២ របា‌ក្សត្រ 20:5-13

២ របា‌ក្សត្រ 20:5-13 គកស១៦

ព្រះបាទ​យេ‌ហូសា‌ផាត​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចំ​មុខ​ទី‌លាន​ថ្មី នៅ​កណ្ដាល​ជំនុំ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​នៅ​ស្ថាន​សួគ៌​ទេ​ឬ? តើ​ព្រះ‌អង្គ​មិន​គ្រប់‌គ្រង​លើ​អស់​ទាំង​នគរ​របស់​សាសន៍​ដទៃ​ទេ​ឬ? ហើយ​នៅ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​មាន​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ​ដែរ បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ទល់​នឹង​ព្រះ‌អង្គ​បាន​ឡើយ។ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ព្រះ‌អង្គ​មិន​បាន​បណ្តេញ​ពួក​អ្នក​ស្រុក​នេះ​ពី​មុខ​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ចេញ ហើយ​ប្រទាន​ដល់​ពូជ‌ពង្ស​របស់​លោក​អ័ប្រា‌ហាំ ជា​មិត្ត​របស់​ព្រះ‌អង្គ ជា​ដរាប​ត​ទៅ​ទេ​ឬ? គេ​បាន​អាស្រ័យ​នៅ ហើយ​ក៏​បាន​ស្អាង​ទី​បរិសុទ្ធ​នៅ​ស្រុក​នេះ សម្រាប់​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​ពាក្យ​ថា ប្រសិន‌បើ​មាន​សេចក្ដី​អាក្រក់​ណា​មក​សង្កត់​លើ​យើង​រាល់​គ្នា ទោះ​បើ​ជា​ដាវ ឬ​ទុក្ខ​ទោស អាសន្ន‌រោគ ឬ​អំណត់​ក្តី បើ​យើង​រាល់​គ្នា​ឈរ​នៅ​មុខ​ព្រះ‌វិហារ​នេះ ហើយ​នៅ​ចំពោះ​ព្រះ‌អង្គ (ដ្បិត​ព្រះ‌នាម​ព្រះ‌អង្គ​នៅ​ក្នុង​ព្រះ‌វិហារ​នេះ) ហើយ​យើង​រាល់​គ្នា​អំពាវ‌នាវ​ដល់​ព្រះ‌អង្គ ក្នុង​សេចក្ដី​វេទនា​របស់​យើង ព្រះ‌អង្គ​នឹង​ព្រម​ទទួល ហើយ​នឹង​ជួយ​សង្គ្រោះ​យើង។ ឥឡូវ​នេះ មើល៍ មាន​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ និង​ពួក​ភ្នំ​សៀរ ដែល​ព្រះ‌អង្គ​មិន​បើក​ឲ្យ​អ៊ីស្រា‌អែល​ទន្ទ្រាន​ចូល​ស្រុក​គេ ក្នុង​កាល​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​បាន​ឲ្យ​ដើរ​វាង​ពី​គេ ឥត​បំផ្លាញ​គេ​ឡើយ សូម​មើល​បែប​យ៉ាង​ណា​ដែល​គេ​សង​គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា គឺ​គេ​មក​ចង់​បណ្តេញ​យើង​ខ្ញុំ​រាល់​គ្នា ចេញ​ពី​កេរ‌អាករ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក ទុក​ជា​មត៌ក​ដល់​យើង​ខ្ញុំ។ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ព្រះ‌អង្គ​កាត់​ទោស​ដល់​គេ ព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​គ្មាន​កម្លាំង​នឹង​ទប់‌ទល់​ចំពោះ​ពួក​យ៉ាង​ធំ ដែល​មក​ទាស់​នឹង​យើង​ខ្ញុំរាល់​គ្នា​នេះ​បាន​ទេ យើង​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ដូច​ម្តេច​ដែរ ប៉ុន្តែ ភ្នែក​យើង​ខ្ញុំ​ទន្ទឹង​មើល​តែ​ព្រះ‌អង្គ​ទេ»។ ពួក​យូដា​ទាំង​អស់​គ្នា​ក៏​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មាន​ទាំង​កូន​តូចៗ និង​ប្រពន្ធ ហើយ​ក្មេងៗ​នៅ​ជា‌មួយ​ផង។