១ សាំយូអែល 3:1-14
១ សាំយូអែល 3:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កុមារសាំយូអែលធ្វើការងារថ្វាយព្រះយេហូវ៉ា នៅចំពោះមុខលោកអេលី។ នៅគ្រានោះព្រះយេហូវ៉ាកម្រនឹងមានព្រះបន្ទូលណាស់ ឯនិមិត្តក៏មិនសូវមានញឹកញាប់ដែរ។ នៅពេលនោះ ភ្នែករបស់លោកអេលីចាប់ផ្តើមស្រវាំង មើលអ្វីមិនឃើញឡើយ លោកអេលីសម្រាកនៅក្នុងបន្ទប់របស់លោក ក្នុងពេលដែលចង្កៀងនៃព្រះមិនទាន់រលត់នៅឡើយ កុមារសាំយូអែលដេកនៅក្នុងព្រះវិហារព្រះយេហូវ៉ា ជាកន្លែងដែលមានហិបនៃព្រះ ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលហៅថា៖ «សាំយូអែល! សាំយូអែលអើយ!» សាំយូអែលឆ្លើយថា៖ «បាទ!» រួចក៏រត់ទៅរកលោកអេលី សួរថា៖ «ខ្ញុំមកហើយ លោកមានការអី?» តែលោកអេលីឆ្លើយទៅថា៖ «ខ្ញុំមិនបានហៅឯងទេ ទៅដេកវិញទៅ» សាំយូអែលក៏ទៅដេកវិញ។ ព្រះយេហូវ៉ាមានព្រះបន្ទូលហៅម្តងទៀត៖ «នែសាំយូអែល» រួចសាំយូអែលក្រោកឡើង ទៅរកលោកអេលីសួរថា៖ «ខ្ញុំមកហើយ លោកមានការអី» តែអេលីឆ្លើយថា៖ «កូនអើយ ខ្ញុំគ្មានហៅឯងទេ ចូរទៅដេកវិញទៅ»។ សាំយូអែលមិនទាន់ស្គាល់ព្រះយេហូវ៉ានៅឡើយទេ ព្រះបន្ទូលរបស់ព្រះអង្គក៏មិនទាន់បានសម្ដែងមកឲ្យដឹងដែរ។ រួចព្រះយេហូវ៉ាហៅម្តងទៀត ជាលើកទីបីថា៖ «នែសាំយូអែលអើយ!» សាំយូអែលក៏ក្រោកឡើង ទៅរកលោកអេលីសួរថា៖ «ខ្ញុំមកហើយ លោកមានការអី» ពេលនោះ លោកអេលីក៏យល់ឃើញថា គឺជាព្រះយេហូវ៉ាហើយ ដែលបានហៅក្មេងនេះ។ លោកក៏ប្រាប់ដល់សាំយូអែលថា៖ «ចូរទៅដេកទៅ បើឮសូរហៅម្តងទៀត នោះត្រូវឆ្លើយថា "បពិត្រ ព្រះយេហូវ៉ាអើយ សូមមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ប្រុងស្តាប់ហើយ"» ដូច្នេះ សាំយូអែលក៏ទៅដេកនៅកន្លែងខ្លួនវិញ។ នៅយប់នោះ ព្រះយេហូវ៉ាយាងមកឈរ ហៅដូចពីមុនថា៖ «សាំយូអែល នែសាំយូអែលអើយ!» សាំយូអែលទូលឆ្លើយថា៖ «សូមព្រះអង្គមានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គប្រុងស្តាប់ហើយ»។ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍! យើងរៀបនឹងធ្វើការមួយនៅក្នុងសាសន៍អ៊ីស្រាអែល ដែលនឹងធ្វើឲ្យអស់អ្នកណាដែលឮ ខ្ទរត្រចៀកទាំងសងខាង។ នៅថ្ងៃនោះ យើងសម្រេចទាស់នឹងអេលី តាមគ្រប់ការដែលយើងបានព្រមានគ្រួសាររបស់លោកហើយ តាំងពីដើម៊រហូតដល់ចុងបញ្ចប់ផង។ យើងបានប្រាប់លោកហើយថា យើងនឹងដាក់ទោសគ្រួសាររបស់លោកជារៀងរហូត ដោយព្រោះកំហុសដែលលោកបានដឹងពីពួកកូនរបស់លោក ដ្បិតកូនរបស់លោកបានប្រមាថដល់ព្រះ ហើយលោកមិនបានហាមឃាត់ដល់គេសោះ។ ហេតុនោះហើយបានជាយើងស្បថដល់គ្រួសារអេលីថា កំហុសរបស់គ្រួសារអេលីមិនអាចលើកលែងបានទេ ទោះបើយកយញ្ញបូជា ឬតង្វាយណាមកថ្វាយក៏ដោយ»។
១ សាំយូអែល 3:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯសាំយូអែល ក្មេងនោះ ក៏ធ្វើការងារថ្វាយព្រះយេហូវ៉ា នៅចំពោះមុខអេលី ក្នុងគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាកាន់តែក្រទៅ ឯការជាក់ស្តែងក៏មិនសូវមានជាញឹកញយដែរ នៅគ្រានោះឯង មានពេល១ដែលអេលីដេកនៅដំណេករបស់លោក (សម័យនោះភ្នែកលោកបានចាប់តាំងងងឹតទៅ មើលអ្វីមិនឃើញឡើយ) ហើយសាំយូអែលក៏ដេក នៅក្នុងព្រះវិហារព្រះយេហូវ៉ាដែរ ជាកន្លែងដែលមានហឹបនៃព្រះ ក្នុងកាលដែលចង្កៀងនៃព្រះមិនទាន់រលត់នៅឡើយ នោះព្រះយេហូវ៉ាទ្រង់ហៅមកសាំយូអែល ហើយសាំយូអែលតបថា ប្របាទ រួចក៏រត់ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី តែអេលីឆ្លើយទៅថា អញគ្មានហៅឯងទេ ចូរទៅដេកវិញទៅ សាំយូអែលក៏ទៅដេកវិញ នោះព្រះយេហូវ៉ាទ្រង់ហៅម្តងទៀតថា នែសាំយូអែល រួចសាំយូអែលក្រោកឡើង ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី តែអេលីឆ្លើយថា កូនអើយ អញគ្មានហៅឯងទេ ចូរទៅដេកវិញទៅ ឯសាំយូអែលមិនទាន់ស្គាល់ព្រះយេហូវ៉ានៅឡើយទេ ព្រះបន្ទូលនៃទ្រង់ក៏មិនទាន់បានសំដែងមកឲ្យដឹងដែរ រួចព្រះយេហូវ៉ាទ្រង់ហៅម្តងទៀតជាគំរប់៣ដងថា នែសាំយូអែលអើយ នោះសាំយូអែលក៏ក្រោកឡើង ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី ដូច្នេះអេលីក៏យល់ឃើញថា គឺជាព្រះយេហូវ៉ាហើយ ដែលបានហៅក្មេងនេះ លោកក៏ប្រាប់ដល់សាំយូអែលថា ចូរឯងដេកទៅ បើឮសូរហៅម្តងទៀត នោះត្រូវឆ្លើយថា បពិត្រ ព្រះយេហូវ៉ាអើយ សូមទ្រង់មានបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ ប្រុងស្តាប់ហើយ ដូច្នេះសាំយូអែលបានទៅដេកនៅដំណេកខ្លួនវិញទៅ។ លំដាប់នោះ ព្រះយេហូវ៉ាទ្រង់យាងមកឈរ ហៅដូចជាជាន់មុនថា សាំយូអែល នែសាំយូអែលអើយ នោះសាំយូអែលទូលឆ្លើយថា សូមទ្រង់មានបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ប្រុងស្តាប់ហើយ ដូច្នេះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញរៀបនឹងធ្វើការ១នៅក្នុងសាសន៍អ៊ីស្រាអែល ដែលនឹងធ្វើឲ្យខ្ទរដល់ត្រចៀកទាំងសងខាង នៃអស់អ្នកណាដែលឮ នៅថ្ងៃនោះ អញនឹងសំរេចទាស់នឹងអេលី តាមគ្រប់ទាំងការដែលអញបាននិយាយពីពួកគ្រួលោកហើយ ចាប់តាំងពីដើម ដរាបដល់ចុងផង ដ្បិតអញបានប្រាប់លោកហើយថា អញនឹងជំនុំជំរះពួកគ្រួលោកជាដរាបទៅ ដោយព្រោះអំពើដ៏លាមកដែលលោកបានដឹងពីពួកកូនលោក ជាការដែលនាំឲ្យគេត្រូវបណ្តាសា ហើយលោកមិនបានហាមឃាត់ដល់គេទេ គឺដោយហេតុនោះ បានជាអញស្បថដល់ពួកគ្រួអេលីថា ទោះបើយកយញ្ញបូជា ឬដង្វាយណាមកថ្វាយក៏ដោយ គង់តែមិនបានធួននឹងអំពើដ៏លាមកដែលពួកគ្រួលោកបានប្រព្រឹត្តដែរ នៅជាដរាបតទៅ។
