១ ថេស្សាឡូនិក 2:13-16

១ ថេស្សាឡូនិក 2:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​នេះ​ហើយ​បាន​ជា​យើង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជា‌និច្ច ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ ដែល​យើង​ប្រកាស​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​បាន​ទទួល​យក ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ គឺ​បាន​ទទួល​តាម​ភាព​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ ដែល​ព្រះ‌បន្ទូល​នេះ​កំពុង​ធ្វើ​ការ​ក្នុង​អ្នក​រាល់​គ្នា​ជា​អ្នក​ជឿ។ ដ្បិត​បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​បានយក​តម្រាប់​តាម​ក្រុម​ជំនុំ​របស់​ព្រះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​នៅ​ស្រុក​យូដា ព្រោះ​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​លំបាក​ដូច​គ្នា ដោយ​សារ​ដៃ​ជន​រួម​ជាតិ​របស់​ខ្លួន ដូច​ជា​ក្រុម​ជំនុំ​ទាំង​នោះ​បាន​រង​ទុក្ខ ដោយ​សារ​សាសន៍​យូដា​ដែរ គេ​បាន​សម្លាប់​ព្រះ‌អម្ចាស់‌យេស៊ូវ និង​ពួក​ហោរា ព្រម​ទាំង​បណ្តេញពួក​យើង​ទៀត​ផង។ អ្នក​ទាំង​នោះ​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​ទេ ហើយ​គេ​ទាស់​ទទឹង​នឹង​មនុស្ស​ទាំង​អស់ គេ​បាន​រាំង​រា​យើង​មិន​ឲ្យ​ប្រកាស​ប្រាប់​ពួក​សាសន៍​ដទៃ ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​ទេ គឺ​គេ​បំពេញ​តែ​អំពើ​បាប​របស់​គេ​ជា‌និច្ច តែ​ទី​បំផុត​សេចក្ដី​ក្រោធ​របស់​ព្រះ​បាន​ធ្លាក់​មក​លើ​គេ។

១ ថេស្សាឡូនិក 2:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ជានិច្ច ព្រោះ​នៅ​ពេល​ដែល​យើង​នាំ​ដំណឹង‌ល្អ​មក​ជូន​បងប្អូន​ស្ដាប់ បងប្អូន​បាន​ទទួល​យក ដោយ​ពុំ​ចាត់​ទុក​ថា​ជា​ពាក្យ​សម្ដី​របស់​មនុស្ស​ទេ គឺ​ទុក​ដូច​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ តាម​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​មែន ហើយ​ព្រះ‌បន្ទូល​នេះ​កំពុង​តែ​បង្កើត​ផល​ក្នុង​បងប្អូន​ជា​អ្នក​ជឿ។ បងប្អូន​អើយ បងប្អូន​បាន​យក​តម្រាប់​តាម​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្រុក​យូដា ដែល​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ​នោះ​ដែរ ដ្បិត​បងប្អូន​បាន​រង​ទុក្ខ​លំបាក ដោយ​ជន​រួម​ជាតិ​របស់​បងប្អូន​ធ្វើ​បាប ដូច​អ្នក​នៅ​ស្រុក​យូដា ត្រូវ​ជន‌ជាតិ​យូដា​ធ្វើ​បាប​ដែរ។ អ្នក​ទាំង​នោះ​បាន​ធ្វើ​គុត​ព្រះ‌អម្ចាស់‌យេស៊ូ និង​សម្លាប់​ពួក​ព្យាការី* ព្រម​ទាំង​ធ្វើ​ទុក្ខ​បៀត‌បៀន​យើង​ទៀត​ផង។ អ្នក​ទាំង​នោះ​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​ទេ ហើយ​គេ​ក៏​ជា​ខ្មាំង​សត្រូវ​នឹង​មនុស្ស​លោក​ទាំង​អស់! ពួក​គេ​បាន​រារាំង​យើង​មិន​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​ដល់​ជាតិ​សាសន៍​ដទៃ​ទេ ដើម្បី​កុំ​ឲ្យ​ជាតិ​សាសន៍​ទាំង​នោះ​ទទួល​ការ​សង្គ្រោះ ធ្វើ​ដូច្នេះ អំពើ​បាប​របស់​ពួក​គេ​ចេះ​តែ​កើន​ឡើងៗ​ដល់​កម្រិត ហើយ​នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​មិន​ខាន ។

១ ថេស្សាឡូនិក 2:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដោយ​ហេតុ​នេះ​ទៀត បាន​ជា​យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ឥត​មាន​ដាច់ គឺ​ដោយ​ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល ជា​ដំណឹង​ពី​ព្រះ​ដោយ‌សារ​យើង​ខ្ញុំ នោះ​មិន​បាន​ទទួល ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ បាន​ទទួល​តាម​ភាព​ដ៏​ពិត​នៃ​ដំណឹង​នោះ​វិញ គឺ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ​ដែល​បណ្តាល​មក​ក្នុង​អ្នក​រាល់​គ្នា​ជា​ពួក​អ្នក​ជឿ ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​បាន​ត្រាប់​តាម​អស់​ទាំង​ពួក​ជំនុំ​នៃ​ព្រះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នៅ​ស្រុក​យូដា ពី​ព្រោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​អ្នក​ស្រុក​របស់​អ្នក​រាល់​គ្នា ដូច​ជា​ពួក​ជំនុំ​ទាំង​នោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​សាសន៍​យូដា​ដែរ ដែល​គេ​បាន​សំឡាប់​ទាំង​ព្រះ‌អម្ចាស់​យេស៊ូវ នឹង​ពួក​ហោរា​ផង ក៏​បាន​បណ្តេញ​យើង​ខ្ញុំ​ទៀត ពួក​នោះ​មិន​ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​របស់​ព្រះ​ទេ ហើយ​ក៏​ទាស់​ទទឹង​នឹង​មនុស្ស​ទាំង​អស់​ដែរ គេ​ហាម​មិន​ឲ្យ​យើង​ខ្ញុំ​ថ្លែង​ប្រាប់​ដល់​ពួក​សាសន៍​ដទៃ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ឡើយ គឺ​ដើម្បី​តែ​នឹង​បំពេញ​អំពើ​បាប​របស់​ខ្លួន​គេ​ជានិច្ច​ប៉ុណ្ណោះ តែ​សេចក្ដី​ក្រោធ​បាន​មក​លើ​គេ​ពេញ​ទី​ហើយ។