២ របា‌ក្សត្រ 7

7
យញ្ញ‌បូជា​របស់​ព្រះបាទ​សាឡូម៉ូន
1កាល​ព្រះបាទ​សាឡូម៉ូន​បាន​អធិ‌ស្ឋាន​ចប់​ហើយ ស្រាប់​តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះ​តង្វាយ​ដុត និង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន ហើយ​ព្រះ‌វិហារ​មាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ។ 2ពួក​សង្ឃ​ពុំ​អាច​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​បាន​ឡើយ ដោយ​ព្រោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​នោះ។ 3ពេល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ឃើញ ក្នុង​កាល​ដែល​ភ្លើង​ធ្លាក់​មក និង​សិរី‌ល្អ​នៃ​ព្រះ​នៅ​លើ​ព្រះ‌វិហារ នោះ​គេ​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ​បង្គំ​នៅ​ទី​ក្រាល​ថ្ម ព្រម​ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ថា៖
«ព្រះ‌អង្គ​ប្រកប​ដោយ​ករុណា‌គុណ
ឯ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ
នៅ​អស់​កល្ប​ជា‌និច្ច»។
4បន្ទាប់​មក ស្តេច និង​ប្រជាជន​ទាំង​អស់​គ្នា​បាន​ថ្វាយ​យញ្ញ‌បូជា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ 5ព្រះបាទ​សាឡូម៉ូន​បាន​ថ្វាយ​យញ្ញ‌បូជា ជា​គោ​ពីរ​ម៉ឺន​ពីរ​ពាន់​ក្បាល និង​ចៀម​មួយ​សែន​ពីរ​ម៉ឺន​ក្បាល។ ដូច្នេះ ស្តេច និង​ប្រជាជន​បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​នៃ​ព្រះ។ 6ឯ​ពួក​សង្ឃ​ឈរ​នៅ​តាម​កន្លែង​របស់​គេ​រៀង​ខ្លួន ព្រម​ទាំង​ពួក​លេវី​ដែរ គេ​កាន់​ប្រដាប់​ភ្លេង​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះបាទ​ដាវីឌ​បាន​ធ្វើ​សម្រាប់​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​ព្រះបាទ​ដាវីឌ​បាន​សរសើរ ដោយ‌សារ​ពួក​នោះ​ថា «សេចក្ដី​សប្បុរស​របស់​ព្រះ​នៅ​អស់​កល្ប​ជា‌និច្ច»។ ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​នៅ​មុខ​គេ ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ឈរ​ឡើង។
7ព្រះបាទ​សាឡូម៉ូន​បាន​ញែក​កន្លែង​កណ្ដាល​ទី‌លាន ដែល​នៅ​មុខ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ចេញ​ជា​បរិសុទ្ធ ដ្បិត​គឺ​នៅ​ទី​នោះ​ហើយ ដែល​ទ្រង់​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​ប៉ុន្មាន ព្រម​ទាំង​ខ្លាញ់​តង្វាយ​មេត្រី​ផង ព្រោះ​អាស‌នា​លង្ហិន​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ មិន​ល្មម​នឹង​ទទួល​អស់​ទាំង​តង្វាយ​ដុត តង្វាយ​ម្សៅ និង​ខ្លាញ់​ផង​បាន​ទេ។
8នៅ​គ្រា​នោះ ព្រះបាទ​សាឡូម៉ូន និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​ធ្វើ​បុណ្យ​អស់​ប្រាំពីរ​ថ្ងៃ ជា​ជំនុំ​យ៉ាង​ធំ ដែល​មក​ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ស្រុក​អេស៊ីព្ទ។ 9នៅ​ថ្ងៃ​ទី​ប្រាំបី គេ​បាន​ប្រជុំ​យ៉ាង​ឱឡារិក ព្រោះ​គេ​ធ្វើ​បុណ្យ​ឆ្លង​អាស‌នា​អស់​ប្រាំពីរ​ថ្ងៃ និង​បុណ្យ​នោះ​ប្រាំពីរ​ថ្ងៃ​ទៀត។ 10នៅ​ថ្ងៃ​ទី​ម្ភៃបី ខែ​ទី​ប្រាំពីរ ទ្រង់​ឲ្យ​ប្រជាជន​វិល​ទៅ​ទី​លំនៅ​របស់​គេ​វិញ ដោយ​រីក‌រាយ​សប្បាយ ហើយ​មាន​ចិត្ត​ត្រេក‌អរ ដោយ​ព្រោះ​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ព្រះបាទ​ដាវីឌ ដល់​ព្រះបាទ​សាឡូម៉ូន និង​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។
ការ​បើក​សម្ដែង​លើក​ទី​ពីរ​របស់​ព្រះ‌អម្ចាស់ ឲ្យ​ព្រះបាទ​សាឡូម៉ូន​ឃើញ
