១ ថេស្សាឡូនិក 4:13-18

១ ថេស្សាឡូនិក 4:13-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មិន​ដឹង អំពី​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ដូច​អ្នក​ឯ​ទៀត​ៗ​ដែល​គ្មាន​សង្ឃឹមនោះ​ឡើយ។ ប្រសិន‌បើ​យើង​ជឿ​ថា ព្រះ‌យេ‌ស៊ូវ​បាន​សុគត ព្រម​ទាំង​រស់​ឡើង​វិញមែន នោះ​ត្រូវ​ជឿ​ថា តាម​រយៈ​ព្រះ​យេស៊ូវ ព្រះ‌នឹង​នាំ​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ ឲ្យ​បាន​នៅ​ជា​មួយព្រះ‌អង្គ​ដែរ។ ដ្បិត​យើង​សូម​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច្នេះ​ថា យើង​ដែល​កំពុង​រស់​នៅ គឺ​អ្នក​ដែល​នៅ​រស់​រហូត​ដល់​ព្រះ‌អម្ចាស់​យាង​មក យើង​នឹង​មិន​ទៅ​មុន​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ។ ព្រោះ​ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក ដោយ​ស្រែក​បង្គាប់​មួយ​ព្រះ‌ឱស្ឋ ទាំង​មាន​សំឡេង​មហា​ទេវតា និង​ស្នូរ​ត្រែ​របស់​ព្រះ​ផង ហើយ​ពួក​អ្នក​ស្លាប់​ក្នុង​ព្រះ‌គ្រីស្ទ នឹង​រស់​ឡើង​វិញ​មុន​គេ។ បន្ទាប់​មក យើង​ដែល​កំពុង​រស់​នៅ គឺ​អ្នក​ដែល​នៅ​រស់ នឹង​បាន​លើក​ឡើង​ទៅ​ក្នុង​ពពក​ជាមួយ​អ្នក​ទាំង​នោះ ដើម្បី​ជួប​ព្រះ‌អម្ចាស់​នៅ​លើ​អាកាស ហើយ​យើង​នឹង​នៅ​ជា​មួយ​ព្រះ‌អម្ចាស់​រហូត​ទៅ។ ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពាក្យ​ទាំង​នេះ​ចុះ។

១ ថេស្សាឡូនិក 4:13-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ យើង​ចង់​ឲ្យ​បងប្អូន​ជ្រាប​យ៉ាង​ច្បាស់ អំពី​អស់​អ្នក​ដែល​បាន​ស្លាប់ ​ផុត​ទៅ​ហើយ ដើម្បី​កុំ​ឲ្យ​បងប្អូន​ព្រួយ​ចិត្ត​ដូច​អ្នក​ឯ​ទៀតៗ ដែល​គ្មាន​សេចក្ដី​សង្ឃឹម​នោះ​ឡើយ។ ប្រសិន​បើ​យើង​ជឿ​ថា ព្រះ‌យេស៊ូ​ពិត​ជា​បាន​សោយ​ទិវង្គត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន យើង​ក៏​ជឿ​ថា ព្រះ‌ជាម្ចាស់​នឹង​នាំ​បងប្អូន​ដែល​បាន​ស្លាប់​ទៅ​ហើយ ឲ្យ​ទៅ​នៅ​ជា​មួយ​ព្រះអង្គ ដោយ‌សារ​ព្រះ‌យេស៊ូ​ដែរ។ យើង​សូម​បញ្ជាក់​ប្រាប់​បងប្អូន តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ថា យើង​ដែល​មាន​ជីវិត​រស់​នៅ​ឡើយ នៅ​ពេល​ព្រះ‌អម្ចាស់​យាង​មក យើង​មិន​ទៅ​មុន​អ្នក​ដែល​បាន​ស្លាប់​នោះ​ទេ ដ្បិត​នៅ​ពេល​មាន​ឮ​ស្នូរ​ជា​សញ្ញា​លាន់​ឡើង ហើយ​នៅ​ពេល​ឮ​សំឡេង​មហា​ទេវតា និង​សំឡេង​ត្រែ​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌អម្ចាស់​ផ្ទាល់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថាន​បរម‌សុខ​មក។ អស់​អ្នក​ជឿ​លើ​ព្រះ‌គ្រិស្ត​ដែល​បាន​ស្លាប់​ទៅ​នោះ នឹង​រស់​ឡើង​វិញ​ជា​មុន បន្ទាប់​មក ទើប​ព្រះ‌អម្ចាស់​លើក​យើង​ដែល​នៅ​រស់​នៅ​ឡើយ ឲ្យ​ឡើង​ទៅ​ក្នុង​ពពក*​ជា​មួយ​បងប្អូន​ទាំង​នោះ ដើម្បី​ជួប​នឹង​ព្រះអង្គ​ក្នុង​អាកាស‌វេហាស៍ ហើយ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អម្ចាស់​រហូត​ត​ទៅ។ ដូច្នេះ សូម​បងប្អូន​យក​ពាក្យ​ទាំង​នេះ​មក​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក។

១ ថេស្សាឡូនិក 4:13-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ដឹង ពី​ពួក​អ្នក​ដែល​ដេក​លក់​ទៅ​ហើយ​ទេ ក្រែង​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ព្រួយ ដូច​ជា​អ្នក​ឯ​ទៀត ដែល​គ្មាន​សង្ឃឹម ដ្បិត​បើ​យើង​ជឿ​ថា ព្រះ‌យេស៊ូវ​បាន​សុគត ព្រម​ទាំង​រស់​ឡើង​វិញ​ហើយ នោះ​ត្រូវ​ជឿ​ថា ព្រះ‌ទ្រង់​នឹង​នាំ​អស់​អ្នក ដែល​ដេក​លក់​ទៅ​ក្នុង​ព្រះ‌យេស៊ូវ ឲ្យ​បាន​មក​ជា​មួយ​នឹង​ទ្រង់​ដែរ ដ្បិត​យើង​ខ្ញុំ​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ដូច្នេះ​ថា យើង​ដែល​រស់​នៅ​ជាប់ ដរាប​ដល់​ព្រះ‌អម្ចាស់​យាង​មក នោះ​យើង​មិន​ទៅ​មុន​ពួក​អ្នក ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះ‌ឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា នឹង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះ‌គ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់ រួច​យើង​រាល់​គ្នា​ដែល​កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួប‌ជុំ​នឹង​ព្រះ‌អម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះ‌អម្ចាស់​ជា​ដរាប​ទៅ ដូច្នេះ ចូរ​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ដំណើរ​នេះ​ចុះ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