២ ពង្សាវតារក្សត្រ 5:1-14

២ ពង្សាវតារក្សត្រ 5:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​បុរស​ម្នាក់​ឈ្មោះ​ណាម៉ាន់ ជា​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​ស៊ីរី។ ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​នឹង​លោក​ណាស់ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ជ័យ‌ជម្នះ​ដល់​ស្រុក​ស៊ីរី ព្រោះ​តែ​លោក។ ប៉ុន្តែ មេ‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នេះ​កើត​រោគ​ឃ្លង់។ គ្រា​នោះ កង‌ទ័ព​ស៊ីរី​បាន​ចេញ​មក​ច្បាំង​នឹង​ស្រុក​អ៊ីស្រា‌អែល ហើយ​ចាប់​បាន​ក្មេង​ស្រី​ម្នាក់​នាំ​យក​ទៅ​ជា​ឈ្លើយ។ ក្មេង​ស្រី​នេះ​នៅ​បម្រើ​ភរិយា​របស់​លោក​ណាម៉ាន់។ នាង​ជម្រាប​ម្ចាស់​ស្រី​ថា៖ «ប្រសិន​បើ​លោក​ម្ចាស់​អាច​ទៅ​ជួប​ព្យាការី​នៅ​ក្រុង​សាម៉ារី លោក​មុខ​ជា​ជួយ​លោក​ម្ចាស់​ឲ្យ​ជា​សះ‌ស្បើយ​ពី​រោគ​ឃ្លង់​ពុំ‌ខាន!»។ លោក​ណាម៉ាន់​នាំ​យក​ពាក្យ​ក្មេង​ស្រី​ពី​ស្រុក​អ៊ីស្រា‌អែល​នោះ​ទៅ​ទូល​ស្ដេច​ស្រុក​ស៊ីរី។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ក្រុង​សាម៉ារី​ចុះ! យើង​នឹង​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល»។ លោក​ណាម៉ាន់​ចេញ​ដំណើរ​ទៅ ដោយ​នាំ​យក​ប្រាក់​ដប់​ហាប មាស​ប្រាំ​មួយ​ពាន់​ស្លឹង និង​សម្លៀក‌បំពាក់​ដប់​បន្លាស់​ទៅ​ជា​មួយ​ផង។ លោក​យក​សំបុត្រ​របស់​ស្ដេច​ស្រុក​ស៊ីរី​ថ្វាយ​ស្ដេច​អ៊ីស្រា‌អែល សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖ «សូម​ព្រះ‌ករុណា​ជ្រាប​ថា អ្នក​ដែល​នាំ​សំបុត្រ​នេះ​មក​ថ្វាយ គឺ​លោក​ណាម៉ាន់ ជា​មន្ត្រី​របស់​ទូលបង្គំ សូម​ព្រះ‌ករុណា​មេត្តា​ជួយ​ព្យាបាល​លោក ឲ្យ​ជា​សះ‌ស្បើយ​ពី​រោគ​ឃ្លង់​ផង»។ កាល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​អាន​សំបុត្រ​នេះ​ចប់ ទ្រង់​ហែក​ព្រះ‌ភូសា​ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «តើ​យើង​នេះ​ជា​ព្រះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​រស់​កើត​ឬ បាន​ជា​ស្ដេច​បញ្ជូន​មនុស្ស​ឃ្លង់​មក​ឲ្យ​យើង​ព្យាបាល​ដូច្នេះ? សូម​ជួយ​ពិចារណា​មើល​ចុះ! ស្ដេច​ស្រុក​ស៊ីរី​ពិត​ជា​រក​លេស បង្ក​ជម្លោះ​ជា​មួយ​យើង​ហើយ!»