២ ពង្សាវ‌តារ‌ក្សត្រ 5:1-14

២ ពង្សាវ‌តារ‌ក្សត្រ 5:1-14 គកស១៦

ណាម៉ាន់​ជា​មេ‌ទ័ព​របស់​ស្តេច​ស៊ីរី លោក​ជា​អ្នក​ធំ​នៅ​ចំពោះ​ចៅ‌ហ្វាយ ក៏​មាន​យស​ខ្ពស់ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​ពួក​ស៊ីរី​មាន​ជ័យ‌ជម្នះ ដោយ‌សារ​លោក លោក​ក៏​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែរ តែ​កើត​រោគ​ឃ្លង់ ។ គ្រា​នោះ ពួក​ទ័ព​ស៊ីរី​បាន​ចេញ​ទៅ​ដោយ​កងៗ ហើយ​ចាប់​បាន​ក្មេង​ស្រី​ម្នាក់​មក​ពី​ស្រុក​អ៊ីស្រា‌អែល នាង​នោះ​ក៏​មក​បម្រើ​ប្រពន្ធ​ណាម៉ាន់។ នាង​និយាយ​ទៅ​ចៅ‌ហ្វាយ​ស្រី​របស់​ខ្លួន​ថា៖ «ប្រសិន‌បើ​លោក​ប្រុស ជា​ចៅ‌ហ្វាយ​នាង​ខ្ញុំ នៅ​ជា‌មួយ​ហោរា​ដែល​នៅ​ក្រុង​សាម៉ារី​នោះ លោក​នឹង​មើល​រោគ​ឃ្លង់​នេះ​ឲ្យ​ជា​ហើយ!»។ ណាម៉ាន់​បាន​ចូល​ទៅ​ក្នុង ហើយ​ជម្រាប​ចៅ‌ហ្វាយ​របស់​គាត់ ពី​អ្វី​ដែល​ក្មេង​ស្រី​មក​ពី​ស្រុក​អ៊ីស្រា‌អែល​បាន​និយាយ។ ស្តេច​ស៊ីរី​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ចុះ យើង​នឹង​ធ្វើ​សំបុត្រ​មួយ​ផ្ញើ​ទៅ​ស្តេច​អ៊ីស្រា‌អែល​ដែរ»។ លោក​បាន​ចេញ​ទៅ នាំ​យក​ទាំង​ប្រាក់​ដប់​ហាប និង​មាស​ប្រាំមួយ​ពាន់​សេកែល ហើយ​សម្លៀក​បំពាក់​ដប់​បន្លាស់​ផង។ លោក​យក​សំបុត្រ​នោះ​ទៅ​ថ្វាយ​ស្តេច​អ៊ីស្រា‌អែល មាន​សេចក្ដី​ថា៖ «កាល​ណា​ទ្រង់​ទទួល​សំបុត្រ​នេះ សូម​ជ្រាប​ថា ទូល‌បង្គំ​បាន​ចាត់​ណាម៉ាន់ ជា​អ្នក​ជំនិត​របស់​ទូល‌បង្គំ​មក​ហើយ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ឲ្យ​គាត់​ជា​ពី​រោគ​ឃ្លង់​ផង»។ ពេល​ស្តេច​អ៊ីស្រា‌អែល​បាន​អាន​សំបុត្រ​នោះ​រួច​ហើយ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​យើង​ជា​ព្រះ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្លាប់ ឬ​ឲ្យ​រស់​បាន​ឬ បាន​ជា​គេ​ចាត់​មនុស្ស​ឃ្លង់​នេះ​មក​ឲ្យ​យើង​មើល​រោគ​ឲ្យ​ជា​ដូច្នេះ? ចូរ​ពិចារ‌ណា​មើល​របៀប​ដែល​គេ​រក​រឿង​នឹង​យើង»។ ប៉ុន្តែ ពេល​អេលី‌សេ​អ្នក​សំណព្វ​របស់​ព្រះ​បាន​ឮ​ថា ស្តេច​អ៊ីស្រា‌អែល​បាន​ហែក​ព្រះ‌ពស្ត្រ​ដូច្នោះ លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ស្តេច​ថា៖ «ហេតុ​អ្វី​បាន​ជា​ទ្រង់​ហែក​ព្រះ‌ពស្ត្រ​ដូច្នេះ? សូម​ឲ្យ​លោក​នោះ​មក​ជួប​ទូល‌បង្គំ​ចុះ នោះ​លោក​នឹង​បាន​ជ្រាប​ថា មាន​ហោរា​មួយ​នៅ​ស្រុក​អ៊ីស្រា‌អែល​មែន»។ ដូច្នេះ ណាម៉ាន់​បាន​មក​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​អេលី‌សេ មាន​សេះ និង​រទេះ​ផង។ អេលី‌សេ​បាន​ចាត់​អ្នក​បម្រើ​ម្នាក់ ឲ្យ​ទៅ​ជម្រាប​ថា៖ «សូម​លោក​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់​ប្រាំពីរ​ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ»។ តែ​ណាម៉ាន់​មាន​កំហឹង ហើយ​ក៏​ចេញ​ទៅ ដោយ​ពោល​ថា៖ «ខ្ញុំ​ស្មាន​ថា​ប្រាកដ​ជា​លោក​ចេញ​មក​ជួប​ខ្ញុំ ឈរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក ហើយ​រា​ដៃ​ពី​លើ​ដំបៅ​ឲ្យ​រោគ​ឃ្លង់​បាន​ជា។ ឯ​ទន្លេ​អាបា‌ណា និង​ទន្លេ​ផើផើរ ជា​ទន្លេ​ស្រុក​ដាម៉ាស តើ​មិន​ល្អ​ជាង​ទឹក នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ​ឬ? បើ​ខ្ញុំ​មុជ​ទឹក​ទន្លេ​នោះ តើ​មិន​បាន​ស្អាត​ទេ​ឬ?»។ ដូច្នេះ លោក​ក៏​ត្រឡប់​ចេញ​ពី​ទី​នោះ​ទៅ​ទាំង​កំហឹង។ ប៉ុន្តែ ពួក​អ្នក​បម្រើ​របស់​លោក​ក៏​អែប​ចូល​ជិត ជម្រាប​ថា៖ «លោក​ឪពុក​អើយ ប្រសិន‌បើ​ហោរា​នោះ​ប្រាប់​ឲ្យ​លោក​ធ្វើ​អ្វី​ដែល​ពិបាក តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ? បើ​លោក​គ្រាន់​តែ​ឲ្យ​ទៅ​មុជ​ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​គួរ​ធ្វើ​តាម​ជា​ជាង​អំបាល​ម៉ាន​ទៅ​ទៀត?» ដូច្នេះ លោក​ក៏​ចុះ​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់​ប្រាំពីរ​ដង តាម​ពាក្យ​អ្នក​សំណព្វ​របស់​ព្រះ នោះ​សាច់​របស់​លោក​ក៏​ដុះ​ឡើង​ជា​ថ្មី ដូច​ជា​សាច់​របស់​ក្មេង ហើយ​លោក​បាន​ជា​ស្អាត។