង់​ថា ខ្ញុំ​មិន​ទទួល​យក​អ្វី​សោះ​ឡើយ» ណាម៉ាន់​ក៏​អង្វរ​ឲ្យ​ទទួល តែ​លោក​ប្រកែក​មិន​ព្រម​ទេ។ 17ណាម៉ាន់​និយាយ​ថា៖ «បើ​ដូច្នេះ សូម​តែ​ឲ្យ​ដី​ល្មម​ផ្ទុក​លើ​លា‌កាត់​ពីរ​មក​ខ្ញុំ​ប្របាទ​ចុះ ដ្បិត​ពី​នេះ​ទៅ​មុខ ខ្ញុំ​ប្របាទ​នឹង​មិន​ថ្វាយ​តង្វាយ​ដុត ឬ​យញ្ញ‌បូជា​ដល់​ព្រះ​ណា​ផ្សេង​ទៀត ក្រៅ​ពី​ព្រះ‌យេហូវ៉ា​ឡើយ។ 18ប៉ុន្តែ សូម​ព្រះ‌យេហូវ៉ា​អត់​ទោស​ដល់​ខ្ញុំ​ផង គឺ​កាល​ចៅ‌ហ្វាយ​របស់​ខ្ញុំ​បាន​យាង​ចូល​ទៅ​ថ្វាយ​បង្គំ​ក្នុង​វិហារ​ព្រះ​រីម៉ូន ហើយ​ខ្ញុំ​ក៏​បាន​ឱន​ខ្លួន​នៅ​ក្នុង​វិហារ​ព្រះ​រីម៉ូន នោះ​សូម​ព្រះ‌យេហូវ៉ា​អត់​ទោស​ដល់​ខ្ញុំ ពី​ការ​ដែល​ឱន​ខ្លួន​នៅ​ក្នុង​វិហារ​ព្រះ​រីម៉ូន​នោះ​ផង»។ 19អេលី‌សេ​ក៏​និយាយ​ថា៖ «អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។
ភាព​លោភលន់​របស់​កេហា‌ស៊ី
ប៉ុន្តែ ពេល​ណាម៉ាន់​បាន​ចេញ​ពី​លោក​ទៅ​តាម​ផ្លូវ​បន្តិច 20កេហា‌ស៊ី ជា​អ្នក​បម្រើ​របស់​អេលី‌សេ ជា​អ្នក​សំណព្វ​របស់​ព្រះ គាត់​នឹក​ថា៖ «មើល៍ ចៅ‌ហ្វាយ​ខ្ញុំ​បាន​យល់​ដល់​ណាម៉ាន់​ជា​សាសន៍​ស៊ីរី​នោះ ដោយ​មិន​បាន​ទទួល​របស់​ស្នង​ពី​ដៃ​លោក ដែល​នាំ​មក​ជូន​នោះ​សោះ ខ្ញុំ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ខ្ញុំ​នឹង​រត់​ទៅ​តាម ហើយ​ទទួល​យក​របស់​ខ្លះ​ពី​លោក»។ 21ពេល​នោះ កេហា‌ស៊ី​ក៏​ទៅ​តាម​ណាម៉ាន់ កាល​ណាម៉ាន់​ឃើញ​ម្នាក់​កំពុង​រត់​មក​តាម លោក​ក៏​ចុះ​ពី​រទេះ​ទៅ​ទទួល ហើយ​សួរ​ថា៖ «សុខ​សប្បាយ​ទាំង​អស់​គ្នា​ទេ​ឬ?» 22គាត់​ឆ្លើយ​ថា៖ «សុខ​សប្បាយ​ជា​ទេ តែ​ចៅ‌ហ្វាយ​ខ្ញុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជម្រាប​លោក​ថា "មាន​មនុស្ស​កំលោះ​ពីរ​នាក់​ជា​ពួក​ហោរា ទើប​នឹង​មក​ដល់​ពី​ស្រុក​ភ្នំ​អេប្រាអិម ដូច្នេះ សូម​លោក​មេត្តា​ឲ្យ​ប្រាក់​មួយ​ហាប និង​សំលៀប​បំពាក់​ពីរ​បន្លាស់​មក​សម្រាប់​គេ"»។ 23ណាម៉ាន់​ឆ្លើយ​តប​ថា៖ «សូម​ឲ្យ​អ្នក​យក​ដល់​ទៅ​ពីរ​ហាប​ចុះ» លោក​ក៏​បង្ខំ រួច​ដាក់​ប្រាក់​ពីរ​ហាប​ចុះ​ក្នុង​ថង់​ពីរ ព្រម​ទាំង​ឲ្យ​អាវ​ពីរ​បន្លាស់ ដាក់​ឲ្យ​អ្នក​បម្រើ​របស់​លោក​ពីរ​នាក់​បាន​លី​ទៅ​ខាង​មុខ​កេហា‌ស៊ី ។ 24លុះ​ទៅ​ដល់​ភ្នំ​ហើយ នោះ​គាត់​យក​ថង់​ទាំង​ពីរ ពី​ដៃ​របស់​គេ​ទៅ​ទុក​ក្នុង​ផ្ទះ រួច​ឲ្យ​គេ​ទៅ​វិញ គេ​ក៏​ចេញ​ទៅ។ 25លំដាប់​នោះ​គាត់​ចូល​ទៅ​ឈរ​នៅ​មុខ​អេលី‌សេ​ជា​ចៅ‌ហ្វាយ​ខ្លួន ហើយ​លោក​សួរ​ថា៖ «កេហា‌ស៊ី​អើយ ឯង​មក​ពី​ណា?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ប្របាទ​មិន​បាន​ទៅ​ឯ​ណា​ទេ»។ 26ប៉ុន្តែ លោក​មាន​ប្រសាសន៍​ថា៖ «តើ​វិញ្ញាណ​ខ្ញុំ​មិន​បាន​ទៅ​តាម​ឯង ក្នុង​កាល​ដែល​លោក​នោះ​ចុះ​ពី​រទេះ​មក​ទទួល​ឯង​ទេ​ឬ? តើ​ជា​ឱកាស​គួរ​ទទួល​ប្រាក់ និង​សម្លៀក​បំពាក់ ព្រម​ទាំង​ចម្ការ​អូលីវ ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ចៀម គោ ហើយ​បាវ​ប្រុស​បាវ​ស្រី​ឬ? 27ហេតុ​នេះ រោគ​ឃ្លង់​របស់​ណាម៉ាន់​នឹង​នៅ​ជាប់​នឹង​ឯង​វិញ ព្រម​ទាំង​កូន​ចៅ​ឯង​ជា​រៀង‌រាប​ដរាប​ទៅ»។ ដូច្នេះ គាត់​ក៏​ចេញ​ពី​មុខ​លោក​ទៅ កើត​មាន​រោគ​ឃ្លង់​ស​ដូច​ហិមៈ​តែ​ម្តង។

ទើបបានជ្រើសរើសហើយ៖

២ ពង្សាវ‌តារ‌ក្សត្រ 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល