២ កូរិនថូស 1:3-7

២ កូរិនថូស 1:3-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​សរសើរ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​អម្ចាស់​នៃ​យើង ជា​ព្រះ‌វរបិតា​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្ដា​ករុណា ជា​ព្រះ​ដែល​កម្សាន្ត​ចិត្ត​គ្រប់​យ៉ាង ជា​ព្រះ​ដែល​កម្សាន្ត​ចិត្ត​ក្នុង​គ្រប់​ទាំង​ទុក្ខ​វេទនា​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​កម្សាន្ត​ចិត្ត​អស់​អ្នក​ដែល​កំពុង​ជួប​ទុក្ខ​វេទនា ដោយ​សារ​ការ​កម្សាន្ត​ចិត្ត​ដែល​ខ្លួន​យើង​ផ្ទាល់​បាន​ទទួល​ពី​ព្រះ។ ដ្បិត​ដូច​ដែល​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ទ បាន​ចម្រើន​ឡើង​ដល់​យើង​យ៉ាង​ណា នោះ​ការ​កម្សាន្ត​ចិត្ត​របស់​យើង ក៏​ចម្រើន​ឡើង​តាម​រយៈ​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ដែរ។ ដូច្នេះ បើ​យើង​ខ្ញុំ​ត្រូវ​រង​ទុក្ខ​វេទនា នោះ​គឺ​សម្រាប់​ជា​ការ​កម្សាន្ត​ចិត្ត និង​ការ​សង្គ្រោះ​ដល់​អ្នក​រាល់​គ្នា។ បើ​យើង​បាន​ទទួល​ការ​កម្សាន្ត​ចិត្ត គឺ​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ការ​កម្សាន្ត​ចិត្ត ពេល​អ្នក​រាល់​គ្នា​ទ្រាំ‌ទ្រ​យ៉ាង​អត់‌ធ្មត់​នឹង​ទុក្ខ​លំបាក​ផ្សេងៗ ដែល​យើង​ក៏​មាន​ទុក្ខ​លំបាក​ដូច​គ្នា។ យើង​សង្ឃឹម​ដល់​អ្នក​រាល់​គ្នា​យ៉ាង​មុត​មាំ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​រួម​ចំណែក​ក្នុង​ទុក្ខ​លំបាក​ជាមួយ​យើង​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​រួម​ចំណែក​ក្នុង​ការ​កម្សាន្ត​ចិត្ត​ជាមួយ​យើង​យ៉ាង​នោះដែរ។

ចែក​រំលែក
អាន ២ កូរិនថូស 1

២ កូរិនថូស 1:3-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ ជា​អម្ចាស់​នៃ​យើង។ ព្រះអង្គ​ជា​ព្រះ‌បិតា​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ជា​ព្រះ​ដែល​ជួយ​សម្រាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់។ ព្រះអង្គ​សម្រាល​ទុក្ខ​យើង នៅ​ពេល​យើង​មាន​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ដើម្បី​ឲ្យ​យើង​អាច​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​មាន​ទុក្ខ​វេទនា ព្រោះ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​យើង​ផ្ទាល់​បាន​ធូរ​ស្បើយ​រួច​ហើយ​ដែរ។ យើង​រួម​ទុក្ខ​លំបាក​ផ្សេងៗ​ជា​មួយ​ព្រះ‌គ្រិស្ត​កាន់​តែ​ច្រើន​យ៉ាង​ណា យើង​ក៏​បាន​ធូរ​ស្រាល​ពី​ទុក្ខ​តាម​រយៈ​ព្រះ‌គ្រិស្ត​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ។ បើ​យើង​ត្រូវ​រង​ទុក្ខ​វេទនា គឺ​ដើម្បី​ឲ្យ​ព្រះអង្គ​សម្រាល​ទុក្ខ និង​សង្គ្រោះ​បងប្អូន។ បើ​យើង​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​ហើយ​នោះ គឺ​ដើម្បី​ឲ្យ​បងប្អូន​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត ធ្វើ​ឲ្យ​បងប្អូន​អាច​ស៊ូ‌ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេងៗ​ដូច​យើង​ដែរ។ ដូច្នេះ កាល​ណា​យើង​គិត​ពី​បងប្អូន យើង​មាន​សង្ឃឹម​យ៉ាង​មុត‌មាំ​ដោយ​ដឹង​ថា បងប្អូន​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​យើង​យ៉ាង​ណា បងប្អូន​ក៏​នឹង​បាន​ធូរ​ស្រាល រួម​ជា​មួយ​យើង​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន ២ កូរិនថូស 1

២ កូរិនថូស 1:3-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះវរ‌បិតា​ដ៏​មាន​សេចក្ដី​មេត្តា‌ករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្ដី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្ដី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយ‌សារ​សេចក្ដី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ ដ្បិត​ដូច​ជា​សេចក្ដី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ទ បាន​ចំរើន​ឡើង​ដល់​យើង​រាល់​គ្នា​យ៉ាង​ណា នោះ​សេចក្ដី​ក្សាន្ត​ចិត្ត​នៃ​យើង​រាល់​គ្នា ក៏​ចំរើន​ដោយ‌សារ​ព្រះ‌គ្រីស្ទ​បែប​ដូច្នោះ​ដែរ ដូច្នេះ បើ​សិន​ជា​យើង​ខ្ញុំ​កើត​មាន​សេចក្ដី​វេទនា នោះ​គឺ​សំរាប់​ជា​សេចក្ដី​កំសាន្ត​ចិត្ត នឹង​សេចក្ដី​សង្គ្រោះ​ដល់​អ្នក​រាល់​គ្នា ជា​សេចក្ដី​ដែល​បាន​កើត​មក ដោយ​ការ​ទ្រាំ‌ទ្រ នឹង​សេចក្ដី​ទុក្ខ​លំបាក​ដដែល ដែល​យើង​ខ្ញុំ​ក៏​រង​ទុក្ខ​ដែរ ឬ​បើ​យើង​មាន​សេចក្ដី​ក្សាន្ដ នោះ​ក៏​សំរាប់​ជា​សេចក្ដី​កំសាន្ដ​ចិត្ត​នឹង​សេចក្ដី​សង្គ្រោះ​ដល់​អ្នក​រាល់​គ្នា​ដែរ ហើយ​យើង​ខ្ញុំ​មាន​សង្ឃឹម​ដល់​អ្នក​រាល់​គ្នា​ជា​មាំ‌មួន​ផង ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​បាន​ចំណែក​ក្នុង​សេចក្ដី​កំសាន្ត​ចិត្ត ដូច​ជា​បាន​ចំណែក​ក្នុង​ការ​ទុក្ខ​លំបាក​នោះ​ដែរ

ចែក​រំលែក
អាន ២ កូរិនថូស 1

២ កូរិនថូស 1:3-7

២ កូរិនថូស 1:3-7 គខប២ កូរិនថូស 1:3-7 គខប២ កូរិនថូស 1:3-7 គខប