។ កាល​ព្យាការី​អេលីសេ​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ជ្រាប​ថា ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ហែក​ព្រះ‌ភូសា លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ស្ដេច​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ហែក​ព្រះ‌ភូសា​ដូច្នេះ? សូម​ប្រាប់​ឲ្យ​លោក​ណាម៉ាន់​មក​ជួប​នឹង​ទូលបង្គំ​ចុះ នោះ​គាត់​នឹង​ដឹង​ថា នៅ​ស្រុក​អ៊ីស្រា‌អែល​មាន​ព្យាការី​ម្នាក់​មែន!»។ លោក​ណាម៉ាន់​ជិះ​រទេះ​សេះ​មក​ឈប់​នៅ​មុខ​ផ្ទះ​លោក​អេលីសេ។ ព្យាការី​អេលីសេ​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​ថា៖ «សូម​អញ្ជើញ​ទៅ​មុជ​ទឹក​ទន្លេ​យ័រដាន់​ឲ្យ​បាន​ចំនួន​ប្រាំ‌ពីរ​ដង​ចុះ នោះ​ស្បែក​របស់​លោក​នឹង​ជា​សះ‌ស្បើយ ហើយ​លោក​នឹង​បាន​បរិសុទ្ធ​មិន​ខាន»។ លោក​ណាម៉ាន់​ក៏​ខឹង ហើយ​ដើរ​ចេញ​ទៅ ទាំង​រអ៊ូ​ថា៖ «ខ្ញុំ​នឹក​ស្មាន​ថា​ព្យាការី​មុខ​ជា​ចេញ​មក​ទទួល​ខ្ញុំ ហើយ​ឈរ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក រួច​ដាក់​ដៃ​លើ​ដំបៅ​របស់​ខ្ញុំ​ឲ្យ​ជា​សះ‌ស្បើយ។ នៅ​ក្រុង​ដាម៉ាស​ក៏​មាន​ទន្លេ​ដែរ គឺ​ទន្លេ​អាបាណា និង​ទន្លេ​ផើ‌ផើរ បើ​គ្រាន់​តែ​មុជ​ទឹក ហើយ​ខ្ញុំ​បាន​ជា​សះ‌ស្បើយ​នោះ ខ្ញុំ​ទៅ​មុជ​ទឹក​ទន្លេ​នៅ​ស្រុក​ខ្ញុំ ប្រសើរ​ជាង​មុជ​ទឹក​ក្នុង​ទន្លេ​ទាំង​ប៉ុន្មាន នៅ​ស្រុក​អ៊ីស្រា‌អែល​នេះ!»។ លោក​ណាម៉ាន់​ចាក​ចេញ​ទៅ ទាំង​ក្រេវ‌ក្រោធ។ ប៉ុន្តែ អ្នក​បម្រើ​របស់​លោក​ចូល​ទៅ​ជិត​លោក ជម្រាប​ថា៖ «លោក​ឪពុក! ប្រសិន​បើ​ព្យាការី​បង្គាប់​ឲ្យ​ធ្វើ​កិច្ចការ​អ្វី​ពិបាក នោះ​លោក​ប្រាកដ​ជា​ធ្វើ​តាម​មិន​ខាន ពេល​នេះ ព្យាការី​គ្រាន់​តែ​សុំ​ឲ្យ​លោក​មុជ​ទឹក ដើម្បី​ជា​ស្អាត​បរិសុទ្ធ ម្ដេច​ក៏​លោក​មិន​ធ្វើ​តាម?»។ លោក​ណាម៉ាន់​ក៏​ចុះ​ទៅ​ក្នុង​ទន្លេ​យ័រដាន់ ហើយ​មុជ​ក្នុង​ទឹក​ចំនួន​ប្រាំ‌ពីរ​ដង តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​បាន​ប្រាប់ ស្រាប់​តែ​សាច់​របស់​លោក​ឡើង​ស្អាត ដូច​សាច់​កូន​ក្មេង លោក​ក៏​ជា​ស្អាត​បរិសុទ្ធ។

២ ពង្សាវតារក្សត្រ 5:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ណាម៉ាន់​ជា​មេ‌ទ័ព​របស់​ស្តេច​ស៊ីរី លោក​ជា​អ្នក​ធំ​នៅ​ចំពោះ​ចៅ‌ហ្វាយ ក៏​មាន​យស​ខ្ពស់ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​ពួក​ស៊ីរី​មាន​ជ័យ‌ជម្នះ ដោយ‌សារ​លោក លោក​ក៏​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែរ តែ​កើត​រោគ​ឃ្លង់ ។ គ្រា​នោះ ពួក​ទ័ព​ស៊ីរី​បាន​ចេញ​ទៅ​ដោយ​កងៗ ហើយ​ចាប់​បាន​ក្មេង​ស្រី​ម្នាក់​មក​ពី​ស្រុក​អ៊ីស្រា‌អែល នាង​នោះ​ក៏​មក​បម្រើ​ប្រពន្ធ​ណាម៉ាន់។ នាង​និយាយ​ទៅ​ចៅ‌ហ្វាយ​ស្រី​របស់​ខ្លួន​ថា៖ «ប្រសិន‌បើ​លោក​ប្រុស ជា​ចៅ‌ហ្វាយ​នាង​ខ្ញុំ នៅ​ជា‌មួយ​ហោរា​ដែល​នៅ​ក្រុង​សាម៉ារី​នោះ លោក​នឹង​មើល​រោគ​ឃ្លង់​នេះ​ឲ្យ​ជា​ហើយ!»។ ណាម៉ាន់​បាន​ចូល​ទៅ​ក្នុង ហើយ​ជម្រាប​ចៅ‌ហ្វាយ​របស់​គាត់ ពី​អ្វី​ដែល​ក្មេង​ស្រី​មក​ពី​ស្រុក​អ៊ីស្រា‌អែល​បាន​និយាយ។ ស្តេច​ស៊ីរី​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ចុះ យើង​នឹង​ធ្វើ​សំបុត្រ​មួយ​ផ្ញើ​ទៅ​ស្តេច​អ៊ីស្រា‌អែល​ដែរ»។ លោក​បាន​ចេញ​ទៅ នាំ​យក​ទាំង​ប្រាក់​ដប់​ហាប និង​មាស​ប្រាំមួយ​ពាន់​សេកែល ហើយ​សម្លៀក​បំពាក់​ដប់​បន្លាស់​ផង។ លោក​យក​សំបុត្រ​នោះ​ទៅ​ថ្វាយ​ស្តេច​អ៊ីស្រា‌អែល មាន​សេចក្ដី​ថា៖ «កាល​ណា​ទ្រង់​ទទួល​សំបុត្រ​នេះ សូម​ជ្រាប​ថា ទូល‌បង្គំ​បាន​ចាត់​ណាម៉ាន់ ជា​អ្នក​ជំនិត​របស់​ទូល‌បង្គំ​មក​ហើយ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ឲ្យ​គាត់​ជា​ពី​រោគ​ឃ្លង់​ផង»។ ពេល​ស្តេច​អ៊ីស្រា‌អែល​បាន​អាន​សំបុត្រ​នោះ​រួច​ហើយ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​យើង​ជា​ព្រះ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្លាប់ ឬ​ឲ្យ​រស់​បាន​ឬ បាន​ជា​គេ​ចាត់​មនុស្ស​ឃ្លង់​នេះ​មក​ឲ្យ​យើង​មើល​រោគ​ឲ្យ​ជា​ដូច្នេះ? ចូរ​ពិចារ‌ណា​មើល​របៀប​ដែល​គេ​រក​រឿង​នឹង​យើង»។ ប៉ុន្តែ ពេល​អេលី‌សេ​អ្នក​សំណព្វ​របស់​ព្រះ​បាន​ឮ​ថា ស្តេច​អ៊ីស្រា‌អែល​បាន​ហែក​ព្រះ‌ពស្ត្រ​ដូច្នោះ លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ស្តេច​ថា៖ «ហេតុ​អ្វី​បាន​ជា​ទ្រង់​ហែក​ព្រះ‌ពស្ត្រ​ដូច្នេះ? សូម​ឲ្យ​លោក​នោះ​មក​ជួប​ទូល‌បង្គំ​ចុះ នោះ​លោក​នឹង​បាន​ជ្រាប​ថា មាន​ហោរា​មួយ​នៅ​ស្រុក​អ៊ីស្រា‌អែល​មែន»។ ដូច្នេះ ណាម៉ាន់​បាន​មក​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​អេលី‌សេ មាន​សេះ និង​រទេះ​ផង។ អេលី‌សេ​បាន​ចាត់​អ្នក​បម្រើ​ម្នាក់ ឲ្យ​ទៅ​ជម្រាប​ថា៖ «សូម​លោក​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់​ប្រាំពីរ​ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ»។ តែ​ណាម៉ាន់​មាន​កំហឹង ហើយ​ក៏​ចេញ​ទៅ ដោយ​ពោល​ថា៖ «ខ្ញុំ​ស្មាន​ថា​ប្រាកដ​ជា​លោក​ចេញ​មក​ជួប​ខ្ញុំ ឈរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក ហើយ​រា​ដៃ​ពី​លើ​ដំបៅ​ឲ្យ​រោគ​ឃ្លង់​បាន​ជា។ ឯ​ទន្លេ​អាបា‌ណា និង​ទន្លេ​ផើផើរ ជា​ទន្លេ​ស្រុក​ដាម៉ាស តើ​មិន​ល្អ​ជាង​ទឹក នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ​ឬ? បើ​ខ្ញុំ​មុជ​ទឹក​ទន្លេ​នោះ តើ​មិន​បាន​ស្អាត​ទេ​ឬ?»