២ របាក្សត្រ 2

2
ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌វិហារ
( ពង្សាវតារក្សត្រ ៥.១-១៨, ៧.១៣-១៤)
1 ព្រះ‌បាទ​សាឡូម៉ូន​បញ្ជា​ឲ្យ​គេ​សង់​ព្រះ‌ដំណាក់​មួយ ថ្វាយ​ព្រះ‌នាម​ព្រះ‌អម្ចាស់ និង​ដំណាក់​មួយ សម្រាប់​ស្ដេច​ផ្ទាល់។ 2ព្រះ‌បាទ​សាឡូម៉ូន​កេណ្ឌ​មនុស្ស​ប្រាំ‌ពីរ​ម៉ឺន​នាក់ សម្រាប់​លី​សែង និង​ប្រាំ​បី​ម៉ឺន​នាក់ សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ ព្រម​ទាំង​អ្នក​ទទួល​ខុស​ត្រូវ​ចំនួន​បី​ពាន់​ប្រាំ​មួយ​រយ​នាក់។ 3ព្រះ‌បាទ​សាឡូម៉ូន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុស​ថា៖ «ព្រះ‌ករុណា​បាន​ផ្ដល់​ឈើ​តាត្រៅ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ដើម្បី​សង់​ដំណាក់។ 4ទូលបង្គំ​ចង់​សង់​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ‌នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ទូលបង្គំ ដើម្បី​ញែក​ថ្វាយ​ព្រះអង្គ​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ សម្រាប់​តម្កល់​នំបុ័ង​ថ្វាយ​ព្រះអង្គ​ជា​អចិន្ត្រៃយ៍ ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត*​ទាំង​មូល នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​សប្ប័ទ នៅ​ថ្ងៃ​ចូល​ខែ​ថ្មី និង​នៅ​ថ្ងៃ​បុណ្យ​សំខាន់​ផ្សេងៗ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ជា​ទំនៀម‌ទម្លាប់​ដែល​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម រហូត​ត​រៀង​ទៅ។ 5ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​ចង់​សង់​នោះ​មាន​ទំហំ​ធំ​ណាស់ ដ្បិត​ព្រះ​របស់​យើង​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម លើស​ព្រះ​នានា។ 6 ប៉ុន្តែ តើ​នរណា​អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះអង្គ​បាន? សូម្បី​តែ​ផ្ទៃ​មេឃ​ដ៏​ធំ‌ធេង ក៏​ពុំ​មាន​កន្លែង​ល្មម​ថ្វាយ​ព្រះអង្គ​គង់​ផង។ ទូលបង្គំ​ក៏​ពុំ​អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះអង្គ​បាន​ដែរ គឺ​ទូលបង្គំ​គ្រាន់​តែ​ចង់​សង់​កន្លែង​មួយ សម្រាប់​ថ្វាយ​គ្រឿង​សក្ការ‌បូជា​ចំពោះ​ព្រះអង្គ​ប៉ុណ្ណោះ។ 7ដូច្នេះ សូម​ចាត់​ជាង​ម្នាក់​ដ៏​ជំនាញ ដែល​ចេះ​សិត​មាស ប្រាក់ លង្ហិន ដែក ចេះ​ជ្រលក់​ក្រណាត់​ពណ៌​ក្រហម ខៀវ ស និង​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ​ផង។ សូម​ឲ្យ​គាត់​មក​ធ្វើ​ការ​រួម​ជា​មួយ​ជាង​ជំនាញ ដែល​ស្ថិត​នៅ​ជា​មួយ​ទូលបង្គំ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​អ្នក​ដែល​បិតា​របស់​ទូលបង្គំ​បាន​ជ្រើស​រើស។ 8សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ និង​ខ្លឹមចន្ទន៍ ពី​ភ្នំ​លីបង់ មក​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ដឹង​ថា ពួក​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ប្រសប់​កាប់​ឈើ​នៅ​ភ្នំ​លីបង់​ណាស់។ រីឯ​អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ទៅ​ធ្វើ​ការ​រួម​ជា​មួយ​ពួក​គេ 9ដើម្បី​កាប់​ឈើ​ឲ្យ​បាន​ច្រើន​សម្រាប់​ទូលបង្គំ ដ្បិត​ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​ត្រូវ​សង់​នោះ​ធំ ហើយ​ស្កឹម‌ស្កៃ​ណាស់។ 10ទូលបង្គំ​នឹង​ផ្ដល់​ស្បៀង​ជា​ស្រូវ​ប្រាំ​មួយ​ពាន់​តោន ពោត​ប្រាំ​មួយ​ពាន់​តោន ស្រា​ទំពាំង‌បាយជូរ​ប្រាំ​បី​ពាន់​លីត្រ និង​ប្រេង​ឆា​ប្រាំ​បី​ពាន់​លីត្រ សម្រាប់​ផ្គត់‌ផ្គង់​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ដែល​កាប់​ឈើ​នេះ»។
11ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្ដេច​ស្រុក​ទីរ៉ុស ផ្ញើ​សារ​មួយ​ឆ្លើយ​ទៅ​ព្រះ‌បាទ​សាឡូម៉ូន​វិញ​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ បាន​ជា​ព្រះអង្គ​តែង‌តាំង​ព្រះ‌ករុណា​ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ»។ 12ព្រះ‌បាទ​ហ៊ីរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ហើយ​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​បុត្រ​មួយ​អង្គ ប្រកប​ដោយ​តម្រិះ​ប្រាជ្ញា​ឈ្លាស​វៃ អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អម្ចាស់ និង​រាជ​វាំង​សម្រាប់​ព្រះ‌ករុណា​ផ្ទាល់។ 13ឥឡូវ​នេះ ទូលបង្គំ​សូម​ចាត់​ជាង​ដ៏​ជំនាញ​ម្នាក់ ដែល​មាន​ប្រាជ្ញា​ឈ្លាស​វៃ គឺ​លោក​ហ៊ី‌រ៉ាម 14ជា​កូន​របស់​ស្ត្រី​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​ដាន់ ហើយ​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស។ គាត់​ស្ទាត់​ជំនាញ​ក្នុង​ការ​សិត​មាស ប្រាក់ លង្ហិន ដែក ឆ្លាក់​ថ្ម ឈើ ជ្រលក់​ក្រណាត់ ពណ៌​ក្រហម ខៀវ ស្វាយ និង​ក្រណាត់​ទេស‌ឯក​ម៉ដ្ដ ព្រម​ទាំង​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ និង​ចេះ​ផលិត​វត្ថុ​គ្រប់​ប្រភេទ តាម​គម្រោង​ដែល​គេ​ប្រគល់​ឲ្យ។ គាត់​នឹង​ធ្វើ​ការ​រួម​ជា​មួយ​ជាង​ដ៏​ជំនាញ​របស់​ព្រះ‌ករុណា និង​ជាង​ដ៏​ជំនាញ​របស់​ព្រះ‌បាទ​ដាវីឌ​ជា​ម្ចាស់ ដែល​ជា​បិតា​របស់​ព្រះ‌ករុណា។ 15ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ផ្ដល់​ស្រូវ ពោត ប្រេង​ឆា និង​ស្រា​ទំពាំង‌បាយជូរ ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ចុះ! 16ពួក​ទូលបង្គំ​នឹង​កាប់​ឈើ​នៅ​ភ្នំ​លីបង់ តាម​សេចក្ដី​ត្រូវ​ការ​របស់​ព្រះ‌ករុណា ហើយ​បណ្តែត​ជា​ក្បូន​តាម​សមុទ្រ រហូត​ដល់​ក្រុង​យ៉ុប‌ប៉េ​ថ្វាយ​ព្រះ‌ករុណា រួច​ព្រះ‌ករុណា​ដឹក​យក​ឈើ​ទាំង​នោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​ចុះ»។
17ព្រះ‌បាទ​សាឡូម៉ូន​រាប់​ចំនួន​ជន​បរទេស​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល តាម​បញ្ជី​ជំរឿន​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា ឃើញ​មាន ១៥៣ ៦០០​នាក់។ 18ព្រះ‌បាទ​សាឡូម៉ូន​កេណ្ឌ​ពួក​គេ ៧០ ០០០​នាក់ សម្រាប់​លី​សែង ៨០ ០០០​នាក់ សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ និង​៣ ៦០០​នាក់ ឲ្យ​ត្រួត​ពិនិត្យ​ការ‌ងារ​របស់​កម្មករ។

ទើបបានជ្រើសរើសហើយ៖

២ របាក្សត្រ 2: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល