២ ពង្សាវ‌តារ‌ក្សត្រ 6:1-6

២ ពង្សាវ‌តារ‌ក្សត្រ 6:1-6 គកស១៦

គ្រា​នោះ ពួក​ហោរា គេ​ជម្រាប​ដល់​អេលី‌សេ​ថា៖ «សូម​មើល ទី​កន្លែង​ដែល​យើង​ខ្ញុំ​នៅ​ជា‌មួយ​លោក​នេះ ចង្អៀត​ដល់​យើង​ខ្ញុំ​ពេក​ណាស់ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ទៅ​ឯ​ទន្លេ​យ័រដាន់ កាប់​យក​ឈើ​មួយ​ដើម​ម្នាក់ ធ្វើ​ជា​ទី​អាស្រ័យ​នៅ​ទី​នោះ» លោក​ឆ្លើយ​ថា៖ «ចូរ​ទៅ​ចុះ»។ មាន​ម្នាក់​និយាយ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ជា‌មួយ​យើង​ខ្ញុំ​ប្របាទ​ផង» លោក​តប​ថា៖ «យើង​នឹង​ទៅ​ដែរ»។ ដូច្នេះ លោក​ក៏​ទៅ​ជា‌មួយ លុះ​គេ​បាន​ទៅ​ដល់​ទន្លេ​យ័រដាន់​ហើយ នោះ​ក៏​កាប់​ឈើ តែ​កាល​ម្នាក់​កំពុង​តែ​កាប់ នោះ​ផ្លែ​ពូថៅ​បាន​របូត​ធ្លាក់​ទៅ​ក្នុង​ទឹក រួច​អ្នក​នោះ​ស្រែក​ឡើង​ថា៖ «វរ​ហើយ លោក​ម្ចាស់​ខ្ញុំ​អើយ ពូថៅ​នេះ​ខ្ញុំ​បាន​ខ្ចី​ពី​គេ​ទេ» អ្នក​សំណព្វ​របស់​ព្រះ​សួរ​ថា៖ «តើ​ធ្លាក់​ត្រង់​ណា?» អ្នក​នោះ​ក៏​បង្ហាញ​កន្លែង រួច​លោក​កាប់​មែក​ឈើ​មួយ​កំណាត់ បោះ​ទៅ​ក្នុង​ទឹក ហើយ​ផ្លែ​ពូថៅ​ក៏​អណ្តែត​ឡើង​មក។