១ សាំយូអែល 3:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុមារសាំយូអែលនៅបម្រើព្រះអម្ចាស់ជាមួយលោកអេលី។ នៅគ្រានោះ ព្រះអម្ចាស់កម្រមានព្រះបន្ទូលមកកាន់ប្រជាជនអ៊ីស្រាអែលណាស់ ហើយក៏កម្រឲ្យនរណាម្នាក់និមិត្តឃើញការអស្ចារ្យមកពីព្រះអង្គដែរ។ ពេលនោះ ភ្នែករបស់លោកអេលីចាប់ផ្ដើមងងឹត មើលអ្វីសឹងតែលែងឃើញទៀត។ មានយប់មួយ លោកអេលីសម្រាន្ដនៅក្នុងបន្ទប់របស់លោក រីឯចង្កៀងដែលគេដុតក្នុងទីសក្ការៈ មិនទាន់រលត់នៅឡើយ ហើយកុមារសាំយូអែលដេកក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ត្រង់កន្លែងតម្កល់ហិបនៃសម្ពន្ធមេត្រី*របស់ព្រះជាម្ចាស់។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាំយូអែល កុមារសាំយូអែលក៏ឆ្លើយ «បាទ!» ហើយរត់ទៅរកលោកអេលី ទាំងពោលថា៖ «បាទ! លោកតាហៅខ្ញុំមានការអ្វី»។ លោកអេលីឆ្លើយថា៖ «តាមិនបានហៅឯងទេ ទៅដេកវិញទៅ!»។ កុមារសាំយូអែលក៏ត្រឡប់ទៅដេកវិញ។ ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាំយូអែលម្ដងទៀត សាំយូអែលក្រោកឡើង រត់ទៅរកលោកអេលី ទាំងពោលថា៖ «បាទ! លោកតាហៅខ្ញុំមានការអ្វី»។ លោកឆ្លើយថា៖ «តាមិនបានហៅឯងទេ ទៅដេកវិញទៅ កូនអើយ!»។ កុមារសាំយូអែលមិនទាន់ស្គាល់ព្រះអម្ចាស់ទេ ដ្បិតមកទល់ពេលនោះ ព្រះអង្គពុំធ្លាប់មានព្រះបន្ទូលមកកាន់គេនៅឡើយ។ ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាំយូអែលម្ដងទៀត ជាលើកទីបី។ កុមារសាំយូអែលក៏ក្រោកឡើង រត់ទៅរកលោកអេលី ទាំងពោលថា៖ «បាទ លោកតាហៅខ្ញុំមានការអ្វី»។ ពេលនោះ លោកអេលីយល់ថាព្រះអម្ចាស់មានព្រះបន្ទូលហៅក្មេងនេះ។ លោកអេលីប្រាប់សាំយូអែលថា៖ «ទៅដេកវិញចុះ ប្រសិនបើមានឮសំឡេងហៅម្ដងទៀត ត្រូវឆ្លើយថា “បពិត្រព្រះអម្ចាស់ សូមមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើ រង់ចាំស្ដាប់ហើយ”»។ កុមារសាំយូអែលក៏ត្រឡប់ទៅដេកនៅកន្លែងដដែលវិញ។ ព្រះអម្ចាស់យាងមកឈរនៅក្បែរនោះ ហើយមានព្រះបន្ទូលហៅដូចលើកមុនៗថា៖ «សាំយូអែល! សាំយូអែល!» កុមារសាំយូអែលឆ្លើយថា៖ «សូមមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើ រង់ចាំស្ដាប់ព្រះអង្គហើយ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់កុមារសាំយូអែលថា៖ «មើល៍! យើងនឹងធ្វើឲ្យមានហេតុការណ៍មួយដ៏រន្ធត់ កើតឡើងនៅស្រុកអ៊ីស្រាអែល។ នរណាក៏ដោយឲ្យតែឮគេនិយាយអំពីហេតុការណ៍នេះ ក៏តក់ស្លុតដែរ។ នៅថ្ងៃនោះ យើងនឹងប្រព្រឹត្តចំពោះអេលីស្របតាមសេចក្ដីទាំងអស់ ដែលយើងបានព្រមានគ្រួសារគាត់ តាំងពីដើមដល់ចប់។ យើងបានប្រាប់គាត់រួចហើយថា យើងនឹងដាក់ទោសគ្រួសាររបស់គាត់រហូតតទៅ ព្រោះតែកំហុសដែលកូនៗរបស់គាត់បានប្រព្រឹត្ត ហើយគាត់ដឹងយ៉ាងច្បាស់ថា កូនៗរបស់គាត់ប្រមាថមើលងាយយើង តែគាត់មិនស្ដីបន្ទោសកូនទេ។ ហេតុនេះហើយបានជាយើងប្រាប់ក្រុមគ្រួសារអេលីយ៉ាងម៉ឺងម៉ាត់ថា យើងមិនលើកលែងទោសរបស់ពួកគេទេ ទោះបីពួកគេយកយញ្ញបូជា ឬតង្វាយអ្វីមកថ្វាយយើងក៏ដោយ»។