១ ថេស្សាឡូនិក 2
2
បេសកកម្មរបស់លោកប៉ូលនៅក្រុងថេស្សាឡូនិក
1បងប្អូនអើយ បងប្អូនផ្ទាល់ក៏ជ្រាបស្រាប់ហើយថា យើងមករកបងប្អូនមិនមែនឥតប្រយោជន៍ទេ 2 គឺក្រោយពេលយើងបានរងទុក្ខលំបាក និងត្រូវគេជេរប្រមាថនៅក្រុងភីលីពនោះមក ដូចបងប្អូនជ្រាបស្រាប់ ព្រះជាម្ចាស់បានប្រទានឲ្យយើងមានចិត្តអង់អាចប្រកាសដំណឹងល្អ*របស់ព្រះអង្គដល់បងប្អូន ទោះបីត្រូវតយុទ្ធពុះពារខ្លាំងយ៉ាងណាក៏ដោយ។ 3សេចក្ដីដែលយើងទូន្មានមិនមែនមកពីការភាន់ច្រឡំ មកពីគោលបំណងមិនល្អ ឬកលល្បិចណាឡើយ។ 4មុននឹងប្រគល់មុខងារផ្សាយដំណឹងល្អមកយើង ព្រះជាម្ចាស់បានល្បងមើលចិត្តយើងយ៉ាងណា យើងក៏និយាយយ៉ាងនោះដែរ យើងមិននិយាយ ដើម្បីផ្គាប់ចិត្តមនុស្សទេ គឺដើម្បីឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដែលល្បងមើលចិត្តយើងនោះវិញ។
5បងប្អូនជ្រាបហើយថា យើងមិនដែលពោលពាក្យបញ្ចើចបញ្ចើទាល់តែសោះ យើងក៏មិនដែលធ្វើអ្វី ដោយលាក់គំនិតលោភលន់ចង់បានប្រាក់ដែរ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។ 6យើងពុំបានស្វែងរកកិត្តិយសដែលមកពីមនុស្សទេ ទោះបីពីសំណាក់បងប្អូន ឬពីសំណាក់អ្នកឯទៀតៗក្ដី។ 7ក្នុងឋានៈជាសាវ័ក*របស់ព្រះគ្រិស្ត ថ្វីដ្បិតតែយើងមានសិទ្ធិបង្គាប់បញ្ជាបងប្អូនក្ដី ក៏យើងរស់ក្នុងចំណោមបងប្អូនដោយស្លូតបូត ដូចមាតាបីបាច់ថែរក្សាកូនខ្ចីដែរ។ 8ដោយយើងជាប់ចិត្តស្រឡាញ់បងប្អូនខ្លាំងយ៉ាងនេះ យើងមានបំណងមិនត្រឹមតែប្រគល់ដំណឹងល្អជូនបងប្អូនប៉ុណ្ណោះទេ គឺរហូតដល់ទៅស៊ូប្ដូរជីវិតសម្រាប់បងប្អូនថែមទៀតផង ដ្បិតយើងស្រឡាញ់បងប្អូនខ្លាំងណាស់!។ 9បងប្អូនអើយ បងប្អូនពិតជានឹកចាំកិច្ចការដែលយើងបានធ្វើ ទាំងនឿយហត់នោះមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់បងប្អូន យើងខំធ្វើការទាំងយប់ ទាំងថ្ងៃ ដើម្បីកុំឲ្យនរណាម្នាក់ក្នុងចំណោមបងប្អូនពិបាកនឹងផ្គត់ផ្គង់យើង។ 10យើងបានរស់នៅជាមួយបងប្អូនជាអ្នកជឿ ដោយឥរិយាបថដ៏ល្អវិសុទ្ធ* សុចរិត* ឥតកំហុស យើងមានទាំងបងប្អូន ទាំងព្រះជាម្ចាស់ជាសាក្សីស្រាប់។ 11បងប្អូនក៏ជ្រាបថា យើងបានប្រព្រឹត្តចំពោះបងប្អូនម្នាក់ៗ ដូចឪពុកប្រព្រឹត្តចំពោះកូនដែរ 12គឺយើងបានទូន្មាន និងលើកទឹកចិត្តបងប្អូន ហើយយើងក៏បានអង្វរករបងប្អូនឲ្យរស់នៅយ៉ាងសមរម្យ ស្របតាមព្រះជាម្ចាស់ ដែលបានត្រាស់ហៅបងប្អូនមកចូលរួមក្នុងព្រះរាជ្យ* និងសិរីរុងរឿងរបស់ព្រះអង្គ។
