១ ថេស្សាឡូនិក 2:1-12
១ ថេស្សាឡូនិក 2:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ អ្នករាល់គ្នាដឹងស្រាប់ហើយថា ដែលយើងមករកអ្នករាល់គ្នា នោះមិនឥតប្រយោជន៍ទេ។ ប៉ុន្តែ ក្រោយដែលយើងបានរងទុក្ខ និងត្រូវគេជេរប្រមាថយ៉ាងអាម៉ាស់នៅក្រុងភីលីពនោះមក ដូចអ្នករាល់គ្នាដឹងស្រាប់ហើយ យើងមានចិត្តក្លាហាន ដោយសារព្រះនៃយើង ដើម្បីផ្សាយដំណឹងល្អពីព្រះដល់អ្នករាល់គ្នា ទោះជាមានការតយុទ្ធយ៉ាងខ្លាំងក៏ដោយ។ ដ្បិតអ្វីដែលយើងទូន្មាន នោះមិនមែនមកពីការបោកប្រាស់ អំពើស្មោកគ្រោក ឬល្បិចកលនោះទេ តែតាមដែលព្រះសាកល្បងយើង ឃើញថា គួរផ្ញើព្រះបន្ទូលទុកនឹងយើងជាយ៉ាងណា យើងក៏និយាយយ៉ាងនោះដែរ មិនមែនដូចជាចង់ផ្គាប់ចិត្តមនុស្សទេ គឺផ្គាប់ព្រះហឫទ័យព្រះ ដែលទ្រង់ល្បងលចិត្តយើងនោះវិញ។ អ្នករាល់គ្នាដឹងហើយថា យើងមិនដែលប្រើពាក្យបញ្ចើចបញ្ជើ ឬប្រព្រឹត្តដោយចិត្តលោភលន់ឡើយ ដ្បិតមានព្រះជាសាក្សីស្រាប់។ យើងមិនស្វែងរកការសរសើរពីមនុស្សឡើយ ទោះពីអ្នករាល់គ្នា ឬពីអ្នកណាទៀតក្តី ទោះបើយើងមានសិទ្ធិអាចបង្គាប់ ក្នុងនាមជាសាវករបស់ព្រះគ្រីស្ទក៏ដោយ តែយើងបានរស់នៅក្នុងចំណោមអ្នករាល់គ្នា ដោយចិត្តស្លូតបូត ដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ។ ដោយសារយើងស្រឡាញ់អ្នករាល់គ្នាខ្លាំងយ៉ាងនេះ បានជាយើងមិនត្រឹមតែចែកចាយដំណឹងល្អពីព្រះដល់អ្នករាល់គ្នាប៉ុណ្ណោះទេ គឺថែមទាំងជីវិតរបស់យើងទៀតផង ព្រោះអ្នករាល់គ្នាជាទីស្រឡាញ់របស់យើងណាស់។ បងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការលំបាក និងការនឿយហត់ ដែលយើងបានធ្វើទាំងយប់ទាំងថ្ងៃ ដោយមិនចង់ឲ្យអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាពិបាកនឹងយើងឡើយ ក្នុងកាលយើងផ្សាយដំណឹងល្អអំពីព្រះដល់អ្នករាល់គ្នា។ អ្នករាល់គ្នា និងព្រះផងដែរជាស្មរបន្ទាល់ អំពីរបៀបដែលយើងប្រព្រឹត្តចំពោះអ្នករាល់គ្នាដែលជាអ្នកជឿ គឺយើងប្រព្រឹត្តដោយបរិសុទ្ធ សុចរិត និងឥតកន្លែងបន្ទោសបាន ដូចអ្នករាល់គ្នាដឹងហើយថា យើងបានប្រព្រឹត្តនឹងអ្នករាល់គ្នាម្នាក់ៗ ដូចជាឪពុកនឹងកូន ដោយទូន្មាន និងលើកទឹកចិត្ត ហើយសូមឲ្យអ្នករាល់គ្នារស់នៅឲ្យស័ក្តិសមនឹងព្រះ ដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះរាជ្យ និងក្នុងសិរីល្អរបស់ព្រះអង្គ។
១ ថេស្សាឡូនិក 2:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ បងប្អូនផ្ទាល់ក៏ជ្រាបស្រាប់ហើយថា យើងមករកបងប្អូនមិនមែនឥតប្រយោជន៍ទេ គឺក្រោយពេលយើងបានរងទុក្ខលំបាក និងត្រូវគេជេរប្រមាថនៅក្រុងភីលីពនោះមក ដូចបងប្អូនជ្រាបស្រាប់ ព្រះជាម្ចាស់បានប្រទានឲ្យយើងមានចិត្តអង់អាចប្រកាសដំណឹងល្អ*របស់ព្រះអង្គដល់បងប្អូន ទោះបីត្រូវតយុទ្ធពុះពារខ្លាំងយ៉ាងណាក៏ដោយ។ សេចក្ដីដែលយើងទូន្មានមិនមែនមកពីការភាន់ច្រឡំ មកពីគោលបំណងមិនល្អ ឬកលល្បិចណាឡើយ។ មុននឹងប្រគល់មុខងារផ្សាយដំណឹងល្អមកយើង ព្រះជាម្ចាស់បានល្បងមើលចិត្តយើងយ៉ាងណា យើងក៏និយាយយ៉ាងនោះដែរ យើងមិននិយាយ ដើម្បីផ្គាប់ចិត្តមនុស្សទេ គឺដើម្បីឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដែលល្បងមើលចិត្តយើងនោះវិញ។ បងប្អូនជ្រាបហើយថា យើងមិនដែលពោលពាក្យបញ្ចើចបញ្ចើទាល់តែសោះ យើងក៏មិនដែលធ្វើអ្វី ដោយលាក់គំនិតលោភលន់ចង់បានប្រាក់ដែរ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។ យើងពុំបានស្វែងរកកិត្តិយសដែលមកពីមនុស្សទេ ទោះបីពីសំណាក់បងប្អូន ឬពីសំណាក់អ្នកឯទៀតៗក្ដី។ ក្នុងឋានៈជាសាវ័ក*របស់ព្រះគ្រិស្ត ថ្វីដ្បិតតែយើងមានសិទ្ធិបង្គាប់បញ្ជាបងប្អូនក្ដី ក៏យើងរស់ក្នុងចំណោមបងប្អូនដោយស្លូតបូត ដូចមាតាបីបាច់ថែរក្សាកូនខ្ចីដែរ។ ដោយយើងជាប់ចិត្តស្រឡាញ់បងប្អូនខ្លាំងយ៉ាងនេះ យើងមានបំណងមិនត្រឹមតែប្រគល់ដំណឹងល្អជូនបងប្អូនប៉ុណ្ណោះទេ គឺរហូតដល់ទៅស៊ូប្ដូរជីវិតសម្រាប់បងប្អូនថែមទៀតផង ដ្បិតយើងស្រឡាញ់បងប្អូនខ្លាំងណាស់!។ បងប្អូនអើយ បងប្អូនពិតជានឹកចាំកិច្ចការដែលយើងបានធ្វើ ទាំងនឿយហត់នោះមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់បងប្អូន យើងខំធ្វើការទាំងយប់ ទាំងថ្ងៃ ដើម្បីកុំឲ្យនរណាម្នាក់ក្នុងចំណោមបងប្អូនពិបាកនឹងផ្គត់ផ្គង់យើង។ យើងបានរស់នៅជាមួយបងប្អូនជាអ្នកជឿ ដោយឥរិយាបថដ៏ល្អវិសុទ្ធ* សុចរិត* ឥតកំហុស យើងមានទាំងបងប្អូន ទាំងព្រះជាម្ចាស់ជាសាក្សីស្រាប់។ បងប្អូនក៏ជ្រាបថា យើងបានប្រព្រឹត្តចំពោះបងប្អូនម្នាក់ៗ ដូចឪពុកប្រព្រឹត្តចំពោះកូនដែរ គឺយើងបានទូន្មាន និងលើកទឹកចិត្តបងប្អូន ហើយយើងក៏បានអង្វរករបងប្អូនឲ្យរស់នៅយ៉ាងសមរម្យ ស្របតាមព្រះជាម្ចាស់ ដែលបានត្រាស់ហៅបងប្អូនមកចូលរួមក្នុងព្រះរាជ្យ* និងសិរីរុងរឿងរបស់ព្រះអង្គ។
១ ថេស្សាឡូនិក 2:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតបងប្អូនអើយ អ្នករាល់គ្នាដឹងហើយ ពីបែបដែលយើងខ្ញុំចូលមកឯអ្នករាល់គ្នាថា មិនមែនជាឥតកើតផលទេ ឯក្រោយដែលយើងខ្ញុំបានរងទុក្ខ នឹងត្រូវគេជេរប្រមាថ នៅក្រុងភីលីព ដូចជាអ្នករាល់គ្នាដឹងស្រាប់ហើយ នោះយើងខ្ញុំមានចិត្តក្លាហាន ដោយសារព្រះនៃយើងខ្ញុំ ដើម្បីនឹងផ្សាយដំណឹងល្អពីព្រះ មកដល់អ្នករាល់គ្នាដែរ ទាំងមានសេចក្ដីតយុទ្ធជាច្រើនផង ដ្បិតសេចក្ដីដែលយើងខ្ញុំទូន្មាន នោះមិនមែនកើតពីសេចក្ដីខុសឆ្គង ឬពីសេចក្ដីស្មោកគ្រោក ឬពីសេចក្ដីឆបោកនោះទេ តែតាមដែលព្រះទ្រង់ល្បងលឃើញថា គួរនឹងផ្ញើព្រះបន្ទូលទុកនឹងយើងខ្ញុំជាយ៉ាងណា នោះយើងខ្ញុំបានអធិប្បាយតាមបែបយ៉ាងនោះឯង មិនមែនដូចជាចង់ផ្គាប់ដល់ចិត្តមនុស្សទេ គឺផ្គាប់ដល់ព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ល្បងលចិត្តរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំមិនដែលប្រើពាក្យបញ្ចើច ដូចជាអ្នករាល់គ្នាដឹងស្រាប់ ឬប្រព្រឹត្តដោយចិត្តលោភឡើយ សឹងមានព្រះទ្រង់ជាសាក្សីហើយ ហើយទោះបើយើងខ្ញុំមានអំណាច នឹងនៅជាបន្ទុកលើអ្នករាល់គ្នា ទុកដូចជាសាវកនៃព្រះគ្រីស្ទក៏ដោយ គង់តែយើងខ្ញុំមិនរកឲ្យមនុស្សគោរពប្រតិបត្តិដល់យើងខ្ញុំឡើយ ទោះអ្នករាល់គ្នា ឬអ្នកណាទៀតក្តី យើងខ្ញុំបាននៅកណ្តាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ គឺយ៉ាងនោះហើយ ដែលយើងខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នា ដល់ម៉្លេះបានជាយើងខ្ញុំចូលចិត្តចែកដំណឹងល្អពីព្រះ មកអ្នករាល់គ្នា មិនត្រឹមតែប៉ុណ្ណោះ ក៏ចូលចិត្តចែកទាំងជីវិតយើងខ្ញុំផង ដោយព្រោះអ្នករាល់គ្នាបានត្រឡប់ជាស្ងួនភ្ងាដល់យើងខ្ញុំ ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការយ៉ាងធ្ងន់ ហើយនឿយហត់ ដែលយើងខ្ញុំបានធ្វើ ដោយមិនចង់ឲ្យអ្នកណាព្រួយ ដោយសារយើងខ្ញុំទេ យើងខ្ញុំបានផ្សាយដំណឹងល្អពីព្រះ មកអ្នករាល់គ្នា ដោយខំធ្វើការទាំងយប់ទាំងថ្ងៃ អ្នករាល់គ្នា ហើយព្រះផង ជាស្មរបន្ទាល់អំពីយើងខ្ញុំ ដែលយើងខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នា ជាពួកអ្នកជឿ បែបយ៉ាងណា ដោយបរិសុទ្ធ សុចរិត ហើយឥតកន្លែងបន្ទោសបាន ដូចជាអ្នករាល់គ្នាដឹងហើយថា យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានិមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាន នឹងកំសាន្តចិត្តផង ហើយទាំងធ្វើបន្ទាល់ឲ្យអ្នករាល់គ្នាបានដើរយ៉ាងគួរនឹងព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមកក្នុងនគរ ហើយក្នុងសិរីល្អរបស់ទ្រង់។