១ ថែស្សាឡូនីច 2:1-12

១ ថែស្សាឡូនីច 2:1-12 គកស១៦

បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ដែល​យើង​មក​រក​អ្នក​រាល់​គ្នា នោះ​មិន​ឥត​ប្រយោជន៍​ទេ។ ប៉ុន្តែ ក្រោយ​ដែល​យើង​បាន​រង​ទុក្ខ និង​ត្រូវ​គេ​ជេរ​ប្រមាថ​យ៉ាង​អាម៉ាស់​នៅ​ក្រុង​ភីលីពនោះ​មក ដូច​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ យើង​មាន​ចិត្ត​ក្លា‌ហាន ដោយ‌សារ​ព្រះនៃ​យើង ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​ដល់​អ្នក​រាល់​គ្នា ទោះ​ជា​មាន​ការ​តយុទ្ធ​យ៉ាង​ខ្លាំង​ក៏​ដោយ។ ដ្បិត​អ្វី​ដែល​យើង​ទូន្មាន នោះ​មិន​មែន​មក​ពី​ការ​បោក​ប្រាស់ អំពើ​ស្មោក‌គ្រោក ឬ​ល្បិច‌កល​នោះ​ទេ តែ​តាម​ដែល​ព្រះ​សាក‌ល្បង​យើង ឃើញ​ថា គួរ​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​យើង​ជា​យ៉ាង​ណា យើងក៏​និយាយ​យ៉ាង​នោះ​ដែរ មិន​មែន​ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ផ្គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ ដែល​ទ្រង់​ល្បង​ល​ចិត្ត​យើង​នោះ​វិញ។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​មិន​ដែល​ប្រើ​ពាក្យ​បញ្ចើច​បញ្ជើ ឬ​ប្រព្រឹត្ត​ដោយ​ចិត្ត​លោភ‌លន់​ឡើយ ដ្បិត​មាន​ព្រះ​ជា​សាក្សី​ស្រាប់។ យើង​មិន​ស្វែង​រក​ការសរសើរ​ពី​មនុស្ស​ឡើយ ទោះ​ពី​អ្នក​រាល់​គ្នា ឬ​ពី​អ្នក​ណា​ទៀត​ក្តី ទោះ​បើ​យើង​មាន​សិទ្ធិ​អាច​បង្គាប់ ក្នុង​នាម​ជា​សាវក​របស់​ព្រះ‌គ្រីស្ទ​ក៏​ដោយ តែ​យើង​បាន​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដោយ​ចិត្ត​ស្លូត‌បូត ដូច​ជា​ម្តាយ​ថ្នម​កូន ដែល​កំពុង​នៅ​បៅ។ ដោយ​សារ​យើង​ស្រឡាញ់​អ្នក​រាល់​គ្នាខ្លាំង​យ៉ាង​នេះ បាន​ជា​យើង​មិន​ត្រឹម​តែ​ចែក​ចាយ​ដំណឹង​ល្អ​ពី​ព្រះ​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជីវិត​របស់​យើង​ទៀត​ផង ព្រោះ​អ្នក​រាល់​គ្នា​ជាទី​ស្រឡាញ់​របស់​យើង​ណាស់។ បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ការ​លំបាក និង​ការ​នឿយ​ហត់ ដែល​យើង​បាន​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ពិបាក​នឹង​យើង​ឡើយ ក្នុង​កាល​យើង​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​ដល់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា និង​ព្រះ​ផង​ដែរ​ជា​ស្មរ​បន្ទាល់ អំពី​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​ជឿ គឺ​យើង​ប្រព្រឹត្ត​ដោយ​បរិសុទ្ធ សុចរិត និង​ឥត​កន្លែង​បន្ទោស​បាន ដូច​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ម្នាក់ៗ ដូច​ជា​ឪពុក​នឹង​កូន ដោយ​ទូន្មាន និង​លើក​ទឹក​ចិត្ត ហើយ​សូម​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ឲ្យ​ស័ក្តិសម​នឹង​ព្រះ ដែល​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​ព្រះរាជ្យ និង​ក្នុង​សិរី‌ល្អ​របស់​ព្រះ‌អង្គ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ថែស្សាឡូនីច 2:1-12