២ របាក្សត្រ 7:11-16

២ របាក្សត្រ 7:11-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះបាទ​សាឡូម៉ូន​បាន​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ដំណាក់​ស្តេច​រួច​ជា​ស្រេច​ហើយ និង​របស់​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​សាឡូម៉ូន​មាន​ព្រះ‌ហឫ‌ទ័យ​ចង់​ធ្វើ ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រមទាំង​ក្នុង​ដំណាក់​របស់​ព្រះ‌អង្គ នោះ​ក៏​ធ្វើ​កើត​ទាំង​អស់។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​លេច​មក​ឲ្យ​ព្រះបាទ​សាឡូម៉ូន​ឃើញ​នៅ​ពេល​យប់ មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ទទួល​សេចក្ដី​អធិ‌ស្ឋាន​របស់​ឯង​ហើយ ក៏​បាន​រើស​ទី​នេះ ទុក​ជា​ទី​សម្រាប់​យើង ឲ្យ​បាន​ជា​ទី​ថ្វាយ​យញ្ញ‌បូជា។ បើ​កាល​ណា​យើង​បិទ​មេឃ​មិន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ ឬ​បើ​យើង​បង្គាប់​កណ្តូប​ឲ្យ​ស៊ី​បំផ្លាញ​ស្រុក ឬ​ឲ្យ​មាន​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ពួក​ប្រជា‌រាស្ត្រ​របស់​យើង នោះ​បើ​ប្រជា‌រាស្ត្រ​របស់​យើង ដែល​បាន​ហៅ​តាម​ឈ្មោះ​យើង បន្ទាប​ខ្លួន ហើយ​អធិ‌ស្ឋាន​រក​មុខ​យើង ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​យើង​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង។ ឥឡូវ​នេះ ភ្នែក​យើង​នឹង​នៅ​តែ​បើក ហើយ​ត្រចៀក​យើង​នឹង​នៅ​តែ​ផ្ទៀង​ស្តាប់​សេចក្ដី​ដែល​គេ​អធិ‌ស្ឋាន​នៅ​ទី​នេះ។ ដ្បិត​ឥឡូវ​នេះ យើង​បាន​រើស​ព្រះ‌វិហារ​នេះ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ឈ្មោះ​យើង​បាន​តាំង​នៅ​ទី​នេះ​ជា​ដរាប​ទៅ ឯ​ភ្នែក និង​ចិត្ត​របស់​យើង ក៏​នៅ​ទី​នេះ​ជា‌និច្ច។

២ របាក្សត្រ 7:11-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រាជ​វាំង និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​មាន​បំណង​ធ្វើ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ក្នុង​រាជ​វាំង ចប់​សព្វ​គ្រប់​ហើយ ព្រះ‌អម្ចាស់​យាង​មក​ជួប​ស្ដេច នៅ​ពេល​យប់ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ឮ​ពាក្យ​អធិស្ឋាន​របស់​អ្នក​ហើយ យើង​ក៏​បាន​ជ្រើស​រើស​កន្លែង​នេះ ទុក​ជា​ដំណាក់​សម្រាប់​ធ្វើ​យញ្ញ‌បូជា។ កាល​ណា​យើង​ធ្វើ​ឲ្យ​មេឃ​រាំង គ្មាន​ភ្លៀង កាល​ណា​យើង​បញ្ជា​ឲ្យ​កណ្ដូប​មក​ស៊ី​បំផ្លាញ​ស្រុក ឬ​ចាត់​ជំងឺ​រាត​ត្បាត​មក​ប្រហារ​ប្រជា‌រាស្ត្រ​របស់​យើង ប្រសិន​បើ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​ប្រជា‌រាស្ត្រ​ដែល​ជា​កម្មសិទ្ធិ​របស់​យើង​ផ្ទាល់ នាំ​គ្នា​បន្ទាប​ខ្លួន អធិស្ឋាន* និង​ស្វែង​រក​យើង ហើយ​ប្រសិន​បើ​គេ​បោះ​បង់​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន យើង​នឹង​ស្ដាប់​គេ​ពី​ស្ថាន​បរម‌សុខ* យើង​នឹង​លើក‌លែង​ទោស​គេ​ឲ្យ​រួច​ពី​បាប ព្រម​ទាំង​ប្រោស​ស្រុក​គេ​ឲ្យ​បាន​ជា​ផង។ ពី​ពេល​នេះ​ទៅ យើង​បើក​ភ្នែក​មើល និង​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ដែល​គេ​អធិស្ឋាន​នៅ​ទី​នេះ។ យើង​ជ្រើស​រើស និង​ញែក​ដំណាក់​នេះ​ទុក​សម្រាប់​នាម​យើង រហូត​ត​ទៅ។ យើង​នឹង​ថែ‌រក្សា ហើយ​ជំពាក់​ចិត្ត​នឹង​កន្លែង​នេះ​ជានិច្ច។

២ របាក្សត្រ 7:11-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះសាឡូម៉ូន​បាន​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ដំណាក់​ស្តេច​រួច​ជា​ស្រេច ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​មាន​ព្រះ‌ទ័យ​ចង់​ធ្វើ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ក្នុង​ដំណាក់​របស់​ទ្រង់ នោះ​ក៏​ធ្វើ​កើត​ទាំង​អស់ រួច​មក ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឯ​សាឡូម៉ូន​នៅ​វេលា​យប់ មាន​បន្ទូល​ថា អញ​បាន​ទទួល​សេចក្ដី​អធិ‌ស្ឋាន​របស់​ឯង​ហើយ ក៏​បាន​រើស​ទី​នេះ ទុក​ជា​ទី​សំរាប់​អញ ឲ្យ​បាន​ជា​ទី​ថ្វាយ​យញ្ញ‌បូជា បើ​កាល​ណា​អញ​បិទ​មេឃ​មិន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ ឬ​បើ​អញ​បង្គាប់​កណ្តូប​ឲ្យ​ស៊ី​បំផ្លាញ​ស្រុក ឬ​ឲ្យ​មាន​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ពួក​រាស្ត្រ​អញ នោះ​បើ​រាស្ត្រ​អញ ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ គេ​បន្ទាប​ខ្លួន ហើយ​អធិ‌ស្ឋាន​រក​មុខ​អញ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​អញ​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​នឹង​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង ឥឡូវ​នេះ ភ្នែក​អញ​នឹង​នៅ​តែ​បើក ហើយ​ត្រចៀក​អញ នឹង​នៅ​តែ​ផ្ទៀង​ស្តាប់​សេចក្ដី ដែល​គេ​អធិ‌ស្ឋាន​នៅ​ទី​នេះ ដ្បិត​ឥឡូវ​នេះ អញ​បាន​រើស​ព្រះ‌វិហារ​នេះ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ឈ្មោះ​អញ​បាន​តាំង​នៅ​ទី​នេះ​ជា​ដរាប​ទៅ ឯ​ភ្នែកនឹង​ចិត្ត​អញ ក៏​នឹង​នៅ​ទី​នេះ​ជានិច្ច