11កាល​ព្រះបាទ​សាឡូម៉ូន​បាន​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ដំណាក់​ស្តេច​រួច​ជា​ស្រេច​ហើយ និង​របស់​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​សាឡូម៉ូន​មាន​ព្រះ‌ហឫ‌ទ័យ​ចង់​ធ្វើ ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រមទាំង​ក្នុង​ដំណាក់​របស់​ព្រះ‌អង្គ នោះ​ក៏​ធ្វើ​កើត​ទាំង​អស់។ 12បន្ទាប់​មក ព្រះ‌យេហូវ៉ា​លេច​មក​ឲ្យ​ព្រះបាទ​សាឡូម៉ូន​ឃើញ​នៅ​ពេល​យប់ មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ទទួល​សេចក្ដី​អធិ‌ស្ឋាន​របស់​ឯង​ហើយ ក៏​បាន​រើស​ទី​នេះ ទុក​ជា​ទី​សម្រាប់​យើង ឲ្យ​បាន​ជា​ទី​ថ្វាយ​យញ្ញ‌បូជា។ 13បើ​កាល​ណា​យើង​បិទ​មេឃ​មិន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ ឬ​បើ​យើង​បង្គាប់​កណ្តូប​ឲ្យ​ស៊ី​បំផ្លាញ​ស្រុក ឬ​ឲ្យ​មាន​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ពួក​ប្រជា‌រាស្ត្រ​របស់​យើង 14នោះ​បើ​ប្រជា‌រាស្ត្រ​របស់​យើង ដែល​បាន​ហៅ​តាម​ឈ្មោះ​យើង បន្ទាប​ខ្លួន ហើយ​អធិ‌ស្ឋាន​រក​មុខ​យើង ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​យើង​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង។ 15ឥឡូវ​នេះ ភ្នែក​យើង​នឹង​នៅ​តែ​បើក ហើយ​ត្រចៀក​យើង​នឹង​នៅ​តែ​ផ្ទៀង​ស្តាប់​សេចក្ដី​ដែល​គេ​អធិ‌ស្ឋាន​នៅ​ទី​នេះ។ 16ដ្បិត​ឥឡូវ​នេះ យើង​បាន​រើស​ព្រះ‌វិហារ​នេះ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ឈ្មោះ​យើង​បាន​តាំង​នៅ​ទី​នេះ​ជា​ដរាប​ទៅ ឯ​ភ្នែក និង​ចិត្ត​របស់​យើង ក៏​នៅ​ទី​នេះ​ជា‌និច្ច។ 17ចំណែកអ្នក ប្រសិន‌បើ​អ្នក​ដើរ​នៅ​មុខ​យើង ដូច​ជា​ដាវីឌ ជា​បិតា​អ្នក ព្រម​ទាំង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បាន​បង្គាប់ ហើយ​រក្សា​បញ្ញត្តិ និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​យើង 18នោះ​យើង​នឹង​តាំង​រាជ្យ​នៃ​នគរ ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដូច​ជា​យើង​បាន​តាំង​សញ្ញា​នឹង​ដាវីឌ ជា​បិតា​អ្នក​ថា "នឹង​មិន​ដែល​ខាន​មាន​ពូជ​អ្នក​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល​ឡើយ" ។ 19ប៉ុន្តែ បើ​អ្នក​ងាក​បែរ​ចេញ ហើយ​បោះ‌បង់​ចោល​បញ្ញត្តិ និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ដាក់​សម្ញែង​នៅ​មុខ​អ្នក​រាល់​គ្នា ទៅ​គោរព​ប្រតិ‌បត្តិ​ថ្វាយ​បង្គំ​ដល់​ព្រះ​ដទៃ​វិញ 20យើង​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា រួច​ដំណាក់​នេះ​ដែល​យើង​បាន​ញែក​ជា​បរិសុទ្ធ ទុក​សម្រាប់​ឈ្មោះ​យើង នោះ​យើង​នឹង​បោះ‌បង់​ចោល​ពី​ភ្នែក​របស់​យើង ឲ្យ​បាន​ត្រឡប់​ជាពាក្យ​ពោល និង​ជា​ពាក្យ​ចំអក ក្នុង​ចំណោម​អស់​ទាំង​សាសន៍។ 21ឯ​ដំណាក់​ដ៏​ស្កឹមស្កៃ​នេះ អស់​អ្នក​ណា​ដែល​ដើរ​តាម​នេះ នឹង​មាន​សេចក្ដី​ប្លែក​ក្នុង​ចិត្ត​ថា "ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ ចំពោះ​ស្រុក​នេះ និង​ព្រះ‌វិហារ​នេះ?" 22គេ​នឹង​ឆ្លើយ​ឡើង​ថា "គឺ​ដោយ​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​ទៅ​ចាប់​កាន់​តាម​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ​បង្គំ និង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទាំង​នោះ​ផង ហេតុ​នោះ​បាន​ជា​ទ្រង់​បណ្ដាល​ឲ្យ​សេចក្ដី​អាក្រក់​ទាំង​នេះ​កើត​ឡើង​ដល់​គេ"»។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 7: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល