២ កូរិនថូស 5:1-9

២ កូរិនថូស 5:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​ដឹង​ថា បើ​ជម្រក​ដែល​ជា​ទី​លំនៅ​របស់​យើង​នៅ​ផែនដី​នេះ ត្រូវ​ខូច​បង់​ទៅ នោះ​យើង​មាន​វិមាន​មួយ​ដែល​មក​ពី​ព្រះ ជា​លំនៅ​សិ្ថត‌ស្ថេរ​អស់​កល្ប​ជា‌និច្ច​នៅ​ស្ថាន​សួគ៌ មិន​មែន​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ឡើយ។ ដ្បិត​នៅ​ក្នុងជម្រក​នេះ យើង​តែង​តែ​ថ្ងូរ ដោយ​សង្វាត​ចង់​បាន​លំនៅ​របស់​យើង​ដែល​មក​ពី​ស្ថាន‌សួគ៌ មក​ស្លៀក​ពាក់ ដ្បិត​ពេល​យើង​បាន​ស្លៀក​ពាក់ នោះ​ឃើញ​ថា យើង​នឹង​មិន​អាក្រាត​ឡើយ។ ពេល​យើង​នៅ​ក្នុង​ជម្រក​នេះ​នៅ​ឡើយ យើង​ថ្ងូរ​ដោយ​មាន​បន្ទុក​យ៉ាង​ធ្ងន់ ព្រោះ​យើង​មិន​ចង់​ដោះ​សម្លៀក​បំពាក់​នេះ​ចេញ​ទេ គឺ​ចង់​តែ​ស្លៀក​ពាក់​តទៅ​ទៀត ដើម្បី​ឲ្យ​ជីវិត​លេប​បំបាត់​នូវ​អ្វី​ដែល​តែង​តែ​ស្លាប់​នេះ​វិញ។ អ្នក​ដែល​បាន​រៀប​ចំ​យើង​សម្រាប់​ការ​នេះ គឺ​ជា​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​មក​យើង ទុក​ជា​របស់​បញ្ចាំ​ចិត្ត។ ដូច្នេះ យើង​មាន​ចិត្ត​ជឿ​ជាក់​ជានិច្ច ហើយ​ដឹង​ថា ដរាប​ណា​យើង​ជ្រក​កោន​ក្នុង​រូប‌កាយ​នេះ​នៅ​ឡើយ នោះ​យើង​នៅ​ឃ្លាត​ពី​ព្រះ‌អម្ចាស់ ដ្បិត​យើង​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ។ យើង​មាន​ចិត្ត​ជឿ​ជាក់ ហើយ​យើង​សុខ​ចិត្ត​ឃ្លាត​ពី​រូប‌កាយ​នេះ ទៅ​នៅ​ជា​មួយ​ព្រះ‌អម្ចាស់​ជា​ជាង។ ដូច្នេះ ទោះ​ជា​យើង​នៅ​ជ្រក​កោន ឬ​ឃ្លាត​ពី​រូប‌កាយ​នេះ​ក្តី យើង​មាន​បំណង​ចង់​ឲ្យ​បាន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។

ចែក​រំលែក
អាន ២ កូរិនថូស 5

២ កូរិនថូស 5:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​ដឹង​ហើយ​ថា រូប​កាយ​របស់​យើង​នៅ​លើ​ផែនដី​នេះ ប្រៀប​ដូច​ជា​ជម្រក​មួយ​ដែល​ត្រូវ​រលាយ​សូន្យ​ទៅ តែ​យើង​មាន​វិមាន​មួយ​នៅ​ស្ថាន​បរម‌សុខ* ជា​លំ‌នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ដែល​ពុំ​មែន​ជា​ស្នា​ដៃ​របស់​មនុស្ស​ឡើយ គឺ​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់។ ឥឡូវ​នេះ យើង​តែងតែ​ត្អូញ‌ត្អែរ​សង្វាត​ចង់​បាន​រូប​កាយ​សួគ៌​មក​គ្រប​ពី​លើ​រូប​កាយ​នេះ​ថែម​ទៀត គឺ​ឲ្យ​តែ​យើង​បាន​រូប​កាយ​ថ្មី ប្រសើរ​ជា​ជាង​គ្មាន។ ពេល​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ​នៅ​ឡើយ យើង​តែងតែ​ត្អូញ‌ត្អែរ និង​ពិបាក​ចិត្ត។ យើង​មិន​ចង់​ដោះ​រូប​កាយ​នេះ​ចោល​ទេ គឺ​ចង់​ពាក់​រូប​កាយ​ថ្មី​ពី​លើ​ថែម​ទៀត ដើម្បី​ឲ្យ​ជីវិត​លេប​បំបាត់​នូវ​អ្វីៗ​ដែល​តែងតែ​ស្លាប់​នេះ។ ព្រះ‌ជាម្ចាស់​ផ្ទាល់​បាន​តម្រូវ​ឲ្យ​យើង​ផ្លាស់​ប្រែ​ដូច្នេះ ព្រះអង្គ​ក៏​បាន​ប្រទាន​ព្រះ‌វិញ្ញាណ មក​បញ្ចាំ​ចិត្ត​យើង​ផង​ដែរ។ ដូច្នេះ យើង​មាន​ចិត្ត​ក្លា‌ហាន​ជានិច្ច។ យើង​ដឹង​ថា ដរាប​ណា​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ដ្បិត​យើង​ដើរ​ដោយ​មាន​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​នោះ​ទេ។ យើង​មាន​ចិត្ត​ក្លា‌ហាន យើង​ចូល​ចិត្ត​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ ហើយ​ទៅ​នៅ​ជិត​ព្រះ‌អម្ចាស់​ប្រសើរ​ជាង។ ទោះ​បី​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ ឬ​ក៏​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ​ក្ដី យើង​មាន​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ

ចែក​រំលែក
អាន ២ កូរិនថូស 5

២ កូរិនថូស 5:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពី​ព្រោះ​យើង​ខ្ញុំ​ដឹង​ថា បើ​ត្រសាល​ដែល​ជា​ទី​លំនៅ​របស់​យើង​ខ្ញុំ នៅ​ផែនដី​នេះ ត្រូវ​បំផ្លាញ​វេលា​ណា នោះ​យើង​ខ្ញុំ​មាន​វិមាន​១ ដែល​មក​ពី​ព្រះ មិន​មែន​ធ្វើ​នឹង​ដៃ​ទេ គឺ​នៅ​លើ​ស្ថាន‌សួគ៌​វិញ ជា​វិមាន​ដ៏​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច ដ្បិត​នៅ​ក្នុង​ត្រសាល​នេះ យើង​ខ្ញុំ​តែង‌តែ​ថ្ងូរ ដោយ​សង្វាត​នឹង​ចង់​ប្រដាប់​ខ្លួន ដោយ​ទី​លំនៅ​របស់​យើង​ខ្ញុំ ជា​ទី​លំនៅ​ដែល​មក​ពី​ស្ថាន‌សួគ៌​ណាស់ ឲ្យ​តែ​យើង​ខ្ញុំ​បាន​ប្រដាប់​ខ្លួន​ចុះ ដើម្បី​កុំ​ឲ្យ​មាន​ឃើញ​យើង​ខ្ញុំ​នៅ​អាក្រាត​ឡើយ ដ្បិត​យើង​ខ្ញុំ​ដែល​នៅ​ក្នុង​ត្រសាល​នេះ យើង​ថ្ងូរ​មែន ដោយ​មាន​បន្ទុក​យ៉ាង​ធ្ងន់ ពី​ព្រោះ​យើង​មិន​ចង់​ដោះ​សំលៀក‌បំពាក់​នេះ​ចេញ​ទេ គឺ​ចង់​តែ​ស្លៀក‌ពាក់​វិញ ដើម្បី​ឲ្យ​ជីវិត​បាន​លេប​របស់ ដែល​តែង‌តែ​ស្លាប់ ឲ្យ​បាត់​ទៅ​នោះ រីឯ​អ្នក​ដែល​បាន​បង្កើត​យើង​ខ្ញុំ​សំរាប់​ការ​នោះ​ឯង ជា​ព្រះ​ដែល​ទ្រង់​ក៏​ប្រទាន​ព្រះ‌វិញ្ញាណ មក​បញ្ចាំ​ចិត្ត​យើង​ខ្ញុំ​ដែរ។ ដូច្នេះ យើង​ខ្ញុំ​មាន​ចិត្ត​ជឿ‌ជាក់​ជា​ដរាប ហើយ​ដឹង​ថា ដែល​យើង​ខ្ញុំ​នៅ​ក្នុង​រូប‌កាយ​នេះ នោះ​យើង​ខ្ញុំ​នៅ​ឃ្លាត​ពី​ព្រះ‌អម្ចាស់ ដ្បិត​យើង​ខ្ញុំ​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ ដូច្នេះ យើង​ខ្ញុំ​មាន​ចិត្ត​ជឿ‌ជាក់ ហើយ​ក៏​សុខ​ចិត្ត​ស៊ូ​ចេញ​ពី​រូប‌កាយ​នេះ ទៅ​នៅ​ជា​មួយ​នឹង​ព្រះ‌អម្ចាស់​ជា​ជាង ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​សង្វាត ឲ្យ​បាន​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់ ទោះ​នៅ​ក្នុង​រូប‌កាយ ឬ​ឃ្លាត​ពី​រូប‌កាយ​ក្តី

ចែក​រំលែក
អាន ២ កូរិនថូស 5