២ របាក្សត្រ 20:5-13

២ របាក្សត្រ 20:5-13 ពគប

រីឯ​យ៉ូសា‌ផាត ទ្រង់​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចំ​មុខ​ទីលាន​ថ្មី នៅ​កណ្តាល​ជំនុំ​ពួក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម ទូល​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ទ្រង់​មិន​មែន​ជា​ព្រះ​នៅ​ស្ថាន​សួគ៌​ទេ​ឬ​អី តើ​ទ្រង់​មិន​គ្រប់‌គ្រង​លើ​អស់​ទាំង​នគរ​របស់​សាសន៍​ដទៃ​ទេ​ឬ​អី ហើយ​នៅ​ព្រះ‌ហស្ត​ទ្រង់ នោះ​ក៏​មាន​ព្រះ‌ចេស្តានឹង​ឥទ្ធិ‌ឫទ្ធិ​ដែរ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ទល់​នឹង​ទ្រង់​បាន​ឡើយ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ទ្រង់​មិន​បាន​បណ្តេញ​ពួក​អ្នក​ស្រុក​នេះ​ពី​មុខ​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់​ចេញ ហើយ​ប្រទាន​ដល់​ពូជ‌ពង្ស​របស់​លោក​អ័ប្រា‌ហាំ ជា​មិត្រ​សំឡាញ់​ទ្រង់ ជា​ដរាប​ត​ទៅ​ទេ​ឬ​អី គេ​បាន​អាស្រ័យ​នៅ ហើយ​ក៏​បាន​ស្អាង​ទី​បរិសុទ្ធ​នៅ​ស្រុក​នេះ សំរាប់​ព្រះ‌នាម​ទ្រង់ ដោយ​ពាក្យ​ថា បើ‌សិន​ជា​មាន​សេចក្ដី​អាក្រក់​ណា មក​សង្កត់​លើ​យើង​រាល់​គ្នា ទោះ​បើ​ជា​ដាវ ឬ​ទុក្ខ​ទោស អាសន្ន‌រោគ ឬ​អំណត់​ក្តី បើ​យើង​រាល់​គ្នា​នឹង​ឈរ​នៅ​មុខ​ព្រះ‌វិហារ​នេះ ហើយ​នៅ​ចំពោះ​ទ្រង់ (ដ្បិត​ព្រះ‌នាម​ទ្រង់​នៅ​ក្នុង​ព្រះ‌វិហារ​នេះ) ហើយ​យើង​រាល់​គ្នា​អំពាវ‌នាវ​ដល់​ទ្រង់ ក្នុង​សេចក្ដី​វេទនា​របស់​យើង នោះ​ទ្រង់​នឹង​ព្រម​ទទួល ហើយ​នឹង​ជួយ​សង្គ្រោះ​យើង ឥឡូវ​នេះ មើល មាន​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ នឹង​ពួក​ភ្នំ​សៀរ ដែល​ទ្រង់​មិន​បើក​ឲ្យ​អ៊ីស្រាអែល​ទន្ទ្រាន​ចូល​ស្រុក​គេ ក្នុង​កាល​ដែល​ចេញ ពី​ស្រុក​អេស៊ីព្ទ​មក គឺ​បាន​ឲ្យ​ដើរ​វាង​ពី​គេ ឥត​បំផ្លាញ​គេ​ឡើយ សូម​មើល​បែប​យ៉ាង​ណា​ដែល​គេ​សង​គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា គឺ​គេ​មក​ចង់​បណ្តេញ​យើង​ខ្ញុំ​រាល់​គ្នា ចេញ​ពី​កេរ្ដិ៍‌អាករ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​មក ទុក​ជា​មរដក​ដល់​យើង​ខ្ញុំ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ទ្រង់​កាត់​ទោស​ដល់​គេ ពី​ព្រោះ​យើងខ្ញុំ​រាល់​គ្នា​គ្មាន​កំឡាំង នឹង​ទប់‌ទល់​ចំពោះ​ពួក​យ៉ាង​ធំ ដែល​មក​ទាស់​នឹង​យើង​រាល់​គ្នា​នេះ​បាន​ទេ យើង​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ដូច​ម្តេច​ដែរ ប៉ុន្តែភ្នែក​យើង​ខ្ញុំ​ទន្ទឹង​មើល​តែ​ទ្រង់​ទេ ពួក​យូដា​ទាំង​អស់​គ្នា​ក៏​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មាន​ទាំង​កូន​តូចៗ នឹង​ប្រពន្ធ​ហើយ​ក្មេងៗ​នៅ​ជា​មួយ​ផង។