។ ដូច្នេះ លោក​ក៏​ត្រឡប់​ចេញ​ពី​ទី​នោះ​ទៅ​ទាំង​កំហឹង។ ប៉ុន្តែ ពួក​អ្នក​បម្រើ​របស់​លោក​ក៏​អែប​ចូល​ជិត ជម្រាប​ថា៖ «លោក​ឪពុក​អើយ ប្រសិន‌បើ​ហោរា​នោះ​ប្រាប់​ឲ្យ​លោក​ធ្វើ​អ្វី​ដែល​ពិបាក តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ? បើ​លោក​គ្រាន់​តែ​ឲ្យ​ទៅ​មុជ​ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​គួរ​ធ្វើ​តាម​ជា​ជាង​អំបាល​ម៉ាន​ទៅ​ទៀត?» ដូច្នេះ លោក​ក៏​ចុះ​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់​ប្រាំពីរ​ដង តាម​ពាក្យ​អ្នក​សំណព្វ​របស់​ព្រះ នោះ​សាច់​របស់​លោក​ក៏​ដុះ​ឡើង​ជា​ថ្មី ដូច​ជា​សាច់​របស់​ក្មេង ហើយ​លោក​បាន​ជា​ស្អាត។

២ ពង្សាវតារក្សត្រ 5:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ណាម៉ាន់​ជា​មេ‌ទ័ព​របស់​ស្តេច​ស៊ីរី លោក​ជា​អ្នក​ធំ​នៅ​ចំពោះ​ចៅហ្វាយ​ខ្លួន ក៏​មាន​យស​ខ្ពស់ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស ឲ្យ​ពួក​ស៊ីរី​មាន​ជ័យ‌ជំនះ ដោយ‌សារ​លោក លោក​ក៏​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែរ តែ​កើត​រោគ​ឃ្លង់ គ្រា​នោះ ពួក​ទ័ព​ស៊ីរី​បាន​ចេញ ទៅ​ដោយ​កងៗ គេ​ចាប់​ក្មេង​ស្រី​ម្នាក់ នាំ​មក​ពី​ស្រុក​អ៊ីស្រាអែល នាង​នោះ​ក៏​បំរើ​ប្រពន្ធ​ណាម៉ាន់ នាង​និយាយ​នឹង​ចៅហ្វាយ​ស្រី​របស់​ខ្លួន​ថា ឱ​បើ​ជា​លោក​ប្រុស ជា​ចៅហ្វាយ​នាង​ខ្ញុំ បាន​នៅ​ជា​មួយ​នឹង​ហោរា​ដែល​នៅ​ក្រុង​សាម៉ារី​ទៅ​អេះ នោះ​លោក​នឹង​មើល​រោគ​ឃ្លង់​នេះ​ឲ្យ​ជា​ទៅ នោះ​មាន​ម្នាក់​ចូល​ទៅ​ជំរាប​ចៅហ្វាយ​ខ្លួន​ថា ក្មេង​ស្រី​ដែល​មក​ពី​ស្រុក​អ៊ីស្រាអែល វា​និយាយ​យ៉ាង​នេះ​មួយៗ ដូច្នេះ ស្តេច​ស៊ីរី​មាន​បន្ទូល​ថា ចូរ​ទៅ​ចុះ អញ​នឹង​ធ្វើ​សំបុត្រ​១​ផ្ញើ​ទៅ​ស្តេច​អ៊ីស្រាអែល​ដែរ នោះ​លោក​ក៏​ចេញ​ទៅ នាំ​យក​ទាំង​ប្រាក់​១០​ហាប នឹង​មាស​៦​ពាន់ ហើយ​សំលៀក‌បំពាក់​១០​បន្លាស់ លោក​ក៏​នាំ​យក​សំបុត្រ​នោះ​ទៅ​ថ្វាយ​ស្តេច​អ៊ីស្រាអែល មាន​សេចក្ដី​ថា កាល​ណា​ទ្រង់​ទទួល​សំបុត្រ​នេះ នោះ​មើលទូលបង្គំ​បាន​ចាត់​ណាម៉ាន់ ជា​អ្នក​ជំនិត​របស់​ទូលបង្គំ​មក​ហើយ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ឲ្យ​គាត់​រួច​ពី​រោគ​ឃ្លង់ កាល​ស្តេច​អ៊ីស្រាអែល​ទ្រង់​បាន​ទត​សំបុត្រ​នោះ​រួច​ហើយ នោះ​ក៏​ហែក​ព្រះ‌ពស្ត្រ​ទ្រង់ ដោយ​បន្ទូល​ថា តើ​យើង​ជា​ព្រះ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្លាប់ ឬ​ឲ្យ​រស់​បាន​ឬ បាន​ជា​គេ​ចាត់​ឲ្យ​មនុស្ស​ឃ្លង់​នេះ​មក ចង់​ឲ្យ​យើង​មើល​រោគ​ឲ្យ​ជា​ដូច្នេះ ចូរ​ពិចារណា​មើល ជា​យ៉ាង​ណា ដែល​គេ​រក​រឿង​នឹង​យើង​នេះ។ កាល​អេលី‌សេ ជា​អ្នក​សំណប់​របស់​ព្រះ បាន​ឮ​ថា ស្តេច​អ៊ីស្រាអែល​បាន​ហែក​ព្រះ‌ពស្ត្រ​ទ្រង់​ដូច្នោះ នោះ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ស្តេច​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ហែក​ព្រះ‌ពស្ត្រ​ដូច្នេះ សូម​ឲ្យ​លោក​នោះ​មក​ឯ​ទូលបង្គំ​សិន​ចុះ នោះ​លោក​នឹង​បាន​ជ្រាប​ថា មាន​ហោរា​១​នៅ​ពួក​អ៊ីស្រាអែល​មែន ដូច្នេះ ណាម៉ាន់​ក៏​មក​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​អេលី‌សេ មាន​ទាំង​សេះ នឹង​រទេះ​ផង ឯ​អេលី‌សេ លោក​ចាត់​អ្នក​បំរើ​ម្នាក់ ឲ្យ​ទៅ​ជំរាប​ថា សូម​ឲ្យ​លោក​ទៅ​មុជ‌ទឹក​ក្នុង​ទន្លេ​យ័រដាន់​៧​ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ តែ​ណាម៉ាន់​មាន​សេចក្ដី​កំហឹង ហើយ​ក៏​ចេញ​ទៅ ដោយ​ពោល​ថា មើល អញ​ស្មាន​ថា​ប្រាកដ​ជា​លោក​នឹង​ចេញ​មក​ឯ​អញ ឈរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ហើយ​រា​ដៃ​ពី​លើ​ដំបៅ​ឲ្យ​រោគ​ឃ្លង់​បាន​ជា ឯ​ទន្លេ​អាបាណា នឹង​ទន្លេ​ផើផើរ ជា​ទន្លេ​ស្រុក​ដាម៉ាស តើ​មិន​ល្អ​ជាង​ទឹក​ទាំង‌ឡាយ នៅ​ស្រុក​អ៊ីស្រាអែល​ទេ​ឬ​អី បើ​អញ​មុជ‌ទឹក​ទន្លេ​នោះ តើ​មិន​បាន​ស្អាត​ទេ​ឬ​អី ដូច្នេះ លោក​ក៏​ត្រឡប់​ចេញ​ពី​ទី​នោះ​ទៅ ដោយ​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង តែ​ពួក​អ្នក​បំរើ​លោក​ក៏​អែប​ចូល​ជិត ជំរាប​ថា លោក​ឪពុក​អើយ បើ‌សិន​ជា​ហោរា​នោះ​បាន​ប្រាប់​ឲ្យ​លោក​ធ្វើ​ការ​អ្វី​យ៉ាង​ធំ នោះ​តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ​អី ចំណង់​បើ​លោក​គ្រាន់​តែ​ឲ្យ​ទៅ​មុជ‌ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​នឹង​គួរ​ធ្វើ​តាម​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត ដូច្នេះ លោក​ក៏​ចុះ​ទៅ​មុជ‌ទឹក​ក្នុង​ទន្លេ​យ័រដាន់​អស់​៧​ដង តាម​ពាក្យ​នៃ​អ្នក​សំណប់​របស់​ព្រះ នោះ​សាច់​របស់​លោក​ក៏​ដុះ​ឡើង​ជា​ថ្មី ដូច​ជា​សាច់​របស់​ក្មេងៗ ហើយ​លោក​បាន​ជា​ស្អាត។