២ របាក្សត្រ 20:5-13
២ របាក្សត្រ 20:5-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទយ៉ូសាផាតឈរនៅកណ្ដាលចំណោមអង្គប្រជុំរបស់ជនជាតិយូដា និងអ្នកក្រុងយេរូសាឡឹម ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ខាងមុខព្រលានថ្មី។ ស្ដេចមានរាជឱង្ការថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ព្រះអង្គគង់នៅស្ថានបរមសុខ ព្រះអង្គគ្រប់គ្រងលើនគរទាំងអស់នៃប្រជាជាតិនានា។ ព្រះអង្គប្រកបដោយព្រះចេស្ដា និងឫទ្ធានុភាព គ្មាននរណាអាចតទល់នឹងព្រះអង្គបានឡើយ! ឱព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានបណ្ដេញអ្នកស្រុកនេះចេញពីមុខអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ព្រមទាំងប្រទានស្រុកនេះឲ្យពូជពង្សលោកអប្រាហាំ ជាមិត្តរបស់ព្រះអង្គ រហូតតទៅ។ ពួកគេរស់នៅក្នុងស្រុកនេះ ពួកគេបានសង់ទីសក្ការៈមួយថ្វាយព្រះនាមរបស់ព្រះអង្គ ដោយពោលថា “ប្រសិនបើមានទុក្ខវេទនា សង្គ្រាម ទុក្ខទោស ជំងឺរាតត្បាត ឬទុរ្ភិក្ស កើតមានដល់យើងខ្ញុំ នោះយើងខ្ញុំនឹងមកឈរនៅមុខព្រះដំណាក់នេះ នៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដ្បិតព្រះនាមរបស់ព្រះអង្គស្ថិតនៅក្នុងព្រះដំណាក់នេះ។ ក្នុងពេលមានអាសន្ន យើងខ្ញុំនឹងទូលអង្វរសូមព្រះអង្គជួយ។ ពេលនោះ សូមទ្រង់ព្រះសណ្ដាប់យើងខ្ញុំ ហើយសង្គ្រោះយើងខ្ញុំផង”។ ឥឡូវនេះ ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ ព្រមទាំងអស់អ្នកដែលរស់នៅភ្នំសៀរ -គឺស្រុកដែលព្រះអង្គហាមអ៊ីស្រាអែលមិនឲ្យឆ្លងកាត់ នៅពេលចាកចេញពីស្រុកអេស៊ីប - ប៉ុន្តែ ជនជាតិទាំងនោះបែរជាសងគុណយើងខ្ញុំ ដោយលើកគ្នាមកដេញយើងខ្ញុំចេញពីទឹកដី ដែលព្រះអង្គប្រទានមកឲ្យយើងខ្ញុំធ្វើជាកម្មសិទ្ធិ។ ឱព្រះនៃយើងខ្ញុំអើយ ម្ដេចក៏ព្រះអង្គមិនដាក់ទោសពួកគេ? យើងខ្ញុំគ្មានកម្លាំងតទល់នឹងកងទ័ពយ៉ាងធំ ដែលកំពុងតែលើកគ្នាមកវាយយើងខ្ញុំនេះទេ។ យើងខ្ញុំពុំដឹងជាត្រូវធ្វើយ៉ាងណា ក្រៅពីសម្លឹងទៅរកព្រះអង្គប៉ុណ្ណោះ»។ អ្នកស្រុកយូដាទាំងមូលឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដោយមានប្រពន្ធកូន និងទារក នៅជាមួយដែរ។
២ របាក្សត្រ 20:5-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទយេហូសាផាតឈរនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ចំមុខទីលានថ្មី នៅកណ្ដាលជំនុំពួកយូដា និងពួកក្រុងយេរូសាឡិម ទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសយើងខ្ញុំរាល់គ្នាអើយ តើព្រះអង្គមិនមែនជាព្រះនៅស្ថានសួគ៌ទេឬ? តើព្រះអង្គមិនគ្រប់គ្រងលើអស់ទាំងនគររបស់សាសន៍ដទៃទេឬ? ហើយនៅព្រះហស្តរបស់ព្រះអង្គ ក៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិដែរ បានជាគ្មានអ្នកណាអាចនឹងទប់ទល់នឹងព្រះអង្គបានឡើយ។ ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ តើព្រះអង្គមិនបានបណ្តេញពួកអ្នកស្រុកនេះពីមុខពួកអ៊ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គចេញ ហើយប្រទានដល់ពូជពង្សរបស់លោកអ័ប្រាហាំ ជាមិត្តរបស់ព្រះអង្គ ជាដរាបតទៅទេឬ? គេបានអាស្រ័យនៅ ហើយក៏បានស្អាងទីបរិសុទ្ធនៅស្រុកនេះ សម្រាប់ព្រះនាមព្រះអង្គ ដោយពាក្យថា ប្រសិនបើមានសេចក្ដីអាក្រក់ណាមកសង្កត់លើយើងរាល់គ្នា ទោះបើជាដាវ ឬទុក្ខទោស អាសន្នរោគ ឬអំណត់ក្តី បើយើងរាល់គ្នាឈរនៅមុខព្រះវិហារនេះ ហើយនៅចំពោះព្រះអង្គ (ដ្បិតព្រះនាមព្រះអង្គនៅក្នុងព្រះវិហារនេះ) ហើយយើងរាល់គ្នាអំពាវនាវដល់ព្រះអង្គ ក្នុងសេចក្ដីវេទនារបស់យើង ព្រះអង្គនឹងព្រមទទួល ហើយនឹងជួយសង្គ្រោះយើង។ ឥឡូវនេះ មើល៍ មានពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលព្រះអង្គមិនបើកឲ្យអ៊ីស្រាអែលទន្ទ្រានចូលស្រុកគេ ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក គឺបានឲ្យដើរវាងពីគេ ឥតបំផ្លាញគេឡើយ សូមមើលបែបយ៉ាងណាដែលគេសងគុណដល់យើងខ្ញុំរាល់គ្នា គឺគេមកចង់បណ្តេញយើងខ្ញុំរាល់គ្នា ចេញពីកេរអាកររបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមក ទុកជាមត៌កដល់យើងខ្ញុំ។ ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមព្រះអង្គកាត់ទោសដល់គេ ព្រោះយើងខ្ញុំរាល់គ្នាគ្មានកម្លាំងនឹងទប់ទល់ចំពោះពួកយ៉ាងធំ ដែលមកទាស់នឹងយើងខ្ញុំរាល់គ្នានេះបានទេ យើងខ្ញុំក៏មិនដឹងធ្វើដូចម្តេចដែរ ប៉ុន្តែ ភ្នែកយើងខ្ញុំទន្ទឹងមើលតែព្រះអង្គទេ»។ ពួកយូដាទាំងអស់គ្នាក៏ឈរនៅចំពោះព្រះយេហូវ៉ា មានទាំងកូនតូចៗ និងប្រពន្ធ ហើយក្មេងៗនៅជាមួយផង។
២ របាក្សត្រ 20:5-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯយ៉ូសាផាត ទ្រង់ឈរនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចំមុខទីលានថ្មី នៅកណ្តាលជំនុំពួកយូដា នឹងពួកក្រុងយេរូសាឡិម ទូលថា ឱព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោយើងខ្ញុំរាល់គ្នាអើយ តើទ្រង់មិនមែនជាព្រះនៅស្ថានសួគ៌ទេឬអី តើទ្រង់មិនគ្រប់គ្រងលើអស់ទាំងនគររបស់សាសន៍ដទៃទេឬអី ហើយនៅព្រះហស្តទ្រង់ នោះក៏មានព្រះចេស្តានឹងឥទ្ធិឫទ្ធិដែរ ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងទប់ទល់នឹងទ្រង់បានឡើយ ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ តើទ្រង់មិនបានបណ្តេញពួកអ្នកស្រុកនេះពីមុខពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ចេញ ហើយប្រទានដល់ពូជពង្សរបស់លោកអ័ប្រាហាំ ជាមិត្រសំឡាញ់ទ្រង់ ជាដរាបតទៅទេឬអី គេបានអាស្រ័យនៅ ហើយក៏បានស្អាងទីបរិសុទ្ធនៅស្រុកនេះ សំរាប់ព្រះនាមទ្រង់ ដោយពាក្យថា បើសិនជាមានសេចក្ដីអាក្រក់ណា មកសង្កត់លើយើងរាល់គ្នា ទោះបើជាដាវ ឬទុក្ខទោស អាសន្នរោគ ឬអំណត់ក្តី បើយើងរាល់គ្នានឹងឈរនៅមុខព្រះវិហារនេះ ហើយនៅចំពោះទ្រង់ (ដ្បិតព្រះនាមទ្រង់នៅក្នុងព្រះវិហារនេះ) ហើយយើងរាល់គ្នាអំពាវនាវដល់ទ្រង់ ក្នុងសេចក្ដីវេទនារបស់យើង នោះទ្រង់នឹងព្រមទទួល ហើយនឹងជួយសង្គ្រោះយើង ឥឡូវនេះ មើល មានពួកកូនចៅអាំម៉ូន ម៉ូអាប់ នឹងពួកភ្នំសៀរ ដែលទ្រង់មិនបើកឲ្យអ៊ីស្រាអែលទន្ទ្រានចូលស្រុកគេ ក្នុងកាលដែលចេញ ពីស្រុកអេស៊ីព្ទមក គឺបានឲ្យដើរវាងពីគេ ឥតបំផ្លាញគេឡើយ សូមមើលបែបយ៉ាងណាដែលគេសងគុណដល់យើងខ្ញុំរាល់គ្នា គឺគេមកចង់បណ្តេញយើងខ្ញុំរាល់គ្នា ចេញពីកេរ្ដិ៍អាកររបស់ទ្រង់ ដែលទ្រង់បានប្រទានមក ទុកជាមរដកដល់យើងខ្ញុំ ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់កាត់ទោសដល់គេ ពីព្រោះយើងខ្ញុំរាល់គ្នាគ្មានកំឡាំង នឹងទប់ទល់ចំពោះពួកយ៉ាងធំ ដែលមកទាស់នឹងយើងរាល់គ្នានេះបានទេ យើងខ្ញុំក៏មិនដឹងធ្វើដូចម្តេចដែរ ប៉ុន្តែភ្នែកយើងខ្ញុំទន្ទឹងមើលតែទ្រង់ទេ ពួកយូដាទាំងអស់គ្នាក៏ឈរនៅចំពោះព្រះយេហូវ៉ា មានទាំងកូនតូចៗ នឹងប្រពន្ធហើយក្មេងៗនៅជាមួយផង។