១ ថែស្សាឡូនីច 4

4
របៀប​រស់​នៅ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ
1ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ យើង​សូម​អង្វរ និង​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់‌យេស៊ូវ​ថា អ្នក​រាល់​គ្នា​បាន​រៀន​ពី​យើង​អំពី​របៀប​រស់​នៅ ឲ្យ​បាន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះយ៉ាង​ណា អ្នក​រាល់​គ្នា​កំពុង​ធ្វើ​ការ​នេះ​យ៉ាង​ណា សូមឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​យ៉ាង​នោះ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។ 2ដ្បិត​អ្នក​រាល់​គ្នា​ស្គាល់​ពាក្យ​ទូន្មាន​ដែល​យើង​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា តាម​រយៈ​ព្រះ‌អម្ចាស់‌យេស៊ូវ ជា​យ៉ាង​ណា​ហើយ។ 3ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​អ្នក​រាល់​គ្នា​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ចៀស​ពី​អំពើ​សហាយ‌ស្មន់ 4អ្នក​រាល់​គ្នា​ម្នាក់ៗ​ត្រូវ​ចេះ​គ្រប់​គ្រង​រូប​កាយ របស់​ខ្លួន ដោយ​បរិសុទ្ធ និង​ថ្លៃ​ថ្នូរ 5មិន​មែន​ដោយ​រំជួល​តាម​តណ្ហា ដូច​ជា​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ 6ដើម្បី​កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស​នឹង​បង‌ប្អូន​ណា​ម្នាក់​ក្នុង​ការ​នេះ​ឲ្យ​សោះ ព្រោះ​ព្រះ‌អម្ចាស់​នឹង​សង​សឹក​ក្នុង​គ្រប់​ការ​ទាំងនេះ ដូច​យើង​បាន​ប្រាប់អ្នក​រាល់​គ្នា​ពីមុន ក៏​បាន​ធ្វើ​បន្ទាល់រួច​ស្រេច​ហើយ។ 7ដ្បិត​ព្រះ​មិន​មែន​ត្រាស់​ហៅ​យើង​មក​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​ឡើយ គឺ​មក​ក្នុង​ភាព​បរិសុទ្ធ​វិញ។ 8ដូច្នេះ អ្នក​ណា​ដែល​បដិសេធ​សេចក្តី​នេះ អ្នក​នោះ​មិន​មែន​បដិសេធ​មនុស្ស​ទេ គឺ​បដិសេធ​ព្រះ ដែល​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ‌អង្គ មក​អ្នក​រាល់​គ្នា​នោះ​វិញ។
9រីឯ​សេចក្ដី​ស្រឡាញ់​ជា​បង‌ប្អូន មិន​ចាំ​បាច់​ឲ្យអ្នក​ណា​សរសេរ​ប្រាប់​អ្នក​រាល់​គ្នា​ទេ ដ្បិត​ព្រះ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក 10ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ស្រឡាញ់​ពួក​បង‌ប្អូន​ទាំង​អស់​នៅ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន​ទាំង​មូល​ដែរ។ ប៉ុន្ដែ បង‌ប្អូន​អើយ យើង​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​នោះ កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត 11ហើយ​ខំ​ប្រឹង​រស់​នៅ​ដោយ​ស្រគត់​ស្រគំ គិត​តែ​កិច្ច​ការ​របស់​ខ្លួន និង​ធ្វើ​ការ​ដោយ​ដៃ​ខ្លួន​ឯង ដូច​យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា​ហើយ 12ដើម្បី​ឲ្យ​អ្នក​រាល់​គ្នាបាន​រស់​នៅ​យ៉ាង​ត្រឹម​ត្រូវ​នៅ​ចំពោះ​អ្នក​ខាង​ក្រៅ ហើយ​មិន​ត្រូវ​ពឹង​ផ្អែក​លើ​អ្នក​ណា​ឡើយ។
ការ​យាង​មក​វិញ​របស់​ព្រះ‌អម្ចាស់
13បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មិន​ដឹង អំពី​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ដូច​អ្នក​ឯ​ទៀត​ៗ​ដែល​គ្មាន​សង្ឃឹមនោះ​ឡើយ។ 14ប្រសិន‌បើ​យើង​ជឿ​ថា ព្រះ‌យេ‌ស៊ូវ​បាន​សុគត ព្រម​ទាំង​រស់​ឡើង​វិញមែន នោះ​ត្រូវ​ជឿ​ថា តាម​រយៈ​ព្រះ​យេស៊ូវ ព្រះ‌នឹង​នាំ​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ ឲ្យ​បាន​នៅ​ជា​មួយព្រះ‌អង្គ​ដែរ។ 15ដ្បិត​យើង​សូម​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច្នេះ​ថា យើង​ដែល​កំពុង​រស់​នៅ គឺ​អ្នក​ដែល​នៅ​រស់​រហូត​ដល់​ព្រះ‌អម្ចាស់​យាង​មក យើង​នឹង​មិន​ទៅ​មុន​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ។ 16ព្រោះ​ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក ដោយ​ស្រែក​បង្គាប់​មួយ​ព្រះ‌ឱស្ឋ ទាំង​មាន​សំឡេង​មហា​ទេវតា និង​ស្នូរ​ត្រែ​របស់​ព្រះ​ផង ហើយ​ពួក​អ្នក​ស្លាប់​ក្នុង​ព្រះ‌គ្រីស្ទ នឹង​រស់​ឡើង​វិញ​មុន​គេ។ 17បន្ទាប់​មក យើង​ដែល​កំពុង​រស់​នៅ គឺ​អ្នក​ដែល​នៅ​រស់ នឹង​បាន​លើក​ឡើង​ទៅ​ក្នុង​ពពក​ជាមួយ​អ្នក​ទាំង​នោះ ដើម្បី​ជួប​ព្រះ‌អម្ចាស់​នៅ​លើ​អាកាស ហើយ​យើង​នឹង​នៅ​ជា​មួយ​ព្រះ‌អម្ចាស់​រហូត​ទៅ។ 18ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពាក្យ​ទាំង​នេះ​ចុះ។

ទើបបានជ្រើសរើសហើយ៖

១ ថែស្សាឡូនីច 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល