២ របាក្សត្រ 2:1-5
២ របាក្សត្រ 2:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទសាឡូម៉ូនបានបង្គាប់ឲ្យសង់ព្រះវិហារសម្រាប់ព្រះនាមព្រះយេហូវ៉ា និងព្រះដំណាក់សម្រាប់អង្គទ្រង់ផ្ទាល់។ ព្រះបាទសាឡូម៉ូនបានតម្រូវឲ្យមានមនុស្សប្រាំពីរម៉ឺននាក់ សម្រាប់លីសែង និងប្រាំបីម៉ឺននាក់ សម្រាប់កាប់ឈើនៅឯភ្នំ ហើយបីពាន់ប្រាំមួយរយនាក់សម្រាប់ជាអ្នកត្រួតលើគេ។ ព្រះបាទសាឡូម៉ូនបានចាត់សារទៅស្តេចហ៊ីរ៉ាម នៅក្រុងទីរ៉ុសថា៖ «ពីដើម ទ្រង់បានផ្ញើឈើតាត្រៅមកថ្វាយព្រះបាទដាវីឌ ជាបិតាទូលបង្គំ សម្រាប់ធ្វើជាដំណាក់ឲ្យទ្រង់គង់ ឥឡូវនេះ ក៏សូមទ្រង់ប្រោសមេត្តាដល់ទូលបង្គំដូច្នោះដែរ។ មើល៍ ទូលបង្គំរៀបនឹងស្អាងព្រះវិហារ សម្រាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់ទូលបង្គំ ដើម្បីថ្វាយដល់ព្រះអង្គទុកជាទីដុតគ្រឿងមានក្លិនក្រអូប នៅចំពោះព្រះអង្គ និងជាទីតម្កល់នំបុ័ងតាំងទុកជានិច្ច ព្រមទាំងថ្វាយតង្វាយដុតទាំងពេលព្រឹក និងពេលល្ងាច ហើយនៅថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងនៅអស់ទាំងបុណ្យមានកំណត់នៃព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំរាល់គ្នា ដូចជាបានបង្គាប់មកសាសន៍អ៊ីស្រាអែល ឲ្យធ្វើជាដរាបតទៅ។ ឯព្រះវិហារដែលទូលបង្គំគិតស្អាង នោះធំណាស់ ដ្បិតព្រះនៃយើងខ្ញុំរាល់គ្នាព្រះអង្គធំប្រសើរ លើសជាងអស់ទាំងព្រះ។
២ របាក្សត្រ 2:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទសាឡូម៉ូនបញ្ជាឲ្យគេសង់ព្រះដំណាក់មួយ ថ្វាយព្រះនាមព្រះអម្ចាស់ និងដំណាក់មួយ សម្រាប់ស្ដេចផ្ទាល់។ ព្រះបាទសាឡូម៉ូនកេណ្ឌមនុស្សប្រាំពីរម៉ឺននាក់ សម្រាប់លីសែង និងប្រាំបីម៉ឺននាក់ សម្រាប់ដាប់ថ្មនៅលើភ្នំ ព្រមទាំងអ្នកទទួលខុសត្រូវចំនួនបីពាន់ប្រាំមួយរយនាក់។ ព្រះបាទសាឡូម៉ូនចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុសថា៖ «ព្រះករុណាបានផ្ដល់ឈើតាត្រៅថ្វាយព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ដើម្បីសង់ដំណាក់។ ទូលបង្គំចង់សង់ព្រះដំណាក់មួយថ្វាយព្រះនាមព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំ ដើម្បីញែកថ្វាយព្រះអង្គសម្រាប់ដុតគ្រឿងក្រអូប នៅចំពោះព្រះភ័ក្ត្រព្រះអង្គ សម្រាប់តម្កល់នំបុ័ងថ្វាយព្រះអង្គជាអចិន្ត្រៃយ៍ ព្រមទាំងថ្វាយតង្វាយដុត*ទាំងមូល នៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃសប្ប័ទ នៅថ្ងៃចូលខែថ្មី និងនៅថ្ងៃបុណ្យសំខាន់ផ្សេងៗរបស់ព្រះអម្ចាស់ ជាព្រះនៃយើង ជាទំនៀមទម្លាប់ដែលអ៊ីស្រាអែលត្រូវកាន់តាម រហូតតរៀងទៅ។ ព្រះដំណាក់ដែលទូលបង្គំចង់សង់នោះមានទំហំធំណាស់ ដ្បិតព្រះរបស់យើងជាព្រះដ៏ឧត្តុង្គឧត្ដម លើសព្រះនានា។
២ របាក្សត្រ 2:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសាឡូម៉ូន ទ្រង់ក៏បង្គាប់ឲ្យស្អាងព្រះវិហារ សំរាប់ព្រះនាមព្រះយេហូវ៉ា នឹងព្រះរាជវាំងសំរាប់នគរទ្រង់ រួចទ្រង់ដំរូវឲ្យមានមនុស្ស៧ម៉ឺននាក់ សំរាប់លីសែង នឹង៨ម៉ឺននាក់ សំរាប់កាប់ឈើនៅឯភ្នំ ហើយ៣ពាន់៦រយនាក់សំរាប់ជាអ្នកត្រួតលើគេ ទ្រង់ក៏ចាត់សារទៅឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុសថា ពីដើមទ្រង់បានផ្ញើឈើតាត្រៅមកថ្វាយដាវីឌ ជាបិតាទូលបង្គំ សំរាប់ធ្វើជាដំណាក់ឲ្យទ្រង់គង់ ឥឡូវនេះក៏សូមទ្រង់ប្រោសមេត្តាដល់ទូលបង្គំដូច្នោះដែរ មើល ទូលបង្គំរៀបនឹងស្អាងព្រះវិហារ សំរាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ដើម្បីថ្វាយដល់ទ្រង់ទុកជាទីដុតគ្រឿងមានក្លិនក្រអូប នៅចំពោះទ្រង់ នឹងជាទីដំកល់នំបុ័ងតាំងទុកជានិច្ច ព្រមទាំងថ្វាយដង្វាយដុតទាំងពេលព្រឹកនឹងពេលល្ងាច ហើយនៅថ្ងៃឈប់សំរាក ថ្ងៃចូលខែ នឹងនៅអស់ទាំងបុណ្យមានកំណត់នៃព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នា ដូចជាបានបង្គាប់មកសាសន៍អ៊ីស្រាអែល ឲ្យធ្វើជាដរាបតទៅ ឯព្រះវិហារដែលទូលបង្គំគិតស្អាង នោះធំណាស់ ដ្បិតព្រះនៃយើងខ្ញុំរាល់គ្នាទ្រង់ធំប្រសើរ លើសជាងអស់ទាំងព្រះ