13ហេតុនេះហើយបានជាយើងចេះតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះនៅពេលដែលយើងនាំដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនបានទទួលយក ដោយពុំចាត់ទុកថាជាពាក្យសម្ដីរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមពិតជាព្រះបន្ទូលរបស់ព្រះអង្គមែន ហើយព្រះបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។ 14 បងប្អូនអើយ បងប្អូនបានយកតម្រាប់តាមក្រុមជំនុំ*របស់ព្រះជាម្ចាស់នៅស្រុកយូដា ដែលរួមក្នុងអង្គព្រះគ្រិស្តយេស៊ូនោះដែរ ដ្បិតបងប្អូនបានរងទុក្ខលំបាក ដោយជនរួមជាតិរបស់បងប្អូនធ្វើបាប ដូចអ្នកនៅស្រុកយូដា ត្រូវជនជាតិយូដាធ្វើបាបដែរ។ 15 អ្នកទាំងនោះបានធ្វើគុតព្រះអម្ចាស់យេស៊ូ និងសម្លាប់ពួកព្យាការី* ព្រមទាំងធ្វើទុក្ខបៀតបៀនយើងទៀតផង។ អ្នកទាំងនោះមិនគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ ហើយគេក៏ជាខ្មាំងសត្រូវនឹងមនុស្សលោកទាំងអស់! 16ពួកគេបានរារាំងយើងមិនឲ្យប្រកាសដំណឹងល្អដល់ជាតិសាសន៍ដទៃទេ ដើម្បីកុំឲ្យជាតិសាសន៍ទាំងនោះទទួលការសង្គ្រោះ ធ្វើដូច្នេះ អំពើបាបរបស់ពួកគេចេះតែកើនឡើងៗដល់កម្រិត ហើយនៅទីបំផុត ពួកគេនឹងត្រូវទទួលទោសមិនខាន ។
លោកប៉ូលចង់ជួបគ្រិស្តបរិស័ទនៅក្រុងថេស្សាឡូនិក
17បងប្អូនអើយ ចំពោះយើងវិញ ទោះបីយើងនៅឆ្ងាយពីបងប្អូនមួយគ្រាក្ដី គឺនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ ឯចិត្តយើងនៅជាប់នឹងបងប្អូនជានិច្ច ហើយយើងខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីឲ្យបានមកជួបបងប្អូន ព្រោះយើងចង់ឃើញមុខបងប្អូនខ្លាំងណាស់។ 18ហេតុនេះហើយបានជាយើង គឺខ្ញុំផ្ទាល់ ប៉ូល បានរកឱកាសមកជួបមុខបងប្អូនពីរបីលើកហើយ ក៏ប៉ុន្តែ មារ*សាតាំងចេះតែរារាំងដំណើរយើង។ 19បងប្អូនហ្នឹងហើយ ដែលធ្វើឲ្យយើងមានសង្ឃឹម មានអំណរសប្បាយ និងមានកិត្តិយស នាំឲ្យយើងបានខ្ពស់មុខនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់យេស៊ូ នៅពេលព្រះអង្គយាងមក។ ក្រៅពីបងប្អូន គ្មានអ្នកឯណាទៀតឡើយ!។ 20បងប្អូនពិតជាសិរីរុងរឿង និងជាអំណររបស់យើងមែន។
ទើបបានជ្រើសរើសហើយ៖
១ ថេស្សាឡូនិក 2: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.